ប្រជាពលរដ្ឋ​ប្រមាណ ៣០ នាក់​បាន​ប្រមូល​គ្នា​សុំ​អន្តរាគមន៍​ពី​មន្ត្រី​កងរាជ​អាវុធហត្ថ​

0
Cambodia Website Design

ក្រចេះ: ប្រជាពលរដ្ឋប្រមាណ ៣០ នាក់បានប្រមូលគ្នាសុំអន្តរាគមន៍ពីមន្ត្រីកងរាជអាវុធហត្ថនៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះដើម្បីសុំអង្វរករឲ្យមានការដោះលែងគោយន្តចំនួន ៦ គ្រឿង និងអ្នកបើកបរក្រោយពីមានការឃាត់ខ្លួនដែលត្រូវបានចោទប្រកាន់អំពីការដឹកជញ្ជូនឈើពីក្នុងព្រៃដោយឥតច្បាប់។

លោក ឈូ ឆូយ មេឃុំគោលាប់ ស្រុកចិត្របុរី ប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទកាលពីម្សិលមិញថាអ្នកបើកគោយន្ត និងគោយន្តត្រូវបានដោះលែងភ្លាមដែរក្រោយពីមានការស្នើសុំ និងការពន្យល់ពីប្រជាពលរដ្ឋ និងទម្លាក់ឈើទុកនៅកន្លែងកងរាជអាវុធហត្ថ។

លោកមេឃុំថ្លែងថា៖ «ក្រោយពីដឹងថាមានសមត្ថកិច្ចឃាត់គោយន្តដឹកឈើនោះប្រជាពលរដ្ឋប្រហែល ៣០ នាក់បានទៅជួយនិយាយជាមួយកងរាជអាវុធហត្ថដើម្បីឲ្យដោះលែងម្ចាស់គោយន្តដោយថាមិនមានអំពើហិង្សា ឬការឈ្លោះប្រកែកអ្វីកើតឡើងនោះទេទោះយ៉ាងណាក្រោយពីប្រជាពលរដ្ឋព្រមទម្លាក់ឈើទាំងនោះនៅកន្លែងមន្ត្រីអាវុធហត្ថពួកគាត់ក៏បានបរគោយន្តរបស់គាត់មកផ្ទះវិញដោយមិនមានការហាមឃាត់អ្វីពីមន្ត្រីកងរាជអាវុធហត្ថនោះដែរ»។

Cambodia Website Design

លោកថា ឈើទាំងនោះមិនមែនជាប្រភេទឈើប្រណីតទេដោយថាប្រជាពលរដ្ឋគ្រាន់តែចូលក្នុងព្រៃដើម្បីប្រមូលចម្រៀកឈើទាំងនោះពីក្នុងព្រៃដោយទៅម្តងៗអាចមានរយៈពេលកន្លះខែហើយអាចយកមកលក់បានប្រហែល ២០ ម៉ឺនរៀលក្នុងមួយជើងដោយថាឈើ ១ ដុំអាចលក់ក្នុងតម្លៃ ១០ ០០០ រៀលទៅ ១៥ ០០០ រៀល។

លោកអះអាងថាពួកគាត់ដឹកឈើដែលគាត់រើសតាមភក់ តាមព្រៃក្នុងចម្ការគេ ឈើខ្លះស្អុយ មិនមែនឈើប្រណីតឯណាឈើនេះវាអត់ប្រណីតទេវាជាឈើគាត់ប្រមូលតាមព្រៃតាមផ្សៃ គាត់អត់មានរករឿងជេរគេជេរឯងទេគាត់រំដោះយកតែគោយន្តគាត់ទេ បានគោយន្តហើយគាត់ក៏មកភូមិវិញមក។

នាយប៉ុស្តិ៍រដ្ឋបាលឃុំគោលាប់ លោក ហឿន ពិសិដ្ឋ ឲ្យដឹងដែរថាប្រជាពលរដ្ឋបានទម្លាក់ឈើទុកនៅកន្លែងកងរាជអាវុធហត្ថដោយសន្តិវិធី គ្មានអំពើហិង្សា ឬការឈ្លោះប្រកែកគ្នាកើតឡើងទេ។

លោកបន្ថែមថា៖ «អត់មានប្រកែកគ្នាអីទេកងរាជអាវុធហត្ថក៏គាត់អត់បានរារាំង (យកគោយន្ត) ហើយក៏គ្មានការប្រឆាំងគ្នាឲ្យមានជាហិង្សាអ្វីដែរ»។

មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរី លោក អ៊ឹម ចិត្រា មានប្រសាសន៍ថាកម្លាំងកងរាជអាវុធហត្ថគ្រាន់តែអនុវត្តតាមចំណាត់ការរបស់មេព្រៃប៉ុណ្ណោះ។

លោកបន្ថែមថា៖ «ឈើហ្នឹងមិនជាការរំដោះអ្វីទេជាការសម្របសម្រួល…អាហ្នឹងជាជំនាញរបស់មេព្រៃ…ជាចំណាត់ការជំនាញរបស់គេខ្ញុំមានសិទ្ធិត្រឹមតែការពារទេ កុំឲ្យតែប្រជាពលរដ្ឋមានបញ្ហាយើងជាកងកម្លាំងហើយពលរដ្ឋទៅវិញខ្ញុំអាជ្ញាធរប្រជាពលរដ្ឋស្តាប់ខ្ញុំណាស់»។

នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែក្នុងស្រុកចិត្របុរីក្នុងខេត្តក្រចេះលោក ម៉ី វុទ្ធី មិនអាចទាក់ទងបានតាមទូរស័ព្ទទេកាលពីម្សិលមិញ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៏

You might also like More from author

Leave A Reply

Your email address will not be published.