កម្ពុជា​កំពុងស្វែងរក​ការ​នាំ​ចេញ​អង្ករ​សារជាថ្មី​ទៅ​ ឥណ្ឌូនេស៊ី

0 11
Cambodia Website Design

ភ្នំពេញៈ ប្រទេសកម្ពុជាកំពុងស្វែងរកការនាំចេញអង្ករ ១ លានតោនទៅប្រទេសឥណ្ឌូនេស៊ីដែលមន្ដ្រីមកពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាអនុស្សរណៈយោគយល់គ្នាមួយនឹងធ្វើក្នុងពេលឆាប់ៗខណៈដែលអ្នកនៅក្នុងឧស្សាហកម្មនេះអះអាងថាវានឹងមិនអាចទៅរួចនោះទេ។

លោកស្រី សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថាផែនការលម្អិតអំពីកិច្ចព្រមព្រៀងនេះបានបញ្ចប់រួចរាល់ហើយ។

លោកស្រីឲ្យដឹងថារដ្ឋាភិបាលនឹងកំណត់ពេលវេលាសម្រាប់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងពេលឆាប់ៗនេះ។

Cambodia Website Design

លោកស្រីលើកឡើងថា៖ «អ្វីៗគ្រប់យ៉ាងត្រូវបានយល់ព្រមរួចហើយដោយរដ្ឋាភិបាល និងរដ្ឋាភិបាលយើងគ្រាន់តែកំពុងស្វែងរកពេលវេលាដើម្បីចុះហត្ថលេខាលើ MoU តែប៉ុណ្ណោះ»។ លោកស្រីបន្ថែមថា MoU នេះគឺជាសមិទ្ធផលនៃទិសដៅអង្ករ ១ លានតោនរបស់រដ្ឋាភិបាលដែលវាបានបរាជ័យរួចហើយតាំងពីឆ្នាំមុន។

កម្ពុជាធ្លាប់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌូនេស៊ីដើម្បីនាំចេញអង្ករ ១០០ ០០០ តោនទៅប្រទេសឥណ្ឌូនេស៊ីរៀងរាល់ឆ្នាំកាលពីឆ្នាំ ២០១២ ប៉ុន្តែរហូតដល់ពេលនេះកិច្ចព្រមព្រៀងនេះមិនទាន់កើតឡើងនៅឡើយទេ។

លោក ហ៊ាន វណ្ណហន អនុរដ្ឋលេខាធិការសេវាច្រកចេញចូលតែមួយសម្រាប់ការបំពេញបែបបទការនាំចេញអង្ករបានឲ្យដឹងថាតែងតែមានកិច្ចព្រមព្រៀងកើតឡើងប៉ុន្តែវាមានលទ្ធភាព ឬអត់អាស្រ័យលើតម្លៃទីផ្សារ និងគុណភាពអង្ករធៀបនឹងទីផ្សារប្រទេសជិតខាង។

លោកបានបញ្ជាក់ថា៖ «សមត្ថភាពនាំចេញអង្ករ ១ លានតោនមិនមែនជាបញ្ហានោះទេដោយសារតែយើងនៅសល់ស្រូវដែលអាចផលិតអង្ករបាន ៣ លានប៉ុន្តែថាតើវាមានលទ្ធភាពក្នុងការក្លាយជាការពិត ឬអត់នោះអាស្រ័យលើតម្លៃទីផ្សាររបស់យើង និងគុណភាពធៀបនឹងប្រទេសជិតខាង»។

រដ្ឋាភិបាលកម្ពុជាបានបរាជ័យទិសដៅនាំចេញអង្ករ ១ លានតោនដែលបានប្រកាសដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយបាននាំចេញអង្ករបានតែកន្លះលានតោនប៉ុណ្ណោះកាលពីឆ្នាំ ២០១៥។

ការនាំចេញអង្កររបស់កម្ពុជារយៈពេលបីត្រីមាសឆ្នាំ ២០១៦ នេះធ្លាក់ចុះជាង ២ ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើតាមរបាយការណ៍ពីលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ។

របាយការណ៍បង្ហាញថាការនាំចេញអង្ករក្នុងរយៈពេល ៩ ខែនេះមានចំនួន ៣៦១ ៥០៥ តោនធ្លាក់ចុះ ២,១០ ភាគរយពីចំនួន ៣៦៩ ១០៥ តោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។

លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថាវានឹងមិនអាចទៅរួចទេសម្រាប់កម្ពុជាក្នុងការនាំចេញអង្ករ ១ លានតោនប្រចាំឆ្នាំនៅពេលនេះហើយវានឹងត្រូវការពេលវេលាយ៉ាងហោចណាស់ ៣ ឆ្នាំទៀតដើម្បីសម្រេចបានតាមការកំណត់ទិសដៅនេះ។

លោកថ្លែងថា៖ «យើងមិនទាន់ត្រៀមខ្លួនជាស្រេចសម្រាប់ការនាំចេញអង្ករ ១ លានតោនក្នុងអំឡុងឆ្នាំនេះទេយើងមិនមានទុនគ្រប់គ្រាន់សម្រាប់ការទិញស្រូវពុំមានឃ្លាំងស្ដុក និងការដឹកជញ្ជូន និងការនាំចេញយើងនឹងមិនអាចសម្រេចបានតាមពេលវេលាគ្រោងទុកសម្រាប់ការទិញនៅឆ្នាំនេះទេ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗនេះបានប្រកាសថាចិនបានយល់ព្រមបង្កើនការនាំចេញអង្ករពីប្រទេសកម្ពុជាដល់ ២០០ ០០០ តោន។

ឧស្សាហកម្មស្រូវអង្កររបស់ប្រទេសកម្ពុជាហាក់មិនដើរទៅមុខសោះក្នុងរយៈពេលចុងក្រោយនេះ ខណៈដែលរោងម៉ាស៊ីនជាច្រើនក្ស័យធនដោយសារកង្វះដើមទុន។

ទីផ្សារអង្ករកម្ពុជាក៏ប្រឈមនឹងបញ្ហាច្រើនផងដែរខណៈអង្កររាប់សែនតោនត្រូវបានគេអះអាងថាបាននាំចូលពីប្រទេសវៀតណាមដែលកំពុងធ្វើឲ្យតម្លៃទីផ្សារអង្ករផលិតក្នុងស្រុកទាប៕

ប្រភព៖  ភ្នំពេញប៉ុស្តិ៏

You might also like More from author

Leave A Reply

Your email address will not be published.