អាវុធ​ជិត ​១០០០ ​ត្រូវបាន​កម្ទេច​ចោល

3
Cambodia Website Design

សៀមរាបៈ អាវុធពិត និងកែច្នៃជិត ១០០០ ដើមដែលបានប្រមែប្រមូលពីតាមបណ្តាស្រុកនានាក្នុងខេត្តសៀមរាបត្រូវបានកម្លាំងការិយាល័យនគរបាលអាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃចន្ទបានប្រមូល និងដឹកជញ្ជូនយកទៅរក្សាទុកនៅក្នុងឃ្លាំងដើម្បីរង់ចាំថ្ងៃដុតបំផ្លាញចោល។

លោក វរសេនីយ៍ឯក ឆេត ញ៉ា ប្រធានការិយាល័យនគរបាលអាវុធជាតិផ្ទុះបានឲ្យដឹងកាលពីថ្ងៃម្សិលមិញថាអាវុធទាំងអស់ដែលសមត្ថកិច្ចប្រមូលបន្តិចម្តងៗតាមបណ្តាស្រុកទាំងអស់ក្នុងខេត្តសៀមរាបមានចំនួន ៩៨២ ដើម។

អាវុធទាំងនោះភាគច្រើនជាអាវុធកែច្នៃដែលប្រមូលមកពីតាមព្រៃខ្លះកប់ក្នុងដីរីឯខ្លះទៀតបានពីបទល្មើសខុសច្បាប់ដែលបានមកពីការប្លន់ និងការបាញ់សត្វព្រៃខុសច្បាប់។ លោកបន្តថា៖ «អាវុធទាំងអស់នេះត្រូវបានប្រមូលតាំងពីចុងឆ្នាំ ២០១៥។

Cambodia Website Design

មូលហេតុដែលយើងប្រមូលគឺដោយសារតែអាវុធមួយចំនួននៅតែអាចប្រើប្រាស់បាន និងអាចបង្កហានិភ័យដល់ជីវិតមនុស្ស»។

លោក ឆេត ញ៉ា ឱ្យដឹងទៀតថាអាវុធទាំងនោះមានដូចជាកាំភ្លើងខ្យល់ចំនួន ១៩២ ដើមកាំភ្លើងព្រៃ កែច្នៃធ្វើពីឈើចំនួន ៣៥១ ដើម កាំភ្លើងបាញ់ព្រួញចំនួន ១៥ ដើមកាំភ្លើង AK47 ចំនួន ២៩១ ដើម កាំភ្លើង CKC ចំនួន ១០០ ដើមកាំភ្លើង B69 ចំនួន ៥ ដើម កាំភ្លើង RPD ចំនួន ៦ ដើម កាំភ្លើង AR15 ចំនួន ១៥ ដើម និងកាំភ្លើង RPK ចំនួន ៧ ដើម។

លោកបញ្ជាក់ថា៖ «យើងកំពុងតែរង់ចាំបញ្ជាក្នុងការដុតបំផ្លាញអាវុធទាំងនោះចោល»។ សមត្ថកិច្ចបានធ្វើសកម្មភាពប្រមូលអាវុធជាតិផ្ទុះតាមបណ្តាស្រុកនានាក្នុងខេត្តសៀមរាបចាប់តាំងពីឆ្នាំ ២០០៣ ហើយសកម្មភាពនេះនឹងនៅតែបន្តធ្វើដូចភ្លៀងរលឹម។

លោកបានបន្ថែមថា៖ «យើងនឹងនៅតែបន្តប្រមូលអាវុធទាំងនេះដោយចុះត្រួតពិនិត្យ និងប្រមូលជារៀងរាល់ខែពីស្រុកទាំង ១២ នៃខេត្តសៀមរាបក្នុងគោលបំណងបញ្ចៀសនូវគ្រោះថ្នាក់នានាដែលបង្កដោយអាវុធទាំងនេះ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៏

Comments

comments

You might also like More from author