លោក​ យាយ​ ម៉ាំមី ​ចូល​បំភ្លឺ​​រឿង​ហិង្សា​កាលពី​ ៣ ឆ្នាំ​មុន

4
Cambodia Website Design

ភ្នំពេញៈ លោកយាយ ង៉ែត ឃុន ហៅ ម៉ាំមី ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះជាង ១០ នាក់នៅក្នុងព្រឹត្តិការណ៍ហិង្សានៅវត្តភ្នំកាលពីឆ្នាំ ២០១៣ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីក្នុងនាមជាដើមបណ្តឹងកាលពីម្សិលមិញដោយទាមទារសំណងជំងឺចិត្ត ១៥ លានរៀលពីអ្នកប្រព្រឹត្តហិង្សាដែលគាត់ថាជាក្រុមសមត្ថកិច្ចខណ្ឌដូនពេញ។

លោកយាយ ង៉ែត ឃុន និយាយថាចៅក្រមស៊ើបសួរលោក លឹម មករន្ទ បានឲ្យគាត់និយាយអំពីព្រឹត្តិការណ៍មូលហេតុនៃការប្តឹងអត្តសញ្ញាណជនសង្ស័យ និងការទាមទារសំណង។ លោកយាយនិយាយថា៖ «ខ្ញុំប្រាប់តុលាការឲ្យជួយរកយុត្តិធម៌ចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់ហើយសុំបង់ថ្លៃជំងឺចិត្តឲ្យខ្ញុំ ១៥ លានរៀលសម្រាប់ថ្លៃពេទ្យថ្លៃអី»។

កាលពីយប់ថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០១៣ សកម្មជនដីធ្លីពីតំបន់បឹងកក់ និងបុរីកីឡាបានទៅតាំងសមាធិនៅវត្តភ្នំដើម្បីបួងសួងរកដំណោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេ។ ប៉ុន្តែការបួងសួងត្រូវបានរំខាន និងឈានដល់ការប្រើអំពើហិង្សាដោយមានការវាយប្រហារដោយដំបង និងប្រើចម្ពាមកៅស៊ូបាញ់ដោយប្រើគ្រាប់ឃ្លីដែកទៅលើអ្នកតាំងសមាធិបណ្តាលឲ្យរបួស។

Cambodia Website Design

យាយ ម៉ាំមី បានរៀបរាប់ពីព្រឹត្តិការណ៍នោះថា៖ «នៅម៉ោងប្រហែល ៩ យប់ពួកខ្ញុំនៅតាំងសមាធិក៏មានកម្លាំងស្លៀកពាក់ស៊ីវិលបានមកប្រាប់ថាយប់ហើយឲ្យទៅផ្ទះទៅ។ ពួកខ្ញុំក៏ហៅគ្នារៀបចំអីវ៉ាន់ចុះមកដល់ក្រោមហើយកងកម្លាំងសមត្ថកិច្ចចម្រុះក៏បាញ់គ្រាប់ឃ្លីមកប្រាវៗ។ បាញ់ដំបូងត្រូវជនជាតិបរទេសម្នាក់។ បន្ទាប់មកត្រូវយាយ ស៊ី ហ៊ាប មួយទៀតត្រូវក្តោងច្រមុះបែកឈាមហូរ។ គាត់ស្រែកឲ្យជួយ ពួកខ្ញុំរត់ទៅជួយ គេបាញ់ខ្ញុំត្រូវទ្រូងទៀតហើយត្រូវបុរសអ្នកភូមិម្នាក់ទៀតចំចង្កាហើយយើងរត់បែកគ្នាខ្ចាយ»។

លោកស្រី សាម សុគន្ធី មេធាវីក្រុមជនរងគ្រោះបានឲ្យដឹងថាជនរងគ្រោះទើបតែរកពឹងពាក់មេធាវីក្រោយពេលពួកគេទទួលបានដីកាកោះហៅដើម្បីសាកសួរ។ លោកស្រីថាមេធាវីរបស់អង្គការលីកាដូរួមមានលោកស្រីផ្ទាល់ និងលោកមេធាវី លី ចិត្រា ទើបតែបានអមជនរងគ្រោះ ២ នាក់ទេគឺអ្នកស្រី ផាន់ ឈុនរ៉េត និងយាយ ង៉ែត ឃុន ដោយខកខានមិនបានអមអ្នកស្រី ម៉ៅ សុខា ដែលបានចូលបំភ្លឺកាលពីសប្តាហ៍មុននោះទេ។

ក្រុមជនរងគ្រោះ នៅតែមានចម្ងល់ថាហេតុអ្វីបានជាព្រឹត្តិការណ៍ដែលកើតឡើងចាប់តាំងពី ៣ ឆ្នាំមុនទើបតែត្រូវលើកមកសាកសួរនៅពេលនេះខណៈរបួសស្នាមនៅលើជនរងគ្រោះបានជាសះស្បើយអស់ហើយ ហើយតុលាការបែរជាតម្រូវឲ្យជនរងគ្រោះដាក់ភ័ស្តុតាងសារជាថ្មីទៀតខណៈដែលជនរងគ្រោះបានដាក់ភ័ស្តុតាងរួចមកហើយកាលពីពេលដាក់ពាក្យប្តឹង៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៏

Comments

comments

You might also like More from author