លោក ធន សារាយ ចេញ​ពី​ប្រទេស​ បន្ទាប់​ពី​មាន​ការ​គំរាម​ចាប់​ខ្លួន

ភ្នំពេញៈ ប្រធានអង្គការសិទ្ធិមនុស្សអាដហុកលោក ធន សារាយ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាលោកមិនមានជម្រើសក្រៅពីការចាកចេញពីប្រទេសកម្ពុជាចាប់តាំងពីក្នុងខែឧសភាមកនោះទេបន្ទាប់ពីមាន «ការគំរាមផ្ទាល់» ពីអង្គភាពប្រឆាំងអំពើពុករលួយកាលពីខែមេសាដែលថានឹងចាប់ខ្លួនលោកប្រសិនបើលោកបន្តប្រឆាំងនឹងករណីបទចោទប្រកាន់ព្រហ្មទណ្ឌលើមន្រ្តីសិទ្ធិមនុស្ស ៥ រូបរបស់លោក។

លោក សារាយ ដែលមិនបានចូលបំភ្លឺនៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃចន្ទដើម្បីផ្តល់សក្ខីកម្មនៅក្នុងករណីបទសូកប៉ាន់លើបុគ្គលិកបួនរូបរបស់អង្គការអាដហុក និងមន្រ្តីម្នាក់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅតាមការកោះហៅរបស់តុលាការនោះទេដោយលោកថ្លែងថា លោកបានចាកចេញទៅប្រទេសកាណាដាដោយសារភ័យខ្លាចអំពីសុវត្ថិភាពរបស់លោកបន្ទាប់ពីមានការគំរាមកំហែងចាប់ខ្លួនលោក។

លោកបានសរសេរតាមអ៊ីមែលកាលពីម្សិលមិញថា៖ «ខ្ញុំត្រូវបានគំរាមចាប់ខ្លួន និងការពង្រីកការស៊ើបអង្កេតលើមនុស្សច្រើនជាងមុនប្រសិនបើខ្ញុំព្យាយាមប្រតិកម្មខ្លាំងជាងមុនប្រឆាំងនឹងការឃុំខ្លួននេះ»។

បន្ទាប់ពីការចាប់ខ្លួនមន្រ្តីអង្គការទាំង ៥ នាក់រួមមាន បុគ្គលិកអង្គការអាដហុកលោកស្រី លឹម មុន្នី លោក នី សុខា លោក យី សុខសាន និងលោក ណៃ វង់ដា និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលក៏ជាអតីតមន្រ្តីអង្គការអាដហុកលោក នី ចរិយា លោក សារាយ បានជួបជាមួយប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង ដែលបាននិយាយថាលោកកំពុងព្យាយាម «កំណត់ និងរក្សាឲ្យករណីនេះតូច»។

បើតាមលោក សារាយ លោក ឱម យ៉ិនទៀង បានថ្លែងកាលពេលនោះថា៖ «ខ្ញុំនឹងផ្ញើតែភ័ស្តុតាងទីមួយទៅតុលាការប៉ុន្តែប្រសិនបើអ្នកព្យាយាមប្រយុទ្ធបកវិញនោះយើងនឹងផ្ញើភ័ស្តុតាងទីពីរហើយយើងក៏មានភ័ស្តុតាងទីបីផងដែរ»។

លោក ឱម យ៉ិនទៀង មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។

លោក សារាយ បានអះអាងថាលោក និងមន្រ្តី ៥ នាក់ដែលជាប់ពន្ធនាគារគឺជាមនុស្សគ្មានទោសកំហុសប៉ុន្តែលោកបានជ្រើសរើសជម្រើសនៅស្ងៀមហើយចាកចេញពីប្រទេសកម្ពុជាដើម្បីការពារមិនឲ្យមានស្ថានភាពតានតឹង។

លោកបានថ្លែងបន្តថា៖ «ករណីនេះត្រូវបានពិភាក្សាយ៉ាងទូលំទូលាយដោយអង្គការអាដហុក និងដៃគូរួមទាំងបេសកកម្មការទូតហើយយើងសន្និដ្ឋានថាវាមិនមានសុវត្ថិភាពទេសម្រាប់ខ្ញុំដែលនៅកម្ពុជា»។

លោកបានថ្លែងបន្តថាការសម្រេចចិត្តនៅស្ងៀមគឺត្រូវបានពង្រីកដល់អង្គការទាំងមូលហើយបាននាំឲ្យមានការកាត់បន្ថយការចេញសេចក្តីប្រកាសព័ត៌មាន និងប្រតិកម្មផ្សេងៗតាមសារព័ត៌មានក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបន្ទាប់ពីការគំរាមចាប់ខ្លួនរូបលោកកាលពីខែមេសា។

លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៅអង្កការសិទ្ធិមនុស្សលីកាដូបានថ្លែងថាក្តីបារម្ភរបស់លោកសារាយចំពោះសុវត្ថិភាពរបស់លោកគឺដោយសារការធ្វើទុកបុកម្នេញទៅលើមន្រ្តីអង្គការអាដហុក និងមន្រ្តីសិទ្ធិមនុស្ស។

លោក សំអាត បានបន្ថែមថា៖ «អ្នកការពារសិទ្ធិមនុស្សធ្វើការងារទៅតាមច្បាប់ប៉ុន្តែប្រសិនបើពួកគេត្រូវបានចាប់ខ្លួនដោយការងាររបស់ពួកគេ វាគឺជាការគំរាមកំហែង»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៏

លោកអ្នកអាចអានពត៌មានផ្សេងទៀត ពីអ្នកណិពន្ធ