ការ​បោះឆ្នោត​ដ៏​ក្តៅ​គគុក​នៅ​អាមេរិក​អាច​ឲ្យ​ជន​ភៀស​ខ្លួន​កូរ៉េ​ខាង​ជើង​ស្គាល់​រសជាតិ​លទ្ធិ​ប្រជាធិបតេយ្យ​

ការប្រកួតប្រជែងដណ្តើមតំណែងប្រធានាធិបតីអាមេរិកនៅក្នុងឆ្នាំ២០១៦ កាន់តែខិតជិតដល់ទីបញ្ចប់ទៅហើយ ដែលការប្រកួតប្រជែងនេះពោរពេញទៅដោយការស្តីបន្ទោសដាក់គ្នា ពាក្យចចាមអារ៉ាម និងការប្រើពាក្យអសុរោះដាក់គ្នាទៅវិញទៅមក ដែលបានធ្វើឲ្យមនុស្សមួយចំនួនចាប់ផ្តើមមានការសង្ស័យទៅលើលទ្ធិប្រជាធិបតេយ្យអាមេរិក។ ប៉ុន្តែ សម្រាប់ជនភៀសខ្លួនមួយក្រុមតូច គឺពលរដ្ឋកូរ៉េខាងជើងដែលបានពុះពារមកកាន់សហរដ្ឋអាមេរិកនោះ ការទាស់ទែងពាក្យសម្តីដាក់គ្នានិងភាពប្រទូស្តរាយទាំងនោះបានធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលធ្វើឲ្យពួកគេស្គាល់រសជាតិនៃលទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដមួយ។

លោក Charles Kim ជនភៀសខ្លួនមកពីប្រទេសកូរ៉េខាងជើងដែលចូលមកកាន់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៨ បានថ្លែងថា៖ «វាគួរឲ្យអស់សំណើចណាស់នៅពេលដែលឃើញបេក្ខជនទាំងពីរនិយាយដាក់គ្នាទៅវិញទៅមក»។

ពលរដ្ឋរស់នៅក្នុងរដ្ឋ Virginia មួយរូបបានបន្ថែមថា៖ «វាមើលទៅហាក់ដូចជាគ្មានការគោរពហើយមិនសមរម្យនោះទេពីសំបកក្រៅ ប៉ុន្តែប្រសិនបើអ្នកមើលឲ្យបានស៊ីជម្រៅទៅ អ្នកនឹងឃើញថាលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកល្អដល់កម្រិតណា។ អ្នកអាចនិយាយអ្វីដែលអ្នកចង់និយាយបាន ដោយសារតែសេរីភាពក្នុងការនិយាយនៅក្នុងប្រទេសនេះមានការធានា ហើយពលរដ្ឋអាចចោទប្រកាន់ប្រធានាធិបតីដោយមិនមានការភ័យខ្លាចអ្វីនោះទេ»៕

ប្រភព៖VOA

លោកអ្នកអាចអានពត៌មានផ្សេងទៀត ពីអ្នកណិពន្ធ