តេងស៊ាវពីង​នៅ​ម៉ូស្គូ​មុននឹង​ទៅ​ចូលរួម​ចលនា​តស៊ូ​កុម្មុយនិស្ត​នៅ​ចិន

នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមបន្តរៀបរាប់ អំពីប្រវត្តិរបស់លោកតេង ស៊ាវពីង ដោយលើកឡើង អំពីការចាកចេញពីប្រទេសបារាំង ទៅបន្តការសិក្សានៅម៉ូស្គូ មុននឹងវិលត្រឡប់ទៅចូលរួមក្នុងចលនាតស៊ូកុម្មុនិស្តនៅចិន។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩២៦ តេង ស៊ាវភីង បានចាកចេញពីប្រទេសបារាំងតាមរថភ្លើង កាត់តាមប្រទេសអាល្លឺម៉ង់ សំដៅទៅកាន់សហភាពសូវៀត។ គិតជាសរុប តេង ស៊ាវភីង បានចំណាយពេល ៥ឆ្នាំ នៅបារាំង ហើយរយៈពេល ៥ឆ្នាំនេះ បានបន្សល់ទុកនូវស្លាកស្នាមយ៉ាងច្រើន ដល់ជីវិតនយោបាយ និងផ្ទាល់ខ្លួនរបស់ តេង ស៊ាវភីង។

គឺនៅបារាំងដែល តេង ស៊ាវភីង បានចូលប្រឡូកចូលក្នុងចលនាកុម្មុយនិស្ត បានសិក្សាអំពីរៀបចាត់តាំងនៃបក្សកុម្មុយនិស្ត សិក្សាអំពីមនោគមន៍វិជ្ជាកាលម៉ាក្ស ប្រឡូកដោយផ្ទាល់នៅក្នុងការងារក្នុងវណ្ណៈកម្មករ ហើយក្នុងពេលជាមួយគ្នាក៏បានសិក្សាផងដែរ អំពីភាពបើកចំហតាមបែបលោកខាងលិច ព្រមទាំងអាចសិក្សាប្រៀបធៀប រវាងសង្គម នយោបាយ និងវប្បធម៌ចិន ជាមួយនឹងពិភពខាងក្រៅ។

តាមការពិត បើគេពិនិត្យមើលជារួមទៅ នៅខាងក្រៅប្រទេសចិន មិនមានប្រទេសណាផ្សេងទៀត ក្រៅពីប្រទេសបារាំង ដែលបានជះឥទ្ធិពលច្រើនជាងគេដល់បដិវត្តន៍កុម្មុយនិស្តចិន។ ក្រោយជ័យជម្នះនៃបដិវត្តន៍កុម្មុយនិស្តឆ្នាំ១៩៤៩ អតីតនិស្សិតចិនដែលរៀននៅស្រុកបារាំងបានទទួលតំណែងសំខាន់ៗនៅក្នុងរដ្ឋាភិបាល ក្នុងនោះមានទាំង តេង ស៊ាវភីង ជូ អេនឡាយ និងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត ដែលកាន់តំណែងថ្នាក់រដ្ឋមន្រ្តី ដូចជា រដ្ឋមន្រ្តីការបរទេស រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកបច្ចេកវិទ្យានិងវិទ្យាសាស្រ្ត និងរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការឃោសនាការ ជាដើម។

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩២៦ តេង ស៊ាវភីង បានធ្វើដំណើរទៅដល់ម៉ូស្គូ ហើយប្រមាណជា ២សប្តាហ៍ក្រោយមក តេង ស៊ាវភីង បានចុះឈ្មោះចូលរៀននៅក្នុងសកលវិទ្យាល័យស៊ុនយ៉ាតសេន ដែលជាសកលវិទ្យាល័យបង្កើតឡើងដោយកិច្ចសហប្រតិបត្តិការកុម្មុយនិស្តអន្តរជាតិ ហៅកាត់ថា កូមីនទែន (Comintern) ដើម្បីផ្តល់ការសិក្សាដល់យុវជនចិនមកពីគណបក្សគួមីនតាង និងគណបក្សកុម្មុយនិស្តចិន។

នៅពេលនោះ គណបក្សគួមីនតាងរបស់ស៊ុនយ៉ាតសេន និងគណបក្សកុម្មុយនិស្តរបស់ម៉ៅសេទុង នៅជាសម្ព័ន្ធមិត្តនឹងគ្នានៅឡើយ។ ក្រោយមកទៀត នៅក្រោយមរណភាពរបស់ស៊ុនយ៉ាតសេន ហើយគណបក្សគួមីនតាង ត្រូវស្ថិតក្រោមការដឹកនាំរបស់ចាង កាយចៀក ទើបគណបក្សគួមីនតាងនិងគណបក្សកុម្មុយនិស្តចាប់ផ្តើមបែកបាក់គ្នា។

នៅម៉ូស្គូ តេង ស៊ាវភីង មានឱកាសរៀនពេញម៉ោង ដោយមិនចាំបាច់ត្រូវធ្វើការបណ្តើរៀនបណ្តើរដូចកាលពីនៅប្រទេសបារាំងនោះទេ។ តេង ស៊ាវភីង រៀន ៨ម៉ោងក្នុងមួយថ្ងៃ ៦ថ្ងៃក្នុងមួយសប្តាហ៍ ហើយត្រូវបានបក្សកុម្មុយនិស្តធ្វើការវាយតម្លៃថា ជានិស្សិតដែលរៀនពូកែ ជាយុវជនដែលមានគំនិតចាស់ទុំច្រើន និងជាពិសេស គឺជានិស្សិតដែលគោរពវិន័យយ៉ាងខ្ជាប់ខ្ជួន។

នៅសាលា មេរៀនភាគច្រើនលើសលុប គឺផ្តោតទៅលើមនោគមន៍វិជ្ជាកុម្មុយនិស្ត ដូចជា ការសិក្សាលើគំនិតរបស់កាលម៉ាក្ស អង់ហ្គែល និងលេនីន ជាដើម ព្រមទាំងការសិក្សាទៅលើប្រវត្តិបក្សកុម្មុយនិស្តសូវៀត និងប្រវត្តិនៃចលនាបដិវត្តន៍ចិន។ ក្នុងពេលជាមួយគ្នា តេង ស៊ាវភីង ក៏មានឱកាសសង្កេត និងសិក្សាមើលពី ស្ថានភាពជាក់ស្តែង នៅក្រៅសាលាផងដែរ។

នៅពេលនោះ សហភាពសូវៀតនៅមិនទាន់បានបង្កើតរចនាសម្ព័ន្ធសេដ្ឋកិច្ចផែនការតាមបែបកុម្មុយនិស្តនៅឡើយទេ ដោយនៅបន្តអនុវត្តនយោបាយសេដ្ឋកិច្ច ដែលបន្សល់ទុកតាំងពីសម័យលេនីន។ នយោបាយសេដ្ឋកិច្ចនោះ ថ្វីដ្បិតតែស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងពីសំណាក់បក្សកុម្មុយនិស្ត ក៏ប៉ុន្តែ មានលក្ខណៈមូលធននិយមច្រើនជាងកុម្មុយនិស្ត ដោយរដ្ឋអនុញ្ញាតឲ្យប្រជាជនប្រកបរបរកសិកម្មជាលក្ខណៈឯកជន អាចបើកមុខជំនួញធុនតូច ឬមធ្យមជាលក្ខណៈឯកជន ហើយវិនិយោគពីបរទេសក៏នៅមានការបើកចំហ។

តេង ស៊ាវភីង ស្ថិតក្នុងចំណោមមនុស្សដែលជឿថា នយោបាយសេដ្ឋកិច្ចបែបនេះអាចជំរុញកំណើនសេដ្ឋកិច្ច និងលើកតម្កើងជីវភាពរបស់ប្រជាជនបានលឿន គឺលឿនជាងនយោបាយសេដ្ឋកិច្ចសមូហភាព និងលឿនជាងសេដ្ឋកិច្ចតាមបែបមូលធនសុទ្ធសាធទៅទៀត។ នយោបាយសេដ្ឋកិច្ចបែបនេះហើយ ដែលតេង ស៊ាវភីង បានដាក់ចេញ នៅក្រោយពេលឡើងកាន់អំណាចនៅចិន ចាប់ពីអំឡុងទសវត្សរ៍ឆ្នាំ៧០។

តាមការពិត គេសង្កេតឃើញថា ពេលរៀននៅម៉ូស្គូ តេង ស៊ាវភីង ដែលកាលណោះមានវ័យទើបនឹងបាន ២២ឆ្នាំ គឺជានិស្សិតដែលមានគំនិតយល់ដឹងស៊ីជម្រៅច្រើនខុសពីធម្មតា ហើយផ្នត់គំនិតដែលតេង ស៊ាវភីងមាននៅពេលនោះ ភាគច្រើនបានដក់ជាប់តាមខ្លួនជាប់រហូត ដល់ពេលដែលតេង ស៊ាវភីង ឡើងកាន់អំណាចនៅចិន។

ក្រៅពីនយោបាយសេដ្ឋកិច្ចកុម្មុយនិស្តតែបើកចំហតាមបែបមូលធន គេក៏បានសង្កេតឃើញផងដែរ អំពីផ្នត់គំនិតខាងនយោបាយ និងលទ្ធិប្រជាធិបតេយ្យ ដែល តេង ស៊ាវភីង មាននៅពេលរៀននៅម៉ូស្គូ ហើយដែលបន្តរហូតមកទល់នឹងពេលកាន់អំណាច។ នៅក្នុងចម្លើយកិច្ចការដែលគ្រូដាក់ឲ្យធ្វើ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩២៦ តេង ស៊ាវភីង បានសរសេរអំពី “ភាពចាំបាច់នៃអំណាចប្រមូលផ្តុំ និងការស្តាប់បញ្ជាមេដឹកនាំ” ហើយថា “ការបើកចំហទៅរកលទ្ធិប្រជាធិបតេយ្យអាចធ្វើទៅបាននៅក្នុងកាលៈទេសៈណាមួយ និងក្នុងទំហំណាមួយ គឺអាស្រ័យទៅលើភាពអំណោយផលនៃបរិយាកាសទូទៅនៅក្នុងប្រទេស”។

នេះគឺជាការឆ្លុះបញ្ចាំងស្ទើរតែទាំងស្រុងនៃនយោបាយទូទៅរបស់ តេង ស៊ាវភីង នៅពេលឡើងកាន់អំណាច គឺការធ្វើកំណែទម្រង់បើកចំហខាងផ្នែកសេដ្ឋកិច្ចតាមបែបលោកសេរី ក៏ប៉ុន្តែ បន្តរឹតត្បឹតខាងផ្នែកនយោបាយតាមបែបកុម្មុយនិស្ត។

ការសិក្សារបស់តេង ស៊ាវភីង នៅសកលវិទ្យាល័យស៊ុនយ៉ាតសេននៅម៉ូស្គូ ត្រូវមានរយៈពេល២ឆ្នាំ ក៏ប៉ុន្តែ រៀនបានត្រឹមតែមួយឆ្នាំ កាលៈទេសៈនយោបាយនៅក្នុងប្រទេសចិន បានតម្រូវឲ្យតេង ស៊ាវភីង ត្រូវបញ្ឈប់ការសិក្សាមុនកាលកំណត់ ហើយវិលត្រឡប់ទៅកាន់ប្រទេសចិនវិញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩២៧។

នៅពេលនោះ សម្ព័ន្ធភាព រវាងពួកជាតិនិយមគួមីនតាង ក្រោមការដឹកនាំរបស់ចាង កាយចៀក និងចលនាកុម្មុយនិស្តរបស់ម៉ៅសេទុង បានប្រេះឆាកាន់តែខ្លាំង ជិតឈានចូលដល់ដំណាក់កាលបែកបាក់លែងអាចផ្សះផ្សាបាន។ ការបែកបាក់គ្នានេះបានធ្វើឲ្យបក្សកុម្មុយនិស្តសូវៀតមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែនៅពេលនោះ ចលនាកុម្មុយនិស្តចិនមិនទាន់មានកម្លាំងទ័ពខ្លាំងអាចប្រជែងជាមួយនឹងពួកគួមីនតាងបាននៅឡើយ។

ហេតុដូច្នេះហើយបានជាបក្សកុម្មុយនិស្តសូវៀត ក៏បានសម្រេចបញ្ជូន តេង ស៊ាវភីង រួមជាមួយនឹងអ្នកនយោបាយកុម្មុយនិស្តវ័យក្មេងប្រមាណជា ២០នាក់ផ្សេងទៀត ឲ្យចាកចេញពីម៉ូស្គូ វិលត្រឡប់ចូលទៅក្នុងប្រទេសចិនវិញ ដើម្បីធ្វើការជាមួយនឹង ហ្វឹង យូស៊ាំង (Feng Yuxiang) ដែលជាមេកន្ទ្រាញមួយរូបមានកម្លាំងទ័ពខ្លាំងបង្គួរ ហើយដែលមានទំនាក់ទំនងជិតស្និទ្ធទាំងជាមួយពួកគួមីនតាង និងពួកកុម្មុយនិស្ត។

គោលដៅរបស់បក្សកុម្មុយនិស្តសូវៀតនៅពេលនោះ គឺម្យ៉ាង ចង់ឲ្យតេង ស៊ាវភីង និងបក្សពួកជួយក្នុងការសម្របសម្រួល ដើម្បីព្យាយាមបញ្ចៀសកុំឲ្យពួកគួមីនតាង និងចលនាកុម្មុយនិស្តត្រូវបែកបាក់គ្នា និងម្យ៉ាងទៀត ប្រសិនបើការបាក់បែកគ្នាពិតជាកើតឡើងមែន ត្រូវពង្រឹងសម្ព័ន្ធភាពជាមួយនឹងក្រុមរបស់ ហ្វឹង យូស៊ាំង ដើម្បីទុកជាកម្លាំងទ័ពទប់ទល់នឹងកងកម្លាំងរបស់ពួកគួមីនតាង៕

ប្រភព៖ http://km.rfi.fr/world-history-biography-deng-xiaoping-moscow-soviet-23-10-2016

លោកអ្នកអាចអានពត៌មានផ្សេងទៀត ពីអ្នកណិពន្ធ