អ្នក​ស្រាវជ្រាវ​ពន្យល់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទំនាក់​រវាង​​សម្ដេច​នរោត្ដម​សីហនុនិងសហរដ្ឋ​អាមេរិក ​ប្រេះឆា

0 7
Cambodia Website Design

កំណត់និពន្ធ៖ លោក William J. Rust ជាអ្នកស្រាវជ្រាវល្បីឈ្មោះម្នាក់ក្នុងចំណោមអ្នកស្រាវជ្រាវល្បីៗជាច្រើនដែលជំនាញខាងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នាពេលថ្មីៗនេះ លោកបានបោះពុម្ពសៀវភៅមួយក្បាលដែលមានចំណងជើងថា៖ «លោកប្រធានាធិបតី Eisenhowerនិងកម្ពុជា៖ ការទូត សកម្មភាពសម្ងាត់ និងប្រភពនៃសង្គ្រាមឥណ្ឌូចិនលើកទីពីរ» ឬក៏ជាភាសាអង់គ្លេសថា៖ «Eisenhower and Cambodia: Diplomacy, Covert Action, and the Origins of the Second Indochina War»។ សៀវភៅនេះរៀបរាប់អំពីគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសកម្ពុជា ក្នុងអំឡុងពេលលោក Dwight D. Eisenhower ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៦១ ជាពិសេសគឺរៀបរាប់អំពីទំនាក់ទំនងរវាងរដ្ឋបាលរបស់លោក Eisenhower ជាមួយនឹងសម្ដេចនរោត្ដមសីហនុ ដែលជាមេដឹកនាំប្រទេសកម្ពុជានាសម័យនោះ។ គោលបំណងសំខាន់បំផុតរបស់សៀវភៅនេះ គឺផ្ដោតលើការជាប់ពាក់ព័ន្ធជាសម្ងាត់របស់សហរដ្ឋអាមេរិកនៅក្នុងផែនការសម្ងាត់ដ៏គួរឲ្យចាប់អារម្មណ៍ដែលគេមិនសូវស្គាល់មួយរបស់មេបញ្ជាការយោធាមួយរូបឈ្មោះ ដាប ឈួន ប្រឆាំងនឹងសម្ដេចនរោត្តមសីហនុ។

2ab823a4-1776-448d-87eb-b1da70dee922_w610_r0_s

លោក Rust កើតក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ហើយឥឡូវនេះកំពុងរស់នៅក្នុងក្រុង East Otis រដ្ឋ Massachusetts។ លោកជាអ្នកនិពន្ធ អ្នកកែសម្រួលអត្ថបទ និងជាអ្នកប្រឹក្សាផ្នែកទំនាក់ទំនងមួយរូប។ លោកធ្លាប់ធ្វើការជាអ្នកស្រាវជ្រាវឲ្យទីភ្នាក់ងារព័ត៌មាន និងរបាយការណ៍ពិភពលោកនៃសហរដ្ឋអាមេរិក (US News and World Report) ដោយលោកបានរួមចំណែកបោះពុម្ពអត្ថបទជាច្រើនអំពីសង្គ្រាមវៀតណាម។ កន្លងមក លោកបានបោះពុម្ពសៀវភៅ ៤ ក្បាល ស្ដីពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយនាពេលបច្ចុប្បន្ននេះ លោកកំពុងសរសេរសៀវភៅទី ៥ របស់លោក ដែលនិយាយអំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយនិងប្រទេសឥណ្ឌូណេស៊ី។

Cambodia Website Design

នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទនាពេលថ្មីៗនេះជាមួយនឹងលោក ភី សុភាដា នៃ VOA លោក Rust បានពន្យល់ពីមូលហេតុដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Eisenhower មានការជាប់ពាក់ព័ន្ធជាសម្ងាត់នៅក្នុងផែនការរបស់លោក ដាប ឈួន និងបានពន្យល់អំពីថាតើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជានាសម័យនោះត្រូវបានបំផ្លាញយ៉ាងខ្ទេចខ្ទីដោយរបៀបណា។

តើសៀវភៅ «លោកប្រធានាធិបតី Eisenhower និងកម្ពុជា» ផ្ដោតជាចម្បងលើបញ្ហាអ្វី?

សៀវភៅនេះផ្ដោតជាចម្បងលើការតាក់តែង និងការអនុវត្តគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកចំពោះប្រទេសកម្ពុជា ក្នុងអំឡុងពេលលោក Dwight D. Eisenhower ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ជាពិសេស វាជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយនឹងសម្ដេចព្រះបាទនរោត្តមសីហនុ នៅចន្លោះឆ្នាំ ១៩៥៣ និងឆ្នាំ ១៩៦១។

សៀវភៅនេះក៏មាននូវផ្នែកបញ្ចប់មួយដែលរៀបរាប់ពីទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសកម្ពុជា ក្នុងអំឡុងពេលលោក John F. Kennedy ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្នុងទសវត្សរ៍ ១៩៥០ និងមុនទសវត្សរ៍ ១៩៦០ មានព្រឹត្តិការណ៍សំខាន់ៗជាច្រើនដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្រកម្ពុជា ដូចជាបូជនីយកិច្ចទាមទារឯករាជ្យរបស់សម្ដេចសីហនុក្នុងឆ្នាំ ១៩៥៣ សន្និសីទទីក្រុងហ្សឺណែវក្នុងឆ្នាំ ១៩៥៤ ការប្រកាសពីអព្យាក្រឹតភាពរបស់កម្ពុជាក្នុងឆ្នាំ ១៩៥៥ និងទំនាក់ទំនងរកាំរកូសរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសវៀតណាមខាងត្បូង និងប្រទេសថៃ ដែលជាប្រទេសជិតខាងកម្ពុជាគាំទ្រដោយសហរដ្ឋអាមេរិក ផងដែរ។ សៀវភៅនេះផ្ដោតខ្លាំងលើផែនការសម្ងាត់ប្រឆាំងនឹងសម្ដេចសីហនុ និងការសម្រេចព្រះទ័យចុងក្រោយរបស់ព្រះអង្គក្នុងការបណ្ដេញយោធា និងទីប្រឹក្សាស៊ីវិលរបស់សហរដ្ឋអាមេរិកចេញពីប្រទេសកម្ពុជា។

ក្រៅពីបញ្ហាដែលលោកបានរៀបរាប់មកនេះ តើមានបញ្ហាសំខាន់អ្វីខ្លះទៀតដែលលោកលើកយកមកពិភាក្សានៅក្នុងសៀវភៅនេះ?

ចំណុចដែលសំខាន់នោះគឺថា សៀវភៅនេះរៀបរាប់ពីបញ្ហាអសមត្ថភាពនៃរដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Eisenhower ក្នុងការស្វែងរកចំណុចរួមជាមួយនឹងសម្ដេចសីហនុ ដែលយ៉ាងហោចណាស់ សម្ដេចសីហនុ កាលពីដំបូង បានគាំទ្រប្រទេសលោកខាងលិចនៅក្នុងនិន្នាការនយោបាយរបស់ព្រះអង្គ។ ខ្ញុំផ្ដោតការយកចិត្តទុកដាក់ជាពិសេសទៅលើទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយនឹងជនជាតិខ្មែរដែលមានទំនោរប្រឆាំងនឹងលទ្ធិកុម្មុយនិស្ត និងដែលមានផែនការសម្ងាត់ប្រឆាំងនឹងសម្ដេចសីហនុ និងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយនឹងបក្សពួករបស់ខ្លួន នៅក្នុងប្រទេសវៀតណាមខាងត្បូង និងនៅក្នុងប្រទេសថៃ។

នៅក្នុងឆ្នាំ ១៩៥៩ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយសម្ដេចសីហនុមានភាពរកាំរកូសយ៉ាងខ្លាំង ដោយសារតែសម្ដេចសីហនុដឹងថា ទីភ្នាក់ងារ CIA របស់សហរដ្ឋអាមេរិកមានការពាក់ព័ន្ធជាមួយនឹងលោក ដាប ឈួន និងផែនការមិនបានសម្រេចរបស់លោក ដាប ឈួន នៅក្នុងការទម្លាក់ព្រះអង្គ។ ទំនាក់ទំនងរវាងប្រទេសកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកត្រូវបានបំផ្លាញយ៉ាងខ្ទេចខ្ទាំដោយសារតែការខកខានរបស់សហរដ្ឋអាមេរិកក្នុងការផ្ដល់នូវការពន្យល់ណាមួយដល់ការទំនាក់ទំនងរបស់លោក Victor Matsui ដែលជាភ្នាក់ងារម្នាក់របស់ CIA ជាមួយនឹងក្រុមឧទ្ទាម។

តើផែនការប្រឆាំងនឹងសម្ដេចសីហនុនៅពេលនោះត្រូវបានធ្វើឡើងជាសម្ងាត់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកមែនទេ?

បាទ! ខ្ញុំជឿថា វាពិតជាអញ្ចឹងមែន។ ក្នុងអំឡុងពេលភាគច្រើននៃរដ្ឋបាលរបស់លោកប្រធានាធិបតី Eisenhower គោលនយោបាយសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការជួយជ្រោមជ្រែងដល់ក្រុម និងបុគ្គលនានាដែលប្រឆាំងនឹងសម្ដេចសីហនុ។ តាមទស្សនវិស័យរបស់រដ្ឋបាលលោកប្រធានាធិបតី Eisenhower បញ្ហាចម្បងជាមួយនឹងសម្ដេចសីហនុគឺបញ្ហាការព្រងើយកន្តើយរបស់ព្រះអង្គចំពោះការប្រឈមមុខដាក់គ្នារវាងមនោគមវិជ្ជាពិភពលោកពីរ គឺប្លុកកុម្មុយនិស្ត និងប្លុកសេរី។ ប៉ុន្តែ សម្ដេចសីហនុបានមានព្រះរាជបន្ទូលថា ទ្រង់សព្វព្រះទ័យនៅក្រៅសៃវៀនប្រយុទ្ធរបស់ប្រទេសមហាយក្សពីរ គឺសហរដ្ឋអាមេរិក និងសហភាពសូវៀត។ រដ្ឋាភិបាលសហរដ្ឋអាមេរិកចង់ឃើញទំនាក់ទំនងអន្តរជាតិរបស់បណ្ដាប្រទេសទាំងអស់ក្នុងពិភពលោកក្នុងសម័យសង្គ្រាមត្រជាក់ ថាតើគាំទ្រលោកខាងលិច ឬក៏គាំទ្រប្លុកកុម្មុយនិស្ត។

បញ្ហាអព្យាក្រឹតភាពនៅតំបន់អាស៊ីអាគ្នេយ៍ ជាបញ្ហារសើបខ្លាំងបំផុតសម្រាប់សហរដ្ឋអាមេរិក។ រដ្ឋាភិបាលសហរដ្ឋអាមេរិកមានការព្រួយបារម្ភ នៅពេលដែលសម្ដេចសីហនុបានបង្កើតទំនាក់ទំនងការទូតជាមួយនឹងប្រទេសចិននៅក្នុងឆ្នាំ១៩៥៨។ នៅទសវត្ស ១៩៥០ ការមិនទទួលស្គាល់ប្រទេសចិនជាចំណុចស្នូលក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិកនៅតំបន់ចុងបូព៌ា។ នៅពេលដែលសម្ដេចសីហនុនៃប្រទេសកម្ពុជា និងព្រះអង្គម្ចាស់ Souvanna Phouma ដែលជានាយករដ្ឋមន្ត្រីឡាវនាសម័យនោះ ព្យាយាមបង្កើតទំនាក់ទំនងជាមួយនឹងប្រទេសចិន មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកមានការអាក់អន់ចិត្ត។

នៅពេលដែលនិយាយអំពីផែនការសម្ងាត់ក្នុងការប្រឆាំងសម្ដេចសីហនុ យើងក៏ត្រូវនិយាយអំពីទំនាក់ទំនងរបស់សម្ដេចសីហនុជាមួយនឹងវៀតណាមខាងត្បូង និងថៃផងដែរ ដែលទំនាក់ទំនងរវាងព្រះអង្គ និងប្រទេសទាំងពីរនេះ ជាទំនាក់ទំនងមិនល្អទេនៅពេលនោះ។ ខ្ញុំគិតថា ផ្នែកមួយនៃបញ្ហាគឺដោយសារចរិតរបស់មេដឹកនាំទាំងនោះ ហើយមួយផ្នែកទៀតពាក់ព័ន្ធនឹងសង្គ្រាមក្នុងប្រវត្តិសាស្ត្ររវាងអាណាចក្រខ្មែរ សៀម និងវៀតណាមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ទំនាក់ទំនងរវាងកម្ពុជា ថៃ និងវៀតណាមខាងត្បូងមានសភាពកាន់តែអាក្រក់ឡើងៗ ដោយសារតែបញ្ហាព្រំដែនដែលបានគូសវាយដោយការសម្រេចរបស់បារាំងនៅឥណ្ឌូចិនក្នុងសម័យអាណានិគម។ សហរដ្ឋអាមេរិកបានផ្ដោតការយកចិត្តទុកដាក់តិចតួចប៉ុណ្ណោះទៅលើជម្លោះរបស់ប្រទេសទាំងបីនៅក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែបានផ្ដោតការយកចិត្តទុកដាក់ស្ទើរតែទាំងស្រុងទៅលើការប្រយុទ្ធប្រឆាំងជាមួយនឹងមនោគមកុម្មុយនិស្ត។ សហរដ្ឋអាមេរិកមិនខ្វល់ពីក្ដីបារម្ភរបស់សម្ដេចសីហនុអំពីការគំរាមកំហែងរបស់ប្រទេសជិតខាងដែលមានទំនោរប្រឆាំងនឹងមនោគមកុម្មុយនិស្តនោះទេ។

នៅឆ្នាំ១៩៥៦ នៅពេលដែលសម្ដេចសីហនុយាងធ្វើព្រះរាជទស្សនកិច្ចដំបូងទៅកាន់ប្រទេសចិន និងបានសម្រេចព្រះទ័យបង្កើតទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌ជាមួយប្រទេសចិនមក លោក ដាប ឈួន ដែលជាមេបញ្ជាការយោធាប្រចាំតំបន់សៀមរាប បានទាក់ទងជាមួយនឹងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងបាននិយាយថា លោកនឹងប្រឆាំងជាមួយនឹងគោលនយោបាយត្រូវរ៉ូវគ្នាជាមួយប្រទេសចិនរបស់សម្ដេចសីហនុ។ លោក ដាប ឈួន ជាអ្នកប្រឆាំងនឹងមនោគមកុម្មុយនិស្ត ហើយលោកបានត្រៀមខ្លួនក្នុងការបះបោរប្រឆាំងនឹងសម្ដេចសីហនុ។

នៅពេលនោះ ក្នុងឆ្នាំ១៩៥៦ សហរដ្ឋអាមេរិកមិនបានគាំទ្រលោក ដាប ឈួន នោះទេ ដោយបានសន្មតយ៉ាងត្រឹមត្រូវថា លោក ដាប ឈួន មិនមានការគាំទ្រផ្នែកនយោបាយច្រើន ហើយវាអាចធ្វើឲ្យស្ថានករណ៍កាន់តែអាក្រក់ឡើង ប្រសិនបើលោកព្យាយាមធ្វើរដ្ឋប្រហារនោះ។

ប៉ុន្តែ ក្រោយមក ស្ថានការណ៍បានផ្លាស់ប្ដូរនៅក្នុងទសវត្ស ១៩៥០។ នៅក្នុងឆ្នាំ ១៩៥៨ សម្ដេចសីហនុបានយល់ព្រមបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ដែលធ្វើឲ្យសហរដ្ឋអាមេរិក ថៃ និងវៀតណាមខាងត្បូងមានការខ្វល់ខ្វាយយ៉ាងខ្លាំង។ ថៃ និងវៀតណាមខាងត្បូងមានឆន្ទៈសហការគ្នាដើម្បីទម្លាក់សម្ដេចសីហនុ និងផ្ដល់ការផ្គត់ផ្គង់គាំទ្រដល់ខ្មែរសេរី ដែលជាក្រុមប្រឆាំងប្រដាប់ដោយអាវុធនៅកម្ពុជា និងជាក្រុមដែលមានប្រតិបត្តិការចេញពីមូលដ្ឋានក្នុងប្រទេសថៃ និងវៀតណាមខាងត្បូង។ ក្រោយមក ក៏មានបញ្ហាពាក់ព័ន្ធរបស់ទីភ្នាក់ងារ CIA ក្នុងផែនការសម្ងាត់ប្រឆាំងសម្ដេចសីហនុ។

រហូតមកដល់ពេលនេះ មានការរៀបរាប់ពីរផ្សេងគ្នាអំពីតួនាទីរបស់ទីភ្នាក់ងារ CIA នៅក្នុងរដ្ឋប្រហាររបស់លោក ដាប ឈួន។ ទីមួយ ដែលខ្ញុំហៅថា រឿងសម្ងាត់ គឺថា លោក Victor Matsui ដែលជាភ្នាក់ងារប្រតិបត្តិរបស់ CIA រាយការណ៍តែអំពីសកម្មភាពរបស់លោក ដាប ឈួន ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិកបានព្យាយាមបញ្ឈប់ផែនការសម្ងាត់របស់លោក ដាប ឈួន ប្រឆាំងនឹងសម្ដេចសីហនុ។

រីឯការរៀបរាប់ទីពីរវិញ ដែលខ្ញុំបានបង្ហាញដោយផ្អែកលើភស្តុតាងនៅក្នុងសៀវភៅរបស់ខ្ញុំ និងជាការរៀបរាប់ដែលខ្ញុំយល់ថា មានលក្ខណៈសមហេតុសមផលនោះ គឺថា សហរដ្ឋអាមេរិកបានដើរតួយ៉ាងសកម្មក្នុងផែនការសម្ងាត់របស់លោក ដាប ឈួន ប៉ុន្តែបានបរាជ័យនៅក្នុងការព្យាយាមរារាំងការធ្វើរដ្ឋប្រហារនៅក្នុងនាទីចុងក្រោយ។ ភស្តុតាងគាំទ្រចំពោះការសន្និដ្ឋានបែបនេះរួមមានឯកសារប្រមូលបានមកពីប័ណ្ណសារដ្ឋានជាតិអាមេរិក និងរបាយការណ៍ ក៏ដូចជាសេចក្ដីថ្លែងការណ៍ផ្សេងៗដែលប្រមូលបានមកពីប្រភពទុកចិត្តនានាដូចជា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ភ្នាក់ងារ CIA ក្នុងរាជធានីភ្នំពេញ និងកិច្ចសន្ទនាដែលត្រូវបានថតទុករវាងលោកប្រធានាធិបតី Kennedy និងលោកឧបការីរងរដ្ឋមន្ត្រីការបរទេស Roger Hilsman។

តើហេតុអ្វីបានជាសម្ដេចសីហនុបង្កើតទំនាក់ទំនងជាមួយនឹងប្រទេសចិននាពេលនោះ?

ភស្តុតាងបង្ហាញថា សម្ដេចសីហនុព្យាយាមរក្សាតុល្យភាពរវាងលោកខាងលិច និងប្លុកកុម្មុយនិស្ត។ សម្ដេចសីហនុសព្វព្រះទ័យចង់ឲ្យមានទំនាក់ទំនងល្អជាមួយនឹងសហរដ្ឋអាមេរិក ដែលធានាចំពោះការចំណាយទាំងអស់លើកងទ័ពរបស់ទ្រង់ ហើយនៅពេលជាមួយគ្នានោះដែរ ព្រះអង្គបានឈ្វេងយល់ថា ព្រះអង្គមិនអាចធ្វើព្រងើយកន្តើយជាមួយនឹងប្រទេសចិន ដែលជាប្រទេសមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បាននោះទេ។ ព្រះអង្គមិនចង់ធ្វើឲ្យពួកកុម្មុយនិស្តចិនមានការអាក់អន់ចិត្តនោះទេ។

នៅក្នុងទសវត្ស ១៩៥០ និងដើមទសវត្ស ១៩៦០ សម្ដេចសីហនុមិនមានការអត់ឱនឲ្យក្រុមកុម្មុយនិស្តខ្មែរនៅក្នុងប្រទេសនោះទេ ហើយព្រះអង្គបានព្យាយាមយ៉ាងខ្លាំងក្នុងការបង្ក្រាបពួកគេ។ សហរដ្ឋអាមេរិកផ្ដោតការយកចិត្តទុកដាក់តិចតួចប៉ុណ្ណោះលើចំណុចនេះ។ នៅទីបំផុត បន្ទាប់ពីបរាជ័យនៃរដ្ឋប្រហាររបស់លោក ដាប ឈួន មន្ត្រីរដ្ឋបាលរបស់លោកប្រធានាធិបតី Eisenhower បានសន្និដ្ឋានថា មានការខូចប្រយោជន៍ច្រើនក្នុងការរៀបចំផែនការសម្ងាត់ប្រឆាំងនឹងសម្ដេចសីហនុ ហើយពួកគេព្យាយាមរិះរកវិធីដើម្បីតម្រូវព្រះទ័យព្រះអង្គឡើងវិញ ប៉ុន្តែការធ្វើបែបនេះគឺពិតជាពិបាកខ្លាំងណាស់។

តើហេតុអ្វីបានជាសហរដ្ឋអាមេរិកមានការព្រួយបារម្ភនៅពេលដែលសម្ដេចសីហនុមានទំនាក់ទំនងជាមួយប្រទេសចិន?

យើងត្រូវក្រឡេកមើលលើរយៈពេលដំបូងៗនៃសម័យកាលសង្គ្រាមត្រជាក់ ហើយការយល់ឃើញរបស់សហរដ្ឋអាមេរិកលើបញ្ហានេះ។ សកម្មភាពរបស់សហភាពសូវៀតនៅអឺរ៉ុបខាងកើតនៅចុងទសវត្ស ១៩៤០ ដូចជា រដ្ឋប្រហារកុម្មុយនិស្តក្នុងប្រទេសឆេកូស្លូវ៉ាគី ការធ្វើតេស្ដសាកល្បងគ្រាប់បែកបរមាណូដោយជោគជ័យរបស់សូវៀត ហើយប្រហែលជាសំខាន់ខ្លាំងជាងគេនោះ គឺជោគជ័យរបស់បដិវត្តន៍កុម្មុយនិស្តរបស់លោកម៉ៅ សេទុង នៅក្នុងប្រទេសចិន បានធ្វើឲ្យមាននូវគោលនយោបាយមិនទទួលស្គាល់ប្រទេសចិន។

នៅក្នុងក្រសែភ្នែករបស់មន្ត្រីសហរដ្ឋអាមេរិកស្ទើរតែទាំងអស់ក្នុងទសវត្ស ១៩៥០ ចិនជារដ្ឋខុសច្បាប់ ហើយការមិនទទួលស្គាល់ចិនគឺជាចំណុចសំខាន់សម្រាប់គោលនយោបាយសហរដ្ឋអាមេរិក។ ទិដ្ឋភាពមួយទៀតដែលទាក់ទងនឹងគោលនយោបាយសហរដ្ឋអាមេរិកគឺថា ការសន្មតថាប្រទេសអព្យាក្រឹត្យជាប្រទេសល្ងិតល្ងង់បំផុត និងងាយឲ្យប្រទេសកុម្មុយនិស្តគ្រប់គ្រងបានដោយងាយស្រួល។ មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏មានការខឹងសម្បារយ៉ាងខ្លាំងចំពោះគោលនយោបាយការបរទេសអព្យាក្រឹតភាពរបស់សម្ដេចសីហនុ។

ចុងក្រោយ រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅពេលនោះប្រតិកម្មធ្វើមើលតែរដ្ឋាភិបាលនៃវិមានក្រឹមឡាំងនៅក្នុងទីក្រុងមូស្គូ សហភាពសូវៀត ទទួលបានជោគជ័យលើការអនុវត្តផែនការសម្ងាត់នៃមនោគមកុម្មុយនិស្តសាកលជាមួយនឹងក្រុមពាក់ព័ន្ធផ្សេងៗដែលគ្រប់គ្រងទាំងស្រុងដោយសហភាពសូវៀត នៅក្នុងទីក្រុងប៉េកាំង ទីក្រុងហាណូយ និងកន្លែងផ្សេងៗទៀត ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិកយកចិត្តទុកដាក់តិចតួចប៉ុណ្ណោះលើភាពខុសគ្នារបស់ប្រជាជាតិនីមួយៗដែលតាមពិត ភាពខុសគ្នាទាំងនេះមានឥទ្ធិពលខ្លាំងជាងមនោគមវិជ្ជាទៅទៀត។

កងទ័ពក្រហមនៅអឺរ៉ុប និងសមត្ថភាពនុយក្លេអ៊ែររបស់សូវៀត ជារឿងដែលគួរឲ្យខ្លាចខ្លាំងបំផុតសម្រាប់សហរដ្ឋអាមេរិក ហើយសំខាន់បំផុតនោះ គឺថា រឿងទាំងពីរនេះគឺជារឿងប្រយ័ត្នប្រយែងផ្នែកសន្តិសុខជាតិរយៈពេលយូរ ដែលសហរដ្ឋអាមេរិកបានឆ្លងកាត់។ អ្វីដែលមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកខកខានមិនបានទទួលស្គាល់ ឬយ៉ាងហោចណាស់ខកខានក្នុងការចាត់វិធានការចំពោះនោះ គឺថា ពួកកុម្មុយនិស្តនៅកម្ពុជា ឡាវ និងវៀតណាមមិនមែនគ្រប់គ្រងដោយរដ្ឋាភិបាលក្រុងមូស្គូនោះទេ គឺពួកគេមានប្រតិបត្តិការដោយឯករាជ្យខ្លួនឯងច្រើនគួរសម។

និយាយមួយបែបទៀត សហរដ្ឋអាមេរិកមិនបានយល់ថា ការគំរាមកំហែងដែលបានបង្កឡើងដោយសហភាពសូវៀត សាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និងចលនាកុម្មុយនិស្តក្នុងស្រុកមួយចំនួននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍មានទំនាក់ទំនងជាមួយគ្នា ប៉ុន្តែមានភាពអស្ចារ្យផ្សេងគ្នានោះទេ ដែលក្រុមនីមួយៗមានសក្ដានុពល ចំណុចខ្លាំង និងកម្រិតផ្សេងៗគ្នារៀងៗខ្លួន។ ទស្សនៈវាយតម្លៃជារួមចំពោះលទ្ធិកុម្មុយនិស្តនេះ បានធ្វើឲ្យមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើការសន្និដ្ឋានដោយមិនច្បាស់ថា ឧបទ្វីបឥណ្ឌូចិនជាតំបន់យុទ្ធសាស្ត្រសំខាន់សម្រាប់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដែលការសន្និដ្ឋានដូចនេះ នៅទីបំផុតបានបង្ហាញឲ្យឃើញថា ជាការសន្និដ្ឋានមិនពិតនោះទេ។

ប្រសិនបើសម្ដេចសីហនុសម្រេចព្រះទ័យគាំទ្រសហរដ្ឋអាមេរិកដើម្បីប្រឆាំងវៀតណាមខាងជើងដែលជាប្រទេសកុម្មុយនិស្តក្នុងពេលនោះ តើលោកគិតថា នឹងមានរឿងអ្វីកើតឡើង?

ខ្ញុំមិនពូកែខាងធ្វើការទស្សន៍ទាយប្រវត្តិសាស្ត្រនោះទេ ដោយហេតុថា ការរៀបរាប់អំពីការពិតឲ្យបានត្រឹមត្រូវហ្នឹង គឺវាពិបាកណាស់ទៅហើយ។ អ្នកដឹងទេថា ព្រះអង្គម្ចាស់ Souvanna Phouma ដែលជាមេដឹកនាំរបស់ឡាវ មានបញ្ហាច្រើនជាមួយសហរដ្ឋអាមេរិកនៅក្នុងទសវត្ស ១៩៥០ ហើយចុងបញ្ចប់ ព្រះអង្គបានត្រឡប់មកគាំទ្រសហរដ្ឋអាមេរិកវិញ។ ការងាកមកគាំទ្រសហរដ្ឋអាមេរិកវិញរបស់មេដឹកនាំឡាវនេះ មិនបានធ្វើឲ្យប្រែប្រួលដល់លទ្ធផលនៃសង្គ្រាមវៀតណាម ឬក៏លទ្ធផលនៃការត្រួតត្រារបស់ពួកកុម្មុយនិស្តក្នុងប្រទេសឡាវនោះទេ។

ខ្ញុំចង់កែសំណួរហ្នឹងបន្តិច ហើយខ្ញុំចង់ស្នើថា ប្រសិនបើសហរដ្ឋអាមេរិកមានការយោគយល់ឲ្យបានច្រើនបន្តិចចំពោះបញ្ហាអព្យាក្រឹតភាពរបស់កម្ពុជា និងឡាវ នោះវាអាចនឹងល្អប្រសើរច្រើនសម្រាប់គ្រប់ៗគ្នា។ ជាជាងការព្យាយាមធ្វើការរុកកួនសម្ដេចសីហនុ ជាជាងប្រឡូកពាក់ព័ន្ធនឹងផែនការសម្ងាត់ប្រឆាំងសម្ដេចសីហនុ ជាជាងការព្យាយាមលើកតម្កើងអ្នកប្រឆាំងកុម្មុយនិស្ត សហរដ្ឋអាមេរិកគួរតែបានប្រាប់សម្ដេចសីហនុថា៖ យើងគិតថា ការរក្សាប្រទេសឲ្យមានអព្យាក្រឹតភាពគឺមិនអាចធ្វើទៅរួចនោះទេ។ យើងគិតថា គោលនយោបាយនេះគឺជាគោលនយោបាយល្ងឹតល្ងង់ ប៉ុន្តែយើងនឹងគាំទ្រគោលនយោបាយអព្យាក្រឹតភាពរបស់ព្រះអង្គ។

ខ្ញុំគិតថា វាអាចនឹងមានការគាំទ្រពីអន្តរជាតិច្រើនចំពោះបញ្ហាអព្យាក្រឹតភាពពិតប្រាកដរបស់ប្រទេសកម្ពុជា និងឡាវ ប្រសិនបើសហរដ្ឋអាមេរិកបានគាំទ្រយ៉ាងសកម្មដល់មេដឹកនាំអព្យាក្រឹត្យនៅក្នុងប្រទេសកម្ពុជា និងឡាវ ជាជាងព្យាយាមទម្លាក់ពួកគេ ដែលការធ្វើដូច្នេះ មានតែផ្ដល់ផលប្រយោជន៍ដល់ពួកកុម្មុយនិស្តតែប៉ុណ្ណោះ។

ប្រសិនបើសម្ដេចសីហនុសម្រេចព្រះទ័យគាំទ្រអាមេរិក កងទ័ពវៀតណាមខាងជើងនឹងមិនអាចមានលទ្ធភាពឆ្លងកាត់ចូលមកក្នុងទឹកដីប្រទេសកម្ពុជាដើម្បីវាយប្រហារវៀតណាមខាងត្បូងនោះទេ។ តើលោកយល់យ៉ាងណាដែរ ចំពោះការលើកឡើងបែបនេះ?

ប្រសិនបើសហរដ្ឋអាមេរិកបានចុះហត្ថលេខា និងគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវឆ្នាំ ១៩៥៤ ក្រុមកុម្មុយនិស្តវៀតណាមនឹងនៅតែឈ្នះសង្គ្រាមដដែល ប៉ុន្តែនឹងមានការបាត់បង់ជីវិតទាហាន និងពលរដ្ឋអាមេរិកាំង រួមទាំងទាហាន និងពលរដ្ឋនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងចំនួនតិចតួចបំផុត។

ការហាមឃាត់កងទ័ពវៀតណាមខាងជើងដែលធ្វើដំណើរតាមផ្លូវលំហូជីមិញ កាត់តាមប្រទេសឡាវ និងប្រទេសកម្ពុជា គឺជារឿងដ៏លំបាកខ្លាំងបំផុតសម្រាប់សហរដ្ឋអាមេរិក។ ដើម្បីឈ្នះសង្គ្រាមវៀតណាម សហរដ្ឋអាមេរិកត្រូវតែប្រើកងកម្លាំងដ៏ច្រើនលើសលប់ និងត្រួតត្រាទឹកដីវៀតណាមឲ្យបានស្ទើរតែទាំងស្រុង។

ប្រសិនបើកងទ័ពវៀតណាមខាងជើងមិនមានលទ្ធភាពអាចឆ្លងកាត់ចូលក្នុងទឹកដីប្រទេសកម្ពុជា តាមផ្លូវលំហូជីមិញ ហើយសហរដ្ឋអាមេរិកមានការគាំទ្រពីសម្ដេចសីហនុ តើសង្គ្រាមវៀតណាមនឹងបញ្ចប់ដោយលទ្ធផលផ្សេងពីអ្វីដែលយើងបានឃើញក្នុងប្រវត្តិសាស្ត្រទេ?

ការដែលមានផ្លូវលំហូជីមិញកាត់តាមប្រទេសកម្ពុជា និងឡាវហ្នឹង គឺធ្វើឲ្យសហរដ្ឋអាមេរិកស្ទើរតែមិនអាចឈ្នះសង្គ្រាមនៅវៀតណាមរួចទៅហើយ។ ដើម្បីបិទផ្លូវលំហូជីមិញហ្នឹងឲ្យបាន យ៉ាងហោចណាស់ បើយោងតាមទស្សនៈរបស់មន្ត្រីយោធា និងមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកជាន់ខ្ពស់មួយចំនួន សហរដ្ឋអាមេរិកត្រូវតែឈ្លានពានវៀតណាមខាងជើង និងកាត់ផ្ដាច់ផ្លូវលំហូជីមិញនេះតែម្ដង នៅដើមទីដំបូងដែលវៀតណាមខាងជើងបញ្ជូនទ័ពរបស់ខ្លួនចេញមក មុននឹងចូលមកក្នុងទឹកដីឡាវ និងកម្ពុជា។ ប្រតិបត្តិការដូចនេះមិនត្រូវបានយកជាការបាននោះទេ នៅក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី Kennedy និងរដ្ឋបាលរបស់លោកប្រធានាធិបតី Johnson។

តើលោកគិតថា សហរដ្ឋអាមេរិកជាអ្នកទទួលខុសត្រូវមួយផ្នែកសម្រាប់ភាពជោគជ័យរបស់ពួកខ្មែរក្រហមនៅក្នុងប្រទេសកម្ពុជាដែរឬទេ?

ខ្ញុំគិតថា ការពង្រីកសង្គ្រាមវៀតណាមចូលមកដល់ទឹកដីកម្ពុជារបស់ពួកកុម្មុយនិស្តវៀតណាម និងសហរដ្ឋអាមេរិកគឺបានរួមចំណែកមួយផ្នែកនៃការធ្វើឲ្យរបបខ្មែរក្រហមកើតឡើង។ លោក ប៉ុល ពត និងមេដឹកនាំខ្មែរក្រហម គឺជាអ្នកទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍នៅកម្ពុជា។

ចំណាប់អារម្មណ៍ធំបំផុតនៃការសិក្សាស្រាវជ្រាវ ឬក៏ការរួមចំណែកធំបំផុតរបស់ខ្ញុំនៅក្នុងសៀវភៅនេះ គឺការព្យាយាមស្វែងយល់ពីរបៀប និងមូលហេតុដែលសហរដ្ឋអាមេរិកជាប់ពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលពលរដ្ឋអាមេរិកាំងភាគច្រើនហៅថា សង្គ្រាមវៀតណាម ហើយអ្នកប្រវត្តិសាស្ត្រភាគច្រើនហៅថា សង្គ្រាមឥណ្ឌូចិនទីពីរ។ ទោះបីជាវៀតណាមជាកន្លែងដែលសហរដ្ឋអាមេរិកផ្ដោតការចាប់អារម្មណ៍ខ្លាំងបំផុតក៏ដោយ ក៏ការស្វែងយល់ពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសឡាវគឺពិតជាមានសារៈសំខាន់ក្នុងការស្វែងយល់ឲ្យបានពេញលេញពីសង្គ្រាមសម័យនោះ៕

ប្រភព៖VOA

You might also like More from author

Leave A Reply

Your email address will not be published.