សារសំខាន់​នៃ​ជួរ​ភ្នំ​ត្បែងមានជ័យ តាមរយៈ​សិលាចារឹក​ថ្មី Ka 25 និង Ka 26

15
Cambodia Website Design

មានលក្ខណៈជាសកល ជំនឿជាប្រជាប្រិយលើថ្ម ឬភ្នំ របស់ប្រជាជនខ្មែរគ្រប់យុគ គ្រប់សម័យបានក្លាយទៅជាវប្បធម៌មួយ ដែលអ្នកប្រាជ្ញខាងបុរាណវិទ្យា តាំងឈ្មោះថា វប្បធម៌ថ្ម ។ ដោយហេតុថា មនុស្សខ្មែរក៏ដូចជាមនុស្សលើពិភពលោកទាំងអស់ដែរ បានចាត់ទុកថា ថ្មដោយឡែក និងភ្នំ ជាទូទៅគឺជាវត្ថុស័ក្តិសិទ្ធ ប្រកបដោយមហិទ្ធិរិទ្ធខ្ពស់ ។ ដូច្នេះហើយបានជាគេតែងតែអញ្ជើញមកកាន់ទីតាំងទាំងនោះ ដើម្បីស្វែងរកនូវបុណ្យកុសលទាន ទោះបីជាការធ្វើដំណើរទៅកាន់ភ្នំ ឬកំពូលភ្នំទាំងនោះ មានលក្ខណៈពិបាកយ៉ាងណាក៏ដោយ ។ ម្យ៉ាងវិញទៀត ដោយសារតែថ្ម ឬភ្នំ ជានិមិត្តរូបនៃភាពរឹងមាំ ឬអមតៈនៃជីវិតផងដែរ ទើបដូនតាខ្មែរបានឆ្លាក់ ឬចារឹកនៅពីលើផ្ទាំងថ្មទាំងនោះ រួមមាន ផ្ទាំងថ្មភ្នំធម្មជាតិ ដូចជា គុហារ ចិញ្ជាំងភ្នំ ផ្ទាំងថ្មដារ ជាដើម ជួនកាលគេក៏យកថ្មទាំងនោះមកឆ្លាក់ជារូបសំណាក់ តំណាងឲ្យព្រះអាទិទេព ឬបុព្វបុរសជនរបស់ខ្លួនដែលបានចែកឋានទៅហើយនោះ ដោយឋានៈត្រូវបានលើកតំកើងស្មើនឹងវត្ថុស័ក្តសិទ្ធិ ពោលគឺព្រះអាទិទេពតែម្តង ។

ទិដ្ឋភាពទូទៅនៃភ្នំត្បែងមានជ័យ (ម.ត ២០១២)

គឺក្នុងបរិបទវប្បធម៌នេះហើយ ដែលពីបុរាណកាលដ៏យូរលង់រហូតដល់បច្ចុប្បន្នភាព ជួរភ្នំត្បែង គឺជាទីតាំងមួយពោរពេញទៅដោយភាពអច្ឆរិយៈ បារមីសំខាន់ៗ ម្ល៉ោះហើយមនុស្សខ្មែរគ្រប់ៗគ្នាតែងស្វែងរកនូវអំណាចពិសិដ្ឋនៅលើកំពូលភ្នំខាងលើនេះ មកធ្វើជាកម្មសិទ្ធិ ដើម្បីឲ្យជីវិតមានសុភមង្គល សេចក្តីសុខសប្បាយក្នុងជីវភាពប្រចាំថ្ងៃ ។

Cambodia Website Design

កូនភ្នំមួយ មើលពីកំពូលភ្នំទីមួយទៅកាន់ទីតាំងថ្មបីដុំ និង ទិដ្ឋភាពទូទៅមើលពីទីតាំងតំបន់ថ្មបីដុំ ដែលមានផ្ទាំងសិលាចារឹក (ម.ត ២០១២)

លើកំពូលភ្នំត្បែងមានជ័យនេះ ត្រង់ចំណុចមួយដែលអ្នកស្រុកហៅថា ’ថ្មបីដុំ” យើងបានរកឃើញនូវផ្ទាំងថ្មធម្មជាតិធំៗចំនួនប្រាំ ដែលក្នុងនោះមានពីរ ដែលមានចារឹកនូវតួអក្សរបុរាណ គឺផ្ទាំងថ្មកំរើក និង ថ្មហោះ ។
សូមរំលឹកឡើងផងដែរថា ថ្មទាំងនោះត្រូវបានពុទ្ធសាសនិកចាត់ទុកថា ជាថ្មស័ក្តសិទ្ធជាទីបំផុត ហើយទទួលនូវការសក្ការៈជាប្រចាំ ។

ផ្ទាំងថ្មដារធម្មជាតិ ឈ្មោះ ថ្មកំរើក ដែលផ្នែកខាងលើមានចារឹក Ka 725 និង ពិធីចូលរូបនៅក្បែរនោះ (ម.ត ២០១២)

នៅលើស្រទាប់ថ្មកម្រើក គេឃើញមានចារអត្ថបទសិលាចារឹកដ៏វែមួយ ជាភាសាសំស្ក្រឹតដែលមាន ១០ បន្ទាត់ ។ សិលាចារឹកនេះ មានប្រវែងប្រមាណជា ១,២៧ ម៉ែត្រ និងទទឹង ០,៨៧ ម៉ែត្រ ។ នៅជួរខាងមុខនៃសិលាចារឹកនេះ មានចារឹកមួយទៀតសសរជាប់គ្នា ដែលមានប្រវែង ១,២៧ម៉ែត្រ តែជាអកុសលអក្សរលើនោះត្រូវរលុបអស់ នៅសល់តែមួយបន្ទាត់ប៉ុណ្ណោះ ។ ជារួមផ្ទាំងសិលាចារឹកនេះ ដែលត្រូវបានចារឡើងនៅចុងស.វទី ៩ និង ដើមស.វទី ១០ មានការខូចខាតជាច្រើនអន្លើគួរឲ្យសោកស្តាយជាអនេក ។

ផ្នែកមួយនៃសិលាចារឹក Ka 725 (ម.ត ២០១២)

រីឯផ្ទាំងសិលាទីពីរវិញទៀត ដែលចារនៅផ្នែកខាងក្រោយ មានឈ្មោះថា ថ្មហោះនោះ ផ្ទាំងថ្មនេះក៏មានចារសិលាចារឹកជាពីរជួរ និងមានប្រវែងប្រមាណជា ១,១៤ម៉ែត្រ ។ ម្យ៉ាងវិញទៀត ដោយសារផ្នែកមួយនៃផ្ទាំងថ្មដ៏ធំមហិមានេះ ផ្តេក ផ្អៀង មួយចំហៀងហើយគងលើជម្រាលភ្នំ ជាហេតុនាំឲ្យកើតជារូងធម្មជាតិមួយនៅកណ្តាល ។ ហើយរូងនេះក៏បានក្លាយទៅជាអាសនៈ ឬគុហាសម្រាប់អង្គុយភាវនាធម៌តាំងពីសម័យអង្គរមកម្ល៉េះ ។ គេក៏បានឃើញវត្តមានរបស់យ័ន្តមួយ ដែលមានរូបជាផ្កាឈូកក្រពុំ មានប្រាំបីត្របកនៅចំកណ្តាល នៃថូទឹកទាំងបួន ដែលពោរពេញទៅដោយទឹកមន្ត ដ៏ពិសិដ្ឋដែលកំពុងហូរចេញពីកំពួច (សព្វថ្ងៃឃើញតែបីទេ មួយទៀតរលុបបាត់អស់ហើយ) ។

ផ្នែកមួយនៃផ្ទាំងថ្មហោះ ខាងស្តាំ និង ផ្នែកខាងក្រោយនៃផ្ទាំងថ្មនេះ ដែលជាគុហា ឈ្មោះ រូងថ្មហោះ (ម.ត ២០១២)

សូមបញ្ជាក់ថា ផ្ទាំងសិលាចារឹកទីមួយ Ka 725 ស្ថិតនៅសម័យអង្គរ ពោលគឺស.វទី៩ ឬទី ១០។ រីឯផ្ទាំងទីពីរ ស្ថិតនៅសម័យអង្គរដដែលដែរ ហើយលេខចំរឿនរបស់វាគឺ Ka 726 ។
សរុបសេចក្តីមក ស្ថិតក្នុងខេត្តព្រះវិហារ ជួរភ្នំត្បែងមានជ័យ ដែលពីមុនយើងបាននឹកស្មានដោយភ័ន្តច្រឡំថា ជាតំបន់មួយដែលគ្មានវប្បធម៌ ដោយហេតុថាជាតំបន់ព្រៃភ្នំ តែឥឡូវនេះតាមរយៈរបកគំហើញខាងបុរាណវិទ្យា ធ្វើឡើងនៅថ្ងៃទីមួយខែមករា ឆ្នាំ ២០១២ កន្លងមកនេះ បានបង្ហាញនូវអតីតកាលរបស់ខ្លួនយ៉ាងជាក់ច្បាស់ ដូចមូលហេតុដែលយើងបានអធិប្បាយនៅខាងលើ។ យើងសង្ឃឹមយ៉ាងមុតមាំថា នៅអនាគតកាលដ៏ខ្លីខាងមុខនេះ ជួរភ្នំត្បែងមានជ័យខាងលើនេះ នឹងផ្តល់នូវទិន្នន័យថ្មីដទៃៗឯទៀតៗដែលពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្រខ្មែរ ។

ផ្នែកខាងក្រោយនៃរូងថ្មហោះ ដែលមាន ផ្ទាំងសិលាចារឹក Ka 726 (ម.ត ២០១២)

ជាទីបញ្ចប់ សូមជម្រាបថា ពាក់ព័ន្ធទៅនឹងខ្លឹមសារនៃផ្ទាំងសិលាចារឹកទាំងពីរនោះ ថ្វីត្បិតតែយើងមិនទាន់មានលទ្ធភាព បកប្រែឯកសារថ្មទាំងពីរនេះទាំងស្រុងនៅឡើយ ។ តែអ្វីមួយដែលយើងអាចនិយាយបានថា គឺក្នុង Ka 725 មានការមនសិការចំពោះព្រះឥសូរដែលជាទេវតានៃភ្នំក្នុងលទ្ធិព្រហ្មញ្ញសាសនា ដែលនៅទីនេះ គឺជាព្រះអាទិទេពកំពូលនៃទីតាំងថ្មបីដុំនេះ ដែលក្នុងអតីតកាល ដែលជាកន្លែងពិសិដ្ឋ។ រីឯក្នុងសិលាចារឹក Ka 726 វិញ សរសេរជាភាសាសំស្ក្រឹតមាន ២បន្ទាត់ យើងបានឃើញនៅបន្ទាត់ចុងក្រោយមានចារឈ្មោះថា វ្រះឥន្ទគុហា៕ (ម.ត្រាណេ)

Comments

comments

You might also like More from author