នៅ​ដើម​ឆ្នាំ​២០១៧សេចក្ដី​ព្រាង​ក្រម​ធនធាន​ធម្មជាតិ​និង​បរិស្ថាន​នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា​

0

ក្រុមការងារបច្ចេកទេស អ្នកធ្វើការពាក់ព័ន្ធធនធានធម្មជាតិ មន្ត្រីក្រសួងបរិស្ថាន សង្គមស៊ីវិល និងប្រជាសហគមន៍ បានជួបជុំគ្នាពិភាក្សាលើខ្លឹមសារនៃសេចក្ដីព្រាងក្រមធនធានធម្មជាតិ និងបរិស្ថាន នៅថ្ងៃទី២៣ វិច្ឆិកា។ ជំនួបនេះ ធ្វើឡើងដើម្បីកែលំអសេចក្ដីព្រាងក្រមនេះ មុនក្រុមការងារដាក់បញ្ជូនទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន។

មន្ត្រីសង្គមស៊ីវិល និងសហគមន៍ជនជាតិដើមភាគតិច រំពឹងថា សេចក្ដីព្រាងក្រមធនធានធម្មជាតិ និងបរិស្ថាន នឹងបញ្ជូនទៅដល់ដៃសភាជាតិ ដើម្បីអនុម័តនៅដើមឆ្នាំ២០១៧។

នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា ហៅកាត់ថា អិន.ជី.អូ ហ្វរ៉ុម (NGO Forum) លោក តឹក វណ្ណារ៉ា មានប្រសាសន៍ថា អនុសាសន៍របស់ប្រជាសហគមន៍ប្រមាណ ៥០% ត្រូវបានទទួលយក និងដាក់បញ្ចូលក្នុងសេចក្ដីព្រាងក្រមធនធានធម្មជាតិ និងបរិស្ថាន ក្នុងដំណាក់កាលនីមួយៗ។

លោក តឹក វណ្ណារ៉ា បន្តថា តាមគម្រោង នៅពាក់កណ្ដាលខែធ្នូ ក្រុមការងារបច្ចេកទេសនឹងបញ្ជូនសេចក្ដីព្រាងចុងក្រោយជាផ្លូវការទៅដល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីត្រួតពិនិត្យ មុននឹងឈានដល់បញ្ជូនសេចក្ដីព្រាងនេះទៅក្រុមអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ត្រីការពារ ហើយលោកសង្ឃឹមថា នៅឆ្នាំ២០១៧ សេចក្ដីព្រាងនេះនឹងត្រូវបានអនុម័តនៅរដ្ឋសភា៖ «សេចក្ដីព្រាងក្រមនេះមានសារប្រយោជន៍ណាស់ក្នុងការធានាការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព ពីព្រោះយើងបានយកសេចក្ដីព្រាងច្បាប់ចុងក្រោយនៃការវាយតម្លៃនៃបរិស្ថានទាំងស្រុង មកដាក់ក្នុងក្រមនេះ។ ក្រមនេះ ក៏ធានាឲ្យមានតុល្យភាពក្នុងការអភិវឌ្ឍ និងការអភិរក្សធនធានធម្មជាតិក្នុងប្រទេសកម្ពុជា»

លោកថ្លែងបែបនេះនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាងក្រមធនធានធម្មជាតិ បរិស្ថាន រៀបចំដោយអង្គការ អិន.ជី.អូ ហ្វរ៉ុម(NGO Forum) នៅថ្ងៃទី២៣ វិច្ឆិកា។

ជនជាតិដើមភាគតិចព្នង រស់នៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង លោកស្រី កិង បាង បានថ្លែងថា នៅពេលមានក្រមនេះ សហគមន៍ ជាពិសេសពួកគាត់ដែលទទួលផលពីធនធានធម្មជាតិ នឹងទទួលបានផលប្រយោជន៍ច្រើន។ ផលប្រយោជន៍នោះនៅត្រង់ថា នឹងអាចទប់ស្កាត់បទល្មើសធនធានធម្មជាតិដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យ៖ «រាល់ថ្ងៃប្រឈមមែនទែន! ពួកខ្ញុំទៅទប់ស្កាត់បទល្មើសព្រៃឈើមួយអាទិត្យទៅទប់ស្កាត់ម្ដង ហៅរដ្ឋបាលព្រៃឈើ គាត់មកជួយប្រជាពលរដ្ឋ គាត់អត់មកជួយទេ គាត់ថារវល់ៗ។ ពួកខ្ញុំស្ដាប់វិទ្យុ សម្ដេច ហ៊ុន សែន គាត់ថា ប្រជាពលរដ្ឋនៅតាមភូមិស្រុកជួយការពារធនធានធម្មជាតិនៅតាមភូមិស្រុកដែលមានសេសសល់។ ប្រជាជនគាត់ជួយការពារ ហេតុអីបានជារដ្ឋបាលព្រៃឈើបែរជាព្រងើយកន្តើយ»

ឆ្លើយតបនឹងការលើកឡើងនេះ អគ្គនាយករងអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន លោក ស៊ុម សុខម្ភូ ដែលបានចូលរួមក្នុងកិច្ចពិគ្រោះយោបល់នេះ មានប្រសាសន៍ថា ក្រសួងមានគោលបំណងជាក់លាក់ចង់ឲ្យការងារនេះចេញឲ្យបានឆាប់៖ «យើងព្យាយាមបង្រួញនីតិវិធីតាមរយៈការបង្កើតក្រុមការងារពិសេសហ្នឹង ហើយយើងបានអញ្ជើញអ្នកពាក់ព័ន្ធច្រើននៅតាមអន្តរក្រសួងអីផ្សេងៗ ឲ្យចូលមកតែម្ដង ហើយក្រុមអ្នកច្បាប់ និងមន្ត្រីជំនាញផ្សេងទៀត ក៏បានចូលរួមដោយផ្ទាល់ និងដោយប្រយោលក្នុងការងារនេះ។ ខ្ញុំគិតថាមិនយូរទេ»

សេចក្ដីព្រាងក្រមធនធានធម្មជាតិ បរិស្ថាន ត្រូវបានក្រសួងបរិស្ថាន អិន.ជី.អូ ហ្វរ៉ុម (NGO Forum) និងក្រុមមេធាវីវិស្ណុ បានផ្ដួចផ្ដើមគំនិតក្នុងពាក់កណ្ដាលឆ្នាំ២០១៥ ក្នុងគោលបំណងដើម្បីបង្កើតក្របខ័ណ្ឌច្បាប់តែមួយ សម្រាប់ដោះស្រាយបញ្ហាទាក់ទងបរិស្ថាន និងកិច្ចការពារបរិស្ថាន រួមទាំងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា៕

ប្រភព៖ RFA

You might also like More from author

Leave A Reply

Your email address will not be published.