ផ្ទះ​ជិត​ ​២០០០ ​ខ្នង​ដួលរលំ​ដោយ​អំណាច​ខ្យល់

0
Cambodia Website Design

ភ្នំពេញៈ លំនៅឋាន​ពលរដ្ឋ​ជិត​ ២០០០ ​ខ្នង​ក្នុង​ឃុំ​ចំនួន​ ៣ នៃ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ឃុំ​ចំនួន​២​ក្នុង​ស្រុក​ទឹកឈូ​ខេត្ត​កំពត ត្រូវ​បាន​រង​ការ​ខូចខាត​ដោយ​កម្លាំង​ខ្យល់​បក់បោក​ប្រមាណ​ជា​ ៣​ ម៉ោង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។

លោក​ខែម សុផល អធិការង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា មាន​ផ្ទះ​ចំនួន​ ១ ៥៣១ ​ខ្នង​បាន​រង​ការ​ខូចខាត​តិចតួច និង​ទាំង​ស្រុង ក្នុង​នោះ​ក៏​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ចំនួន​ ២​ នាក់​បាន​រងរបួស​ផង​ដែរ។

លោក​ថា៖ «ខ្យល់​ព្យុះ​បាន​វាយ​ទៅលើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សាមគ្គី ទឹកថ្លា និង​ឃុំ​ទឹកល្អក់ ក្នុង​ស្រុក​ព្រៃនប់ ដែល​ក្នុង​នោះ​មាន​ផ្ទះ​ចំនួន​ ១ ៥១៧​ ខ្នង​ផ្ទះ​បាន​រង​ការ​ខូចខាត​តិចតួច​ដោយ​គ្រាន់តែ​របើក​ដំបូល រលំ ប៉ុន្តែ​មាន​ផ្ទះ​ចំនួន​ ១៤​ ខ្នង​ផ្ទះ​បាន​រង​ការ​ខូចខាត​រាប​ដល់​ដី​ទាំង​ស្រុង​តែ​ម្តង»។

Cambodia Website Design

លោក​បន្ត​ទៀត​ថា អ្នក​រងរបួស​ឈ្មោះ​ឃុន ណាំ ភេទ​ស្រី​អាយុ​៥៤​ឆ្នាំ​ក្នុង​ឃុំ​សាមគ្គី និង​ម្នាក់​ទៀត​ឈ្មោះ​ឡេង វ៉េត ភេទ​ប្រុស​អាយុ​ ៥៨​ ឆ្នាំ​ក្នុង​ឃុំ​ទឹកល្អក់​រងរបួស​ធ្ងន់ ដែល​អ្នក​ទាំង​ពីរ​នេះ​ត្រូវ​បាន​ផ្ទះ​រលំ​សង្កត់​ពី​លើ។

លោក​បញ្ជាក់​បន្ថែម​ថា អាជ្ញាធរ​បាន​ចុះ​ទៅ​ពិនិត្យ​មើល និង​បាន​នាំ​យក​អំណោយ​សង្គ្រោះ​បឋម​ជូន​ពួកគេ​ផង​ដែរ និង​បាន​ផ្តាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះធម្មជាតិ​នេះ​ដែល​កើត​ឡើង​មិន​អាច​ដឹង​មុន​បាន​ទេ។

ជាមួយ​គ្នា​នេះ​ដែរ ខ្យល់​ព្យុះ​ក៏​បាន​ធ្វើឲ្យ​ផ្ទះ​ជិត​ ២០០​ ខ្នង​បាន​រង​ការ​ខូចខាត​ក្នុង​ឃុំ​ព្រែកត្នោត និង​ឃុំ​កោះតូច​ក្នុង​ស្រុក​ទឹកឈូ​កាលពី​យប់​ថ្ងៃ​ចន្ទ​។

លោក​សំ អុក អធិការ​ស្រុក​ទឹកឈូ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា មាន​ផ្ទះ​ចំនួន​២៦​ខ្នង​បាន​ដួលរលំ និង​ ២​ខ្នង​ទៀត​បាន​ខូចខាត​ទាំង​ស្រុង​តែ​ម្តង។

លោក​ថា កាលពី​ថ្ងៃ​អាទិត្យ​ក៏​មាន​ព្យុះ​ដូច​គ្នា​នេះ​ដែរ ដែល​ធ្វើឲ្យ​មាន​ផ្ទះ​ចំនួន​ ១៣៨​ ខ្នង​ប៉ះពាល់ និង​ផ្ទះ​ចំនួន​ ៧ ​ខ្នង​ទៀត​បាន​ដួល​ចុះ​ទាំង​ស្រុង។

លោក​បាន​ថ្លែង​ថា៖ «ខ្យល់​ខ្លាំងៗ​ដែល​បង្ក​ឲ្យ​មាន​ការ​ខូចខាត​លំនៅឋាន​បែប​នេះ​តែងតែ​កើត​មាន​ឡើង​ជា​រៀងរាល់​ឆ្នាំ​ក្នុង​ខែ​កត្តិក​នេះ ដែល​ប្រជាពល​រដ្ឋ​យើង​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន»៕

You might also like More from author

Leave A Reply

Your email address will not be published.