បក្ស​ទាំង​ពីរ​នៅ​ខ្វែង​គំនិត​គ្នា​រឿង​បង្កើត​ការិយាល័យ​បោះឆ្នោត​បន្ថែម​នៅ​បរទេស

3
Cambodia Website Design

ភ្នំពេញៈ គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង នៅ​តែ​ខ្វែង​គំនិត​គ្នា​លើ​ចំណុច​ពីរ​ស្តីពី​ដំណើរការ​នៃ​កំណែទម្រង់​ការ​បោះឆ្នោត​ដែល​ទាក់ទង​ទៅ​នឹង​ការ​កំណត់​អត្តសញ្ញាណ​អ្នក​បោះឆ្នោត និង​ការ​បង្កើត​ការិយាល័យ​បោះឆ្នោត​បន្ថែម​ទៀត​នៅ​បរទេស​សម្រាប់​ពលករ​ចំណាកស្រុក បើ​ទោះ​ជា​ភាគី​ទាំង​ពីរ បាន​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​រួច​ហើយ​ក៏ដោយ​។

លោក គួយ ប៊ុនរឿន បេក្ខជន​សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) ដែល​ជា​ប្រធាន​ក្រុម​ការងារ​ចរចា​របស់​គណបក្ស​សង្គ្រោះជាតិ បាន​ថ្លែង​ថា CNRP បាន​ស្នើ​ឲ្យ CPP បង្កើត​ការិយាល័យ​បោះឆ្នោត​បន្ថែម​ទៀត​នៅ​ប្រទេស​មួយ​ចំនួន​ដូចជា ថៃ ម៉ាឡេស៊ី និង​កូរ៉េ ជាទី​ដែល​កម្មករ​ចំណាកស្រុក​កម្ពុជា និង​មន្រ្តី​មួយ​ចំនួន​ដែល​កំពុង​ធ្វើការ​នៅ​ទីនោះ​ងាយស្រួល​ចូលរួម​ការ​បោះឆ្នោត។

លោក​ថ្លែង​ថា​៖ «​ប្រជាពលរដ្ឋ និង​មន្ត្រី​ជាច្រើន​ធ្វើការ​នៅ​ក្រៅ​ប្រទេស​។ ជា​គោលការណ៍ យើង​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​ទាំងអស់​មាន​សិទ្ធិ​បោះឆ្នោត។ តាំង​នាម​ឲ្យ​ក្រុម​អ្នក​រៀបចំ​ការ​បោះឆ្នោត យើង​ត្រូវ​តែ​បើកចំហ​ដល់​អ្នក​បោះឆ្នោត»។

Cambodia Website Design

លោក​ក៏​បាន​ចង្អុល​បង្ហាញ​ប្រទេស​មួយ​ចំនួន ដូចជា អាមេរិក ស្វ៊ីស…​ដែល​ប្រទេស​ទាំងនោះ បាន​រៀបចំ​ការ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​ដើម្បី​ជួយ​ដល់​ប្រជាជន​របស់​ពួកគេ​ដែល​មាន​សិទ្ធិ​បោះឆ្នោត។ ទោះជា​យ៉ាងណា ក៏​លោក បាន​បញ្ជាក់​បន្ថែម​ថា ច្បាប់​ដែល​កំពុង​ត្រូវ​ពិភាក្សា​ដោយ CNRP និង CPP មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​ទេ​អំពី​វិធី​នេះ ប៉ុន្តែ​ថា CNRP នឹង​ស្នើ CPP ឲ្យ​គាំទ្រ​វា​។

លើស​ពី​នេះ ភាគី​ទាំង​ពីរ ក៏​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​ការ​កំណត់​អត្តសញ្ញាណ​អ្នក​បោះឆ្នោត​ដែល​មាន​ឈ្មោះ​ដូច​គ្នា។

លោក គួយ ប៊ុនរឿន CNRP ទាមទារ​ឲ្យ​មាន​ការ​កំណត់​អត្តសញ្ញាណ​អ្នក​បោះឆ្នោត​នៅក្នុង​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ដែល​ត្រូវ​មាន​ស្នាម​មេដៃ រូបថត និង​លេខកូដ​របស់​អ្នក​បោះឆ្នោត ប៉ុន្តែ CPP ទាមទារ​ឲ្យ​មាន​ការ​កំណត់​អត្តសញ្ញាណ​អ្នក​បោះឆ្នោត​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​គ.ជ.ប។

ទោះជា​យ៉ាងនេះ​ក្តី ក៏ CPP និង CNRP បាន​ឯកភាព​ពិនិត្យ​ឡើង​វិញ​នូវ​បញ្ជីឈ្មោះ​អ្នក​បោះឆ្នោត​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​បញ្ជី​បោះឆ្នោត​លើក​មុន​ដោយ​បញ្ជាក់​ថា មាន​ឈ្មោះ​ស្ទួន​ជាច្រើន​ក្នុង​បញ្ជី​បោះឆ្នោត​ចាស់ ហើយ​ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា បោស​សម្អាត​ឈ្មោះ​ទាំងនោះ​។

ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ប្រធាន​ក្រុម​ចរចា CPP និង​សមាជិក​ពីរ​នាក់​ផ្សេង​ទៀត​មាន​លោក ព្រំ សុខា និង​លោក កើត រិទ្ធ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ។ ប៉ុន្តែ​លោក ប៊ិន ឈិន ធ្លាប់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ជំនួប​នៅ​រដ្ឋសភា​ជាតិ​ថា ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​មិន អាច​ធ្វើ​បាន​ទេ ព្រោះ​មាន​ការ​ចំណាយ​ច្រើន​។

លោក គល់ បញ្ញា នាយកប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ក៏​បាន​គាំទ្រ​ឲ្យ​មាន​ការ​កំណត់​អត្តសញ្ញាណ​អ្នក​បោះឆ្នោត​ដែល​ត្រូវ​តែ​មាន​ចែង​ក្នុង​ច្បាប់​នេះ​ផង​ដែរ ដោយ​លោក បញ្ជាក់​ថា នីតិវិធី​នេះ គឺ​មាន​ដូចជា​នៅ​ក្រៅ​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​ដោយ​លោក​អះអាង​ថា ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ថៃ… ក៏​គេ​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​បរទេស​សម្រាប់​ប្រជាជន​របស់​គេ​ផង​ដែរ​។

លោក​ថា​៖ «​យើង អាច​រៀបចំ​ការ​បោះឆ្នោត​នៅ​បរទេស​បាន។ យើង​ឲ្យ​ស្ថានទូត​របស់​យើង​នៅ​បរទេស រៀបចំ​ការ​បោះឆ្នោត ប៉ុន្តែ​ត្រូវ​តែ​ធ្វើឲ្យ​បាន​ច្បាស់ ក្រែង​លោ​មាន​ការ​លួចបន្លំ​សន្លឹកឆ្នោត​នៅពេល​ដែល​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា។ មាន​ប្រទេស​ជាច្រើន បាន​រៀបចំ​ការ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​។ វា​មិន​ជា​ការ​ងាយស្រួល​ទេ ប៉ុន្តែ​រដ្ឋ​ត្រូវ​តែ​បំពេញ​កាតព្វកិច្ច​នេះ ព្រោះ ពលរដ្ឋ ដែល​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ក៏​មាន​ប្រយោជន៍​ចំពោះ​យើង​ដែរ​។ ដូច្នេះ យើង​ត្រូវ​តែ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​មាន​សិទ្ធិ​បោះឆ្នោត​ផង​ដែរ»​។

លោក​ថា ការ​កំណត់​អត្តសញ្ញាណ​អ្នក​បោះឆ្នោត គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដើម្បី​ចៀសវាង​ឈ្មោះ​ស្ទួន ឬ​ការ​បំប៉ោង​ឈ្មោះ និង​បញ្ហា​ផ្សេងៗ​ព្រោះ កំណត់​អត្តសញ្ញាណ​គឺ​ដើម្បី​ធានា​ឲ្យ​មាន​អត្តសញ្ញាណ​តែ​មួយ​គត់​សម្រាប់ ឈ្មោះ​បោះឆ្នោត​ហើយ​បើ​អត្តសញ្ញាណ​នេះ មិន​ត្រូវ​បាន​ចែង​នៅក្នុង​ច្បាប់​ទេ គ.ជ.ប. អាច​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ឬ​អត់ វា​ស្រេច​តែ​គេ៕ NR

Comments

comments

You might also like More from author