ចំណូល​យ៉ាង​ច្រើន​ពី​ អង្គរវត្ត​ ត្រូវ​បាន​គេ​លាក់បាំង

3
Cambodia Website Design

សៀមរាបៈ ប្រាក់ចំណូល​យ៉ាងច្រើន ដែល​ប្រមូល​បាន​ពី​ភ្ញៀវទេសចរ ចូល​ទៅ​ទស្សនា​ប្រាសាទ​អង្គរ និង​ការ​ចំណាយ​ផ្សេងៗ​នៅតែ​ត្រូវ​បាន​គេ​លាក់បាំង បើ​ទោះបី​ជា​រដ្ឋសភា បាន​ធ្វើការ​សួរ​ដេញដោល​ជា​បន្តបន្ទាប់ ពី​បញ្ហា​នេះ​ក្តី​។ នេះ​បើ​តាម​លោក សុន ឆ័យ អនុប្រធាន​គណៈកម្មការ​ហិរញវត្ថុ និង​ធនាគារ​នៃ​រដ្ឋសភា ដែល​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត បន្ទាប់ពី​ប្រធាន​គណៈកម្មការ​នេះ លោក ជាម យៀប បាន​ដឹកនាំ​គណៈប្រតិភូ​ចូល​ជួប​អាជ្ញាធរ​អប្សរា​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ចន្ទ​។

លោក សុន ឆ័យ បាន​ប្រាប់​អ្នកកាសែត​ថា សម្រាប់​រយៈពេល​ ១០ ខែ​ក្នុង​ឆ្នាំ ​២០១៤ នេះ មាន​ភ្ញៀវ​បរទេស​ចំនួន​១ លាន៨ សែន​នាក់ មក​លេង​ប្រាសាទ​ អង្គរវត្ត ហើយ​ក្នុង​អំឡុង​រយៈពេល​នេះ ចំណូល​ពី​ការ​លក់​សំបុត្រ​ទស្សនា​ប្រាសាទ​អង្គរវត្ត គឺ​មាន​ចំនួន ៥២​ លាន​ដុល្លារ ខណៈ​ចំណូល​ក្នុង​ឆ្នាំ ២០១៣ គឺ​មាន ​៥៧ ​លាន​ដុល្លារ ដែល​ឆ្នាំ ​២០១៣ ​មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន​ ២​ លាន​នាក់ ដែល​ចំនួន​នេះ គឺ​ស្ថិត​នៅក្នុង​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នៃ​ការ​បាត់បង់​ប្រាក់ចំណូល​។

លោក​បាន​បញ្ជាក់​ថា សូម្បីតែ​ក្នុង​ចំណោម​ជើងហោះហើរ​ ឬ ការ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ពី​ប្រទេស ​ថៃ ​ឬ​ វៀតណាម ​ចំនួន ៥ លាន​នាក់​គឺ​មាន​ ៧៨ ​ឬ ​៨០ ​ភាគរយ​ គឺ​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​។ នេះ​បើ​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ​ដែល​លោក សុន ឆ័យ សុំ​លាក់​ប្រភព​។ ប៉ុន្តែ ​តួលេខ​ពី​អាជ្ញាធរ​អប្សរា​អះអាង​ថា មាន​តែ​ ៣៥​ ភាគរយ​នៃ​ភ្ញៀវទេសចរ​ទាំងនោះ​ប៉ុណ្ណោះ ដែល​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​។

Cambodia Website Design

លោក ឆ័យ បន្ត​ថា​៖ «​ដូច្នេះ វា​ធ្វើឲ្យ​មាន​ការ​ភ្ញាក់ផ្អើល ដែល​តួលេខ​របស់​អាជ្ញាធរ​អប្សរា​និយាយ​ថា មាន​តែ​ប្រមាណ ៣៥​ ភាគរយ​នៃ​ភ្ញៀវទេសចរ​សរុប​ដែល​មក​ប្រទេស ​ខ្មែរ ​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​។ ទី​ពីរ វា​ជា​ការ​ភ្ញាក់ផ្អើល​ផង​ដែរ ដែល​អាជ្ញាធរ​អប្សរា​និយាយ​ថា ក្រុមហ៊ុន​របស់​លោក សុខ គង់ លក់​សំបុត្រ​ដោយ​មិន​មាន​ការ​ដេញថ្លៃ​»។

បើ​តាម​លោក ឆ័យ ការ​លក់​សំបុត្រ គឺ​មាន​ ៣ ​ប្រភេទ ប្រភេទ​ទស្សនា​ ១ ថ្ងៃ​គឺ ​២០ ដុល្លារ ៣ ថ្ងៃ​៤០ ដុល្លារ និង​ប្រសិន​បើ​ទិញ​ ៦០ ​ដុល្លារ គឺ​អាច​ទស្សនា​បាន ​១ ​សប្តាហ៍​។

អាជ្ញាធរ​អប្សរា​បាន​អះអាង​ប្រាប់​ លោក ​សុន ឆ័យ​ ថា ភ្ញៀវទេសចរ​ចំនួន​ ៥៨ ​ភាគរយ បាន​ទិញ​សំបុត្រ​ត្រឹមតែ​តម្លៃ​ ២០ ដុល្លារ ដើម្បី​ចូល​ទស្សនា​ ១ ថ្ងៃ ដែល​នេះ​គឺ​ផ្ទុយ​ពី​អ្វី​ដែល​លោក សុន ឆ័យ បាន​ទទួល​គឺ​ថា ភ្ញៀវទេសចរ​រហូត​ទៅ​ដល់​ ៦៥ ​ភាគរយ​បាន​ទិញ​សំបុត្រ​ប្រភេទ​ ៤០ ​ដុល្លារ។

លោក​ ឆ័យ ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​បញ្ជាក់​នៅ​ចំពោះ​មុខ​អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ប៊ុន ណារិទ្ធ ថា តួលេខ​ដែល​គាត់​ផ្តល់​ឲ្យ យើង​មិន​អាច​ទទួល​យក​បាន​ទេ​។ វា​ត្រូវ​តែ​មាន​ការ​ស៊ើបអង្កេត​សមស្រប​មួយ​»។

លោក ឆ័យ បាន​ស្នើសុំ​ឯកសារ​ភ័ស្តុតាង​នៃ​ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ដូចជា បញ្ជីឈ្មោះ រូបថត ប៉ុន្តែ​អាជ្ញាធរ​អប្សរា បាន​និយាយ​ថា ភ័ស្តុតាង​ទាំង​នេះ ត្រូវ​បាន​គេ​លុប​ចោល​អស់​ហើយ​។

លោក​ ឆ័យ ដែល​តែងតែ​មិន​សុខចិត្ត ចំពោះ​ការ​ប្រគល់​ទីតាំង​តំបន់​អង្គរ​ដ៏ល្បីល្បាញ​ទៅ​ឲ្យ​ក្រុមហ៊ុន​ សុខា របស់​លោក ឧកញ៉ា សុខ គង់ ជា​អ្នក​ប្រមូល​ប្រាក់​ដោយ​ពុំ​មាន​ការ​ដេញ​ថ្លៃ​ប្រកួតប្រជែង​នោះ​បាន​ថ្លែង​ថា កិច្ចការ​របស់​អាជ្ញាធរ​អប្សរា គឺ​ពាក់ព័ន្ធ​នឹង​មន្ដ្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ «ដូច្នេះ ​វា​ពិបាក​ស្វែងរក​ការពិត​នៃ​ភាព​មិន​ប្រក្រតី​នេះ​»។

លោក ឆ័យ បាន​ថ្លែង​បន្ត​ថា​៖ «​ដូច្នេះ វា​ចាំបាច់ ត្រូវ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​មាន​វិធានការ​។ ប្រសិនបើ​មិន​មាន​ការ​សម្រេច​ពី​លោក​នាយករដ្ឋមន្រ្តី វា​ពិបាក​ធ្វើ​ការងារ​នេះ​ណាស់​»។

ទន្ទឹម​នេះ លោក ឆ័យ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អាជ្ញាធរ​អប្សរា បាន​ជួល​ដី​ទំហំ ២៣ ហិកតា នៅក្នុង​តំបន់​របស់​អាជ្ញាធរ​អប្សរា​ទៅ​ឲ្យ​ក្រុមហ៊ុន​របស់​លោក សុខ គង់ រួច​ហើយ ក្នុង​តម្លៃ ៩,៦​ លាន​ដុល្លារ​ក្នុង​រយៈពេល​ ៧០ ឆ្នាំ។

លោក​បន្ត​ថា​៖ «​ដូច្នេះ សូម​យើង​គិត…ដី ​២៣ ​ហិកតា ក្នុង​តំបន់​ទេសចរ ដែល​តម្លៃ​ដី មិន​តិច​ជាង​ពី ​៣០០ ​ទៅ ៥០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ គាត់​ជួល​តែ​តម្លៃ ​៩,៦ លាន​ដុល្លារ​ក្នុង​រយៈពេល​ ៧០ ​ឆ្នាំ។ វា​តិច​ណាស់​។ នេះ​ពិតជា​មាន​បញ្ហា​ពាក់ព័ន្ធ​ដែល​អ្នក​ខ្លះ​និយាយ​ថា មាន​មន្រ្តី​រដ្ឋាភិបាល​ជាន់ខ្ពស់​ជា​ម្ចាស់​ភាគហ៊ុន​។ នេះ​ត្រូវ​តែ​មាន​ការ​ស៊ើបអង្កេត​ថា​ តើ​នរណា​ពាក់ព័ន្ធ​នៅក្នុង​ក្រុមហ៊ុន​របស់​លោក សុខ គង់​»។

បើ​តាម​លោក​ឆ័យ គណៈកម្មការ​ហិរញ្ញវត្ថុ និង​ធនាគារ​នៃ​រដ្ឋសភា​នឹង​រាយការណ៍​ទៅ​ប្រធាន​សភា លោក ហេង សំរិន ដើម្បី​ស្នើសុំ​កោះ​ហៅ​មន្រ្តី​ពាក់ព័ន្ធ​មក​បំភ្លឺ និង​បង្កើត​គណៈកម្មការ​មួយ​ផង​ដែរ ដើម្បី​ស៊ើបអង្កេត​រក​ការពិត។

លោក ប៊ុន ណារិទ្ធ អគ្គនាយក​អាជ្ញាធរ​អប្សរា​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​ចន្ទ​។ ប៉ុន្តែ​អាជ្ញាធរ​អប្សរា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ប្រាប់​អំពី​កិច្ចប្រជុំ​ជាមួយ​គណៈប្រតិភូ​នៃ​គណៈកម្មការ​ហិរញ្ញវត្ថុ​និង​ធនាគារ​នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​ប្រធាន​គណៈកម្មការ លោក ជាម យៀប។

ទោះ​យ៉ាងណា​ក្តី អាជ្ញាធរ​អប្សរា​មិន​បាន​ផ្តល់​តួលេខ​ច្បាស់លាស់​និង​ការ​ពន្យល់​លម្អិត​នោះ​ទេ គ្រាន់តែ​បញ្ជាក់​ថា កិច្ចពិភាក្សា​នៅក្នុង​អង្គប្រជុំ​ គឺ​ដើម្បី​ដឹង​ស៊ីជម្រៅ​អំពី​ការ​អភិរក្ស​អង្គរ ហើយ​ផ្តោត​ទៅ​លើ​ប្រធានបទ​បី រួមមាន ទី​មួយ ការ​ជួសជុល​ប្រាសាទ ក្នុង​រមណីយដ្ឋាន​អង្គរ ទី​ពីរ ការ​អភិវឌ្ឍ​និង​ការ​រៀបចំ​រចនាសម្ព័ន្ធ រវាង​រមណីយដ្ឋាន​អង្គរ និង​ការ​ប្រើប្រាស់​ដី​ក្នុង​តំបន់​ការពារ​ទី​មួយ និង​តំបន់​ការពារ​ទី​ពីរ នៃ​រមណីយដ្ឋាន​អង្គរ និង ​ទី​បី​ ការ​គ្រប់គ្រង​ចំណូល​និង​ការ​ចំណាយ​ដទៃៗ​ទៀត​ ដែល​អាជ្ញាធរ​អប្សរា​បាន​ទទួល ជាពិសេស​ចំណូល​ទទួល​បាន​ពី​ភ្ញៀវទេសចរ​ដែល​ចូល​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បាន​ឲ្យ​ដឹង​ថា​៖ «​ចំពោះ​ករណី​នេះ អាជ្ញាធរ​អប្សរា បាន​ពន្យល់​លម្អិត​សម្រាប់​គណៈប្រតិភូ​នៃ​គណៈកម្មការ​ហិរញ្ញវត្ថុ ធនាគារ​និង​សវនកម្ម​របស់​សភា និង​ក៏​បាន​ផ្តល់​ឯកសារ​នៃ​ការ​លក់​សំបុត្រ​ទស្សនា​ប្រាសាទ​អង្គរ​សម្រាប់​ឆ្នាំ ២០១០-២០១១- ២០១២- ២០១៣ និង​នៅក្នុង​រយៈពេល​១១​ខែ​នៃ​ឆ្នាំ​២០១៤​» នេះ។

លោក ព្រាប កុល នាយកប្រតិបត្តិ នៃ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ថ្លែង​ថា ការ​ខ្វះ​ «​ប្រព័ន្ធ​គណនេយ្យ​សមស្រប​និង​អាច​ផ្ទៀងផ្ទាត់​បាន រួម​ជាមួយ​នឹង​ការ​ខ្វះ​តម្លាភាព​ក្នុង​ការ​គ្រប់គ្រង​ចំណូល ដែល​បាន​មក​ពី​តម្លៃ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត បង្កើត​ឲ្យ​មាន​ការ​មន្ទិល​សង្ស័យ​​អំពី​ភាព​មិន​ប្រក្រតី​»។

លោក​បញ្ជាក់​ថា៖ «​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ វា​ត្រូវការ​ឲ្យ​មាន​ប្រព័ន្ធ​កត់ត្រា​ច្បាស់លាស់ និង​អាច​ផ្ទៀងផ្ទាត់​បាន ជាពិសេស​ប្រព័ន្ធ​ស្វ័យប្រវត្តិ រួម​ជាមួយ​នឹង​ការ​បង្ហាញ​ព័ត៌មាន​ជា​ទៀងទាត់ អំពី​ចំណូល និង​ចំនួន​ភ្ញៀវទេសចរ ដែល​ចូល​ទៅ​តំបន់​អង្គរ​»៕ PS

Comments

comments

You might also like More from author