អ្នកកាសែត​ធ្វើការ​វេន​យប់ ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់ ដោយសារ​អ្នក​បើកបរ​មាន​អំណាច ស្រវឹង

0 0
Cambodia Website Design

នៅ​វេលា​ប្រហែល​ពាក់កណ្តាល​យប់​នៅ​កែង​ផ្លូវ​មួយ​ក្នុង​ខណ្ឌ​ដង្កោ មនុស្សម្នា បាន​នាំ​គ្នា​ចោមរោម​ជុំវិញ​បុរស​ពីរ​នាក់ បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​។ បុរស​ម្នាក់ ក្នុង​ចំណោម​បុរស​ទាំង​ពីរ​នាក់​ដើរ​ប៉ាក់ប៉ើកៗ

ចំណែក​បុរស​ម្នាក់​ទៀត​បាន​ប្រកែក​ខ្លាំងៗ បើ​ទោះបី​ជា​កំពុង​ឈាម​មាត់ និង​របួស​ភ្នែក​ស្តាំ​ក៏ដោយ​។ គាត់​ក៏​មាន​កាំភ្លើង​សៀត​ជាប់​នឹង​ចង្កេះ​ផង​ដែរ​។ អ្នក​ចោមរោម​មើល​គឺជា​ក្រុម​អ្នកកាសែត​វេន​ពេល​យប់ ដែល​កំពុង​ថត​ករណី​នោះ​។ នៅក្នុង​ប្រទេស​ផ្សេង​វិញ គេ​ហៅ​ពួកគេ​ថា ជា​អ្នក​មក​ក្រោយ​ឡានពេទ្យ ឬ​ដេញ​តាម​ឡានពេទ្យ ប៉ុន្តែ​នៅក្នុង​ប្រទេស​កម្ពុជា ពួកគេ​ធម្មតា​មក​ដល់​មុន​ឡាន​ពេទ្យ​។

លោក សុវណ្ណ រិទ្ធីគីន ដែល​ជា​អ្នកកាសែត​ម្នាក់ ក្នុង​ចំណោម​អ្នកកាសែត​ទាំងនោះ បាន​ចង្អុល​អំពី​ភាព​តឹងសរសៃ​ក របស់​បុរស​នោះ​ថា​៖ «​គាត់​ស្រវឹង​។ ពួកគេ​តែងតែ​អ៊ីចឹង ហើយ​មើល​ចុះ នៅ​ចង្កេះ​របស់​គាត់​មាន​កំាភ្លើង​។ គាត់​ប្រាកដ​ជា​នគរបាល​ហើយ​»។

Cambodia Website Design

ភ្លាមៗ​នោះ នគរបាល​ពីរ​នាក់ បាន​មក​ដល់​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង ហើយ​អ្នកកាសែត​នៅពេល​ដឹង​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ត្រូវ​ដោះស្រាយ​ចប់ ពួកគេ​បាន​ឡើង​ជិះ​ម៉ូតូ និង​បាន​ចាកចេញ។ ករណី​ស្រដៀងៗ​គ្នា​នេះ​បាន​កើត​មាន​ជា​រៀងរាល់​យប់ ក្នុង​រាជធានី​ភ្នំពេញ ខណៈ​អ្នកកាសែត​វេន​ពេល​យប់​ចូល​ធ្វើការ ពី​ម៉ោង​៦ ល្ងាច ដល់​ម៉ោង ៦ ព្រឹក ដើម្បី​សរសេរ​រឿង​ទាំងនោះ​សម្រាប់​ព័ត៌មាន​ព្រឹក​ឡើង​។

លោក​ខេម វិសាល (ស្តាំ) និង​លោក ម៉ារ៉ា អង្គុយ​នៅ​ក្រៅ​ហាង​មួយ​ដើម្បី​រង់ចាំ​ចុះ​យក​ព័ត៌មាន​ពេល​យប់​។

លោក​ខេម វិសាល (ស្តាំ) និង​លោក ម៉ារ៉ា អង្គុយ​នៅ​ក្រៅ​ហាង​មួយ​ដើម្បី​រង់ចាំ​ចុះ​យក​ព័ត៌មាន​ពេល​យប់​។ហេង ជីវ័ន

ក្នុង​ចំណោម​អ្នកកាសែត​ទាំងនោះ លោក ខេម វិសាល អាយុ ២៨ ឆ្នាំ ដែល​ធ្វើការ​នៅ​ព័ត៌មាន Cambodia Express News បាន​ចំណាយ​ពេលវេលា​ពេលយប់​របស់​លោក ជាមួយ​នឹង​ក្រុម​អ្នកកាសែត​ផ្សេង​ទៀត​នៅ​ម៉ាត Kiwi Mart ក្នុង​ខណ្ឌ​ទួលគោក​។ ពួកគេ​អង្គុយ​នៅ​ខាង​ក្រៅ​ម៉ាត មាន​ដបទឹក អាយ​កូម និង​ទូរស័ព្ទ​ដៃ​ពីរ​គ្រឿង និង​ជជែក​គ្នា​លេង និង​ចុច​ទូរស័ព្ទ​លេង ឬ​មើល​ទូរទស្សន៍​។

កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន លោក វិសាល បាន​បើក​អាកូម​ពីរ និង​ទូរស័ព្ទ​ពីរ​គ្រឿង​ជាប់​ជានិច្ច ដើម្បី​រង់ចាំ​ព័ត៌មាន។ លោក​បាន​និយាយ​ថា​៖ «​យើង​ទទួល​បាន​ព័ត៌មាន​របស់​យើង​ពី​អាយកូម វិទ្យុ និង​ពេល​ខ្លះ យើង​ទទួល​បាន​ការ​ហៅ​ទូរស័ព្ទ​ពី​ប្រភព​ផ្សេងៗ ដូចជា​នគរបាល​និង​មិត្តភក្តិ​»។

យូរៗ​ម្តង​ពួកគេ​ជួប​ព័ត៌មាន​អគ្គិភ័យ ឬ​មាន​ការ​វាយប្រហារ​គ្នា ប៉ុន្តែ​រឿង​ដែល​ពួកគេ​ជួប​ភាគច្រើន​បំផុត​គឺ​ករណី​គ្រោះថ្នាក់​ចរាចរណ៍។ យូរៗ​ម្តង​ក៏​មាន​ករណី​គួរ​ឲ្យ​អស់​សំណើច​ផង​ដែរ​។ កាលពី​បី​សប្តាហ៍​មុន មាន​ប្រភព​ផ្តល់​ព័ត៌មាន​មួយ តាម​អាយកូម ថា រថយន្ត​ធំ​មួយ​គ្រឿង​បាន​ក្រឡាប់ ប៉ុន្តែ​ធាតុ​ពិត វា​បែរ​ជា​រថយន្ត​ធុន​ធំ​សម្រាប់​ក្មេង​លេង​ទៅវិញ។

លោក ហេង សុវណ្ណម៉ារ៉ា អាយុ ២៤ ឆ្នាំ ដែល​ធ្វើការ​ឲ្យ​ព័ត៌មាន MSJ Online News បាន​ថ្លែង​ថា​៖ «​មន្រ្តី​នគរបាល​ខ្លះ​ភេ្លច​បិទ​អាយកូម ហើយ​យើង​បាន​ឮ​គាត់​និយាយ​ជាមួយ​កូន​របស់​គាត់​»។ លោក​បន្ត​ថា​៖ «​គាត់​មាន​ការ​ភ្ញាក់ផ្អើល នៅពេល​យើង​ទៅ​ដល់​ផ្ទះ​របស់​គាត់​»។

ក្រុម​អ្នកកាសែត​វេនយប់​ទិញ​អាហារ​យក​មក​ហូប​ជុំ​គ្នា ពេល​រង់ចាំ​ចេញ​យក​ព័ត៌មាន​ពេល​យប់។

ក្រុម​អ្នកកាសែត​វេនយប់​ទិញ​អាហារ​យក​មក​ហូប​ជុំ​គ្នា ពេល​រង់ចាំ​ចេញ​យក​ព័ត៌មាន​ពេល​យប់។ ហេង ជីវ័ន

ប៉ុន្តែ​ភាគច្រើន​បំផុត វា​គឺជា​រឿង​គួរ​ឲ្យ​រន្ធត់​។ លោក ម៉ារ៉ា បាន​រំឭក​អំពី​ភាព​គួរ​ឲ្យ​ភ័យខ្លាច​នៅពេល​ដំបូងៗ​ដែល​លោក​ថត​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​ត្រូវ​ជិះ​រថយន្ត​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​មិន​គិត​ពី​អ្វី​ទាំងអស់ ព្រោះ​ខ្ញុំ​ត្រូវ​ទៅ​ឲ្យ​ទាន់​ពេល​។ នៅពេល​យើង​ទៅ​ដល់ ខ្ញុំ​មិន​ដឹង​ថា តើ​ត្រូវ​ធ្វើអ្វី​ទេ ខ្ញុំ​មិន​អាច​ថត​រាងកាយ ដែល​ពោរពេញ​ទៅ​ដោយ​ឈាម​និង​ជើង​បាក់​បាន​ទេ​។ រូបភាព​នោះ​គឺ​អាក្រក់​ណាស់​។ ប៉ុន្តែ​ទីបំផុត​ខ្ញុំ​ស៊ាំ​ទៅ​ហើយ ហើយ​ឥឡូវ​នេះ​វា​មិន​រំខាន​ខ្ញុំ​ទៀត​ទេ​»​។

បើ​តាម​តួលេខ​ថ្មីៗ​បំផុត របស់​រដ្ឋាភិបាល មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ​៤ ៨៤០​ ករណី​ក្នុង​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​មុន ដោយ​បាន​សម្លាប់​មនុស្ស​ចំនួន ២១៤៨ នាក់ និង​របួស​ ៨០៤៧ នាក់​។ នគរបាល​បាន​ប៉ាន់​ប្រមាណ​ថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅពេល​យប់ ជាង​៨០​ភាគរយ គឺ​កើត​ឡើង​ដោយសារ​ការ​ស្រវឹង បន្ទាប់ពី​ពាក់កណ្តាល​យប់ នៅពេល​បុរស​ជាច្រើន ចេញ​ពី​ក្លិប ឬ​បៀរហ្គាដិន​ទៅ​ផ្ទះ​។

លោក ខេម សុខា ត្រូវ​កម្ពុជា​ចុង​សប្តាហ៍​សម្ភាសពី​ការ​ធ្វើ​ជា​អ្នក​កា​សែត​ពេល​យប់​​នៅ​ក្នុង​សប្តាហ៍​នេះ​។

លោក ខេម សុខា ត្រូវ​កម្ពុជា​ចុង​សប្តាហ៍​សម្ភាសពី​ការ​ធ្វើ​ជា​អ្នក​កា​សែត​ពេល​យប់​​នៅ​ក្នុង​សប្តាហ៍​នេះ​។ ហេង ជីវ័ន

លោក វិសាល បាន​ថ្លែង​បន្ត​ថា៖ «​យប់​ខ្លះ ជាធម្មតា ថ្ងៃ​សុក្រ និង​សៅរ៍ គឺ​រវល់​ណាស់ ដោយសារ​មាន​គ្រោះថ្នាក់​រថយន្ត​ច្រើន​»។

«​យប់​ខ្លះ​ទៀត​ស្ងាត់។ ថ្ងៃ​អាទិត្យ​គឺជា​យប់​ស្ងាត់​បំផុត​»។ «​ពេលវេលា​ដែល​មមាញឹក​បំផុត​គឺ​ចន្លោះ​ពី​១០​យប់​និង​ពាក់កណ្តាល​អធ្រាត្រ​នៅពេល​ពួកគេ​មក​ផ្ទះ​»។

បើ​តាម​លោក ឆាយ សុផល និពន្ធ​នាយក​នៃ​ព័ត៌មាន Cambodia News និង​ក៏​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្លិប​អ្នកកាសែត​កម្ពុជា​ផង​នោះ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ មាន​អ្នកកាសែត​ពេល​យប់​ច្រើន​ជាង​មុន ដែល​ពួកគេ​រង់ចាំ​យក​ព័ត៌មាន​ពេល​យប់​។

លោក សុផល បាន​ថ្លែង​តាម​ទូរស័ព្ទ​ថា​៖ «​បច្ចុប្បន្ន​មាន​ការ​ប្រកួតប្រជែង​ខ្លាំងក្លា​ណាស់​សម្រាប់​ព័ត៌មាន​ពេល​ព្រឹក​ព្រលឹម​»។ លោក​បាន​បន្ត​ថា​៖ «​ស្ថានីយ​ទូរទស្សន៍​ភាគច្រើនបំផុត ពួកគេ​ព្យាយាម​ធ្វើឲ្យ​មាន​ព័ត៌មាន​ថ្មី​សម្រាប់​ពេល​ព្រឹក ដូច្នេះ​ពួកគេ​ត្រូវ​តែ​ព្យាយាម​ស្វែងរក​ព័ត៌មាន​នៅពេល​យប់​ដើម្បី​បង្ហាញ​ទៅ​ទស្សនិកជន​»។ ប៉ុន្តែ​ សម្រាប់​អ្នកកាសែត ការងារ​នោះ​អាច​គ្រោះថ្នាក់​ណាស់​។

កាល​ថ្ងៃ​ទី​ ២៤ ខែ​ធ្នូ នៅ​ពាក់កណ្តាល​អធ្រាត្រ ក្រុម​អ្នកកាសែត​បាន​ប្រញាប់ប្រញាល់​ទៅ​ វត្ត​ភ្នំ ខណៈ​រថយន្ត​បី​គ្រឿង​បុក​រថយន្ត​មួយ​គ្រឿង​ដែល​ចត​ចោល និង​បាន​ចាប់ផ្តើម​ថតរូប​។ ក្រុម​អ្នកកាសែត​បាន​អះអាង​ថា ក្រុម​បុរស​ទាំងនោះ បាន​វាយប្រហារ​ពួកគេ និង​ព្យាយាម​បំផ្លាញ​ឧបករណ៍​របស់​ពួកគេ និង​បាន​ព្យាយាម​បាញ់​ឡើង​លើ​បី​គ្រាប់​។ គ្មាន​នរណា​ម្នាក់​រងរបួស​ទេ​។

បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កន្លែង​កើតហេតុ ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​ដោះលែង​វិញ ដោយ​អះអាង​ថា គាត់​គ្រាន់តែ​ជា​អ្នក​ឈរ​មើល ដែល​គ្មាន​ទោស​កំហុស​។

លោក វិសាល ដែល​ជា​អ្នកកាសែត​ម្នាក់ ក្នុង​ចំណោម​អ្នកកាសែត​ដែល​ទទួល​រង​ការ​វាយប្រហារ បាន​ថ្លែង​ថា​៖ «​យើង​មាន​បញ្ហា​ជាច្រើន​ដោយសារ​មនុស្ស​មាន​លុយ​និង​មាន​អំណាច​»​។

«​អ្នក​មាន ឬ​កូន​អ្នកមាន​អំណាច​ដែល​ស្រវឹង ជា​ញឹកញាប់​មិន​ចង់​ឲ្យ​យើង​ថតរូប​ពួកគេ​ទេ ដោយ​ពួកគេ​បាន​គំរាម​យើង​និង​ពេល​ខ្លះ​មាន​កាំភ្លើង​»។ «​នោះ​ហើយ​ជា​ហេតុផល​ដែល​យើង​ត្រូវ​ទៅ​ជា​ក្រុម​ដើម្បី​សុវត្ថិភាព​របស់​ពួកយើង​»។

លោក សុផល បាន​ថ្លែង​ថា សាធារណជន​ត្រូវ​តែ​យល់​អំពី​សេរីភាព​នៃ​សារព័ត៌មាន​និង​កាតព្វកិច្ច​របស់​ពួកគេ​ដែល​ត្រូវ​សរសេរ​រឿង​នៅ​កន្លែង​សាធារណៈ។ ប៉ុន្តែ​ លោក​បន្ថែម​ថា អ្នកកាសែត​គួរ​តែ​ប្រព្រឹត្ត​ឲ្យ​មាន​ក្រមសីលធម៌​និង​គោរពភាព​ជា​ឯកជន​របស់​បុគ្គល​។

លោក​បាន​ថ្លែង​ថា​៖​«ប្រសិន​បើ​ពួកគេ​ប្រណាំង​រថយន្ត ឬ​ក៏​ស្រវឹង វា​មិនមែន​ជា​រឿង​ឯកជន​ទេ​។ វា​ជា​ការ​រំលោភ​ច្បាប់​ចរាចរណ៍។ ប៉ុន្តែ​គ្រោះថ្នាក់​តែងតែ​កើតឡើង​ចំពោះ​មនុស្ស​គ្រប់ៗ​គ្នា។ អ្នកកាសែត​មិន​គួរ​ប្រើ​បញ្ហា​ផ្ទាល់​ខ្លួន​ដើម្បី​យក​វា​ជា​ព័ត៌មាន​ធំដុំ​ទេ​។ ម៉ោង​ផ្សាយ​ទូរទស្សន៍ គួរ​តែ​ផ្តោត​លើ​បញ្ហា​ផ្សេង​ទៀត» ។

លោក ប៉ា ងួនទៀង នាយកប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បាន​ថ្លែង​ថា អ្នក​យក​ព័ត៌មាន​ពេល​យប់​មួយ​ចំនួន​ប្រើ​តួនាទី​របស់​ពួកគេ​ដើម្បី​ជំរិត​ទារ​ប្រាក់។

លោក ម៉ារ៉ា អ្នក​យក​ព័ត៌មាន​ឲ្យ MSJ បាន​លើក​ជា​ឧទាហរណ៍​មួយ​កាលពី​យប់​ថ្ងៃ​ចន្ទ នៅពេល​ដែល​លោក​បាន​ជួប​ជាមួយ​អតីត​មិត្ត​រួម​ការងារ​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ ប៉ុន្តែ​គាត់​នៅ​តែ​រក្សា​ប័ណ្ណ​សារព័ត៌មាន​របស់​គាត់ ។ គាត់​បាន​ថតរូប ថត​មនុស្ស បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ប៉ូលិស​កាក់​រថយន្ត​របស់​ពួកគេ​ឲ្យ​ឈប់ ហើយ​គាត់ គំរាម​ថា​នឹង​ចុះ​ផ្សាយ ប្រសិន​បើ​ពួកគេ មិន​ឲ្យ​ប្រាក់​គាត់។

លោក ម៉ារ៉ា បាន​ថត​កាត​សារព័ត៌មាន​របស់​បុរស​នោះ ប៉ុន្តែ​បាន​បដិសេធ ប្រាប់​ឈ្មោះ​គាត់​ជា​សាធារណៈ​ក្រែង​លោ​មាន​ការ​សងសឹក។ លោក​បាន​ថ្លែង​បន្ត​ថា​៖​«វា ធ្វើឲ្យ​ខ្ញុំ​ខឹង​ខ្លាំង​ណាស់ ដែល​អ្នក​យក​ព័ត៌មាន​មួយ​រូប​ផ្សេង​ទៀត​ធ្វើ​បែប​នេះ។ វា​ជះឥទ្ធិពល​អាក្រក់​ដល់​យើង​ទាំងអស់​គ្នា»។

វា​មិនមែន​គ្រាន់តែ​អ្នក​យក​ព័ត៌មាន​ទេ​ដែល​មាន​ឥរិយាបថ​អាក្រក់ ប៉ុន្តែ​ការីនិពន្ធ និង​មេៗ នៅ​តាម​ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន តាម​ទម្លាប់​បាន​បិទ​មិន​ផ្សាយ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​មាន​លុយ​និង​អ្នក​មាន​អំណាច​ជា​ថ្នូរ​នឹង​ប្រាក់ ឬ​ដោយសារ​តែ​ភក្តីភាព​។
នេះ​បើ​យោង​តាម​ការ​រៀបរាប់​ពី​ក្រុម​អ្នកសារព័ត៌មាន។

លោក Sophal បាន​ពន្យល់​ថា៖​«ជួនកាល វា​កើតឡើង​ដែល​ថា​អ្នក​គ្រប់គ្រង​ការិយាល័យ​ព័ត៌មាន ខ្មែរ​ស្គាល់​គ្នា ឬ​ ជា​មិត្តភក្តិ​ជាមួយ​នឹង​អ្នក​មាន​អំណាច​ឬ​អ្នក​មាន​ប្រាក់​ដោយ​ពួកគេ​និយាយ​ថា យើង​ជា​មិត្តភក្តិ ដូច្នេះ​មិន​ផ្សាយ​ពី​រឿង​នេះ​ទេ​។ ដូច្នេះ​ គេ​ក៏​បិទ​ព័ត៌មាន​នេះ» ។

អ្នកកាសែត​ម្នាក់​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយសារ​តែ​សុវត្ថិភាព បាន​និយាយ​ថា លោក​ត្រូវ​បាន​គេ​បញ្ជា​បិទមាត់​ចំពោះ​ហេតុការណ៍​ដែល​កើតឡើង​នៅ​វត្តភ្នំ។ នៅពេល​ព្រឹក ប្រហែល​ម៉ោង​ ៦ ព្រឹក ក្រុម​អ្នកកាសែត​ទាំងអស់​ត្រឡប់​ទៅ​ការិយាល័យ​របស់​ពួកគេ ហើយ​ដាក់​រឿង​របស់​ពួកគេ ដូចជា វីដេអូ និង​រូបថត​ដើម្បី​បន្ត​ព្រឹត្តិបត្រ​ព័ត៌មាន​ពេលព្រឹក​បន្ទាប់មក​ក៏​ហូប​អាហារ​សម្រន់។

ពេល សុវណ្ណ រិទ្ធីគីន ដែល​ធ្វើការ​វេន​យប់​រយៈពេល​ប្រាំ​ឆ្នាំ​មក ហើយ​ស្ថិត​ក្នុង​សម្លៀកបំពាក់​ដែល​មិត្ត​របស់​គាត់​បាន​និយាយ​ថា គាត់​បាន​ស្លៀកពាក់​ដូច​ក្មេង​ទំនើង​មិនមែន​ជា​អ្នកកាសែត​ទេ។ នៅពេល​សួរ​ថា តើ​លោក បាន​ឃើញ​សាកសព​ប៉ុន្មាន​នាក់ លោក ឆ្លើយ​ថា៖​«ច្រើន​ជាង​អ្វី​ដែល​ខ្ញុំ​អាច​រាប់​បាន …វា​មិន​បាន​រំខាន​ខ្ញុំ​ទៀត​ទេ» ។

លោក​បាន​ថ្លែង​បន្ត​ថា ក្រុម​អ្នក​យក​ព័ត៌មាន​វេន​យប់​ធ្វើ​ការងារ​ដ៏សំខាន់​ដោយ​ប្រាប់​សាធារណជន​ទូទៅ​ឲ្យ​ដឹង​ពី​គ្រោះថ្នាក់​នៃ​ការ​បើកបរ​ពេល​ស្រវឹង និង​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍។ ប៉ុន្តែ​លោក​ចង់​ធ្វើឲ្យ​បាន​ច្រើន​ជាង​នេះ ដូចជា លាតត្រដាង​អំពី​ភាព​អយុត្ដិធម៌​ក្នុង​សង្គម​ខ្មែរ។

លោក​បាន​បញ្ជាក់​ថា​៖ «ខ្ញុំ​មើល​ឃើញ មាន​អំពើ​ពុករលួយ​ជាច្រើន​ជា​រៀងរាល់​ថ្ងៃ។ ខ្ញុំ​ចង់​ប្រាប់​ពលរដ្ឋ​ឲ្យ​បាន​ដឹង ប៉ុន្តែ​ ខ្ញុំ​ខ្លាច​នូវ​អ្វី​ដែល​អាច​នឹង​កើតឡើង​ចំពោះ​ខ្ញុំ»។

លោក បាន​សង្កត់​ធ្ងន់​ថា លោក​ធ្វើការ​វេន​យប់​ឲ្យ​បណ្តាញ​សារព័ត៌មាន​កម្ពុជា (CNC) ដូច្នេះ​លោក អាច​ជួយ​ក្រុម​គ្រួសារ​របស់​លោក​នៅពេល​ថ្ងៃ ហើយ​នៅពេល​រសៀល លោក​រៀន​ភាសា​អង់គ្លេស។

លោក​ថ្លែង​បន្ត​ថា​៖ «​នៅ​ថ្ងៃ​ណា​មួយ​ខ្ញុំ​ចង់​ក្លាយ​ជា​អ្នកកាសែត​នៅក្នុង​ប្រទេស​លោក​ខាង​លិច ដូចជា ប្រទេស​អូស្រ្តាលី​ជាដើម​»។ ប៉ុន្តែ​ពេល​សួរ​ថា តើ​អ្វី​ដែល​ធ្វើឲ្យ​លោក​ចូលចិត្ត​ការងារ​នេះ លោក ម៉ារ៉ា បាន​ឆ្លើយ​ថា​«​ស្ទើរតែ​គ្មាន»​៕ NR

You might also like More from author

Leave A Reply

Your email address will not be published.