ក្មេង​លួច​ដូង​គេ​ចាប់​ជ្រមុជ​ទឹក​ពាង​ធ្វើ​ឲ្យ​ម្ចាស់​ជំនួយ​ដក​ដង្ហើម​ធំ

0

ដំណើរ​ចេញ​ពី​ភាព​អវិជ្ជា ព្រម​ទាំង​អតីតកាល​ដ៏​ឃោរឃៅ​ឆ្ពោះ​ទៅ​កាន់​ជង្រុក​ចំណេះ​ដឹង​នា​បច្ចុប្បន្ន​ភាព​​របស់​ក្មេង​ប្រុស ម៉ុន វាសនា ដែល​ត្រូវ​គេ​ធ្វើ​ទារុណកម្ម​ចង​ស្លាប​សេក ​អូស​ទៅ​ជ្រមុជ​ទឹក​ពាង​​ព្រោះតែ​ទង្វើ​លួច​ដូង​ ៤ ​ផ្លែ​នោះ ហាក់​មិន​រលូន​ដូច​ការ​រំពឹង​ទុក​របស់​សប្បុរសជន​ឡើយ។

ជាមួយ​នឹង​ការ​ចំណាយ​ទុន​ ២​ ម៉ឺន​​ដុល្លារ​ស្ដារ​អនាគត​ក្មេងប្រុស ​វ័យ ​១៤​ ឆ្នាំ​រូបនេះ ​ម្ចាស់​ជំនួយ​នៅ​សាលា​​អន្តរជាតិ ហ្វ្រេដហ្វត បាន​ប្រកាស​ថា​នឹង​បញ្ជូន ម៉ុន​វាសនា ឲ្យ​ទៅ​បន្ត​ការ​សិក្សា​ជំនាញ​វិស្វករ​គ្រឿង​ម៉ាស៊ីន នៅ​ប្រទេស ចិន និង ជប៉ុន។

ព័ត៌មាន​ដែល​ផ្អើល​ពេញ​ប្រព័ន្ធ​​ផ្សព្វផ្សាយ​នេះ​ត្រូវ​បាន​មនុស្ស​ជាច្រើន​លាន់​មាត់​សរសើរ​​វាសនា​របស់​កុមារ​នៅ​ខេត្ត​ព្រៃវែង​ថា​ បាន​ងើប​ផុតពី​នរក​​ហើយ​ទ្វារ​ឋានសួគ៌​កំពុង​តែ​បើក​ចំហ​ស្វាគមន៍។ បញ្ច្រាស​​ពី​ការ​រំពឹង​ទុក​របស់​មនុស្ស​ជាច្រើន ពេល​នេះ​ម្ចាស់​ជំនួយ​លោក មុំ វ៉ារិន បាន​ពោល​ទាំង​ដក​ដង្ហើមធំ​ថា៖ «​វាសនា បាន​ធ្វើ​ឲ្យ​អស់​សង្ឃឹម​ណាស់»។

ក្រោយ​ពី​ការ​ផ្ទុះ​ព័ត៌មាន​ជុំវិញ​ការ​​ជ្រមុជ​ទឹក​ក្មេង​ប្រុស ម៉ុ​ន វាសនា ហៅ ទិ​ត្យ ក្នុង​ពាង​ទឹក​ស្អុយ​​ស្ទើរ​ស្លាប់​ខ្លួន កាលពី​ថ្ងៃទី​​ ២៨ ខែសីហា ឆ្នាំ ​២០១៤ ម្ចាស់​ជំនួយ​​ខាង​លើ​បាន​នាំ​ក្មេង​ប្រុស​ម្នាក់​ដែល​កើត​ក្នុង​គ្រួសារ​ក្រីក្រ មាន​​បងប្អូន​ ៦ ​នាក់ និង​មាន​ឪពុក​ម្តាយ​ជា​អ្នក​ផ្ទុក​មេរោគ​អេដស៍​ទៀត​ផង​នោះ ធ្វើ​ដំណើរ​ចេញពី​ទឹកដី​ស្រុក​ពារាំង ខេត្តព្រៃវែង មក​កាន់​ទី​ជម្រក​នៃ​អនាគត​ថ្មី​នៅ​រាជធានី​ភ្នំពេញ។

ក្រោយ​ពី​បាន​ចិញ្ចឹម​ថែទាំ និង​ផ្ដល់​ការអប់រំ​ដល់​ក្មេង​ប្រុស​រូប​នេះ​​បាន​ប្រមាណ​ ៤ ​ខែ​មក​លោក មុំ វ៉ារិន ​ម្ចាស់​ជំនួយ​​បាន​សម្គាល់​ថា៖ «ម៉ុន វាសនា ប្រហែល​ជា​មិន​អាច​សម្រេច​គោល​ដៅ​ដែល​ខ្ញុំ​គ្រោង​ទុក​​ចង់​ឲ្យ​គេ​ក្លាយ​ខ្លួន​ជា​វិស្វករ​គ្រឿង​​ម៉ាស៊ីន​ក្រែង​បាន​ជួយ​កែប្រែ​វាសនា​ក្រុម​គ្រួសារ​គេ​នោះទេ​ មើលទៅ​!»។

ម្ចាស់ជំនួយ​ដែល​មិន​ជាប់​សាច់ឈាម​ជាមួយនឹង​ក្មេង​លួច​ដូង​រង​ទារុណកម្ម​ព្រៃផ្សៃ​នោះ បាន​រៀប​រាប់​ថា​៖ «​វាសនា បើ​ទោះ​ជា​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ និង​ការ​ថែ​ទាំ​ដោយ​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក​មើលថែ​ដិតដល់​យ៉ាង​ណា គេ​ហាក់​មិន​ទទួល​យក​​ការ​រស់​នៅ​ក្នុង​សង្គម​បែប​នេះ​ទេ​។ ការ​សិក្សា​របស់គេ​ក៏​ដូច​គ្នា គេ​មិន​ទទួល​យក​តែ​ម្តង​។​អារម្មណ៍​គេ ហាក់​ផ្ទុយ​ពីអ្វី​ដែល​ជា​បំណង​របស់​ខ្ញុំ​គ្រោង​ទុក»។

នាយក​សាលា​អន្តរជាតិ ហ្វ្រេដហ្វត​ដែលជា​បុគ្គល​ម្នាក់​ធ្លាប់​ហែល​ឆ្លង​ជីវិត​ជា​កូន​កសិករ ក្រីក្រ​​នៅ​ឃុំ​ក្រោលគោ​ ស្រុក​ស្វាយជ្រំ​ ខេត្ត​ស្វាយរៀង ​និង​ពេល​នេះ​ក្លាយជា​ឪពុក​ទី​ ២ ​របស់​ក្មេង​ប្រុស​ម៉ុ​ន វាសនា នោះ​បាន​បញ្ជាក់​ទៀត​ថា​៖ «​ពេល​ខ្លះ​វាសនា​​ គេ​សុំ​ឈប់រៀន​ និង​ប្រាប់​ថា​​​ គេ​រៀន​មិន​ចូល​ទេ​ ហើយ​ពេល​ខ្លះ​ទៀត​នោះ ក៏​រក​សម្លាប់​ខ្លួន​ឯង​ក៏មាន​»​។​

​ក្មេង​ប្រុស​​ត្រូវ​គេ​ចាប់​ជ្រមុជ​ទឹក​ពាងព្រោះ​លួចផ្លែដូង​​។​ រូប​ថត ហ្វេសប៊ុក

​ក្មេង​ប្រុស​​ត្រូវ​គេ​ចាប់​ជ្រមុជ​ទឹក​ពាងព្រោះ​លួចផ្លែដូង​​។​ រូប​ថត ហ្វេសប៊ុក

ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ក៏​លោក ​មុំ ​វ៉ារិន​ អះអាងថា​ មិន​​បោះបង់​គម្រោង​ជួយ​ផ្លាស់​ប្តូរ​​​អនាគត​ក្មេង​ដែល​ធ្លាប់មាន​ប្រវត្តិ​លួច​ដូង​ម្នាក់​នេះ​ឡើយ។

លោក​ថ្លែង​ពី​គម្រោង​បន្ទាប់​ទៀត​ថា​៖ «​បើ​គេ​មិន​អាច​ទទួល​យក​សិក្សា​ចំណេះដឹង​ទូទៅ ឲ្យ​បាន​ខ្ពង់ខ្ពស់​បានទេ​ខ្ញុំ​នឹង​រៀបចំ​ឲ្យ​គេ​សិក្សា​ជំនាញ​វិញ​។

លោក​ថា​ អ្វីដែល ​វាសនា ​មិន​ទទួល​យក​​សម្រាប់​ពេល​នេះនោះ​ដោយសារ​មុននោះ​គេ​រស់​នៅ​ក្នុង​សង្គម​មួយ​មិនល្អ ហើយ​ទំនង​​គេ​ជ្រុល​ខ្លួន​ខ្លះ​ផង​ក្នុង​សង្គម ​និង​បរិស្ថាន​ជុំវិញ​ពេល​នោះ ទើប​គេ​មិន​ងាយ​ទទួលយក​ការ​រស់នៅ​បែប​ថ្មី​ពេលនេះ​។ តែ​ខ្ញុំ​​នឹងមិន​បោះបង់​គម្រោង​ជួយ​សង្គ្រោះ​គេ​ទេ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​​ឪពុកម្តាយ​គេ​ដែរ​ថា​នឹង​ចង់​​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​វិញ តែ​មិន​ទាន់​កំណត់​ទេ​ចាំមើល​បន្តិច​ទៀត​សិន»។

លោក​ មុំ​ វ៉ារិន​ ដែល​តែង​នាំ​ក្មេងប្រុស​ម៉ុ​ន​ វាសនា រួម​ដំណើរ​ជាមួយ​​ក្រុមគ្រួសារ​របស់​លោក​ទៅ​ដើរ​លេង​កម្សាន្ត ទទួលទាន​អាហារ​ជុំគ្នា​ និង​ទៅលេង​ស្រុក​ជុំ​បងប្អូន​ឪពុកម្តាយ​នោះ​បាន​អះអាង​ថា​ លោក​មិន​ចង់​ឃើញ​ភាព​បរាជ័យ​ក្នុងការ​ស្រោច​ស្រង់​កូនចិញ្ចឹម​ម្នាក់​នេះ​ឡើយ។

លោក​ពោល​ថា​៖ «​បើ​ការជួយ​របស់​ខ្ញុំ​បរាជ័យ​ ហើយគេ​វិល​ទៅ​ស្រុក​វិញ​ ប្រាកដ​ណាស់ ជីវិត​គេ​នឹង​ប្រឈម​នឹង​រឿង​​មិន​ល្អ​លើស​អ្វីដែល​គេ​ជួប​មុន​នេះ ដោយ​មិន​អាច​គេ​ចផុត​ឡើយ ហើយ​ពេលនោះ​អនាគត​គេនឹង​​មិន​មាន​ឱកាស​ស្តារ​បានទេ​»​។​

ដូច​ការបរិយាយ​របស់​ឪពុក​ទី​២​​នោះដែរ ឪពុក​បង្កើត​របស់ កុមារា ម៉ុន វាសនា ក៏​ទទួល​ស្គាល់​ថា កូន​របស់លោក​ទំនង​មិនអាច​សម្រេច​គោលដៅ​ដែល​ម្ចាស់​ជំនួយ​ជ្រោម​ជ្រែង​ទេ។​

លោក ទុយ ម៉ុ​ន ជា​ឪពុក​បង្កើត​បាន​សារភាពថា​៖ «​កូន​ខ្ញុំ​ពិតជា​មិន​ចង់​រៀន​មែន បើទោះ​ជា​មាន​អ្នក​ណែនាំ​លើក​ទឹក​ចិត្ត​ល្អៗ​​យ៉ាងណាក្តី គេ​មិន​ទទួល​យក​​ទេ។ ដូចដែល​លោក​នាយក​សាលា​​ ហ្វ្រេដហ្វត ​និយាយ​​អ៊ីចឹង​ពេលខ្លះ​គេ​រក​សម្លាប់​ខ្លួន​ក៏មាន​ពេល​យើង​បង្ខំ​ឲ្យ​រៀន»។
ថ្លែង​បែប​ទាល់ច្រក ឪពុក​បង្កើត​​រូបនេះ​និយាយ​ទៀត​ថា​៖ «​ខ្ញុំ​​មិនដឹង​ធ្វើ​ម៉េច​ទេ​ ធ្វើ​ម៉េច​វាសនា​​​គេ​​ចារ​មក​អ៊ីចឹ​ង​ហើយ​មានតែ​តាម​ហ្នឹង​ទៅ​»​។​

ឪពុក​វ័យ​ ៤១ ​ឆ្នាំ​ដែល​ត្រូវបាន​លោក មុំ​ វ៉ារិន​ យកមក​ឲ្យ​ធ្វើ​ជាង​សំណង់​បាន​ប្រាក់​កម្រៃ​មួយ​ថ្ងៃ​ ៤ ​ម៉ឺន​រៀល​ដែរនោះ មាន​ការ​​រំពឹងថា កូនប្រុស​លោក​បើ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ប្រហែល​ជា​អាច​សង្ឃឹម​ច្រើន​។​

លោក​ ទុយ ​ម៉ុ​ន និយាយ​យ៉ាង​ខ្លី​ថា​៖ «​កន្លងមក​ខ្ញុំ​ធ្លាប់​យក​​គេ​​មក​ធ្វើ​សំណង់​ជាមួយ មើល​ទៅ​គេ​យល់​ច្រើន​មិន​ដូច​ឲ្យ​ទៅ​រៀន​ទេ​»៕

You might also like More from author

Leave A Reply

Your email address will not be published.