សង្គម​ស៊ីវិល៖ ការ​បង្កើត​កម្មវិធី​ជាតិ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​គឺ​ធ្វើ​បង្គ្រប់​កិច្ច

5
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

មន្ត្រី​សង្គម​ស៊ីវិល មិន​មាន​ជំនឿ​ឡើយ​ថា រដ្ឋាភិបាល​នឹង​អាច​ប្រែ​ក្រឡា​មន្ត្រី​រាជការ​បម្រើ​ការងារ​រដ្ឋ ឲ្យ​ទៅ​ជា​អ្នក​ផ្តល់​សេវា​សាធារណៈ​ប្រកប​ដោយ​មាន​ប្រសិទ្ធភាព​បាន។ ប្រតិកម្ម​នេះ កើត​ឡើង​បន្ទាប់​ពី​គណៈ​រដ្ឋមន្ត្រី អនុម័ត​កម្មវិធី​ជាតិ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា។

គោលដៅ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​បញ្ជាក់​ថា គឺ​ធ្វើ​ឡើង​ដើម្បី​ជំរុញ​ការ​កែលំអ និង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ​ប្រកប​ដោយ​គុណភាព ប្រសិទ្ធភាព តម្លាភាព ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ជាក់ស្តែង​របស់​ពលរដ្ឋ ឈាន​ទៅ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។ ប៉ុន្តែ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ការ​បង្កើត​កម្មវិធី​ជាតិ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ គ្រាន់​តែ​ធ្វើ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា រដ្ឋបាល​សាធារណៈ​កម្ពុជា សព្វថ្ងៃ កំពុង​មាន​សភាព​រញ៉េរញ៉ៃ​បំផុត ដែល​មិន​ងាយ​នឹង​កែ​ទម្រង់​ឡើយ។ លោក​បន្ត​ថា ឧបសគ្គ​ធំ​បំផុត​ចំពោះ​ការ​ធ្វើ​កំណែ​ទម្រង់​នោះ គឺ​បញ្ហា​ពុក​រលួយ និង​បក្ខពួក​និយម។ លោក​បញ្ជាក់​ថា សព្វថ្ងៃ​នេះ មន្ត្រី​ដែល​មាន​សមត្ថភាព​ត្រូវ​បាន​គេ​គ្រវាត់​ចោល​កៀន​ជញ្ជាំង មន្ត្រី​ប្រមូល​ផ្តុំ​គ្នា​តែ​នៅ​ប្រជុំជន យន្តការ​លើក​ទឹក​ចិត្ត​មន្ត្រី​រាជការ​ស្ទើរ​តែ​ដល់​កម្រិត​សូន្យ ចំណែក​ឯ​មនុស្ស​ជាច្រើន​បាន​យក​តួនាទី​ជា​មន្ត្រី​រាជការ ទៅ​កាង​របរ​រក​ស៊ី​ប៉ុណ្ណោះ។

Cambodia Website Design

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​ចំនួន ៤​លើក​រួច​មក​ហើយ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​១។ កំណែ​ទម្រង់​ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០២ បាន​រក​ឃើញ​មន្ត្រី​ខ្មោច​រាប់​ពាន់​នាក់ ប៉ុន្តែ​មន្ត្រី​ធំៗ​ដែល​យក​ប្រាក់​ខែ​រដ្ឋ​យក​ទៅ​បើក​ឲ្យ​ខ្មោច​ចាយ​នោះ មិន​ត្រូវ​បាន​ដាក់​ទោស​ទណ្ឌ​ទេ។

អ្នក​ណា​ក៏​ដឹង​ដែរ​ថា មន្ត្រី​រាជការ​កម្ពុជា មិន​ប្រកែក​ទេ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ អ្នក​ធំ​ស៊ី​តាម​ធំ អ្នក​តូច​ស៊ី​តាម​តូច។ ស្មៀន​ឃុំ មេ​ឃុំ គ្រូ​បង្រៀន ប៉ូលិស​តូចតាច យោធា មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល ភាគ​ច្រើន​សុទ្ធតែ​ធ្លាប់​យក​ប្រាក់​ក្រៅ​ផ្លូវ​ការ រហូត​ដល់​កម្ពុជា ជាប់​ជា​ប្រទេស​ពុក​រលួយ​ជាង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ាន។ រីឯ​សេវា​សាធារណៈ​វិញ មាន​សភាព​យឺតយ៉ាវ អស់​ប្រាក់​ច្រើន មាន​អ្នក​រត់​ការ​អ្នក​ផ្តល់​សេវា​ក្រៅ​ផ្លូវ​ការ ហើយ​មន្ត្រី​ដែល​បម្រើ​សេវា​ស្ទើរ​ភាគ​ច្រើន​មាន​ចរិត​ជា​ចៅហ្វាយ​ទៀត​ផង។

ទោះ​ជា​បែប​ណា​ក្តី តាម​រយៈ​សេចក្តី​ព្រាង​កម្មវិធី​ជាតិ​នេះ រាជ​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​មួយ​ចំនួន​សម្រាប់​កែ​ទម្រង់​រដ្ឋបាល រួម​មាន ការ​ពង្រឹង​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ និង​ឯកសារ​ណែនាំ​ស្ដីពី​ស្តង់ដារ​សេវា​សាធារណៈ ដើម្បី​ឆ្លើយ​ចំពោះ​អ្នក​ប្រើប្រាស់​សេវា​អភិវឌ្ឍន៍​សមត្ថភាព កែលំអ​ការ​គ្រប់គ្រង និង​អភិវឌ្ឍ​ធនធាន​មនុស្ស លើក​កម្ពស់​គុណ​ផល​មន្ត្រី និង​ជំរុញ​ឲ្យ​មន្ត្រី​ប្រកាន់​ភ្ជាប់​នូវ​វប្បធម៌​ម្ចាស់ការ ភក្តី​ភាព និង​មាន​មនសិការ​វិជ្ជាជីវៈ ព្រម​ទាំង​កែ​ទម្រង់​ប្រព័ន្ធ​ប្រាក់​បៀវត្ស និង​ប្រាក់​ផ្សេងៗ​ជូន​មន្ត្រី​រាជការ។

ប្រធាន​អង្គការ​វេទិកា​អនាគត ដែល​ជា​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ពី​គោល​នយោបាយ​សាធារណៈ លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​កម្ពុជា ពេល​នេះ​មាន​បញ្ហា​ធ្ងន់ធ្ងរ ដោយសារ​តែ​មន្ត្រី​រាជការ​ភាគ​ច្រើន​ភ្ជាប់​ខ្លួន​ទៅ​នឹង​ការងារ​របស់​គណបក្ស​នយោបាយ​ជាង​ការងារ​រាជការ។ លោក​បន្ត​ថា បើ​សិន​ជា​មន្ត្រី​រាជការ​ឯករាជ្យ​ពី​នយោបាយ​នោះ ពួក​គាត់​នឹង​អាច​ធ្វើ​ការ​បាន​ពេញ​ដៃ​ពេញ​ជើង ដើម្បី​បម្រើ​ពលរដ្ឋ​ដែល​ជា​អ្នក​បង់​ពន្ធ និង​ជា​ម្ចាស់​ប្រទេស។ លោក​បញ្ជាក់​ថា កម្មវិធី​ជាតិ​នេះ​នឹង​មិន​ជោគជ័យ​ឡើយ បើ​សិន​ជា​មិន​បាន​កែ​ទម្រង់​រចនាសម្ព័ន្ធ​រដ្ឋបាល​សាធារណៈ​ឲ្យ​ច្បាស់​លាស់​នោះ។

យ៉ាង​ណា​ក៏ដោយ រាជ​រដ្ឋាភិបាល​រំពឹង​ថា កម្មវិធី​ជាតិ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​នេះ នឹង​អាច​សម្រេច​បាន​នូវ​លទ្ធផល​មួយ​ចំនួន​មាន​ជាអាទិ៍ សេវា​សាធារណៈ​ប្រកប​ដោយ​គុណភាព សាមញ្ញ ប្រសិទ្ធភាព ភាព​អាច​ជឿ​ទុក​ចិត្ត​បាន ឆ្លើយ​ទាន់​ពេល​វេលា ងាយ​ស្រួល និង​មាន​ការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ មន្ត្រី​រាជការ​កាន់​តែ​មាន​សមត្ថភាព​ខ្ពស់ សុចរិត។ កត្តា​ចុង​ក្រោយ គឺ​ធានា​ឲ្យ​ប្រព័ន្ធ​បើក​ប្រាក់​បៀវត្ស​ជូន​មន្ត្រី​រាជការ​ឲ្យ​បាន​សមរម្យ។

ក្នុង​ពេល​ប្រកាស​ពី​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រទេស​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា រដ្ឋមន្ត្រី​របស់​លោក​មួយ​ចំនួន​យក​ក្រសួង​ស្ថាប័ន​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្តាច់​មុខ ដោយ​ជិះ​ជាន់​សង្កត់​សង្កិន​មន្ត្រី​រាជការ​មិន​ញញើត។ លោក​ថែម​ទាំង​ស្នើ​ឲ្យ​គ្រប់​ក្រសួង បើក​សិក្ខា​សាលា​ផ្ទៃ​ក្នុង ដើម្បី​រិះគន់​ថ្នាក់​ដឹក​នាំ​ទៀត​ផង។ ប៉ុន្តែ​សិក្ខា​សាលា​ដែល លោក ហ៊ុន សែន លើក​នោះ ធ្វើ​ឡើង​តែ​មួយ​ឆាវ​ប៉ុណ្ណោះ ហើយ​មក​ដល់​ពេល​នេះ របៀប​រិះ​គន់​ខ្លួន​ឯង និង​ប្រមូល​ព័ត៌មាន​បែប​នេះ​ស្ងាត់​ឈឹង​ទៅ​វិញ​តែ​ម្តង។ កូនៗ​របស់​រដ្ឋមន្ត្រី ក៏​ក្លាយ​ជា​អ្នក​កាន់​ការ​ធំៗ​ក្នុង​ក្រសួង​នីមួយៗ​ដែល​ឪពុក​កាន់​កាប់ សូម្បី​តែ​រដ្ឋសភា ក៏​គ្រប់គ្រង​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ដោយ​ក្រុម​គ្រួសារ​មួយ​ទៀត​ផង។

សេចក្តី​ព្រាង​កម្មវិធី​ជាតិ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ នឹង​ត្រូវ​លាត​ត្រដាង​ពី​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​កាន់​តែ​ច្បាស់ នៅ​ពេល​ដែល​រដ្ឋសភា​ពិនិត្យ និង​អនុម័ត​នៅ​ថ្ងៃ​ខាង​មុខ៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក