ព្រះរាជា​ពីរ​អង្គ​ដែល​មិន​សូវ​គិតគូរ​កិច្ចការ​ផែនដី​ក្រោយ​សម័យ​លង្វែក

0

ព្រះរាជា​ខ្មែរ​មួយ​ចំនួន​ដែល​សោយរាជ្យ​ក្រោយ​សម័យ​លង្វែក មិន​សូវ​គិតគូរ​ពី​កិច្ចការ​ផែនដី និង​សុខ​ទុក្ខ​របស់​រាស្ត្រ​ប្រជា​ទេ។ ព្រះ​បរម​រាជា​រាមាធិបតី​ពញា​អន ដែល​គ្រងរាជ្យ​ពី​ឆ្នាំ​១៥៩៩ ដល់​ឆ្នាំ​១៦០០ ជាដើម គ្រាន់​តែ​ឡើង​សោយរាជ្យ​បាន​ពីរ​ឆ្នាំ ក៏​ទៅ​ចាប់​ពង្រត់​ប្រពន្ធ​មេ​ស្រុក រួច​ធ្វើ​បាប​នាង​រហូត​បាត់​បង់​ជីវិត។

ព្រះរាជា​សោយរាជ្យ​បន្ទាប់ គឺ​សម្ដេច​ព្រះ​កែវហ្វា​ពញា​ញោម ក៏​សព្វ​ព្រះទ័យ​តែ​នឹង​បណ្ដើរ​ឆ្កែ ដេញ​សត្វ និង​នាំ​ក្រុម​មន្ត្រី​ខិលខូច​បៀតបៀន​កូន​ប្រពន្ធ​អ្នក​ដទៃ។

ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀបរាប់​ជូន​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ​នា​ដំណាក់​កាល​នេះ​ដូច​ត​ទៅ៖

គ.១៣ ព្រះ​បរម​រាជា​រាមាធិបតី​ពញា​អន (ឆ្នាំ​១៥៩៩- ឆ្នាំ​១៦០០)

ក្រោយ​ពី​ពេល​ដែល​ព្រះ​បរម​រាជា​រាមាធិបតី​ពញា​តន់ ជា​ក្មួយ ទ្រង់​សុគត​ដោយសារ​ការ​វាយ​លុក​របស់​ពួក​ចាម​ជ្វា បះបោរ​នោះ​មក ព្រះរាជវង្សានុវង្ស​ព្រះរាជា គណៈសង្ឃ ព្រាហ្មណ៍​បុរោហិត នាម៉ឺន​សព្វ​មុខ​មន្ត្រី បាន​យាង​ពញា​អន ជា​បុត្រា​ពៅ​របស់​ព្រះ​បរមិន្ធរ​រាជា និង​ត្រូវ​ជា​ព្រះអនុជ​របស់​ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា និង​ព្រះ​ឧបយោរាជ​ស្រីសុរិយោពណ៌ ឲ្យ​ឡើង​សោយរាជ្យ​ស្នង​នៅ​រាជធានី​ស្រីសន្ធរ ដោយ​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះរាជឱង្ការ​ព្រះ​បរម​រាជា​រាមាធិបតី។

នៅ​ដើម​រាជ្យ​របស់​ព្រះអង្គ ព្រះ​បរម​រាជា​រាមាធិបតី​ពញា​អន បាន​ដឹក​នាំ​ទ័ព​វាយ​បង្ក្រាប​ចលនា​បះបោរ ដែល​មាន​សេសសល់​បន្ត​ពី​រាជ្យ​មុន​មក ឲ្យ​ស្ងប់ស្ងាត់​រៀបរយ​ដូច​ប្រក្រតី​ឡើង​វិញ។ ព្រះអង្គ​មាន​ព្រះទ័យ​មិន​ខុស​អ្វី​ពី​ព្រះមហាក្សត្រ​មួយ​ចំនួន ដែល​សោយរាជ្យ​មុន​ព្រះអង្គ​ឡើយ។ ព្រះអង្គ​ទ្រង់​ខិតខំ​ធ្វើ​ទំនាក់ទំនង​ជាមួយ​ពួក​អឺរ៉ុប ដោយ​អំពាវនាវ​ឲ្យ​អ្នក​ផ្សាយ​សាសនា​គ្រិស្ត​ចូល​មក​ក្នុង​ប្រទេស​ព្រះអង្គ និង​ស្វែងរក​កម្លាំង​ទ័ព​មក​ជួយ​ការពារ​នគរ​ពី​ការ​យាយី​របស់​ប្រទេស​ជិត​ខាង។

ឯកសារ​ព្រះរាជពង្សាវតារ​បាន​បញ្ជាក់​ថា ព្រះ​រាមាធិបតី​ពញា​អន នេះ ជា​ស្ដេច​ពុំ​សូវ​កាន់​យុត្តិធម៌​ទេ ទាំង​តម្រិះ​ប្រាជ្ញា​សោត ក៏​មិន​បាន​ជ្រៅជ្រះ​ដែរ។

ក្នុង​ពេល​ដែល​ទ្រង់​ឡើង​សោយរាជ្យ​បាន​ពីរ​ឆ្នាំ​នៅ​រាជធានី​ស្រីសន្ធរ នោះ ព្រះ​រាមាធិបតី​ពញា​តន់ ទ្រង់​ជិះ​សេះ​នាំ​សេនា​ទាហាន​យាង​ប្រពាត​ព្រៃ។ លុះ​បាន​ទៅ​ដល់​ភូមិ​ព្រែក​តាមាក់ ព្រះអង្គ​បាន​ទត​ឃើញ​ប្រពន្ធ​របស់​មេ​ស្រុក​ភូមិ​ព្រែក​តាមាក់ ដែល​មាន​ឈ្មោះ​ថា ពញាថី មាន​រូបរាង​ស្អាត ក៏​កើត​ព្រះទ័យ​ស្រឡាញ់​ប្រពន្ធ​ពញាថី នោះ​ជា​ខ្លាំង។ ព្រះអង្គ​ទ្រង់​បញ្ជា​សេនា​អាមាត្យ ឲ្យ​ចាប់​នាង​ដោយ​បង្ខំ​នាំ​យក​ទៅ​ព្រះរាជវាំង​ស្រីសន្ធរ។ ដោយសារ​នាង​មាន​ភក្តី​ភាព​ស្មោះត្រង់​នឹង​ប្ដី​នាង មិន​ព្រម​ផិត​ក្បត់​តាម​ការ​គំរាម​របស់​ព្រះរាជា​នោះ នាង​ត្រូវ​ទទួល​ទារុណកម្ម​រហូត​បាត់​បង់​ជីវិត​ក្នុង​ព្រះរាជវាំង​ស្រីសន្ធរ នោះ​ទៅ។

ដោយ​មាន​កំហឹង​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ជិះ​ជាន់​អមនុស្សធម៌​របស់​ព្រះ​រាមាធិបតី​ពញា​អន នេះ និង​ដើម្បី​សងសឹក​ជួស​ភរិយា​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ផង ពញាថី ក៏​បាន​រត់​ទៅ​ពឹង​បុណ្យ​សម្ដេច​ព្រះរាម​កែវ​ព្រះភ្លើង ដែល​មាន​ទីតាំង​នៅ​ភ្នំពេញ​ត្រង់​ភូមិ​មួយ​តាម​ដង​ទន្លេ​បាសាក់ ត្រង់​ចន្លោះ​វត្ត​ស្វាយពពែ និង​វត្ត​ថាន់ សព្វថ្ងៃ​នេះ ឲ្យ​ជួយ​យក​អសារ។

ឆ្លៀត​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្ម​វស្សា​ព្រះមហាក្សត្រ​ព្រះ​បរម​រាជា​រាមាធិបតី​ពញា​អន នោះ ពិសេស​ក្នុង​ពេល​យប់​ដែល​ស្ដេច​ផែនដី​អង្គ​នេះ​ត្រូវ​យាង​ចេញ​អុជ​កាំជ្រួច​រន្ទ្រា​ផ្ទាល់​ព្រះហស្ដ​ព្រះអង្គ​នោះ ព្រះរាម​កែវ​ព្រះភ្លើង និង​ទ័ព​របស់​ខ្លួន ដែល​បាន​ទៅ​បង្កប់​ក្នុង​ពិធី​បុណ្យ​នោះ​ដែរ ក៏​វាយ​លុក​ធ្វើ​គត់​ពញា​អន ឲ្យ​សុគត​ក្នុង​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ក្នុង​ឆ្នាំ​១៦០០ នៃ​គ្រិស្ដសករាជ​នោះ​ទៅ។

គ.១៤ សម្ដេច​ព្រះ​កែវ​ហ្វាពញា​ញោម (ឆ្នាំ​១៦០០-ឆ្នាំ​១៦០៣)

ក្រោយ​ពី​ព្រះ​បរម​រាជា​រាមាធិបតី​ពញា​អន ដែល​បាន​រំលោភ​លើ​ភរិយា​ពញាថី ជា​មេ​ស្រុក​ព្រែក​តាមាក់ រួច​ត្រូវ​ព្រះរាម​កែវ​ព្រះភ្លើង និង​ស្ម័គ្រ​បក្ខពួក​វាយ​លុក​សុគត​ទៅ ព្រះរាជវង្សានុវង្ស​ព្រះរាជា គណៈ​សង្ឃ ព្រាហ្មណ៍​បុរោហិត នាម៉ឺន​សព្វ​មុខ​មន្ត្រី ពិសេស​គឺ​ព្រះ​ទេវី​ក្សត្រី ដែល​ជា​ព្រះ​រាជបុត្រី​របស់​ព្រះចន្ទ​រាជា ហើយ​ត្រូវ​ជា​ព្រះ​អយ្យកា គឺ​ជីដូន ក៏​ថ្វាយ​រាជ្យ​សម្បត្តិ​ទៅ​ពញា​ញោម ជា​ព្រះរាជបុត្រ​ពៅ​របស់​ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា ឲ្យ​សោយរាជ្យ​ស្នង​នៅ​រាជធានី​ស្រីសន្ធរ ដដែល ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា សម្ដេច​ព្រះ​កែវ​ហ្វាពញាញោម។ ដល់​ឆ្នាំ​១៦០១ ព្រះអង្គ​បាន​លើក​រាជធានី​ពី​ស្រីសន្ធរ មក​តាំង​នៅ​ចតុមុខ គឺ​ភ្នំពេញ​វិញ។

សម្ដេច​ព្រះ​កែវ​ហ្វាពញាញោម នេះ ក៏ដូចជា​ស្ដេច​ខ្មែរ​ពីរ​បី​អង្គ​ដែល​សោយរាជ្យ​មុន​ព្រះអង្គ​ដូច្នោះ​ដែរ គឺ​មិន​សូវ​យក​ព្រះទ័យ​ទុក​ដាក់​នឹង​កិច្ចការ​ប្រទេស​ជាតិ ឬ​សុខ​ទុក្ខ​របស់​រាស្ត្រ​ព្រះអង្គ​ឡើយ។

ឯកសារ​ព្រះរាជពង្សាវតារ​មហា​បុរស​ខ្មែរ​ថា ព្រះអង្គ​ពុំ​សូវ​យក​ព្រះទ័យ​ទុក​ដាក់​នឹង​កិច្ចការ​ផែនដី​ឡើយ គឺ​ទ្រង់​សព្វ​ព្រះទ័យ​តែ​នឹង​បណ្ដើរ​ឆ្កែ គង់​សេះ ដេញ​សត្វ ចាក់​ជង់​បង្កាត់ ទាក់​ក្រួច ទាក់​ទទា មាន់​ព្រៃ និង​លលក​ជា​ធម្មតា។ ទ្រង់​នាំ​ក្រុម​បណ្ដា​ជា​ខ្ញុំ​ប្រពាត​ព្រៃ បៀតបៀន​កូន​ប្រពន្ធ​មន្ត្រី​រាស្ត្រ​ជានិច្ចកាល។ អាស្រ័យ​ដោយ​អំពើ​មិន​ល្អ​នេះ​ហើយ ទើប​កើត​មាន​សេចក្តី​ក្តៅ​ក្រហាយ​ក្នុង​ព្រះ​នគរ​ជា​ខ្លាំង​ណាស់។ កើត​មាន​ចោរ​លួច​ចោរ​ប្លន់​មនុស្ស​ចាប់​គ្នា​លក់​ក្នុង​ព្រះ​នគរ​ដូច​សត្វ​តិរច្ឆាន។

ដោយ​អស់​សង្ឃឹម​ថា​នឹង​ស្វែងរក​បាន​ព្រះរាជា ដែល​ទ្រង់​ប្រកប​ដោយ​ទសពិធរាជធម៌ គិត​ពី​វាសនា​ប្រទេស​ជាតិ និង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​ទុក្ខ​សោក​របស់​ប្រជារាស្ត្រ ព្រះ​ទេវី​ក្សត្រី ដែល​ត្រូវ​ជា​ព្រះ​មាតុច្ឆា គឺ​ម្តាយ​មីង ក៏​ជំនុំ​អស់​នាម៉ឺន​សព្វ​មុខ​មន្ត្រី​ព្រះរាជា​គណៈ​សង្ឃ ធ្វើ​សារ​លិខិត​ទៅ​ថ្វាយ​ព្រះចៅ​សៀម គឺ​ព្រះ​ពុទ្ធិ​ចៅ​នរេនសូរ សុំ​ឲ្យ​ព្រះ​សុរិយោពណ៌ ជា​ក្មួយ ដែល​ព្រះ​ចៅ​សៀម ទ្រង់​ចាប់​យក​ទៅ​កាល​សៀម វាយ​បែក​ក្រុង​លង្វែក នៅ​ឆ្នាំ​១៥៩៣ នោះ ឲ្យ​បាន​វិល​ត្រឡប់​មក​ប្រទេស​វិញ ដើម្បី​សោយរាជ្យ​សម្បត្តិ​ក្នុង​ព្រះ​នគរ និង​អាល​ឲ្យ​សមណៈ​ជា​ព្រាហ្មណ៍​នាម៉ឺន​សព្វ​មុខ​មន្ត្រី និង​រាស្ត្រ​ប្រជា​បាន​សុខ​សាន្ត​ត​ទៅ។

ព្រះ​នរេនសូរ ព្រះ​ចៅ​សៀម ក៏​ទ្រង់​យល់​ព្រម​អនុញ្ញាត​ឲ្យ​ព្រះ​ស្រីសុរិយោពណ៌ ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ​តាម​ការ​ស្នើសុំ។ ប៉ុន្តែ​ទ្រង់​បង្ខាំង​ទុក​ព្រះរាជបុត្រ​ច្បង​របស់​ព្រះអង្គ​នាម​ជ័យជេដ្ឋា ឲ្យ​គង់​នៅ​ស្រុក​សៀម នោះ​ត​ទៅ​ទៀត​សិន។

ដោយ​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ទ័ព​ព្រះ​ចៅ​នរេនសូរ ស្ដេច​សៀម ផង ព្រះ​ស្រីសុរិយោពណ៌ ទ្រង់​យាង​មក​ដល់​ស្រុក​ខ្មែរ​ក្នុង​ឆ្នាំ​១៦០១។ ឯ​ឯកសារ​ខ្លះ​ថា ឆ្នាំ​១៦០៣ នៃ​គ្រិស្ដសករាជ។

ចំណែក​ព្រះ​កែវ​ហ្វាពញាញោម ដែល​ត្រូវ​ដក​ចេញ​ពី​រាជបល្ល័ង្ក មាន​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត ក៏​នាំ​ពួក​មន្ត្រី​ឡែឡ​របស់​ខ្លួន​ទៅ​បំបះ​បក្ខពួក​បាន​មួយ​ចំនួន ក្រោក​បះបោរ​ប្រឆាំង​ច្បាំង​នឹង​ព្រះ​ស្រីសុរិយោពណ៌ ជា​ឪពុកមា។ តែ​ទីបំផុត ព្រះ​ចៅ​ហ្វា​ពញាញោម ក៏​ត្រូវ​កងទ័ព​ខាង​ព្រះ​ស្រីសុរិយោពណ៌ ចាប់​បាន ហើយ​ធ្វើ​គត់​ព្រះអង្គ​ទៅ​នៅ​ឆ្នាំ​១៦០៣ នៃ​គ្រិស្តសករាជ៕

ប្រភព៖ RFA

You might also like More from author

Leave A Reply

Your email address will not be published.