ព្រះ​បរម​រាជា​រាមាធិបតី​ពញាតន់ និង​ឥទ្ធិពល​សាសនា​គ្រិស្ដ

0 0
Cambodia Website Design

នៅ​ចុង​សតវត្ស​ទី​១៦ ដោយ​ត្រូវ​ការ​ជំនួយ​ផ្នែក​សឹក​ពី​ពួក​អេស្ប៉ាញ ដើម្បី​ទប់ទល់​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃ ព្រះបាទ​ពញាតន់ ទ្រង់​បាន​យល់ព្រម​ឲ្យ​ពួក​នេះ​បញ្ជូន​អ្នក​ផ្សាយ​សាសនា​គ្រិស្ត មក​ជួយ​បំបួស​រាស្ត្រ​ខ្មែរ​ឲ្យ​កាន់​សាសនា​នេះ​ផង។

ក៏ប៉ុន្តែ ក្រុម​អ្នក​បំបួស​ដែល​គេ​បញ្ជូន​តាម​កប៉ាល់​ពី​ប្រទេស​ហ្វីលីពីន ត្រូវ​ខ្យល់​ព្យុះ​បោក​បក់​ធ្វើ​ឲ្យ​វង្វេង​ផ្លូវ​មិន​បាន​មក​ដល់​កម្ពុជា ឡើយ។ ដូច្នេះ​ហើយ បាន​ជា​កម្ពុជា មិន​បាន​ទទួល​ឥទ្ធិពល​សាសនា​គ្រិស្ត​ទូលំទូលាយ​ដូច​ដែល​គេ​ប៉ុនប៉ង​នោះ​ឡើយ។

ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀបរាប់​ជូន​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ ក្នុង​រាជ្យ​ព្រះ​បរម​រាជា​រាមាធិបតី​ពញាតន់ ដូច​ត​ទៅ៖

Cambodia Website Design

គ.១២ ព្រះ​បរម​រាជា​រាមាធិបតី​ពញាតន់ (ឆ្នាំ​១៥៩៦-ឆ្នាំ​១៥៩៩)

ក្រោយ​ពី​ធ្វើ​គត់​ព្រះ​រាមា​ជើង​ព្រៃ បាន​ហើយ វេឡូសូ និង​ស្ម័គ្រ​ពួក​បាន​ធ្វើ​ដំណើរ​ទៅ​តាម​រក​ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា និង​ព្រះញាតិវង្ស​របស់​ព្រះអង្គ។ ដោយ​ព្រះសត្ថា ក៏​សុគត ហើយ​ព្រះ​ជ័យ​ជេដ្ឋា ជា​ព្រះរាជបុត្រ​ច្បង​ក៏​សុគត​ទៅ​ទៀត វេឡូសូ ក៏​យាង​ព្រះអង្គ​តន់ ដែល​ជា​ព្រះរាជបុត្រ​កណ្ដាល​របស់​ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា នោះ ពី​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវឡានឆាង អោយ​មក​សោយរាជ្យ​នៅ​ស្រីសន្ធរ ដោយ​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះរាជឱង្ការ​បរម​រាមាធិបតី។

ព្រះ​បរម​រាមាធិបតី​ពញាតន់ ទ្រង់​ត្រេកអរ​ណាស់​នឹង​បាន​ទទួល​រាជ្យសម្បត្តិ​នេះ។ ដើម្បី​ជា​កិច្ច​តប​ស្នង​សង​គុណ​ចំពោះ លោក វេឡូសូ និង​លោក រ្វីស ដែល​បាន​ជួយ​ព្រះអង្គ​នោះ ព្រះអង្គ​ទ្រង់​បាន​តែង​តាំង លោក វេឡូសូ ឲ្យ​ឡើង​ជា​ស្ដេចត្រាញ់​ខេត្ត​ត្បូងឃ្មុំ ឯកសារ​ខ្លះ​ថា​បាណាម បាភ្នំ ហើយ​តែង​តាំង លោក រ្វីស ឲ្យ​ជា​ស្ដេចត្រាញ់​នៅ​ខេត្ត​ទ្រាំង។

ដោយសារ​មាន​ការ​មិន​សប្បាយ​ចិត្ត​នឹង​ព្រះរាជា​ពញាតន់ ដែល​ទ្រង់​លើក​ជន​បរទេស​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួតត្រា​លើ​ប្រជារាស្ត្រ​ខ្លួន​ដូច្នោះ ពួក​ចាម​ជ្វា នៅ​ខេត្ត​ត្បូងឃ្មុំ ក្រោម​ការ​ដឹក​នាំ​របស់ ប៉ោរ៉ាក់ និង​លាក់ស្មើណា ក៏​បាន​បះបោរ​ឡើង។ ប៉ុន្តែ​ព្រះ​រាមាធិបតី​ពញាតន់ បាន​បញ្ជា​ឲ្យ លោក វេឡូសូ និង​លោក រ្វីស វាយ​បង្ក្រាប​ឲ្យ​រាប​ទាប​ទៅ​វិញ​បាន។ ឯកសារ​ខ្លះ​បញ្ជាក់​ថា ព្រះ​រាមាធិបតី​ពញាតន់ ក៏​ទ្រង់​មាន​ព្រះទ័យ​ដូច​ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា ជា​បិតា​ព្រះអង្គ​ដូច្នោះ​ដែរ គឺ​ថា​ដើម្បី​ពង្រឹង​អំណាច​របស់​ព្រះអង្គ និង​ការ​ចង់​គេច​ឲ្យ​ផុត​ពី​ការ​គាប​សង្កត់​របស់​សៀម ផង ព្រះអង្គ​បាន​ខិតខំ​ផ្ញើ​សារ​លិខិត​ទៅ​ទាក់ទង​ជាមួយ​ពួក​អេស្ប៉ាញ៉ុល នៅ​ទីក្រុង​ម៉ានីល ដើម្បី​ឲ្យ​ជួយ​បញ្ជូន​កម្លាំង​ទ័ព និង​អ្នក​ផ្សាយ​សាសនា​គ្រិស្ត​មក​កម្ពុជា ដោយ​ទ្រង់​សន្យា​ថា​នឹង​ជួយ​សង់​ព្រះវិហារ​គ្រិស្ត និង​ទ្រង់​អនុញ្ញាត​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​សាសនា​គ្រិស្ត​តាម​ជំនឿ​របស់​ខ្លួន​ផង។

ប៉ុន្តែ​ការ​ខំ​ប្រឹងប្រែង​ធ្វើ​ទំនាក់ទំនង​របស់​ព្រះអង្គ​នោះ មិន​បាន​លទ្ធផល​ល្អ​ទេ ពិត​មែន​តែ​គេ​ឃើញ​បព្វជិត​គ្រិស្ត​សាសនា​ខ្លះ​បាន​មក​ដល់​កម្ពុជា តែ​ពួក​នេះ​ឋិត​ក្នុង​ភាព​មិន​សូវ​នឹងនរ​ឡើយ។ ម៉្យាង​ទៀត ថ្វី​ត្បិត​តែ​នៅ​ឆ្នាំ​១៥៩៨ លោក ល្វីស ប៉េរេ ដាស្មារីណា (Luis Perez Dasmarinas) បាន​ខំ​ដឹក​នាំ​ទាហាន​អេស្ប៉ាញ៉ុល ចំនួន ២០០​នាក់ និង​អ្នក​ផ្សាយ​សាសនា​មួយ​ចំនួន​ធ្វើ​ដំណើរ​តាម​នាវា​តម្រង់​មក​កម្ពុជា តាម​ការ​ស្នើសុំ​ក្តី តែ​ជា​អកុសល នាវា​នោះ​ត្រូវ​វង្វេង​ផ្លូវ​ដោយ​ប៉ះ​នឹង​មហា​ព្យុះ​សង្ឃរា​បក់​បោក​ឲ្យ​ទៅ​ទើរ​នៅ​ជិត​ខេត្ត​កង់តុង ប្រទេស​ចិន ឯណោះ​ទៅ​វិញ។ ឯ​ជន​ដែល​នៅ​រស់​រាន​មាន​ជីវិត ត្រូវ​ត្រឡប់​ទៅ​ក្រុង​ម៉ានីល វិញ​តាម​ម៉ាកាវ (Macao) ដោយ​មិន​ទាំង​បាន​ឃើញ​ឆ្នេរ​សមុទ្រ​របស់​ខ្មែរ​ផង។

ក្រោយ​នោះ កប៉ាល់​មួយ​ដែល​មាន​បេសកកម្ម​ស្វែងរក​ជន​រងគ្រោះ​ដែល​ដឹក​នាំ​ទាហាន និង​បព្វជិត​ខ្លះ បាន​មក​ដល់​ទន្លេ​ចតុមុខ​នៅ​គ្រិស្ដសករាជ​១៥៩៩។ ពេល​នោះ ជម្លោះ​មួយ​បាន​កើត​មាន​ឡើង​រវាង​ពួក​នាវិក​អេស្ប៉ាញ៉ុល និង​ពួក​ជ្វា។ ព្រះរាជា​ទ្រង់​បញ្ជា​ឲ្យ លោក វេឡូសូ និង​លោក រ្វីស ដែល​ធ្លាប់​បាន​ទទួល​ជ័យជម្នះ​ម្តង​ហើយ​លើ​ការ​បះបោរ​របស់​ចាម​ជ្វា នោះ ទៅ​ធ្វើ​អន្តរាគមន៍។ ប៉ុន្តែ​លើក​នេះ លោក​ទាំង​ពីរ​ត្រូវ​ពួក​បះបោរ​សម្លាប់​បាន​ទាំង​ពីរ​នាក់ នៅ​ក្នុង​សមរភូមិ​ចតុមុខ​នោះ​ទៅ។

ព្រះ​រាមាធិបតី​ពញាតន់ ទ្រង់​បាន​ជ្រាប​ដំណឹង​នេះ ទ្រង់​ពិរោធ​ណាស់ ក៏​ទ្រង់​បាន​លើក​ទ័ព​ផ្ទាល់​ព្រះអង្គ​ចូល​ទៅ​សមរភូមិ ដើម្បី​សង​សឹក​ឲ្យ​អ្នក​ទាំង​ពីរ។ តែ​ទី​បំផុត ព្រះអង្គ​ក៏​ត្រូវ​ពួក​បះបោរ​វាយ​លុក ហើយ​ធ្វើ​គត់​ព្រះអង្គ​បាន​ទៅ​ទៀត​នៅ​ក្នុង​សមរភូមិ​នោះ ក្នុង​ព្រះជន្ម ២១​ព្រះវស្សា​នោះ​ទៅ។ ឯកសារ​ដទៃ​ទៀត បាន​រៀបរាប់​ពី​ការ​សុគត​របស់​ព្រះ​រាមាធិបតី​ពញាតន់ នេះ​ផ្សេង​ទៅ​វិញ។

ឯកសារ​ព្រះរាជពង្សាវតារ​មហា​បុរស​ខ្មែរ បាន​អធិប្បាយ​ថា ព្រះ​រាមាធិបតី​ពញាតន់ ជា​ស្ដេច​មិន​សូវ​យក​ព្រះទ័យ​ទុក​ដាក់​នឹង​កិច្ចការ​ផែន​ដី​ទេ ទ្រង់​បណ្តែតបណ្តោយ​តាម​តែ​សម្ដី​ពួក​មន្ត្រី​ដែល​ចូល​ចិត្ត​បំផ្លើស​បញ្ជោរ​បញ្ចើចបញ្ចើ។ ពេល​ដែល​មាន​ការ​បះបោរ​របស់​ពួក​ចាម​ជ្វា ខេត្ត​ត្បូងឃ្មុំ នោះ ព្រះអង្គ​ទ្រង់​បាន​បញ្ជា​ទ័ព​ឲ្យ​ទៅ​វាយ​បង្ក្រាប។ តែ​ក្រោយ​មក ប៉ោរ៉ាក់ និង​លាក់ស្មើណា ដែល​ជា​អ្នក​ដឹក​នាំ​ការ​បះបោរ​នោះ បាន​ប្រើ​កលឧបាយ​ធ្វើ​ជា​សុំ​ចុះ​ចូល​ដោយ​លិខិត​សុំ​សារភាព​ទោស​នឹង​ព្រះអង្គ។ ព្រះអង្គ​ទ្រង់​យល់ព្រម។ ប៉ោរ៉ាក់ និង​លាក់ស្មើណា បាន​បញ្ជា​ឲ្យ​សង់​ព្រះពន្លា​យ៉ាង​ល្អ​ប្រណិត​ចំនួន ១៥​ខ្នង​នៅ​ពោធិ៍​ជើង​ខាល ដើម្បី​ទទួល​ព្រះរាជា និង​ជា​ទីកន្លែង​សម្រាប់​នាំ​ពួក​ចាម​ជ្វា ជា​អ្នក​បះបោរ​ទាំងអស់ មក​ក្រាប​គាល់​លន់​តួ​ទោស​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះរាជា​ផង។

នៅ​ក្នុង​កម្មវិធី​សារភាព​ទោស​កំហុស​នេះ គេ​មាន​រៀបចំ​ពិធី​ជប់លៀង​មួយ​យ៉ាង​ធំ ព្រម​ដោយ​មហោស្រព​ល្បែង​របាំ​ច្រើន​ប្រភេទ​យ៉ាង​គគ្រឹកគគ្រេង​ផង។ ពេល​ដែល​សង្កេត​ឃើញ​ថា កងទ័ព​ព្រះរាជា​ជាច្រើន​ផឹក​ស្រា​ស្រវឹង​ងប់ងុល​ហើយ ហើយ​មួយ​ចំនួន​ធំ​ទៀត​កំពុង​តែ​ជក់​ចិត្ត​ដើរ​មើល​ល្បែង​របាំ​ភ្លេច​ខ្លួន​ក្នុង​ពិធី​បុណ្យ​នោះ ប៉ោរ៉ាក់ និង​លាក់ស្មើណា ក៏​ឲ្យ​សញ្ញា​ជា​បញ្ជា​ដល់​បក្ខពួក​របស់​ខ្លួន វាយ​លុក​ធ្វើ​គត់​ព្រះ​បរម​រាជា​រាមាធិបតី​ពញាតន់ សុគត​ក្នុង​ព្រះពន្លា​ពោធិ៍​ជើង​ខាល ក្នុង​ឱកាស​នោះ​ទៅ។ ឯ ប៉ោរ៉ាក់ និង​លាក់ស្មើណា ក៏​ត្រូវ​ស្លាប់​ដោយ​ស្នាដៃ​រាជ​អង្គរក្ស​របស់​ព្រះអង្គ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ៕

You might also like More from author

Leave A Reply

Your email address will not be published.