ប្រទេស​ខ្មែរ​បាន​ខិតខំ​ងើបឡើង​វិញ​នៅ​ឆ្នាំ​១៨៥៣

0 3
Cambodia Website Design

ដោយ​យល់ឃើញថា អ្នកដឹកនាំ​ប្រទេស​នា​សម័យមុន​យល់​អំពី​ខ្មែរ​មិន​ច្បាស់ ហើយ​គួបផ្សំ​នឹង​វិបត្តិ នយោបាយ​បណ្តាលមកពី​មហិច្ឆតា ប្រទេសជិតខាង​ផង បាន​នាំ​ប្រទេសជាតិ​ទៅកាន់ មហន្តរាយ​ច្រើនលើក​ច្រើន សា​រួច​ទៅហើយនោះ ទើប​ព្រះបាទ​អង្គ ឌួង (១៧៩៦-១៨៦០​គ្រិស្តសករាជ​) បាន​ខិតខំ​បម្រាស​ចេញពី​ឥទ្ធិពល​បរទេស ។​

​    ​គឺ​ក្នុង​បរិបទ​នេះហើយ ដែល​ព្រះមហាក្សត្រ​ខ្មែរ​អង្គ​នេះ មាន​គម្រោង នឹង​ស្នើឱ្យ​បេស​ក​ទូត​បារាំង​ឈ្មោះ ហ្សា​ល ដឺ​ម៉ុង​ទី​ញី ដែល​នឹង​អញ្ជើញ មកជួប​ទ្រង់​នៅឯ​ទីក្រុង​ឧដុង្គ​មានជ័យ ដើម្បី​ចុះសន្ធិសញ្ញា​មិត្តភាព និង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា តែ​ជា​អកុសល​បេសកកម្ម​នេះ ត្រូវ​ខកខាន​ទៅវិញ​។ ការខកខាន​នេះ គឺ​បណ្តា​លពី​ផែន​ការណ៍​សម្ងាត់​នេះ ត្រូវ​បែកការណ៍​ដោយ​ការ​ធ្វេស ប្រហែល​របស់​មន្ត្រី​បារាំង ខាងលើនេះ ។ បើ​និយាយឱ្យចំ​ទៅ​រាជរដ្ឋាភិបាល​សៀម បាន​រារាំង​យន្តការ​នេះ ដែល​អាច​នាំឱ្យមាន​អន្តរាគមន៍​បារាំង នៅ​កម្ពុជា ។​

​    ​សូម​រំលឹក​ឡើងវិញ​ថា ពី​សតវត្សរ៍​ទី​១៨ ដល់​ឆ្នាំ​១៨៥០ ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ប្រទេស​សាមន្តរាជ ដែល​មិនមាន​សិទ្ធិ​សម្រេច​អ្វីៗ​ទាំងអស់​ដោយ​ខ្លួនឯង​បានឡើយ បើ​គ្មាន​ការអនុញ្ញាត ឬ​ឯកភាព​ពី​ស្តេច​សៀម ។​

Cambodia Website Design

​    ​ចំពោះ​ការខិតខំ​ងើប​បម្រាស់ ពី​នឹម​បរទេសជិតខាង​នេះ ដើម្បី​ធ្វើឱ្យ​អធិបតេយ្យភាព​ខ្មែរ​ឱ្យ​រស់​ឡើងវិញ យើង​អាច​ដឹង​តាមរយៈ​រាជសារ​ទី​១ របស់​ព្រះមហាក្សត្រ​ខ្មែរ ដែល​បាន​ផ្ញើ​ទៅកាន់ ព្រះ​ចៅ​អធិរាជ​បារាំង ព្រះនាម ណាប៉ូឡេអុង នៅ​ឆ្នាំ​១៨៥៦ ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​នេះ​៖

​    ​យើង ព្រះ​ហរិរក្ស​រាមា មហា​ឥស្សរាធិបតី ព្រះបាទ​អង្គឌួង ព្រះមហាក្សត្រ នៃ​ប្រទេស​កម្ពុជា សូម​សម្តែង​នូវ​មិត្តភាព​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​ព្រះករុណា អធិរាជ ណាប៉ូឡេអុង​ទី​៣ អធិរាជ​នៃ ប្រទេស​បារាំង ។​

​    ​ដោយមាន​បំណង ដើម្បី​បង្ហាញ​នូវ​សេចក្តី​ស្មោះត្រង់​របស់​ទូល ព្រះ​បង្គំ​ចំពោះ​ព្រះករុណា ទូលព្រះបង្គំ មាន​កិត្តិយស​សូម​ថ្វាយ​ព្រះករុណា​ទ្រង់​ជ្រាបថា ទូលព្រះបង្គំ​មាន​ហឫទ័យ​រីករាយ ចំពោះ​ដំណើរ​ទស្សនកិច្ច ដែល​បាន​ធ្វើឡើង​ចំពោះ​ទូលព្រះបង្គំ​ដោយ បេសកជន​របស់​ព្រះករុណា លោក Charles de Montigny ។ ទូលព្រះបង្គំ បាន​បញ្ជា​ឱ្យ​មន្ត្រី​ថ្នាក់ខ្ពស់​របស់ ព្រះរាជាណាចក្រ​កម្ពុជា​បីនាក់ និង​មន្ត្រី​ថ្នាក់​បន្ទាប់បន្សំ​១៥​នាក់​ទៀត ទៅ​ទទួល​ស្វាគមន៍ លោក Charles de Montigny នៅ​ខេត្តកំពត ។ ពីព្រោះថា ចាប់តាំងពី​ច្រើន​ឆ្នាំ​មកហើយ សាសន ទូត​បារាំង ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា បានឱ្យ​ទូលព្រះបង្គំ​ដឹង​ជាមួយនឹង​ពាក្យ​សរសើរ​ជាច្រើន​ថា អធិរាជ​បារាំង ទ្រង់មាន​ព្រះរាជហឫទ័យ អាណិត​ករុណា ចំពោះ​ប្រជាជាតិ​ទាំងអស់​មិន​គ្រាន់តែ​គិតគូរ ដល់​ផលប្រយោជន៍​របស់​រដ្ឋ​វា​សី (​ជន​ដែល​រស់នៅក្នុង​រដ្ឋ​) ប៉ុណ្ណោះ​ទេ ព្រះអង្គ​ថែមទាំង​ការពារ ដើម្បី​ធានា​នូវ​ភាព សុខសាន្ត និង​សុខុមាលភាព​របស់​ពួកគេ​ថែម​ទៀតផង ។ ទើប​ពេល​ក្រោយមក ព្រះ​ចៅ​អធិរាជ​បារាំង គឺជា​ព្រះមហាក្សត្រ​ដ៏​ល្អ និង​មិន​មានបំណង​ដូច​មហាក្សត្រ​ផ្សេងៗ​ទៀត​នៅ​អឺរ៉ុប ដែល​តែងតែ​ស្វែងរក​ការធ្វើ អាជីវកម្ម​លើ​ប្រទេស​ដទៃទៀត​នោះទេ​។

​    ​ដោយហេតុនេះ ទូលព្រះបង្គំ​មាន​ហឫទ័យ​រីករាយ​ខ្លាំងណាស់ ដើម្បី​សម្រេច​ជាមួយ​ព្រះ​ចៅ​អធិរាជ​បារាំង នូវ​សម្ព័ន្ធភាព​ដ៏​ស្ថិតស្ថេរ​មួយ​ទៅនឹង​ប្រទេស​ដ៏​ធំ និង​មាន​មួយ​នេះ​នូវ​គុណ ប្រយោជន៍​សម្រាប់​ប្រជាជន ។ ដោយហេតុនេះ បានជា​ទូលព្រះបង្គំ​បានឱ្យ​អ្នក​កាន់សាសនា Ridre avire madakta Miche Posdansera ទទួលបន្ទុក​សរសេរ នូវ​លិខិត​មួយ​នេះ ដើម្បី​បង្ហាញ​នូវ មិត្តភាព​របស់​យើង និង​ថ្វាយ​ដល់​ព្រះករុណា ព្រះ​ចៅ​អធិរាជ​បារាំង នូវ​ដំរី​ការពារ​បួន​ក្បាល ស្នែង​រមាស​ពីរ ថ្នាំ​គូរគំនូរ​ពណ៌​លឿង​ចំនួន​៥០ Piculs, ស្ករ​ប្រាំ Piculs, ម្រេច​បួន Piculs ” ។ (Cf. ដកស្រង់​ចេញពី LECLERE, Adhemar, 1914, Histoire du Cambodge)

​    ​សូមជម្រាបថា ដោយសារតែ​ព្រះលិខិត​នេះ នៅ​ឆ្នាំ​១៨៥៣ បាន​ស្ថិតនៅ​រយៈពេល​ជាច្រើន​ឆ្នាំ ដោយ​គ្មាន​ការឆ្លើយតប ទើប​ព្រះបាទ​អង្គឌួង បាន​ផ្ញើ​ព្រះរាជសារ​មួយទៀត​នៅ​ខែ វិច្ឆិកា ឆ្នាំ​១៨៥៦ ។​

​    ​ខ្លឹមសារ​នៃ​ព្រះលិខិត​ទី​២ ដែល​ចុះ​នៅ​ខែវិច្ឆិកា ឆ្នាំ​១៨៥៦ មាន​ខ្លឹមសារ​ដូចតទៅ​៖
​    ​ឥឡូវនេះ ទូលព្រះបង្គំ​បាន​ថ្វាយ​ដល់​ព្រះអង្គ​នូវ​សំពត់ និង​ដំរី​ការពារ ចំនួន​៤​ក្បាល ដែលជា​ដ​ង្វា​យ​ដ៏​ស្តួចស្តើង ដែលមាន​គោលបំណង​តែមួយគត់ ដើម្បីឱ្យ​ព្រះអង្គ​បានដឹង​អំពី​ហឫទ័យ ទូលព្រះបង្គំ​។ តាម​ការពិត​នៅក្នុង​ពេលនេះ លោក M.de Montigny ដែល​ត្រូវ​អញ្ជើញ​ទៅ​ពិភាក្សា​ជាមួយ​អណ្ណាម បន្ទាប់មក​លោក​បានធ្វើ​ដំណើរ​រហូត ទៅដល់​ប្រទេស​ចិន​ទៀត​នោះ គឺ​មិនអាច ចូលទៅ​ប្រទេស​បារាំង​បានឡើយ ។ ដោយហេតុ​នេះហើយ ទូលព្រះបង្គំ​ផ្ញើថ្វាយ​ព្រះអង្គ​នូ​វដ​ង្វា​យ​បន្តិចបន្តួច​នេះ គឺ​គ្រាន់តែ​ដើម្បី​បង្ហាញ​នូវ​មិត្តភាព​របស់​ទូលព្រះបង្គំ ហើយ​ព្រម​ជាមួយនេះ ទូលព្រះបង្គំ​ក៏​សូម​ថ្វាយ​ដល់​ព្រះករុណា ព្រះ​ចៅ​អធិរាជ​បារាំង ទ្រង់​ជ្រាប​ដូចតទៅ​នេះ​

​    ​កាលពីមុន​ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដ៏​ធំ​ទូលាយ​មួយ ដែលមាន​ខេត្ត​ធំៗ ។ ក្រោយមក​ពួក​អណ្ណាម ដែលជា​មនុស្ស​អ​សុទ្ធចិត្ត ដែល​បានធ្វើ​សម្ព័ន្ធមិត្ត​ជាមួយ​ប្រទេស​កម្ពុជា​នោះ បាន​ស្វែង រក​ការផ្តាច់​ចេញពី​ប្រទេស​កម្ពុជា ជួនកាល​ស្រុក​មួយ ជួនកាល​ស្រុក​ពីរ​។ នៅក្នុង​អំឡុង នៃ​ការបះបោរ​របស់​ពួក​តី​សី​ន ( Tay son) ស្តេច​យ៉ា​ឡុង ទ្រង់​យាង​គេច​ចេញពី​ព្រះរាជាណាចក្រ របស់​ព្រះអង្គ មកសុំ​ការជួយ​សង្គ្រោះ​ពី​ព្រះរាជាណាចក្រ ក្រុង​ទេព (​សៀម​) ពេលនោះ​ស្តេច​អណ្ណាម បាន​ជួប​ព្រះបិតា​ជាទីគោរព របស់​ទូលព្រះបង្គំ ដែល​ពេលនោះ ព្រះ​អង្គជា​ព្រះមហាក្សត្រ របស់​កម្ពុជា ដែល​ព្រះអង្គ​ទទួលបាន​នូវ​សម្ព័ន្ធភាព ។​

​    ​ក្រោយពី​ភៀស​ព្រះកាយ​មក​នៅ​ក្រុង​ទេព និង​ក្រោយមក​បានមក​គង់នៅ ស្រុក​ព្រះ​ត្រពាំង ( ត្រា​វិញ​) ដែលជា​ទឹកដី​របស់​កម្ពុជា ទីកន្លែង​ដែល​ព្រះអង្គ បានរៀបចំ​កងទ័ព ដើម្បី​ប្រយុទ្ធ ប្រឆាំង​ពួក​តី​សឺ​ន ព្រះករុណា​ព្រះបិតា​ជាទី គោរព​របស់​ទូលព្រះបង្គំ បាន​បញ្ជូន​កងទ័ព​ទៅ​ជួយ​ព្រះអង្គ​រហូតដល់​ព្រះអង្គ​ទទួលបាន​ជ័យជម្នះ​លើ​ពួក​តី​សឺ​ន ហើយ​ត្រូវបាន​ឡើង​សោយរាជ្យ​នៅ​អណ្ណាម ។ ដោយ​ទ្រង់​វាយតម្លៃថា ស្រុក​ព្រះ​ត្រពាំង គឺជា​អ្នកធ្វើ​គុណ​ចំពោះ​ព្រះអង្គ​ស្តេច​យ៉ា​ឡុង បានស្នើ​សុំ​ដល់​ព្រះបិតា ជាទីគោរព​របស់​ទូល​ព្រះ​បង្គំ​ឱ្យ​ស្រុក​នេះ រួចខ្លួន​ពី​ការនាំ​សួយសារអាករ (​ទៅ​ប្រទេស​កម្ពុជា​) និង​កុំ​ប្រើ​អ្នកស្រុក​នេះ​ឱ្យ​ធ្វើការ​។ ព្រះករុណា​ព្រះបិតា​របស់​ទូលព្រះបង្គំ បាន​ចាត់ទុកថា នេះ​គឺជា​អំពើ​អាណិតអាសូរ​មួយ​ចំពោះ សម្ព័ន្ធមិត្ត​នោះ ក៏​ទ្រង់​យល់ព្រម​ចំពោះ ការស្នើ​នេះ និង​មិន​បានដាក់​អ្នកស្រុក​នេះ ឱ្យ​ស្ថិតនៅក្រោម​កំណែន​ណាមួយ​ឡើយ ។

​    ​យូរ​ក្រោយមក ស្តេច យ៉ា ឡុង បានធ្វើឱ្យ​ស្រុក​នោះ ក្លាយទៅជា​អាណានិគម​មួយ​របស់​អណ្ណាម រហូតដល់​រជ្ជកាល​ព្រះរាម​របស់​ទូលព្រះបង្គំ ដែល​ព្រះអង្គ​បាន​បែរ​ទៅរក​អធិរាជ យ៉ា ឡុង ដើម្បី​ស្នើ​សុំឱ្យ​អធិរាជ យ៉ា ឡុង គាំទ្រ​ព្រះអង្គ ។ ចំណែក​ទូលព្រះបង្គំ ក៏បាន​យាង​ទៅ​ព្រះរាជាណាចក្រ​ក្រុង​ទេព ។ ព្រះរាជបុត្រ​របស់​ព្រះ​ចៅ យ៉ា ឡុង ព្រះនាម មិញ ម៉ាង បាន​ឡើង​សោយរាជ្យ និង​បាន​បញ្ជា​ឱ្យគេ​ជីក​ព្រែ​កមួយ កាត់​ព្រះរាជាណាចក្រ​កម្ពុជា ចាប់តាំងពី​ពាម​រហូតដល់​ចូ​វ​ដុក ដើម្បី​រៀបចំ​ដាក់​មន្ត្រី និង​ប្រជាជន​អណ្ណាម​។ នៅពេល​សោយ​ទិវង្គត​ព្រះបិតា​ជាទីគោរព​របស់ ទូលព្រះបង្គំ បាន​បន្សល់ទុក​ព្រះរាជ​បុត្រី មួយ​ព្រះអង្គ ( មហេសី​ទី​១ ) ។ អធិរាជ មិញ ម៉ាង ក្នុងការ​ចាត់វិធានកា​រ​បង្ក្រាប បាន​បញ្ជា​ឱ្យ​នាំខ្លួន​ព្រះរាជ​បុត្រី​របស់ ព្រះរាម​ជាទីគោរព​របស់​ទូលព្រះបង្គំ ព្រះ​មាតា​របស់​ទូលព្រះបង្គំ ព្រះរាជបុត្រ​ផ្ទាល់​របស់​ទូលព្រះបង្គំ និង​បាន​ឱ្យគេ​ធ្វើគ​ត​ព្រះរាជ​បុត្រី​មួយអង្គ​របស់​ព្រះរៀម​ជាទីគោរព​របស់​ទូលព្រះបង្គំ ព្រមទាំង​បាន​បញ្ជា​ឱ្យ​មន្ត្រី​ធំៗ និង​អ្នកស្រុក នៃ​ប្រទេស​កម្ពុជា ឱ្យទៅ​រស់នៅ​ទី​ឆ្ងាយ អ្នកខ្លះ​នៅលើ​កោះ និង​អ្នក​ខ្លះទៀត ទៅ​ជាយដែន​តុងកឹង នៅ​ជិត​ប្រទេស​ចិន ។ ប្រជាជន​កម្ពុជា បានដឹង​អំពី​បំណង​អាក្រក់​របស់​អធិរាជ​អណ្ណាម បាន​ងើប​បះបោរ និង​បានសម្លាប់​រង្គាល​ប្រជាជន​អណ្ណាម​។ ពួកគេ​បានស្នើ​សុំ​ទូលព្រះបង្គំ​យាង​ចេញពី​ព្រះរាជាណាចក្រ​ក្រុង​ទេព ដើម្បី​សោយរាជ្យ (​នៅ​ប្រទេស​កម្ពុជា​)​។

​    ​ព្រះមហាក្សត្រ ព្រះបាទ សាង​ខ្លៃ ចៅ​យូ​ហួរ បាន​បញ្ជា​ឱ្យ “​ចៅពញា បូ​ឌី​ន តេ​ជៈ ” ដែលជា ឧ​ត្ត​ម​សេនីយ៍​កងទ័ព​ម្នាក់ ដើម្បី​ដឹកនាំ​កងទ័ព ដែលមាន​ទាហាន​ជាង​៥​ពាន់ នាក់ ជាមួយ​កាំភ្លើង​ធំ កាំភ្លើង​តូច អាវុធ គ្រាប់រំសេវ ក្រណាត់ របស់របរ ប្រាក់ កាស មាស គឺជា​ទ្រព្យ​ដ៏​ច្រើន​សម្បើម មកពី​ឃ្លាំង​របស់​ស្តេច ដើម្បី​ជួយ​ទូលព្រះបង្គំ ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ ពួក​អណ្ណាម​។ សង្គ្រាម​បាន​ប្រព្រឹត្តទៅ ប្រហែល​១៨​ឆ្នាំ នៅ​ប្រទេស​កម្ពុជា​។ អធិរាជ​អណ្ណាម​បានស្នើ​ចងសម្ព័ន្ធភាព ជាមួយ​ទូលព្រះបង្គំ ដោយ​យល់​ព្រមឱ្យ ធ្វើ​មាតុភូមិនិវត្តន៍ នៃ​ព្រះ​មាតា​ជាទី គោរព​របស់​ទូលព្រះបង្គំ និង​នាហ្មឺន មន្ត្រី​ទាំងអស់​ក៏ដូចជា​ប្រជាជន​កម្ពុជា ដែល​ត្រូវបាន​គេ​និរទេស​ឱ្យទៅ​រស់នៅ​លើ​កោះ និង​ស្រុក​ផ្សេងៗ​។ ស្តេច​អណ្ណាម បានទទួល​ស្គាល់​ព្រះមហាក្សត្រ នៃ​ប្រទេស​កម្ពុជា និង​បានធ្វើ​អំណោយ នូវ​ត្រា​អណ្ណាម​ពីរ មួយ​ធំ​មួយ​តូច​ដល់ ទូលព្រះបង្គំ និង​បាន​សន្យា​ប្រគល់​មកឱ្យ​ស្រុក​ខ្មែរ​វិញ នូវ​ទឹកដី​កម្ពុជា​ទាំងអស់ ដែល​ពួក​អណ្ណាម​បាន​ដណ្តើមយក​។ ឧ​ត្ត​ម​សេនីយ៍ “​ចៅពញា បូ​ឌី​ន តេ​ជៈ ” បានទូល​ប្រាប់​ទូលព្រះបង្គំ​បានទទួល​មកវិញ នូវ​ព្រះ​មាតា​ជាទីគោរព​របស់ ទូល​ព្រះ​ប​ង្កំ​នៅ​ចុល្លសករាជ​១២០៩ ឆ្នាំមមែ ទសវត្សរ៍​ទី​៩ ។​

​    ​បន្ទាប់មក​មិន​គ្រាន់តែ​ទឹកដី ដែល​អណ្ណាម បាន​សន្យា​ប្រគល់​មកឱ្យ (​ប្រទេស​កម្ពុជា​) ហើយ​មិនត្រូវ​បានប្រគល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​បែរជា បានទទួល​នូវ​ការហាមឃាត់​មិនឱ្យ​ទទួល នូវ​សួយសារអាករ​ពីរ​ដ្ឋ នៅក្នុង​ចំណុះ និង​ប្រជារាស្ត្រ​កម្ពុជា ដែល​បាន​កសាង​នាវា​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បរទេស​នោះ មិនត្រូវ​បានអនុញ្ញាត​ឱ្យធ្វើ​ឡើយ ។​

​    ​បញ្ហា​ដែល​កើត​មាននៅ​ប្រទេស​កម្ពុជា​នេះ ព្រះករុណា​អ​ធិ​រាជា​បារាំង ត្រូវ​ព្រះតម្រិះ​អំពី​ការបង្កើត​ការ ត្រួតត្រា​របស់​អណ្ណាម ដោយ​គ្រាន់តែ​ការកាន់កាប់​របៀប​យ៉ាង​សុខសាន្ត ២០០​ឆ្នាំ​មកហើយ​។ ស្រុក​ដែល​ពួក​អណ្ណាម​យក​ធ្វើជា​របស់ខ្លួន នៅពេល​ក្រោយមក គឺ​សេកុង លង់​ហោរ សា​ដែក ស្មឺ​ធ័​រ ចូ​វ​ដុក ក្រមួនស អូ​ម៉ុ​ន ទឹកខ្មៅ ស្រុក​ពាម និង​កោះត្រល់ កោះ​ត្រឡាច ។ អំ​ណេះ​តទៅ ប្រសិនបើ​ពួក​អណ្ណាម ប្រគល់ឱ្យ​អធិរាជ​បារាំង​នូវ​ទឹកដី​ទាំងនេះ និង​ទឹកដី​ផ្សេងៗ​ទៀត​នោះ ទូលព្រះបង្គំ​សូម​អង្វរ​ព្រះករុណា អធិរាជ​បារាំង សូមមេត្តា​កុំ​ព្រម​ទទួល​ឱ្យសោះ ពីព្រោះថា ទេស​ភូមិ​នេះ គឺ​ពិតជា​ទឹកដី​របស់​កម្ពុជា​ផ្នែក​ដែល​ចេញពី​ត្រើយ​ខាងកើត នៃ​ទន្លេសេកុង រហូតដល់​ពាម (​ហា​ទៀន​) ដោយ​រួមទាំង​កោះ​ពីរ​ផង​នោះ ត្រូវតែ​ស្ថិតនៅ​ជា​របស់​កម្ពុជា ដូចពេលមុន​។ ចំណែក​តំបន់ ដែល​ស្ថិតនៅលើ​ត្រើយ​ខាងកើត នៃ​ទន្លេសេកុង ដែល​ពួក​អណ្ណាម បាន​កាន់កាប់​ចាប់តាំងពី​យូរ​មកហើយ ទូលព្រះបង្គំ និង​តវ៉ា​ទាមទារ​ទេ ។​

​    ​មូល​ហេតុដែល​ទូលព្រះបង្គំ យក​បញ្ហា​ទាំងនោះ ទូលថ្វាយ​ព្រះករុណា អធិរាជ​បារាំង ដើម្បី​ទ្រង់​ជ្រាប ដ៏​ខ្ពង់ខ្ពស់​នោះ គឺ​ព្រោះតែ​ទូលបង្គំ​មិន​ចង់ ដោយសារតែ​ទ្រព្យសម្បត្តិ​របស់​យើង ហើយ​ត្រូវឱ្យ​យើង​ទទួល​ឈឺចាប់​ថែមទៀត​នោះទេ ។ ដូច្នេះ​ព្រះករុណា អធិរាជ​បារាំង និង​ទទួលបាន​នូវ​ព្រះកិត្តិនាម​ល្បីល្បាញ​ដ៏​ពិត​ប្រាកដថា ជា​មហាក្សត្រ ដែលមាន​ទឹក​ព្រះទ័យ ទូលាយ និង​ដែល​បានធ្វើការ ដើម្បី​ផលប្រយោជន៍​របស់​ប្រទេស​ផ្សេងៗ​ទៀត ហើយ​ប្រជាជន​កម្ពុជា និង​ប្រជាជន​បារាំង និង​ស្រឡាញ់គ្នា ហើយនឹង​រក្សា​ឱ្យបាន​ស្ថិតស្ថេរ​នូវ​ទំនាក់ទំនង​ដ៏​ល្អ​របស់​ប្រទេស​ទាំង ពីរ​។​
​    ​ធ្វើ​នៅ​ព្រះបរមរាជវាំង​ឧដុង្គ និង​ប្រថាប់ត្រា​នៅ​ថ្ងៃ​អង្គារ ខែកត្តិក ថ្ងៃទី​១៣​រោជ ចុល្លសករាជ ១២១៥ ឆ្នាំ រោង​, អដ្ឋស័ក (​ទសវត្សរ៍​ទី​៨)៕
​    ​ផ្ញើ​ទៅ​សាំង​កា​ប៉ូ (​សិង្ហ​បុរី​)
​    ​ព្រះករុណា​ទ្រង់​ឡាយព្រះហស្តលេខា​អង្គឌួង​៕ ម​.​ត្រា​ណេ​

You might also like More from author

Leave A Reply

Your email address will not be published.