សុខភាព​លោក ខៀវ សំផន មាន​ភាព​ប្រសើរ

4
Cambodia Website Design

មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ​នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ២ ឱ្យ​ដឹង​ថា ជន​ជាប់​ចោទ ខៀវ សំផន ដែល​មាន​ជំងឺ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ មាន​ស្ថានភាព​ល្អ​ខ្លះ​ហើយ។ មន្ត្រី​សាលាក្ដី​ខ្មែរក្រហម​បញ្ជាក់​ថា ពេទ្យ​ត្រូវ​ពេល​វេលា​បួន ឬ​ប្រាំ​ថ្ងៃ សម្រាប់​ពិនិត្យ​តាម​ដាន​ជំងឺ។

មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ ខៀវ សំផន នៅ​ក្នុង​សំណុំ​រឿង ០០២ វគ្គ ២ គឺ​លោក គង់ សំអុន ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​១១ មករា​ថា ស្ថានភាព​សុខភាព​របស់​កូន​ក្ដី​លោក បាន​គ្រាន់​បើ​ជាង​មុន ទោះ​ជា​ត្រូវ​នៅ​បន្ត​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅ​ឡើយ៖ «ជា​ទូទៅ​បាន​ប្រសើរ​ហើយ​មក​ដល់​ពេល​នេះ ប៉ុន្តែ​ការ​ព្យាបាល​នៅ​តែ​មាន​ធ្វើ​បន្ត។ អ៊ីចឹង​លោក​មិន​បាន​ចាក​ចេញ​ទេ»

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​អាទិត្យ ទី​១១ មករា​ ដដែល អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា បញ្ជាក់​បន្ថែម​ថា ស្ថានភាព​សុខភាព​ជន​ជាប់​ចោទ ខៀវ សំផន នៅ​ថេរ ហើយ​ការ​បន្ត​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​ឡើយ​នេះ គឺ​ដើម្បី​ទុក​ពេល​ឱ្យ​ក្រុម​គ្រូពេទ្យ​តាមដាន និង​ព្យាបាល​ជំងឺ​របស់​គាត់៖ «បានន័យថា ស្ថានភាពសុខភាពរបស់គាត់ស្ថិតនៅក្រោមការតាមដានត្រួតពិនិត្យព្យាបាលរបស់ក្រុមគ្រូពេទ្យ ហើយរបាយការណ៍លម្អិតទាក់ទងនឹងស្ថានភាពសុខភាពថា តើ​មាន​ការវិវឌ្ឍយ៉ាងម៉េច យើងមិនទាន់បានទទួលនៅឡើយទេ ហើយយើងសង្ឃឹមថា នៅដើមសប្ដាហ៍នេះ របាយការណ៍របស់ក្រុមគ្រូពេទ្យនឹងបញ្ជូនមកកាន់អង្គជំនុំជម្រះសាលាដំបូង»

Cambodia Website Design

គ្រូពេទ្យ​ប្រចាំ​សាលាក្ដី​ខ្មែរ​ក្រហម សម្រេច​បញ្ជូន​ជន​ជាប់​ចោទ ខៀវ សំផន ទៅ​មន្ទីរពេទ្យ​ភ្លាមៗ កាល​ពី​នៅ​រសៀល​ថ្ងៃ​ទី​៨ មករា ដោយសារ​បញ្ហា​វិល​មុខ​ខ្លាំង និង​សម្ពាធ​ឈាម​គាត់​ឡើង​ខ្ពស់ ដែល​ធ្វើ​ឱ្យ​គាត់​មិន​អាច​ចូលរួម​សវនាការ​បាន។

បញ្ហា​នេះ បណ្ដាល​ឱ្យ​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលា​ក្ដី​ខ្មែរក្រហម ដែល​ចាប់​ផ្ដើម​ធ្វើ​សវនាការ​របស់​ខ្លួន​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៨ មករា នោះ បង្ខំ​ចិត្ត​ផ្អាក​សវនាការ​របស់​ខ្លួន​លើ​សំណុំ​រឿង ០០២ វគ្គ ២ នោះ។ អង្គ​ជំនុំជម្រះ​សាលាដំបូង​គ្រោង​ចាប់​ផ្ដើម​ធ្វើ​សវនាការ​របស់​ខ្លួន​ឡើង​វិញ នៅ​ថ្ងៃ​ទី​១៥ មករា។

មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន លោក គង់ សំអុន ថ្លែង​បន្ថែម​ថា តាម​ស្ថានភាព​សុខភាព​របស់​កូន​ក្ដី​លោក​ដូច​ពេល​នេះ កូន​ក្ដី​លោក​អាច​នឹង​ចូល​រួម​សវនាការ​នៅ​ថ្ងៃ​ទី​១៥ មករា ខាង​មុខ​បាន៖ «បើ​សិន​ជា​ស្ថានភាព​នៅ​បន្ត​ប្រសើរ​បែប​នេះ អា​ហ្នឹង​ប្រហែល​ជា​គាត់​អាច​ចូល​បាន លើក​លែង​តែ​មាន​បញ្ហា​អី​ផ្សេង​ទៀត​ទាក់ទង​សុខភាព​របស់​គាត់។ ប៉ុន្តែ​បើ​ស្ថានភាព​បច្ចុប្បន្ន​នេះ មើល​ទៅ​ឃើញ​ថា ការ​ព្យាបាល​របស់​ពេទ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ»

អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​ចាប់​ផ្ដើម​ធ្វើ​សវនាការ​របស់​ខ្លួន​ឡើង​វិញ លើ​សំណុំ​រឿង ០០២ វគ្គ ២ បន្ត​ទៀត កាល​ពី​នៅ​ព្រឹក​ថ្ងៃ​ទី​៨ មករា ហើយ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​ឈ្មោះ មាស សុខា បាន​មួយ​ព្រឹក។ សក្ខីកម្ម​របស់​សាក្សី​ឈ្មោះ មាស សុខា គឺ​ទាក់ទង​ទៅ​នឹង​រឿងរ៉ាវ​នៅ​សហករណ៍​ត្រាំកក់ ការ​ប្រព្រឹត្ត​ទៅ​លើ​ពុទ្ធសាសនិក និង​មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់ នៅ​ខេត្ត​តាកែវ ដែល​ជា​អង្គហេតុ​នៅ​ក្នុង​សំណុំ​រឿង ០០២ វគ្គ ២៕

ប្រភព៖ RFA

Comments

comments

You might also like More from author