ប្រអប់ខ្មៅ​យន្តហោះ ​AirAsia ​ត្រូវបាន​រកឃើញ​នៅ​បាត​សមុទ្រ

0
Cambodia Website Design

ក្រោយ​ពីបាន​ព្យាយាម​​ស្វះស្វែងរក​អស់រយៈពេល​២សប្តាហ៍​ ប្រអប់ខ្មៅ​របស់​យន្តហោះ AirAsia ដែល​ធ្លាក់​កាលពីថ្ងៃ​អាទិត្យ ទី២៨​ធ្នូ​កន្លងទៅ ត្រូវ​បាន​គេ​រកឃើញ​ហើយ​ នៅថ្ងៃ​អាទិត្យ ក៏ប៉ុន្តែ គេ​នៅ​មិនទាន់​អាច​ស្រង់​​ប្រអប់ខ្មៅ​​នេះ​​ចេញ​ពី​បាតសមុទ្រ​បាន​នៅឡើយទេ។

Cambodia Website Design

 

យោងតាម​ការអះអាង​របស់​មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី ប្រអប់​ខ្មៅ​របស់​យន្តហោះ AirAsia ត្រូវ​​ក្រុមអ្នក​មុជទឹក​នៃ​កងទ័ព​ជើងទឹក​ឥណ្ឌូណេស៊ី​រកឃើញ នៅ​បាត​សមុទ្រ ជម្រៅ​ប្រមាណ​ជាង ៣០ម៉ែត្រ។ ក៏ប៉ុន្តែ គេ​នៅ​មិន​ទាន់អាច​​ស្រង់​យក​ប្រអប់ខ្មៅ​នេះ​ចេញ​ពី​សមុទ្រ​បាន​នៅឡើយទេ ដោយ​ប្រអប់ខ្មៅ​នេះ​ជាប់​នៅ​ក្នុង​បំណែក​នៃ​តួ​យន្តហោះ។ ប្រតិបត្តិការ​ស្រង់យក​ប្រអប់ខ្មៅ​​នឹង​ត្រូវ​ចាប់ផ្តើម​ធ្វើ នៅថ្ងៃ​ចន្ទ។

គួរបញ្ជាក់ថា ការស្វែងរក​ប្រអប់ខ្មៅ​ ដែល​បាន​ចំណាយ​ពេល​អស់រយៈ​ពេល​​២សប្តាហ៍​ហើយ​ត្រូវ​ជួប​ប្រទះ​នឹងភាព​ស្មុគស្មាញ​យ៉ាងច្រើន ដោយសារ​តែស្ថានភាព​អាកាសធាតុ​មិន​អំណោយផល ​​បាន​ចាប់ផ្តើមមាន​ពន្លឺ​នៃ​ក្តីសង្ឃឹម នៅថ្ងៃ​អាទិត្យ នៅ​ពេល​ដែល​ក្រុមស្រាវជ្រាវ​ចាប់បាន​សញ្ញា​ដែល​គេជឿ​ថា​ជា​សញ្ញា​ផ្តល់​ចេញ​ពី​ប្រអប់​ខ្មៅ។

ជាទូទៅ គ្រប់​​យន្តហោះ​ដឹកអ្នក​ដំណើរ​​ទាំងអស់​តែងតែ​​មាន​ប្រអប់ខ្មៅ​​​​ចំនួន​ពីរ គឺ​ប្រអប់ខ្មៅ​មួយ សម្រាប់​ថត​សំឡេង នៅ​ក្នុង​បន្ទប់​បើក​បរ និង​ប្រអប់ខ្មៅ​មួយទៀត សម្រាប់​ថត​ទិន្នន័យ​​សំខាន់ៗ​ទាក់ទង​នឹង​ការហោះហើរ​របស់​យន្តហោះ។ ​ប្រអប់ខ្មៅ​​ទាំងពីរ​នេះ​ ដែល​តាមពិត​មាន​ពណ៌​ទឹកក្រូច គឺ​​ជា​ឧបករណ៍​ដ៏​សំខាន់​បំផុត សម្រាប់​ការ​ស៊ើបអង្កេត​រក​​ឲ្យឃើញ​នូវ​លក្ខខណ្ឌ និង​មូលហេតុ ដែ​លនាំ​ឲ្យ​យន្តហោះ AirAsia ជើងហោះហើរ​លេខ QZ8501 ត្រូវ​ធ្លាក់ នៅ​ពាក់​កណ្តាល​ផ្លូវ ក្នុងពេល​កំពុងហោះហើរ​ពី​ឥណ្ឌូណេស៊ី ទៅ​កាន់​សិង្ហបុរី កាល​ពីថ្ងៃ​អាទិត្យ ២៨ធ្នូ កន្លងទៅ។

គិតត្រឹម​ល្ងាច​ថ្ងៃ​អាទិត្យ នៅ​ក្នុង​ប្រតិបត្តិការ​ស្វែងរក​យន្តហោះ ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​នាវាមុជទឹក​មក​ពី​ប្រទេស​ជាច្រើន រួមមាន​ទាំង​អាមេរិក និង​ចិន​ផងនោះ គេ​បាន​រកឃើញ​ និង​ស្រង់​ចេញ​ពីទឹក​នូវ​សាកសព​អ្នក​ដំណើរ​ចំនួន ៤៨នាក់ ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំង ១៦២នាក់។ មន្រ្តី​ជាន់ខ្ពស់​ឥណ្ឌូណេស៊ី​បាន​អះអាង​ថា សាកសព​ភាគច្រើន​ទំនង​ជា​ជាប់​នៅ​ក្នុង​តួយន្តហោះ ដែល​គេ​ទើប​នឹង​រកឃើញ​ជាមួយ​ប្រអប់ខ្មៅ ​នៅថ្ងៃ​អាទិត្យ​នេះ៕

ប្រភព៖ RFI Khmer

You might also like More from author

Leave A Reply

Your email address will not be published.