សមាហរណកម្ម​អាស៊ាន​៖ ឱកាស​មួយ​សំរាប់​ការធ្វើ​ជំនួញ​នៅ​កម្ពុជា

4
Cambodia Website Design

ភ្នំពេញ: ​ខ្ញុំ​ទើបតែ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​បន្ទាប់ពី​បាន​ឈប់សំរាក​មួយរយៈ​ខ្លី​នៅ​សហរដ្ឋអាមេរិក​ជាមួយ​គ្រួសារ​ខ្ញុំ​។ ពិតមែន​ហើយ​ថា​ខ្ញុំ​បាន​សប្បាយរីករាយ​ជាមួយ​ពួកគេ​តែ​ខ្ញុំ​នៅតែ​តាមដាន​ព័ត៌មាន​ចុងក្រោយ​បំផុត​នៅ​ប្រទេស​កម្ពុជា​ហើយ​និយាយ​ជាមួយ​មនុស្ស​ជាច្រើន​ស្តីពី​អ្វីដែល​ស្ថានទូត​អាមេរិក​កំពុង​ធ្វើ​ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​រវាង​ប្រទេស​យើង​ទាំងពីរ​។ ដោយ​ឥឡូវនេះ​ចូលដល់​ឆ្នាំ ២០១៥ ហើយ​នោះ​យើង​មានការ​ត្រៀម​ជាស្រេច​ដើម្បី​ធ្វើការ​ជាមួយ​ប្រជាជន​កម្ពុជា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ថ្មីៗ និង​រកមើល​ឱកាស​ថ្មីៗ នៅ​ឆ្នាំនេះ​។

លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​

ដោយ​គិត​យ៉ាង​ដូច្នេះ​ខ្ញុំ​សង្ឃឹមថា​ខ្ទង់​សារព័ត៌មាន “​សួរ​ឯកអគ្គរដ្ឋទូត​” របស់ខ្ញុំ​នឹង​នៅតែ​ជា​មធ្យោបាយ​ល្អ​មួយ​សំរាប់ធ្វើ​ការប្រាស្រ័យ​ជាមួយ​ប្រជាជន​កម្ពុជា​។ ដោយមាន​ការគាំទ្រ​រប​ស់លោក​អ្នក​ខ្ទង់​សារព័ត៌មាន​នេះ​នឹង​បន្ត​ឆ្លើយ​ទៅនឹង​សំណួរ​និង​មតិ​ជាច្រើន​ទាក់ទង​នឹង​ប្រធានបទ​នានា​ជាច្រើន​។ ខ្ញុំ​រីករាយ​នឹង​ឆ្លើយ​សំណួរ​គ្រប់​សំណួរ​របស់លោក អ្នក​តែ​ខ្ញុំ​សូម​ចាប់ផ្តើម​ជាមួយ​លោក​ហេង​ដែល​បាន​សួរថា “​តើ​សមាហរណកម្ម​អាស៊ាន​មាន​ផល​យ៉ាងណា​ទៅលើ​ការពង្រីក​ឬ​ការវិនិយោគ​របស់​ក្រុមហ៊ុន​រកស៊ី​នៅ​កម្ពុជា​?”​។​

Cambodia Website Design

​បើ​គិត​អោយបាន​សព្វគ្រប់​ទៅ​សមាហរណកម្ម​អាស៊ាន​មាន​ភាព​វិជ្ជមាន​ល្អ​សំរាប់​ប្រទេស​កម្ពុជា​ក្នុងពេលដែល​កម្ពុជា​កំពុងធ្វើការ​ដើម្បី​ទាក់ទាញ​ការចូល​មករក​ស៊ី​ថែម​ទៀត​។ ជាមួយនឹង​ការកាត់បន្ថយ​ពន្ធគយ​និង​ការបង្កើត​ទីផ្សា​តែមួយ​អ្នកវិនិយោគ​នឹង​សំលឹង​រក​ប្រទេស​ដែលមាន​បរិយាកាស​ច្បាប់​មានការ​អនុគ្រោះ​ដែល​បំរើ​ទីផ្សា​អាស៊ាន​។ កម្ពុ​ជាមាន​បរិយាកាស​បែបនេះ​រួចស្រេច​ហើយ​ព្រមទាំង​មាន​ប្រវត្តិ​ដែល​ត្រូវ​បានបង្ហាញ​ច្បាស់ ក្នុងការ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​នានា​។

យ៉ាងណាក្តី​បញ្ហា​ប្រឈម​ជាច្រើន​នៅមាន​នៅឡើយ ដែលជា​ការធ្វើអោយ​កម្ពុ​ជា​មិនអាច​ទាញយក​ប្រយោជន៍​ពី​ឱកាស​ជា​សក្តានុពល​ទាំងនេះ ដែល​មានមក​ជាមួយនឹង​ការធ្វើសមាហរណកម្ម​អាស៊ាន​។ គ្រប់​ក្រុមហ៊ុន​ទាំងអស់​មាន​ជំរើស​លើ​ទីកន្លែង​ដែល​គេ​ត្រូវធ្វើ​ការវិនិយោគ​ហើយ​ប្រទេស​កម្ពុជា​គួរ​រំពឹងថា​ប្រទេសជិតខាង​របស់គេ​ក្នុង​សមាគម​អាស៊ាន​ក៏​នឹង​ជំរុញ​ផងដែរ​លើ​ការផ្លាស់ប្តូរ​ច្បាប់ ដើម្បី​ទាក់ទាញ​ការវិនិយោគ​ថ្មីៗ​។ វា​ជា​ការល្អ​សំរាប់​ប្រទេស​កម្ពុជា​ដែល​ក្នុងពេល​ថ្មីៗ​នេះ​រដ្ឋាភិបាល​បានធ្វើ​កំណែ​ទំរង់​មួយចំនួន​ដើម្បី​កែលំអ​បរិយាកាស​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​។​

​ការចាប់ផ្តើម​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ ២០១៥ មាន​ទាំង​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ទាំង​ឱកាស​ដ៏​សំខាន់​មួយ​សំរាប់​ប្រទេស​កម្ពុជា​។ ដើម្បី​បន្ត​កំណត់ត្រា​ដ៏​ល្អ​របស់ខ្លួន​ក្នុងការ​លូតលាស់ ហើយ​បង្កើតអោយមាន​ការងារ​ធ្វើ​សំរាប់​យុវជន​ប្រទេស​កម្ពុជា​ត្រូវការ​ទាក់ទាញ​ហើយ​លើកទឹកចិត្ត​ការវិនិយោគ​ថ្មីៗ ទាំង​ការវិនិយោគ​ក្នុងស្រុក​ទាំង​ការវិនិយោគ​ពី​បរទេស​។ តាមរយៈ​ក្របខ័ណ្ឌ​ច្បាប់​របស់ខ្លួន​ដែលមាន​ការអនុគ្រោះ​សំរាប់​ក្រុមហ៊ុន​រកស៊ី ប្រទេស​កម្ពុជា​បានទទួល​ជោគជ័យ​ច្រើន​ក្នុង​ទសវត្ស​កន្លងទៅនេះ​ដោយមាន​អត្រា​លូតលាស់​គិត​ជា​មធ្យម​ជាង ៧%​។

តែ​ទោះបីជា​បាន​ប្រឹងប្រែង​ហើយ​ក្តី​ក៏​កម្ពុជា​នៅមាន​រូបភាព​មិនសូវ​ល្អ​នៅក្នុង​ចំណោម​អ្នកវិនិយោគទុន​ដែល​ផ្តោត​តែ​ទៅលើ​បញ្ហា​ប្រឈម​របស់​ប្រទេស​កម្ពុជា​ជាជាង​លើ​ឱកាស​។ អ្វីដែល​អ្នកវិនិយោគ​ទាំងនេះ​មិនបាន​ដឹង​គឺថា​បើ​ប្រៀបធៀប​នឹង​ប្រទេសជិតខាង​របស់ខ្លួន​ប្រទេស​កម្ពុ​ជាមាន​បរិយាកាស​ល្អ​ផ្នែក​ធុរកិច្ច​។ មិន​ដូច​នៅ​ប្រទេស​ដទៃ​ជាច្រើន​ទៀត​នៅក្នុង​តំបន់​នេះ​ទេ​ក្រុមហ៊ុន​បរទេស​នៅ​កម្ពុជា​អាចមាន​ភាគហ៊ុន ១០០% ក្នុង​ក្រុមហ៊ុន​របស់គេ​ហើយ​អាច​បញ្ជូន​ចេញ​ក្រៅប្រទេស​ដោយ​ងាយ​នូវ​ប្រាក់ចំណេញ ហើយ​មាន​អត្រា​ពន្ធលើប្រាក់ចំណេញ​ស្ថិតក្នុង​ចំណោម​អត្រា​ទាប​ជាងគេ​ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន ហើយ​មានការ​លើកលែង​ពន្ធលើប្រាក់ចំណេញ​យូរ​ជាង​ប្រទេស​អាស៊ាន​ដទៃទៀត​ភាគច្រើន​។ ប្រទេស​កម្ពុជា​ត្រូវ​ការបន្ត​ធ្វើអោយ​អ្នកវិនិយោគទុន​យល់​ពី​ឱកាស​ដែល​ខ្លួន​ផ្តល់អោយ​។​

​យ៉ាងណាក្តី​ការឈាន​ទៅដល់​ដំណាក់កាល​បន្ទាប់​នៃ​ការអភិវឌ្ឍន៍ ពិសេស​បន្ទាប់ពី​ការធ្វើសមាហរណកម្ម​អាស៊ាន​ហើយ​នៅតែ​ត្រូវការ​ការងារ​ច្រើន​ទៀត​ដើម្បី​ដោះស្រាយ​កង្វល់​ដែល​អ្នកវិនិយោគ​មាន​ចំពោះ​ប្រទេស​កម្ពុជា​។ អនាគត​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​អាស្រ័យ​លើ​ការការពារ​សិទ្ធិ​របស់​កម្មករ និង​កែលំអ​លក្ខ​ខ័​ណ្ឌ​ការងារ​ដើម្បីអោយ​បរិយាកាស​ធុរកិច្ច​បន្ត​មាន​ស្ថិរភាព​។ ការខកខាន​មិនបាន​គោរព​តាម​បទដ្ឋាន​ធុរកិច្ច​និង​បទដ្ឋាន​ពលកម្ម​អន្តរជាតិ​រួមជាមួយ​នឹង​ការអត់ឱន​ចំពោះ​អំពើពុករលួយ និង​និ​ទណ្ឌ​ភាព​បង្កើតអោយមាន​បរិយាកាស​ភ័យខ្លាច​ដែល​ធ្វើអោយ​អនាគត​អ្នកវិនិយោគ​គេចចេញ​។ បើ​មានការ​កែលំអ​ថែមទៀត​នោះ​ប្រទេស​កម្ពុជា​អាចជា​គោលដៅ​ជ្រើសរើស​សំរាប់​ការអភិវឌ្ឍ​ធុរកិច្ច​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ ស៊ុន ចាន់ថុល​ សំរេចបាន​ច្រើន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​។ ទី​១ លោក​មើលឃើញថា​អំពើពុករលួយ​គឺជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ហើយ​ធ្វើអោយ​អ្នកវិនិយោគ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​មានការ​ញញើត​នឹង​មករក​ស៊ី​ថែមទៀត​។ ទី​២ ជា​ផ្នែក​មួយ​នៃ​ការខិតខំ​ដើម្បី​កាត់បន្ថយ​អំពើពុករលួយ​និង​បង្កើន​ប្រសិទ្ធភាព​ពេលនេះ​លោក​កំពុងតែ​គ្រោង​ដំណើរការ​ចុះបញ្ជី​ក្រុមហ៊ុន​ដោយ​ស្វ័យប្រវត្តិ​នៅ​ក្រសួងពាណិជ្ជកម្ម​។

លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ​ថែមទាំង​ផ្តើម​អោយមាន​ឡើង​នូវ​ដំណើរការ​ជ្រើសរើស​មនុស្ស​ធ្វើការ​តាមរយៈ​ការប្រកួតប្រជែង នៅក្នុង​ក្រសួង​របស់លោក​ដើម្បី​លុបបំបាត់​បក្សពួកនិយម​។ លោក​យល់ច្បាស់​ពី​សេចក្តីត្រូវការ​ក្នុងការ​ជំរុញ “​យីហោ​” របស់​ប្រទេស​កម្ពុជា​ដោយ​បង្កើន​ប្រសិទ្ធភាព​និង​លុបបំបាត់​អំពើពុករលួយ​។ ការខិតខំ​បន្ថែមទៀត​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​នៅ​កម្ពុជា​នឹង​ជួយ​ធានាបាន​នូវ​ក្តីសង្ឃឹម​នៃ​ការ​មានការ​អភិវឌ្ឍ​ប្រកបដោយ​សមធម៌ និង​តំលាភាព​ច្រើនឡើង​។ ការបង្កើន​ចំនួន​សេវា​តាម​ប្រព័ន្ធ​អ៊ិន​ធ័​រ​ណែ​ត​ការដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​និង​គ្រូបង្រៀន​កា​រប​ញ្ច្រា​ប​អត្ត​ច​រិ​ក​នៅក្នុង​ស្ថាប័នរដ្ឋ​ដែល​ផ្តល់​រង្វាន់​ដល់​ការងារ​មាន​ប្រសិទ្ធភាព​និង​ភាពស្មោះត្រង់ សុទ្ធតែជា​ជំហាន​ទៅមុខ​យ៉ាងសំខាន់​។​

​ទោះបី​ជាមាន​ភាពជឿនលឿន​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ​ទៅហើយ​ក្តី ក៏​អ្នកវិនិយោគទុន​នៅតែមាន​កង្វល់​នៅឡើយ​ពី​ចំនួន​អ្នកមាន​ជំនាញ​និង​ចំណេះដឹង​មិនសូវ​ច្រើន​ហើយ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ថ​មិនសូវ​ល្អ​នៅ​កម្ពុជា​។ តាមរយៈ​ការជំរុញ​ភាពត្រឹមត្រូវ​នៃ​ការប្រលង​ថ្នាក់ជាតិ​និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​អប់រំ​បានធ្វើអោយ​មាន​ភា​ព​ជឿនលឿន​ច្រើន​ក្នុងការ​បង្កើន​ចំនួន​អ្នកមាន​ជំនាញ​។ តែ​ផ្នែក​មួយទៀត​ដែល​ត្រូវការ​កំណែលំអ​គឺ​ការបង្រៀន​ភាសា​អង់គ្លេស​។

អង់គ្លេស​គឺជា​ភាសា​ដែល​គេ​និយម​ច្រើនជាងគេ​ក្នុង​អ៊ិន​ធ័​រ​ណែ​ត​ក្នុង​ការសិក្សា​ស្រាវជ្រាវ​និង​ក្នុង​វិស័យ​ជំនួញ​។ លើសពីនេះ​ទៀត​ភាសា​អង់គ្លេស​គឺជា​ភាសា​ដែល​គេ​និយម​នៅក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។ ពេលនេះ ក្រុមហ៊ុន​អន្តរជាតិ​ពហុ​ជាតិ​ក្នុង​ចំនួន​កាន់តែ​ច្រើនឡើង​ប្រើ​ភាសា​អង់គ្លេស​ជា​ភាសា​រួម​ក្នុង​កិច្ចការជំនួញ នៅក្នុង​ការខិតខំ​ដើម្បី​កែលំអ​ការទាក់ទង​គ្នា​និង​ការងារ​ជា​អន្តរជាតិ​។ ដើម្បីអោយ​ប្រទេស​កម្ពុ​ជាមាន​សមត្ថភាព​ប្រកួតប្រជែង​បាន​នៅក្នុង​សមាគម​អាស៊ាន​និង​ក្នុង​ពិភពលោក​គេ​ត្រូវ​ចាត់ទុក​ភាសា​អង់គ្លេស​ជា​ភាសា​ចាំបាច់​។​

​បញ្ហា​ប្រឈម​មួយទៀត​សំរាប់​ប្រទេស​កម្ពុជា​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​របស់ខ្លួន​ដូចជា​ការ​ផ្ត​ត់​ផ្គង់​អគ្គិសនី​បណ្តាញ​ផ្លូវថ្នល់ និង​កំពង់ផែ​។ ហេដ្ឋារចនាសម្ព័ន្ធ​ផ្តល់​មូលដ្ឋាន​សំរាប់​បង្កើន​ការលូតលាស់ ការងារ​សុវត្ថិភាព​សមត្ថភាព​ប្រកួតប្រជែង​ក្នុង​តំបន់​។ ថាមពល​នៅ​កម្ពុជា​នៅមាន​តំលៃ​ថ្លៃ ហើយ​មិនសូវ​ទៀងទាត់​អោយបាន​ដូច​យ៉ាងហោចណាស់​ក៏​ប្រទេស​ជា​សមាជិក​អាស៊ាន​ខ្លះ​។ ទំហំ​គ្របដណ្តប់ និង​ស្ថានភាព​នៃ​បណ្តាញ​ផ្លូវថ្នល់​ថែមទាំង​កំហិត​ព្រំដែន​លើ​សមត្ថភាព​របស់​កម្ពុ​ជា​ក្នុង​ការធ្វើការ​ប្រកួតប្រជែង​អោយ​ល្អ​ជាមួយ​ប្រទេស​អាស៊ាន​ដទៃទៀត​។

ឧទាហរណ៍ របាយការណ៍​ក្នុងពេល​ថ្មីៗ​នេះ​របស់​ធនាគារពិភពលោក​ដែល​ធ្វើការ​ប្រៀបធៀប​គ្នា​រវាង​ប្រទេស​កម្ពុជា ថៃ​និង​វៀតណាម​បានបង្ហាញ​អោយឃើញថា​អង្ករ​កម្ពុជា​ថ្វីត្បិតតែ​ចំណាយ​តិច​បំផុត​ក្នុងការ​ផលិត​ក្តី ក៏​នៅតែ​ថ្លៃ​នៅពេល​ដឹក​ទៅដល់​ផែ​។ វា​ជា​ការល្អ​ដែល​ផ្នែក​អគ្គិសនី​កម្ពុជា​កំពុងតែធ្វើការ​ដើម្បី​បង្កើន​ទំហំ​គ្របដណ្តប់ ការ​មាន​អោយបាន​ជាប់លាប់ និង​តំលៃ​នៃ​អគ្គិសនី​និង​ប្រព័ន្ធ​ខ្សែបណ្តាញ​អគ្គិសនី​នៅក្នុង​ប្រទេស​។

ដោយ​នៅពេលនេះ​មានគ្រួសារ​ចំនួន ៥៥% មាន​បណ្តាញ​ខ្សែភ្លើង​របស់​រដ្ឋ​តដល់ ប្រទេស​កម្ពុជា​ពេលនេះ​កំពុង​ស្ថិតនៅ​លើផ្លូវ​ឈានទៅ​សំរេច​គោលដៅ​របស់ខ្លួន​នៃ​ការ​មានគ្រួសារ​ចំនួន ៧០% មាន​បណ្តាញ​ខ្សែ​អគ្គិសនី​របស់​រដ្ឋ​តដល់ នៅត្រឹម​ឆ្នាំ ២០៣០​។ ការខិតខំ​របស់​ផ្នែក​អគ្គិសនី​កម្ពុជា​នឹង​ជួយ​ច្រើន​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​កម្ពុជា​។​

​ម្យ៉ាង​ដោយសារ​ការខិតខំ​រប​ស់​មន្ត្រី​រដ្ឋាភិបាល​ទាំងនេះ​ដែលមាន​ការ​ប្រ​ម៉ើ​ល​មើល​ទៅមុខ ក្រុមហ៊ុន​បរទេស​កំពុង​ចាប់ផ្តើម​យល់​ពី​សក្តានុពល​នៃ​ប្រទេស​កម្ពុជា​។ គ្រាន់តែ​នៅក្នុង​ខែ​កន្លងទៅនេះ​យើង​បានឃើញ​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​ដូចជា​ក្រុមហ៊ុន Domino’s Pizza, Kohler Faucets និង​ក្រុមហ៊ុន​Hometop Do It Best បានមក​ចាប់ផ្តើម​រកស៊ី​នៅ​ភ្នំពេញ​។ ជាមួយនឹង​កំណើន​នៃ​មនុស្ស​ក្នុង​វណ្ណៈ​កណ្តាល​នៅ​កម្ពុជា ហើយ​៧០% នៃ​ប្រជាជន​កម្ពុជា​ស្ថិតនៅក្នុង​អាយុ ៣០ ឆ្នាំ​ចុះ​ក្រុមហ៊ុន​ទាំងនេះ​មើលឃើញ​ពី​សក្តានុពល​នៃ​ប្រទេស​កម្ពុជា​។ ឧទាហរណ៍​ល្អ​មួយទៀត​នៃ​ការអភិវឌ្ឍន៍​ជា​បន្ត​របស់​កម្ពុជា​គឺ​ការប្រកាស​នៅក្នុងពេល​ថ្មីៗ​នេះ​របស់​ក្រុមហ៊ុន​Worldbridge International ជា​ដៃគូ​ជាមួយ​ធនាគារ ACLEDA ដើម្បី​បង្កើត​សេវា​រកស៊ី​តាម​អ៊ិន​ធ័​រ​ណែ​ត (E-commerce) នៅ​ឆ្នាំ ២០១៥​។ សេវា​នេះ​ដែលមាន​ឈ្មោះថា My All In One Mall ឬ MAIO Mall មាន​ក្រុមហ៊ុន​ចំនួន ៧០ ចូលរួម​រួចហើយ ហើយនឹង​ប្រើ​ចំណេះដឹង​កាន់តែ​ច្រើនឡើង​នៃ​មនុស្ស​ជំនាន់​ក្រោយ​លើ​បច្ចេកវិទ្យា​ថ្មី​។​

​នៅក្នុង​បរិយាកាស​ធុរកិច្ច​ដែល​កាន់តែ​មានការ​ប្រកួតប្រជែង​និង​ពិបាក​ខ្លាំង​ឡើង​ប្រទេស​កម្ពុជា​នៅតែ​ជា​កន្លែង​ល្អ​មួយ​នៅក្នុង​ផ្នែក​ធុរកិច្ច​ទោះបីជា​មានការ​សង្ស័យរ​បស់​អ្នកវិភាគ​ផ្នែក​ទីផ្សា​និង​អ្នកវិនិយោគ​បរទេស​ខ្លះ​ក្តី​។ ក្នុងពេលដែល​ប្រទេស​កម្ពុជា​ត្រៀមខ្លួន​ចូលទៅក្នុង​សមា​ហរ​ណ​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ ២០១៥ ពេលនេះ​គឺជា​ពេល​ត្រូវ​បង្កើនល្បឿន​នៃ​ការខិតខំ​លើ​កំណែ​ទំរង់​។

តាមរយៈ​កិច្ចសហប្រតិបត្តិការ​រ​បស់​រដ្ឋាភិបាល​វិស័យ​ឯកជន​និង​សង្គម​ស៊ីវិល​ប្រទេស​កម្ពុជា​អាច​លើក​កំពស់​មុខមាត់​របស់ខ្លួន​នៅក្នុង​សាកលលោក​ហើយ​ឈ្នះ​ការប្រកួតប្រជែង​ទៅរក​អំណាច​ផ្នែក​សេដ្ឋកិច្ច​។ ដូច​លោក​ប្រធានាធិបតី Nixon ធ្លាប់មាន​ប្រសាសន៍ថា “​កំណត់ត្រា​មិនមែនជា​អ្វី​សំរាប់​ឈរ​នៅលើ​ទេ​តែ​វា​ជា​អ្វីដែល​ត្រូវ​កសាង​បន្ថែម​ទៅលើ​”​។

​សូម​អរគុណ​ច្រើន​ដែល​បាន​អាន​ខ្ទង់​សារព័ត៌មាន​របស់ខ្ញុំ​ក្នុង​សប្តាហ៍​នេះ​។ បើ​លោកអ្នក​ចង់អោយ​ខ្ញុំ​ឆ្លើយ សំណួរ​របស់​លោកអ្នក​សូម​ផ្ញើ​អ៊ីម៉េល​មក​ខ្ញុំ​តាម [email protected] – See more at: http://www.cen.com.kh/local/%

Comments

comments

You might also like More from author