ហេង ​ពៅ ​ស្នើ​សុំ​រដ្ឋសភា​ឲ្យ​កោះហៅ​ឯកឧត្តម ​ឃឹម ​ប៉ុណ្ណ​​ អនុប្រធាន​តុលាការ​កំពូល​មក​សាកសួរ​ក្នុង​សំណុំរឿង​ចោទប្រកាន់​ខ្លួន​ប៉ុនប៉ង​ធ្វើឃាត​ផ្កាយ​៤​ សៅ​ សុខា​

0

ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​វិមាន​រដ្ឋសភា​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​ ហេង​ ពៅ​ អាយុ​៥៧​ឆ្នាំ​ អតីត​ជា​នាយ​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​ អត្តលេខ​០៣៤០​ ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​(​ម​១)​ បាន​ដាក់​លិខិត​គោរព​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​រយៈ​ឯកឧត្តម​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​ ស្នើ​សុំ​ការ​ជួយ​អន្តរាគមន៍​ពី​អ្នកតំណាង​រាស្ត្រ​ មេត្តា​កោះហៅ​ឯកឧត្តម​ ឃឹម​ ប៉ុណ្ណ​ អនុប្រធាន​តុលាការ​កំពូល​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ មក​ធ្វើការ​សាកសួរ​ និង​បង្ហាញ​នូវ​ព័ស្តុតាង​លើ​ការ​ចោទប្រកាន់​ និង​ផ្តន្ទាទោស​រូប​លោក​ដាក់​ពន្ធនាគារ​កំណត់​១៦​ឆ្នាំ​ ពី​បទ​សមគំនិត​ក្នុង​អំពើ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​ដោយ​គិត​ទុកជា​មុន​លើ​រូប​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​១៨-១៩​ ខែធ្នូ​ ឆ្នាំ​២០០៣​ (​កាល​ណោះ​លោក​ ហេង​ ពៅ​ នៅ​ពាក់​ផ្កាយ​១​ និង​ឯកឧត្តម​ សៅ​ សុខា​ នៅ​ពាក់​ផ្កាយ​៣)​ ។​

​លោក​ ហេង​ ពៅ​ បាន​បញ្ជាក់​នៅ​ក្នុង​លិខិតស្នើ​សុំ​អន្តរាគមន៍​របស់​លោក​ទៅ​រដ្ឋសភា​ថា​ ការ​សម្រេចសេចក្តី​ផ្តន្ទាទោស​រូប​លោក​ដាក់​ពន្ធនាគារ​កំណត់​១៦​ឆ្នាំ​ ពី​សំណាក់​ស្ថាប័ន​តុលាការ​កំពូល​ មាន​ឯកឧត្តម​ ឃឹម​ ប៉ុណ្ណ​ អនុប្រធាន​តុលាការ​កំពូល​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ (​តម្កល់​សាលដីកា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​ និង​សាលាឧទ្ធរណ៍​តម្កល់​សាលក្រម​ព្រហ្មទណ្ឌ​លេខ​០៧​កប​.IV​ ចុះ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០០៩​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ មាន​លោក​ចៅក្រម​ អ៊ី​វ​ គឹ​ម​ស្រ៊ី​ អតីត​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​បច្ចុប្បន្ន​ជា​ចៅក្រម​តុលាការ​កំពូល​)​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ សមគំនិត​ប៉ុនប៉ង​ធ្វើឃាត​គិត​ទុកជា​មុន​លើ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ នោះ​ គឺ​ផ្ទុយ​ពី​ទម្រង់​ និង​គតិ​ច្បាប់​ និង​ម្យ៉ាងទៀត​តុលាការ​មិន​ព្រម​នាំ​ខ្លួន​ចារី​ម្នាក់​ឈ្មោះ​ ហង្ស​ វុ​ទ្ធី​ ហៅ​ យមរាជ​ មក​សាកសួរ​ក្នុង​អង្គ​សវនាការ​ទាល់តែ​សោះ​ ។​

​អតីត​នាយ​នគរបាល​ជាតិ​ដ៏​មាន​ឥទ្ធិពល​ ហេង​ ពៅ​ បាន​អះអាង​ក្នុង​លិខិត​របស់​លោក​ថា​ ក្នុង​ករណី​រក​ឃើញ​រូប​លោក​បាន​ប្រព្រឹត្ត​ល្មើស​ដូច​តុលាការ​ចោទប្រកាន់​ (​ប៉ុនប៉ង​ធ្វើឃាត​ដោយ​គិត​ទុកជា​មុន​លើ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​)​ប្រាកដ​មែន​ សូម​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ប្រធានរដ្ឋសភា​ មេត្តា​ជំរុញ​ឲ្យ​ដាក់ទោស​រូប​លោក​អស់​មួយ​ជីវិត​ចុះ​ ប៉ុន្តែ​បើ​រក​ឃើញ​ថា​ សំណុំរឿង​នេះ​គ្រាន់តែ​ជា​ការ​ប្រឌិត​ដើម្បី​ទម្លាក់​កំហុស​លើ​រូប​លោក​ទេ​នោះ​ សូម​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ប្រធានរដ្ឋសភា​មេត្តា​កោះហៅ​ឯកឧត្តម​ ឃឹម​ ប៉ុណ្ណ​ មក​ធ្វើការ​សាកសួរ​ និង​បង្ហាញ​ព័ស្តុតាង​ជាក់លាក់​ ដោយ​អនុគ្រោះ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ដើមចម​ដែល​ឈាន​ទៅ​នាំ​ឲ្យ​មានការ​ចោទប្រកាន់​ទៅ​លើ​លោក​ ហេង​ ពៅ​ ពី​បទ​សមគំនិត​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​ដោយ​គិត​ទុកជា​មុន​ លើ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ រហូត​ដល់​ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់​សម្រេច​ផ្តន្ទាទោស​លោក​ ហេង​ ពៅ​ ដាក់​ពន្ធនាគារ​កំណត់​១៦​ឆ្នាំ​នោះ​ គឺ​បន្ទាប់​ពី​លេច​ចេញ​មាន​លិខិត​អនាមិក​មួយ​ច្បាប់​ ចុះ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០០៣​ ផ្ញើ​ជូន​លោក​ សៅ​ សុខា​ ដែល​ម្ចាស់​លិខិត​ពោរពេញ​ដោយ​ការ​សរសេរ​អក្សរ​ខុស​អក្ខរាវិរុទ្ធ​រាប់​ភ្លេច​ រួម​ទាំង​ឈ្មោះ​លោក​ សៅ​ សុខា​ ផង​ បាន​អះអាង​ថា​ ឈ្មោះ​ ហង្ស​ វុ​ទ្ធី​ ហៅ​ យមរាជ​ បាន​បបួល​ខ្លួន​ជា​ម្ចាស់​លិខិត​អនាមិក​បើក​ទោចក្រយានយន្ត​តាម​បាញ់​សម្លាប់​លោក​ សៅ​ សុខា​ ជា​ថ្នូរ​នឹង​លុយ​៩.០០០​ដុល្លារ​អា​មេ​រិ​ក​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ប្រសិនបើ​លោក​ ហេង​ ពៅ​ ក្នុង​សំណុំរឿង​នេះ​មិន​បាន​ប្រព្រឹត្ត​ល្មើស​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ក៏​ដោយ​ ក៏​លោក​ ហេង​ ពៅ​ ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ​នោះ​ នឹង​ពិបាក​ស្វែងរក​យុត្តិធម៌​សម្រាប់​ខ្លួន​ខ្លាំង​ណាស់​ ដ្បិត​ឯកឧត្តម​ ឃឹម​ ប៉ុណ្ណ​ ជា​អនុប្រធាន​តុលាការ​កំពូល​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដ៏​មាន​អំណាច​បច្ចុប្បន្ន​ ក៏​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​ គឺ​សុទ្ធតែ​ជា​មនុស្ស​មាន​ឥទ្ធិពល​សឹង​មិន​អាច​ប៉ះពាល់​បាន​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ ៕​

ប្រភព៖ http://www.dtn7.com/

You might also like More from author

Leave A Reply

Your email address will not be published.