ទស្សនៈព្រឹត្តិការណ៍ខ្មែរ «ឯកភាព​ជាតិ»អា​អាវុធ​សម្រាប់​បារាំង ជា​ថ្នាំ​កម្លាំង​សម្រាប់​ខ្មែរ!

0 2
Cambodia Website Design

ក្រោយ​ការ​វាយប្រហារ​ដោយ​ភេរវកម្ម​កាលពី​ថ្ងៃ​ទី​៧​មករា អ្នក​នយោបាយ​និង​ប្រជាជន​បារាំង​បាន​បង្ហាញ​ឯក​ភាព​ជាតិ​ជា​ធ្លុង​មួយ។ «ឯក​ភាព​ជាតិ»ត្រូវ​បាន​ប្រធានា​ធិបតី​បារាំង លោក Francois Hollande ហៅ​ថា​ជា​អាវុធ​ដ៏​មាន​ប្រសិទ្ធភាព​តែ​មួយ​គត់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវជន។

មេដឹក​នាំ​និង​អ្នក​នយោបាយ​ខ្មែរ​គ្រប់​និន្នាការ​ក៏​បាន​ចូល​រួម​រម្លែក​ទុក្ខ​និង​បង្ហាញ​សាមគ្គី​ភាព​ជា​មួយ​ប្រជា​ជន​បារាំង​ដែរ។ ប៉ុន្តែ «ឯកភាព​ជាតិ»ដែល​គេ​ចាត់​ទុក​ជា​ថ្នាំ​កម្លាំង​សម្រាប់​ខ្មែរ​នោះ​មិនទាន់​កើត​មាន​នៅ​ឡើយ​ទេ។

ព្រឹត្តិ​ការណ៍​ភេរវកម្ម​ទៅ​លើ​ទី​ស្នាក់​ការ​ទស្សនា​វដ្តី Charlie Hebdo កាល​ពី​ថ្ងៃ​ទី ៧ មករា និង​ការ​ចំណាប់​ខ្មាំង​ជា​បន្ត​បន្ទាប់​ទៀត​រហូត​បណ្តាល​ឲ្យ​អ្នក​កាសែត អ្នក​គូរ​រូប​ត្លុក ប៉ូលិស និង​ពលរដ្ឋ​បារាំង​ស្លាប់ ១៧ នាក់ ត្រូវ​បាន​រដ្ឋា​ភិបាល​ក្រុង​ប៉ារីស អ្នក​នយោបាយ និង ប្រជា​ជន​បារាំង​ទាំង​មូល​ចាត់​ទុក​ជា​គ្រោះ​ថ្នាក់​រួម​របស់​ពួកគេ។ គ្រោះ​ថ្នាក់​រួម​ដែល​ទាមទារ​ឲ្យ​ជនជាតិ​បារាំង​ទាំង​អស់ គ្រប់​និន្នាការ​នយោបាយ​ត្រូវ​បង្ហាញ​ពី​ឯកភាព​ជាតិ​ជា​ធ្លុង​មួយ។

Cambodia Website Design

ឯកភាព​ជាតិ​ត្រូវបាន​ប្រធានា​ធិបតី​បារាំង​ចាត់​ទុក​ជា​អាវុធ​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត​និង​តែ​មួយ​គត់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវជន។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា ទាំង​ប្រធានា​ធិបតី ទាំង​មន្ត្រី​រដ្ឋាភិបាល ទាំង​អ្នក​នយោបាយ​បដិបក្ខ​បាន​ចាប់​ដៃ​គ្នា​ហើយ​ចុះ​ដើរ​តាម​ផ្លូវ​ដើម្បី​បង្ហាញ​សារ​ទៅ​កាន់​ភេរវជន​ថា ប្រជាជន​បារាំង​មិន​តក់​ស្លុត​ចំពោះ​សកម្មភាព​ភេរវកម្ម​ទេ ផ្ទុយ​ទៅ​វិញ​ពួក​គេ​បែរ​ជា​រួមគ្នា​កាន់​តែ​រឹង​មាំ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​រួម​របស់​ខ្លួន​។

ជាការ​ពិត ក្នុង​សង្គម​ប្រជា​ធិប​តេយ្យ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​នៅ​ពេល​ដែល​បក្ស​ប្រឆាំង​និង​បក្ស​កាន់​អំណាច​ដើរ​នយោបាយ​បញ្ច្រាស​ទិស​គ្នា ហើយ​ពេល​ខ្លះ​ប៉ះ​ទង្គិច​គ្នា​បែក​ផ្កា​ភ្លើង​ក៏​មាន​ដែរ។ នៅ​ប្រទេស​បារាំង ពេល​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត អ្នក​នយោបាយ​ក៏​តឹង​សរសៃក​ដាក់​គ្នា​ខ្លាំង​ណាស់ដែរ។ គ្រាន់​តែ​ថា ការ​តម្លើង​សំឡេង​ដាក់គ្នា​នោះ​ធ្វើ​ឡើង​ដោយ​សន្តិវិធី​និង​តាម​កញ្ចក់​ទូរទស្សន៍​ថែម​ទៀត​ដើម្បី​ជជែក​អំពី​បញ្ហា​ជាតិ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ស្តាប់។ ប៉ុន្តែ នៅ​ពេល​មាន​បញ្ហា​រួម​ដែល​គំរាម​កំហែង​ផល​ប្រ​យោជ៍​ជាតិ​ទាំង​មូល ពួក​គេ​បែរមក​ចាប់​ដៃ​គ្នា​ដើម្បី​ដោះ​ស្រាយ​។

ដោយ​ឡែក នៅ​កម្ពុជា ការ​ប្រឆាំង​គ្នា​របស់​អ្នក​នយោបាយ​គឺ​គ្មាន​ទី​បញ្ចប់ គ្មាន​កាលៈទេសៈ​លើក​លែង ហើយ​ក៏​គ្មាន​ថ្ងៃ​រលាយ​ចូល​គ្នា​បាន​ដែរ ពោល​គឺ​មិន​ខុស​អ្វី​ពី​ធម្មជាតិ«ទឹក​និង​ប្រេង»នោះ​ឡើយ​។ ការ​លើក​បញ្ហា​នេះ​ពិត​ជា​គ្មាន​បំណង​លើក​តម្កើង​ជាតិ​សាសន៍​ដទៃ​ហើយ​បន្តុះ​បង្អាប់​ជាតិ​សាសន៍​របស់​ខ្លួន​នោះ​ឡើយ ប៉ុន្តែ វា​គ្រាន់​តែ​ជា​ឧទាហរណ៍​មួយ​សម្រាប់​ជា​មូល​ដ្ឋាន​ផ្លូវ​គំនិត​ក្នុងការ​ពិចារណា​តែ​ប៉ុណ្ណោះ​។

តាមពិត មាន​មេរៀន​ច្រើនណាស់ ទាំង​បញ្ហា​ផ្ទៃក្នុង​របស់ខ្លួន ទាំង​បរិបទ​អន្តរជាតិ ដែល​អាច​ផ្តល់​បទពិសោធ​គ្រប់គ្រាន់​ដល់​អ្នកនយោបាយ​ខ្មែរ​សម្រាប់ធ្វើ​ដើមទុន​ខាង​គំនិត។ បទពិសោធ​ដែល​ល្អ​ជាងគេ​មួយ​ដែល​គួរ​រៀនសូត្រ​គឺ «របៀប​ឈ្លោះ​គ្នា​ដើម្បី​ចំណេញ​ដល់​ជាតិ» ពីព្រោះ នៅ​កម្ពុជា ប្រវត្តិសាស្ត្រ​ពី​អតីតកាល​រហូតដល់​បច្ចុប្បន្ន​កាល បាន​បង្ហាញថា ជម្លោះ​រវាង​អ្នក​នយោបាយ​ច្រើនតែ​នាំ​ក្តី​វិនាស​អន្តរាយ​ច្រើនជាង​នាំ​ផល​ចំ​ណេញ។

ជាទូទៅ នៅពេល​មាន​បញ្ហា​កើតឡើង ទោះជា​បញ្ហា​នោះ​ជា​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ​និង​ប្រជាជន​របស់ខ្លួន​ក៏ដោយ អ្នកនយោបាយ​ខ្មែរ​ច្រើនតែ​ទម្លាក់កំហុស​ដាក់គ្នា ស្តីបន្ទោស​គ្នា ដើម្បី​កេងចំណេញ​នយោបាយ​ជា​ដរាប។ មូលហេតុ​គឺ​មកពី​ការតម្កល់​ប្រយោជន៍​គណបក្ស​ធំ​ជាង​ប្រយោជន៍​ជាតិ។ មាន​បញ្ហា​ច្រើនណាស់​ដែល​កម្ពុ​ជាមាន​ទម្ងន់​ក្នុងការ​ដោះស្រាយ​ប្រសិនបើ​អ្នក​នយោបាយ​ចេះ​លេង​ល្បែង​ដើម្បី​ចំណេញ​ជាតិ។

បញ្ហា​ទាំងនោះ​មាន​ដូច​ជម្លោះដីធ្លី អំពើ​ពុក​រលួយ រហូត​ដល់​បញ្ហា​អន្តោ​ប្រវេសន៍​ខុសច្បាប់​បញ្ហា​ព្រំដែន​និង​ការបាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​ពី​សំណាក់​ទាហាន​ថៃ​ជាដើម។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ ប្រធានបទ​ដែលជា​ប្រយោជន៍​ជាតិ​ទាំងនោះ​បែរជា​ក្លាយទៅជា​ជម្លោះ​យ៉ាង​ជូរចត់​រវាង​អ្នកនយោបាយ​ខ្មែរ​ដើម្បី​តែ​កេងចំណេញ​នយោបាយ​តែរៀងៗខ្លួន​ទៅវិញ។

យ៉ាងណា​ក៏ដោយចុះ ចុងក្រោយ​នេះ «វប្បធម៌​សន្ទនា» ហាក់ដូចជា​កំពុង​ចាប់​ពន្លក​បន្ទាប់ពី​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ព្រមព្រៀងគ្នា​បញ្ចប់​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត។ ប៉ុន្តែ វប្បធម៌​នេះ​ហាក់ដូចជា​នៅ​ផុយស្រួយ​យ៉ាងខ្លាំង​នៅឡើយ​ក្រោម​ឥទ្ធិពល​នៃ​ផ្នត់គំនិត​ចាស់គំរឹល​ពោលគឺ​ផ្នត់គំនិត​ធ្វើ​នយោបាយ​ដើម្បី​រក​ផលចំណេញ​ឲ្យ​គណបក្ស​ជាង​ឲ្យ​ប្រទេសជាតិ។

ដូច្នេះ ការចូលរួម​រម្លែក​ទុក្ខ​ដល់​ប្រជាជន​បារាំង​ដែល​រងគ្រោះ​ដោយ​អំពើ​ភេរវកម្ម​គឺជា​ឱកាស​មួយ​ដែល​អ្នកនយោបាយ​ខ្មែរ​គួរ​ចោល​ភ្នែក​ក្រឡេកមើល​ឯកភាព​ជាតិ​របស់គេ​ហើយ​ត្រូវ​រក​ឲ្យ​ឃើញ​នូវ​ឯកភាព​ជាតិ​របស់​ខ្មែរ​ដែលជា​ថ្នាំ​កម្លាំង​ដ៏​ស័ក្តិសិទ្ធិ​សម្រាប់ធ្វើ​ឲ្យ​ខ្មែរ​ខ្លាំង។ ផ្ទុយទៅវិញ ការ​បណ្តែតបណ្តោយ​ឲ្យ​ស្ថានភាព«ទឹក​និង​ប្រេង»នៅតែ​បន្ត​មាន​អត្ថិភាព​ទៀត​នោះ ខ្មែរ​នឹង​នៅតែ​ខ្សោយ មិន​ងាយ​ស្តា​មុខមាត់​លើ​ឆាក​អន្តរជាតិ​បានឡើយ៕

ប្រភព៖ RFI Khmer

You might also like More from author

Leave A Reply

Your email address will not be published.