ព្រះ​មហាក្សត្រ​នឹង​យាង​បើក​កិច្ច​ប្រជុំ​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម

3
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ព្រះ​មហាក្សត្រ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម សីហមុនី ​នឹង​គង់​ជា​ព្រះ​រាជាធិបតី​ភាព​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី ២៥ នៃ​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​នៅ​ព្រឹក​ថ្ងៃពុធ នេះ ដើម្បី​ពិនិត្យ​របៀប​វារៈ ៦ ​ក្នុង​នោះ​មាន​ការ​សម្រេច​លុប​ឈ្មោះ​អតីត​ព្រះ​រាជអាជ្ញា តុប ​ច័ន្ទសិរីវុធ ​ដែល​ពាក់ព័ន្ធ​អំពើ​ពុករ​លួយ ចេញ​ពី​ក្រប​ខ័ណ្ឌ​អង្គ​ចៅក្រម។

លោក សំ ប្រជា​មានិត អគ្គ​លេខា​ធិការ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ ថា ការ​សម្រេច​លុប​ឈ្មោះ លោក ​តុប ​ច័ន្ទ​សិរី​វុធ ​អតីត​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ចេញ​ពី​ក្រប​ខ័ណ្ឌ​អង្គ​ចៅ​ក្រម​ ដោយសារ​ករណី​ប្រព្រឹត្ត​អំពើ​ពុករ​លួយ​របស់​លោក​ ហើយ​តុលា​ការ​ទាំង​បី​ថ្នាក់ បាន​​រក​ឃើញ​ថា មាន​ពិរុទ្ធ។

លោក​ថ្លែង​ឲ្យ​ដឹង​​ថា៖ «យើង​មាន​សាល​ដីកា​ស្ថាពរ​របស់​តុលាការ​កំពូល ដែល​សម្រេច​ពី​ទោស​ទណ្ឌ​រួច​ហើយ។ ដូច្នេះ​គាត់​ត្រូវ​គេ​សម្រេច​ដកពី​ក្រប​ខ័ណ្ឌ​អង្គ​ចៅក្រម»។

Cambodia Website Design

ទណ្ឌិត តុប ច័ន្ទ​សិវិវុធ ​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ខែ​វិច្ឆិកា ២០១០ នៅ​គេហ​ដ្ឋាន​នាក្រុង​ពោធិ៍សាត់​ ជា​មួយ​អ្នក​បើកបរ​ពីរ​ទៀត​ឈ្មោះ ​រស់ ​ សំណាង​ និង​ ឈិត វុទ្ធី ពី​បទ​ចាប់​ជំរិត​ បង្ខាំង​មនុស្ស​ខុស​ច្បាប់ និង​បទ​ស៊ី​សំណូក​ ហើយ​គាត់​ត្រូវ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់​ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៩ ឆ្នាំ។

ក្រៅពី​នេះ​ សម័យ​ប្រជុំ​ពេញ​អង្គនា​ថ្ងៃនេះ ​ក៏​នឹង​ពិនិត្យ​និង​ ពិគ្រោះ​យោបល់​ អំពី​សំណើ​សុំ​ផ្តាច់​ពី​មុខងារ​ជា ចៅក្រម​ ឬ​ព្រះ​រាជ​អាជ្ញា របស់​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ ចំនួន​ ៧ ​រូប ការ​សម្រេច​តែងតាំង​អនុ​ប្រធាន​តុលាការ​កំពូល ប្រធាន​សាលា​ដំបូង​ខេត្ត​តាកែវ​ ប្រធាន​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ និង​ផ្ទេរ​ភារកិច្ច​ចៅក្រម​និង​ព្រះ​រាជ​អាជ្ញា​មួយ​ចំនួន​។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​របស់​អគ្គ​លេខា​ធិការដ្ឋាន​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ចុះ​ថ្ងៃទី ១៩ ខែ​មករា​។

លោក សំ ប្រជា​មានិត បាន​មាន​ប្រសាសន៍​ថា ​សមាជិក​ចំនួន​ ៧ រូប ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ ដែល​ទើប​ត្រូវ​ជ្រើស​តាំង​ថ្មីៗ ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៤​ គឺ​ជា​ចៅក្រម ​និង​ព្រះ​រាជ​អាជ្ញា​នៅ​ក្នុង​ស្ថាប័ន​តុលាការ ដូច្នេះ​បើ​តាម​ច្បាប់​ ស្តី​ពី​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​​ តម្រូវ​ឲ្យ​ពួក​គាត់​ចាំ​បាច់​ត្រូវ​តែ​ចាក​ចេញ​​ពី​តួនាទី​ទាំង​នោះ។

លោក​បន្ត​ថា៖ «មុខងារ​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​មាន​វិសមិតភាព​នឹង​ការ​ជម្រះ​ក្តី​ នៅ​ពេល​ពួក​គាត់​ជា​ចៅ​ក្រម​ឬ​ព្រះ​រាជ​អាជ្ញា។ ​ច្បាប់​ថ្មី​មិន​អនុ​ញ្ញាត​ទេ​គឺ​ពួក​គាត់​ត្រូវ​តែ​ផ្តាច់​មុខ​ងារជា​ចៅក្រម។ ពួកគាត់​មិន​អាច​ជា​អ្នក​ទាត់​បាល់​ផង និង​ជា​អាជ្ញា​កណ្តាល​ផង បាន​ទេ»។

ការ​ពិនិត្យ​និង​អនុម័ត​ លើ​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃឧ​ត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​និង​ការ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ព្រះ​រាជ​ក្រឹត្យ​ស្តី​ពី​ក្រប​ខ័ណ្ឌ​ ឋានន្តរ​ស័កិ្ត ​និង​ថ្នាក់​សម្រាប់​ចៅក្រម និង​ព្រះ​រាជ​អាជ្ញា ក៏​នឹង​ត្រូវ​ពិភា​ក្សា​ផង​ដែរ ក្នុង​របៀប​វារៈ​ប្រជុំ​នា​ថ្ងៃ​នេះ។

ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ដែល​មាន​ព្រះ​មហាក្សត្រ​ជា​ប្រធាន​និង​សមាជិក ១១ រូប មាន​អំណាច​ក្នុង​ការ​តែង​តាំង ផ្ទេរ ​ព្យួរ ​និង​ដក​ហូត​តំណែង​ចៅ​ក្រមនិង​ព្រះ​រាជ​អាជ្ញា។

ក្រុម​សង្គម​ស៊ីវិល​បាន​រិះគន់​ច្បាប់​ចម្រូង​ចម្រាស​ចំនួន​បី​ពាក់​ព័ន្ធ​​នឹង​ប្រព័ន្ធ​តុលា​ការ​ ដែល​អនុ​ម័ត​កាល​ពីខែ​​មិថុនា​ដែល​ផ្តល់​អំណាច​ខ្លាំង​ដល់​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​ ក្នុង​ការ​គ្រប់​គ្រង​ស្ថាប័ន​តុលាការ​ផង ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ការ​ដំឡើង​ឋានៈ ​និង​ការ​ដាក់​ទោស​ទណ្ឌ​ចៅ​ក្រម​និង​ព្រះ​រាជ​អាជ្ញា​ផង ហើយ​បាន​ហៅ​ច្បាប់​បីនេះ​ថា​ ជា​ការ​បន្ទាប​ឯករាជ​ភាព​របស់​តុលា​ការ​កម្ពុជា៕

ប្រភព៖ http://www.postkhmer.com/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក