សម រង្ស៊ី បន្ត​យុទ្ធ​វិធី​សម្រុះ​សម្រួល​ជាមួយ​នឹង CPP

0 2
Cambodia Website Design

លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​បន្ត​អនុវត្ត​វិធី​សាស្រ្ត​សម្រុះ​សម្រួល​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កាល​ពី​ម្សិលមិញ បើ​ទោះ​ជា​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​អំពាវ​នាវ​ពី​ថ្ងៃ​ចន្ទ​ឲ្យ​កាត់​ទោស​តំណាង​រាស្រ្ត​៧​រូប ដែល​មាន​អភ័យ​ឯក​សិទិ្ធ ពី​បទ​ដឹក​នាំ​អំពើ​បះបោរ និង​បទ​ល្មើស​ដទៃ​ទៀត នៅ​ក្នុង​បាតុកម្ម កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា​ក៏​ដោយ។

បើ​ទោះ​តំណាង​រាស្រ្ត​ទាំង​៧ រូប ត្រូវ​ឃុំ​ឃាំង​អស់​ជា​ច្រើន​ថ្ងៃ​ក៏​ដោយ ក៏​ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​ដោះ​លែង​តែ​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​នយោបាយ​កាល​ពី​ថ្ងៃ​ទី២២ ខែ​កក្កដា ​ដែល​បាន​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ចប់​ការ​ធ្វើ​ពហិការ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា។ ទោះ​ជា​យ៉ាង​ណា កិច្ច​ព្រមព្រៀង​នោះ​មិន​កំណត់​ថា បទ​ល្មើស​ត្រូវ​លើក​លែង​ឡើយ។

បន្ទាប់​ពី​ជួប​ប្រជុំ​ជាមួយ​លោក សូរីយ៉ា ស៊ូប៊ែរឌី នៅ​រដ្ឋ​សភា កាល​ពី​ព្រឹក​ម្សិលមិញ លោក សម រង្ស៊ី ថ្លែង​ទៅ​ក្រុម​អ្នក​យក​ព័ត៌មាន​ថា៖ «ខ្ញុំ​គិត​ថា [លោក ហ៊ុន សែន] ​និយាយ​ច្បាស់​ពី​ចំណុច​នេះ​។ អ្វី​ដែល​គាត់​និយាយ​គឺ​គ្រប់​គ្រាន់។ ខ្ញុំ​មិន​បាច់​បន្ថែម​អ្វី​លើ​សម្តី​គាត់​ទេ»។

Cambodia Website Design

លោក​បាន​បន្ថែម​ថា គណបក្ស​របស់​លោក​គោរព​តាម​កិច្ច​ព្រម​ព្រៀង​ថ្ងៃ​ទី​២២​កក្កដា​និង​ច្បាប់​ទាំង​ស្រុង។

ទន្ទឹម​នឹង​នេះ​លោក ស៊ូប៊ែរឌី ដែល​កំពុង​បំពេញ​បេសកកម្ម ផ្លូវ​ការ​ចុង​ក្រោយ​មក​កាន់​កម្ពុជា មាន​សុទិដ្ឋិ​និយម​អំពី​ការ​ផ្លាស់​ប្តូរ ដែល​លោក​បាន​មើល​ឃើញ​នៅ​កម្ពុជា​ ក្នុង​អំឡុង​អាណតិ្ត​រយៈ​ពេល​៦ឆ្នាំ​របស់​លោក ហើយ​លោក​បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ពី​សម្តី​លោក នាយក​រដ្ឋ​មន្រ្តី​ទេ។

លោក​លើក​ឡើង​ថា៖ «​ខ្ញុំ​គ្មាន​ជំហរ​ធ្វើ​អត្ថាធិប្បាយ​លើ​សេចក្តី​ថ្លែង ដែល​បាន​ធ្វើ​ឡើង…ទោះ​ជា​សេចក្តី​ថ្លែង​របស់​នាយក​រដ្ឋ​មន្រ្តី​ឬ​បុគ្គល​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​ឡើយ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​អាច​មើល​ឃើញ គឺ​ស្មារតី​សហ​ប្រតិបតិ្ត​ការ ស្មារតី​សន្ទនា ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​នេះ​នឹង​នៅ​តែ​បន្ត»។

ទោះ​ជា​យ៉ាង​ណា លោក ស៊ូប៊ែរឌី បន្ថែម​ថា លោក​សង្ឃឹម​ថា គ្មាន​អ្នក​ណា​នឹង​ធ្វើ​អ្វី​ដែល​ប៉ះពាល់​ដល់​កំណែ​ទម្រង់​ដែល​កំពុង​បន្ត​អនុវត្ត​ឡើយ។​

ទោះ​ជា​តំណាង​រាស្រ្ត​ទាំង ៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ស្បថ​ចូល​រដ្ឋ​សភា កាល​ពី​ខែ​សីហា​ក៏​ដោយ ក៏​ប៉ុន្តែ លោក ហ៊ុន សែន ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​អភ័យ​ឯកសិទិ្ធ​តំណាង​រាស្រ្ត ទាំង​៧ រូប បាន​ទទួល​មិន​គួរ​មាន​ប្រតិសកម្ម​ទៅ​លើ​បទ​ចោទ​ប្រកាន់​ទេ។

លោក​លើក​បែប​នេះ បើ​ទោះ​ជា​កន្លង​មក​លោក​ទទួល​ស្គាល់​ពី​ខែ​វិច្ឆិកា​ថា តំណាង​រាស្រ្ត​ត្រូវ​ការពារ​ដោយ​អភ័យ​ឯក​សិទិ្ធ​ក្តី។

លោក ឈាង វុន តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​ដែល​អះអាង​ថា អ្នក​ទាំង​៧រូប​មិន​ទទួល​បាន​អភ័យ​ឯក​សិទិ្ធ​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា បញ្ជាក់​ថា៖ «​សួរ​ថា​តើ [តំណាង​រាស្រ្ត​ទាំង​នោះ]​អាច​ទទួល​បាន​អភ័យ​ឯកសិទិ្ធ​ដើម្បី​ការ​ពារ​ខ្លួន​[ចំពោះ​បទ​ល្មើស​កន្លង​មក​] ដែរ​ឬ​ទេ?»។

លោក​បញ្ជាក់​ថា៖​«​ច្បាប់​មិន​ចែង​ពី​ចំណុច​នេះ​ទេ តែ​ចំពោះ​ខ្ញុំ​[ច្បាប់​] មិន​អាច​មាន​ប្រតិសកម្ម​ទេ។ ដូច្នេះ តុលាការ​មាន​សិទិ្ធ​កោះ​ពួក​គេ​មក​សាក​សួរ នៅ​ពេល​ណា​ក៏​បាន។ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ពួក​គេ​មាន​ពិរុទ្ធ តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ប្រសិន​បទ​ល្មើស​គឺ​ជា​បទ​ឧក្រិដ្ឋ ពួក​គេ​នឹង​បាត់​បង់​​អភ័យ​ឯកសិទិ្ធ​ដោយ​ស្វ័យ​ប្រវតិ្ត»។

ប៉ុន្តែ លោក សុន ឆ័យ​ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា ទោះ​អ្នក​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ ឬ​គ្មាន​អភ័យ​ឯក​សិទិ្ធ ​ពេល​កើត​អំពើ​នោះ ​ប៉ុន្តែ​ការ​ស្បថ​ធ្វើ​ឡើង ដោយ​គ្មាន​ការ​តវ៉ា​ពី​គណបក្ស​កាន់​អំណាច ឬ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

លោក សុន ឆ័យ ​បញ្ជាក់​ថា៖​«​អ្នក​មិន​អាច​និយាយ​នៅ​ពេល​ក្រោយ​ថា វា​ខុស​ច្បាប់ ប្រសិន​បើ​អ្នក​ព្រងើយ​កន្តើយ​ចំពោះ​វា [ពី​មុន].. អ្នក​មិន​អាច​នឹក​ឃើញ​គំនិត​ថ្មី ក្រោយ​មក​នោះ​ទេ»។

លោក អ៊ូ វីរៈ អ្នក​អត្ថាធិប្បាយ​នយោបាយ​ថ្លែង​ថា លោក​យល់​ស្រប​ថា ពួក​គេ​ត្រូវ​បាន​ការ​ពារ​ដោយ​អភ័យ​ឯក​សិទិ្ធ​។ លោក​ថា​៖ «ពួក​គេ​អាច​រក្សា​ទុក​នូវ​បទ​ចោទ​ ប៉ុន្តែ ពួក​គេ​ត្រូវ​ទុក​ឲ្យ​អស់​អភ័យ​ឯក​សិទិ្ធ​សិន​»។

ទោះ​ជា លោក ហ៊ុន សែន បាន​សម្តែង​ទស្សនៈ​លើ​បញ្ហា​នេះ​ក៏​ដោយ ក៏​ប៉ុន្តែ ទាំង​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី និង​លោក ហេង សំរិន បាន​លើក​ឡើង​ជា​ថ្មី​កាល​ពី​ម្សិលមិញ​ថា ករណី​នេះ​ គឺជា​សមត្ថកិច្ច​របស់​ប្រព័ន្ធ​តុលាការ​ជា​អ្នក​សម្រេច៕ TK

ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.