របាយការណ៍ៈ​អំពើពុក​រលួយ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា

0 1
Cambodia Website Design

ការ​រំលោភ​បំពាន ការ​រើស​អើង ការ​កេង​ប្រវ័ញ្ច​ អំពើពុក​រលួយ ​ឥទ្ធិពល​នៃ​ថ្នាក់​ដឹក​នាំ​ក្នុង​បន្ទប់​ឃុំ​ឃាំង​ដ៏​មាន​អំណាច​ បាន​កំពុង​កើត​មាន​ឡើង​និង​ជា​លក្ខណៈ​ប្រព័ន្ធ ​ក្នុង​ប្រព័ន្ធ​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​ បើ​ទោះ​បី​ជា​បាន​ចាប់​ផ្តើម​ជំហាន​ក្នុង​ការ​កែ ទម្រង់​ក៏​ដោយ។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​របស់​អង្គការ​លីកាដូ ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ។

យោង​ទៅ​តាម​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ម្សិលមិញ មាន​កម្រាស់​៤០​ទំព័រ​ ដែល​មាន​ចំណង​ជើង​ថា​ «សិទ្ធិ​នៅ​លើ​ការ​ទិញ​ដូរ ជីវិត​នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា​» បាន​ឲ្យ​ដឹង​ថា​ ការ​រំលោភ​បំពាន ការ​រើស​អើង ការ​កេង​ប្រវ័ញ្ច​ អំពើ​ពុករលួយ ឥទ្ធិពល​នៃ​ថ្នាក់​ដឹក​នាំ​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​ដ៏​មាន​អំណាច​ បាន​កំពុង​កើត​មាន​ឡើង​និង​ជា​លក្ខណៈ​ប្រព័ន្ធ​ក្នុង​ប្រព័ន្ធ​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​ បើ​ទោះ​បី​ជា​បាន​ចាប់​ផ្តើម​ជំហាន​ក្នុង​ការ​កែ​ទម្រង់​ក៏​ដោយ ក៏​ឧបសគ្គ​មួយ​ចំនួន​នៅ​តែ​កើត​មាន​។

នៅ​ក្នុង​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា៖​«អ្នក​ដែល​មិន​មាន​ថវិកា​ រស់​នៅ​ក្នុង​ស្ថានភាព​លំបាក​យ៉ាង​ខ្លាំង​ ដោយ​ពួក​គាត់​ជា​និច្ច​កាល​គេង​នៅ​លើ​កម្រាល​ឥដ្ឋ​ផ្ទាល់​ ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​ងារ​មិន​សមរម្យ​ និង​ក្នុង​ករណី​ខ្លះ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ក្រៅ​បន្ទប់​ឃុំ​ឃាំង​ថែម​ទៀត​ផង​។ ការ​ទទួល​បាន​សិទ្ធិ​ពិសេស ​ទទួល​បាន​ដោយ​សារ​តែ​ការ​ចំណាយ​លុយ»។

Cambodia Website Design

នៅ​ក្នុង​របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ជន​ជាប់​ឃុំ​ជា​ច្រើន​មិន​មែន​គ្រាន់​តែ​ត្រូវ​បាន​ដក​ហូត​សេរីភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​ទាំង​នោះ​ថែម​ទាំង​ត្រូវ​បាន​ដក​ហូត​នូវ​សិទ្ធិមនុស្ស​ជា​មូល​ដ្ឋាន​ទៀត​ផង​ ដូច​ជា​ សិទ្ធិ​ទទួល​បាន​ការ​ថែ​ទាំ​សុខភាព និង​សេចក្តី​ថ្លៃ​ថ្នូរ​ជា​មនុស្ស សិទ្ធិ​រួច​ផុត​ពី​អំពើ​ទារុណកម្ម​ និង​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​​ផង​ដែរ។

របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា៖«​ពួក​គាត់​ជា​ច្រើន​មិន​ទាន់​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​ពី​បទ​ល្មើស​ណា​មួយ​នោះ​ទេ ប៉ុន្តែ​អ្នក​ទាំង​នោះ​ត្រូវ​បាន​គេ​ប្រព្រឹត្ត​មក​លើ​ដូច​ជា​ទណ្ឌិត​ឬ​ក៏​ធ្ងន់​ធ្ងរ​ជាង​ទណ្ឌិត​ទៀត​ផង​»។​

របាយ​ការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​ការ​អនុវត្ត​កែ​ទម្រង់​មាន​ភាព​យឺត​យ៉ាវ​។ អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ទទួល​ស្គាល់​ ថា​ បញ្ហា​ប្រឈម​ជា​ច្រើន​នៅ​តែ​បន្ត​កើត​មាន​ដូច​ជា​ ភាព​ចង្អៀត​ណែន​ ហេដ្ឋា​រចនា​សម័្ពន្ធ​មិន​គ្រប់​គ្រាន់​ បញ្ហា​ខ្វះ​មធ្យោបាយ​ដឹក​ជញ្ជូន​ទៅ​មក​សាលា​ឧទ្ធរណ៍​ ការ​អនុវត្ត​ច្បាប់​នៅ​ទន់​ខ្សោយ​ និង​បញ្ហា​កង្វះ​ចំណេះ​ដឹង​របស់​មន្ត្រី​ពន្ធនាគារ​។​

របាយ​ការណ៍​ថា៖ «​ជន​ជាប់​ឃុំ​ខ្លះ​ត្រូវ​បង់​ប្រាក់​សម្រាប់​សេវា​សុខភាព​និង​ថ្នាំ​ពេទ្យ​ក្នុង​ពន្ធនាគារ​។ អតីត​ជន​ជាប់​ឃុំ​ម្នាក់​បាន​រាយការណ៍​ថា​ គាត់​ត្រូវ​បង់​ប្រាក់​ ២២,៥០ ​ដុល្លារ​ទៅ​ឲ្យ​មន្ត្រី​ពន្ធនាគារ​ដើម្បី​ស្នាក់​នៅ​ក្នុង​ប៉ុស្តិ៍​សុខ​ភាព​របស់​ពន្ធនាគារ​នៅ​ពេល​ដែល​គាត់​ឈឺ»។

នៅ​ក្នុង​របាយការណ៍​បាន​សន្និដ្ឋាន​ថា ដោយ​មិន​មាន​ការ​ផ្លាស់​ប្តូរ​ជា​មូល​ដ្ឋាន​នោះ​ អាជ្ញាធរ​ពន្ធនាគារ​នឹង​នៅ​តែ​មិន​អាច​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ពេញ​លេញ​ក្នុង​ការ​ធានា​ឲ្យ​មាន​ការ​អប់រំ ការ​ស្តារ​នីតិសម្បទា និង​ការ​ថែរក្សា​បរិស្ថាន​ប្រកប​ដោយ​ប្រសិទ្ធភាព​បាន​ឡើយ​។

របាយ​ការណ៍​ថា៖«​អាជ្ញាធរ​ពន្ធនាគារ​ត្រូវ​តែ​មាន​​ការ​ងាក​ចេញ​ពី​ការ​រីក​រាល​ដាល​នៃ​អំពើ​ពុករលួយ​ ឥទ្ធិពល​នៃ​អំណាច​ក្នុង​ការ​គ្រប់គ្រង​ដឹក​នាំ​បន្ទប់​ពន្ធនាគារ​ និង​ស្ទើរ​តែ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​របស់​អាជ្ញាធរ​ពន្ធនាគារ»។​

លោក ថេង សាវឿន អ្នក​សម្រប​សម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ដែល​ជា​ពិរុទ្ធជន​ម្នាក់​ក្នុង​ចំណោម​ ២៣​ នាក់​ដែល​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​បាន​ថ្លែងថា​ ការ​រស់​នៅ​ក្នុង​ពន្ធនាគារ​គឺ​ជីវិត​មហា​សែន​លំបាក​ គឺ​បន្ទប់​មួយ​ដែល​មាន​ទំហំ​​ ៤៦ ​ម៉ែត្រ​គុណ​នឹង ​១០ ម៉ែត្រ ត្រូវ​ដាក់​ទណ្ឌិត​ចំនួន ​១១០ ​ទៅ​ ១២៥ ​នាក់​ ហើយ​មាន​បន្ទប់​ទឹក​នៅ​ក្នុង​នោះ​ ដូច្នេះ​ត្រូវ​ដាក់​វេន​គ្នា​ដេក​ ហើយ​ទឹក​ទាំង​ងូត​ទាំង​ប្រើប្រាស់​មិន​ឲ្យ​លើស​ពី​បីលីត្រ​នោះ​ទេ ហើយ​សាច់​ញតិ​មក​សួរ​សុខ​ទុក្ខ​បាន​ត្រឹម​តែ​១០​នាទី​ប៉ុណ្ណោះ​។

លោក​បាន​ថ្លែង​ថា៖«​ការ​ហូប​ចុក​គឺ​លំបាក​បើ​យើង​គ្មាន​លុយ បើ​មាន​លុយ​វិញ​គឺ​អាច​ទិញ​របស់​នៅ​ក្នុង​ពន្ធនាគារ​ ហើយ​អាច​ដើរ​ចេញ​ទៅ​បន្ទប់​ឃុំ​ឃាំង​បាន​ដោយ​សេរី​។ យើង​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​និយាយ​រឿង​ទាំង​អស់​នោះ​ទៅ​ប្រាប់​មិត្ត​ភក្តិ​ដែល​ចូល​មក​សួរ​សុខ​ទុក្ខ ពីព្រោះ​ខ្លាច​គេ​ធ្វើ​បាប​»។​

អ្នកស្រី​ ណាលី ពីឡូក នាយិកា​អង្គការ​សម័្ពន្ធ​ខ្មែរ​ជំរឿន​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា អាជ្ញាធរ​កម្ពុជា​គួរ​តែ​គោរព​ និង​ការពារ​សិទ្ធិ​របស់​ជន​ជាប់​ឃុំ​ ប៉ុន្តែ​ជាក់​ស្តែង​ណាស់​អ្នក​ទាំង​នោះ​នៅ តែ​ត្រូវ​បាន​គេ​រំលោភ​សិទ្ធិ​ជា​មូល​ដ្ឋាន​ដដែល​។

អ្នកស្រី​បាន​បន្ត​ថា៖«គួរ​ឲ្យ​សោក​ស្តាយ​ណាស់​ ដែល​អាជ្ញាធរ​ពន្ធនាគារ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្ត​ ការ​ការពារ​ជន​ជាប់​ឃុំ​ ដោយ​សារ​រឿង​សេដ្ឋកិច្ច និង​នយោបាយ​ទៅ​វិញ​»។

លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ និង លោក លីវ ម៉ូវ អគ្គនាយក​រង​ពុំ​អាច​ទាក់​ទង​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិល​មិញ៕

ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.