ស៊ីន ច័ន្ទឆាយា លា​ចាក​លោក​សមាគម ស៊ីន ស៊ីសាមុត ពុំ​ទាន់​មាន​អ្នក​ស្នង

3
Cambodia Website Design

មរណភាព​នឹក​ស្មាន​មិន​ដល់​របស់​កូន​ប្រុស​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត បាន​ធ្វើ​ឲ្យ​សមាគម​ថែរក្សា​ការពារ​បទ​ចម្រៀង​យុគ្គ​សម័យ​មាស​បាត់បង់​អ្នក​ដឹក​នាំ​ដ៏​សកម្ម​ម្នាក់។

លោក ស៊ីន ច័ន្ទឆាយា ដែល​បាន​ចែក​ឋាន​កាល​ពី​វេលា​ម៉ោង ​១០​និង ​៣០​ នាទី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិល​មិញ​​នេះ​បាន​ធ្វើ​កិច្ចការ​អស់​រយៈ​ពេល​ជាង​១​ទសវត្សរ៍​ដើម្បី​ទាមទារ​កម្មសិទ្ធិ​បញ្ញា​លើ​ស្នាដៃ​ចម្រៀង លោក ស៊ីន ស៊ីសាមុត ជា​ឪពុក​លោក។ ក្នុង​វ័យ​៥៨​ឆ្នាំ​លោក ស៊ីន ចាន់​ឆាយា ដែល​ជា​ប្រធាន​សមាគម​ ស៊ីន ស៊ីសាមុត បាន​តស៊ូ​ក្នុង​ឆន្ទៈ​រក្សា​មរតក​ពី​ជំនាន់​មុន​កុំ​ឲ្យ​មាន​ការ​កែ​ច្នៃ​យក​ទៅ​ច្រៀង​​កាឡៃ​ កែ​បទភ្លេង និង​អត្ថន័យ​ចម្រៀង​ពី​ដើម​នោះ។

ក្នុង​ថ្ងៃ​មរណភាព​លោក កូន​ប្រុស​ច្បង​នាម ស៊ីន សេដ្ឋកុល ​បាន​ថ្លែង​យ៉ាង​ក្តុក​ក្តួល​អួល​ដើមក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ថា៖ «គាត់​បាន​ផុត​ទៅ​ ដោយ​ខ្ញុំ​មិន​បាន​ស្តាប់​នូវ​សម្តី​ចុង​ក្រោយ​របស់​គាត់​ផង!​»។

Cambodia Website Design

កូន​ប្រុស​វ័យ​ ៣៣ ​ឆ្នាំ​ដែល​មាន​ប្អូន​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​ទៀត​រូប​នេះ ក៏​បាន​អំពាវនាវ​ដល់​បណ្តា​សប្បុរសជន​នានា​ទាំង​ក្នុង​វិស័យ​សិល្បៈ​ និង​ក្រៅ​សិល្បៈ​ដើម្បី​ជួយ​សម្រួល​ទុក្ខ​លំបាក​ដល់​ក្រុម​គ្រួសារ​​លោក​នា​ពេល​ធ្វើ​ពិធី​បុណ្យ​សព​ឪពុក ព្រោះ​ថា​គ្រួសារ​របស់​លោក​មាន​ជីវភាព​ខ្សត់ខ្សោយ។

លោក ស៊ីន សេដ្ឋកុល បាន​រៀបរាប់​ថា៖«សុំ​មេត្តា​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​ធ្វើ​ពិធី​បុណ្យ​សព​លោក​ឪពុក​ខ្ញុំ​ផង! ព្រោះ​ថា​ ស្ថានភាព​គ្រួសារ​របស់​យើង​មិន​ធូរធារ​ឡើយ»។

មរណភាព​របស់​លោក​បាន​ធ្វើ​ឲ្យ​សមាគម​ ស៊ីន ស៊ីសាមុត បាត់បង់​អ្នក​ដឹក​នាំ។ ទាក់ទិន​នឹង​ការ​បន្ត​វេន​កិច្ចការ​របស់​លោក ស៊ីន ច័ន្ទឆាយា កូន​ស្រី​ពៅ​របស់​លោក ស៊ីន សេដ្ឋ​សុជតា បាន​ឲ្យ​ដឹង​ថា៖ «ពេល​នេះ​យើង​មិន​ទាន់​ដឹង​ថា​អ្នក​ណា​នឹង​ស្នង​តំណែង​ជា​ប្រធាន​សមាគម​នោះ​ទេ»។

មរណភាព​ដោយ​នឹក​ស្មាន​មិន​ដល់​របស់​លោក​បាន​ធ្វើ​ឲ្យ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ លោក សុះ ម៉ាច បាន​ឲ្យ​ដឹង​ថា លោក​ ស៊ីន ច័ន្ទឆាយា ផុត​ដង្ហើម​ក្រោយ​ពី​ឧប្បត្តិហេតុ រអិល​ដួល​បោក​ក្បាល​នៅ​មុខ​ផ្ទះ បន្ទាប់​ពី​លោក​ត្រឡប់​មក​ពី​ទទួល​ទាន​កាហ្វេ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២០ ​ខែ​មករា។

ប្រធាន​សមាគម​សិល្បករ​ខ្មែរ​រូប​នេះ​ ក៏​បាន​សម្ដែង​នូវ​ក្ដី​អាឡោះ​អាល័យ​ដែរ ​ដោយ​លោក​បាន​រំឭក​នូវ​អតីតកាល​ដ៏​កម្សត់​កម្រ​ថា៖ «គាត់ ​[សព​លោក ស៊ីន ច័ន្ទឆាយា] ចាក​ចោល​ខ្ញុំ​រហូត​ហើយ! ឪពុក​គាត់​ និង​ឪពុក​ខ្ញុំ​ជា​មិត្តភក្តិ​នឹង​គ្នា ​ហើយ​ធ្លាប់​បាន​និពន្ធបទ​ភ្លេង​ឲ្យ​គ្នា​ច្រៀង​ទៅ​វិញ​ទៅ​មក​គាត់ (សព) និង​ខ្ញុំ​រាប់​អាន​គ្នា​ដូច​បង​ប្អូន​ពេល​នេះ​យើង​បែក​គ្នា​រហូត​ហើយ​ សូម​វិញ្ញាណក្ខន្ធ បង​បាន​ដល់​ឋាន​សុខគតិភព​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ»។

គួរ​រំឭក​ថា គ្រា​នៅ​មាន​ជីវិត លោក ស៊ីន​ ច័ន្ទឆាយា ខ្លាច​បំផុត​គឺ​ក្មេង​ជំនាន់​ក្រោយ​មិន​បាន​ស្វែង​យល់​ពី​ស្នាដៃ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត។ លោក​ក៏​បាន​ប្រមែ​ប្រមូល​នូវ​ថាស​ចម្រៀង​ដែល​អ្នក​វាយស្គរ និង​អ្នក​ស្នេហា​សំឡេង​លោក ស៊ីន ស៊ីសាមុត បាន​ប្រឹង​លាក់​ទុក​អំឡុង​សម័យ​ខ្មែរ​ក្រហម​​។​​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ លោក​បាន​​ផ្ញើ​រូបថត​​នៃ​ស្នាដៃ​តែង​និពន្ធ​របស់​ឪពុក​ប្រមាណ​១៨១​ទៅ​ចុះ​បញ្ជី​កម្មសិទ្ធិ​បញ្ជា​នៅ​ក្រសួង​ពាណិជ្ជកម្ម​។

ដោយ​យល់ពី​ស្ថានភាព​លំបាក​នៃ​គ្រួសារ​សព​ លោក សុះ ម៉ាច ក៏​បាន​អំពាវ​នាវ​ឲ្យ​មិត្ត​សិល្បករ​ សិល្បការិនី​ ទាំង​អស់​មេត្តា​ចូលរួម​ពិធី​បុណ្យ​។ សព​លោក ស៊ីន ច័ន្ទឆាយា ​តម្កល់​នៅ​ឯ​ផ្ទះ​លេខ​៥០​បេ (5០B) ផ្លូវ​២០៤ ខាង​ត្បូង​សាលា​បឋម​សិក្សា​ទឹក​ល្អក់ទី​៣ ខាង​ក្រោយ​ឃ្លាំង​រំសេវ រាជធានី​ភ្នំពេញ​៕​

ប្រភព៖ www.postkhmer.com/

Comments

comments

You might also like More from author