លោក ប៉ែន សុវណ្ណ គាំង​បេះ​ដូង​និង​ដាច់​សរសៃ​ឈាម​សម្រាក​នៅ​មន្ទីរ​ពេទ្យ​សិង្ហបុរី

0 0
Cambodia Website Design

យោងតាម​សហសេវិក​គាត់​បាន​ឲ្យ​ដឹង​ថា លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋមន្រ្តី​និង​ជា​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ នៅ​ក្នុង​មន្ទីរ​ពេទ្យ​សិង្ហបុរី បន្ទាប់​ពី​​កើត​ជំងឺ​គាំង​បេះដូង និង​ដាច់​សរសៃ​ឈាម​​ខួរ​ក្បាល​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

លោក ញ៉យ ចំរើន តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ ដែល​បាន​ជិះ​យន្ត​ហោះ​ជាមួយ​នឹង​លោក ប៉ែន ​សុវណ្ណ ទៅ​ប្រទេស​សិង្ហបុរី​កាល​ពី​​យប់​ថ្ងៃ​អាទិត្យ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា លោក ប៉ែន សុវណ្ណ នៅ​តែ​ស្ថិត​​នៅ​ក្នុង​បន្ទប់ អាយស៊ីយូ ហើយ​កំពុង​តាម​ដាន​យ៉ាង​ដិត​ដល់​ដោយ​​ក្រុម​វេជ្ជបណ្ឌិត។

លោក ចំរើន បាន​បញ្ជាក់​ថា លោក ប៉ែន សុវណ្ណ អាយុ ៧៨ ឆ្នាំ ​ត្រូវ​គេ​ដាក់​បំពង់​ អុកស៊ីសែន ចូល​ក្នុង​បេះ​ដូង​របស់​គាត់​ កាល​ពី​ម្សិលមិញ។

Cambodia Website Design

លោកបាន​បន្ថែម​ថា៖ «ភាគ​ច្រើន​ [គាត់] មិន​ដឹង​ខ្លួន​ទេ។ ពេល​ខ្លះពេល​យើង​ហៅ​ឈ្មោះ គាត់​បើក​ភ្នែក​ហើយ​បន្ទាប់​មក​បាន​បិទ​ទៅ​វិញ»។

លោកបន្ថែម​ទៀត​ថា លោក ប៉ែន សុវណ្ណ មិន​​និយាយ​ស្តី​ទាល់​តែសោះ។ «វេជ្ជបណ្ឌិត មិន​និយាយ​អ្វី​ទេអំពី​លទ្ធផល។ វា​មិន​ល្អ​ទេ។ គេ​ត្រូវ​ធ្វើអ្វី​ទៀត»។

ប៉ុន្តែ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​បង្ហោះ​លើ​ទំព័រ ហ្វេសប៊ុក​​ពី​ម្សិល​មិញ​ថា លោក ប៉ែន សុវណ្ណ «ឥឡូវ​នេះគ្មាន​គ្រោះ​ថ្នាក់​ទេ» ហើយ​ស្ថាន​ភាព​សុខ​ភាព​គាត់«​លែង​​គំរាម​ដល់​អាយុជីវិត»ហើយ។

តាម​លោក ញ៉យ ចំរើន ឲ្យ​ដឹង​ថា លោក ប៉ែន សុវណ្ណ ត្រូវ​នាំទៅ​មន្ទីរ​ពេទ្យ​សង់​ត្រាល់ នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​ក្រុម​គ្រួសារ​ឃើញ​គាត់​កម្រើក​ខ្លួន​មិន​បាន។ ក្រោយ​មក​គាត់​ត្រូវ​បាន​ផ្ទេរ​ទៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត មុន​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​នៅ​សិង្ហបុរី នៅពេល​កណ្តាល​អធ្រាត្រ។

លោក ប៉ែន សុវណ្ណ គ្មានធានា​រ៉ាប់​រង​សុខភាព​ទេ ហើយ​គណបក្ស​​កំពុង​អំពាវ​នាវ​រក​ជំនួយ​សម្រាប់​បង់​ថ្លៃ​ព្យាបាល។ គណបក្ស​ថា ការ​ចំណាយ​បឋម លើ​ការ​ព្យាបាល​អស់​​ ៣៨១៦៧ ដុល្លារ។

លោក ប៉ែន សុវណ្ណ ជា​អតីតនាយក​រដ្ឋមន្រ្តី​នៃ​របប​​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា ឆ្នាំ​១៩៨១ មុន​ត្រូវ​គេ​ធ្វើ​វិសុទ្ធកម្ម ហើយ​ឃុំ​ខ្លួន​នៅ​វៀតណាម​អស់ ១០ ឆ្នាំ។ គាត់​បាន​ឈ្នះ​អាសនៈ​​សភា​ នៅ​ខេត្ត​កំពង់​ស្ពឺ ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៣។

ជាមួយគ្នាដែរ លោក យឹម លាង ប្រធាន​កង​អង្គរក្ស​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជា​ជន​បញ្ជាក់​ពី​ម្សិលមិញ​ថា លោក ជា ស៊ីម អាយុ ៨៣ ឆ្នាំ បាន​​ចូល​​ទៅ​មន្ទីរ​ពេទ្យ​ក្នុង​ពេល​ថ្មីៗ​នេះ។

លោកបញ្ជាក់ថា លោក ជា ស៊ីម បាន​បញ្ជូន​ទៅ​វៀតណាម​ពិនិត្យ​សុខ​ភាព​ពី​ថ្ងៃ​ចន្ទ នឹង​វិល​មក​វិញប៉ុន្មាន​ថ្ងៃ​ទៀត៕

ប្រភព៖http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.