ក្រីក្រ កំព្រា គូស្នេហ៍​រៀប​ការ​ចោល ជាប់​ពន្ធនាគារ​… ខ្សែជីវិត​ពិត​របស់​អ្នកនិពន្ធ​គ​ង្គ ប៊ុ​ន​ឈឿ​ន

0 0
Cambodia Website Design

បទ​ចម្រៀង « អារ​សាច់​ជូន​ម្តាយ » « ម្លប់​ដូង​ទី​១០ » « ស្ពានឈើ​អភ័ព្វ » «​សែនស្តាយ​ថ្ពាល់​ស្តាំ » « រំដួល​ដងស្ទឹង​សង្កែ » « រាហូ​ចាប់​ចន្ទ » « ភ្លេង​មច្ចុរាជ »… ទាំងនេះ​សុទ្ធតែ​ជា​បទ​ចម្រៀង​ពេញ​និយម ដែល​ជា​ទូទៅ​មហាជន​ដឹង​ត្រឹមតែ​ម្ចាស់​សំនៀង គឺ​អធិរាជ​សំឡេង​មាស ស៊ី​ន ស៊ី​សា​មុត ។ ចំពោះ​អ្នកនិពន្ធ​ទំនុកច្រៀង​នៃ​បទ​ចម្រៀង​ទាំងនោះ មហាជន​មិនសូវ​ចាប់អារម្មណ៍ ឬ​មិន​បានដឹង​ថា​ជា​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ទេ ។

ការ​កសាង​ជីវិត​ក្លាយជា​អ្នកនិពន្ធ​ល្បីឈ្មោះ​មួយ​រូប លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ឆ្លងកាត់​ជីវភាព​ក្រីក្រ ម្តាយ​ឪពុក​ចែក​ឋាន​ចោល​ទាំង​វ័យក្មេង គូសង្សារ​បែក​បែរចិត្ត​រៀប​ការ​ចោល ជាប់​ពន្ធនាគារ​… និង​ក្នុង​វ័យ​ចំណាស់​ត្រូវ​ឃ្លាត​ចាក​ឆ្ងាយ​ពី​មាតុភូមិ ។ សព្វថ្ងៃ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន រស់នៅ​ប្រទេស​ន័​រ​វែ​ស ។

កោះសន្តិភាព​សូម​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​ពី​ខ្សែជីវិត​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ហើយ​ដែល​រសជាតិ​ជីវិត​ខ្លះ​របស់​លោក បាន​បង្ហូរ​ចេញ​តាម​រយៈ​ទឹក​ប៉ាកកា​ជា​បទ​ចម្រៀង​ដ៏​ល្បី ។ អត្ថបទ​ខ្សែជីវិត​នេះ​ចងក្រង​ដោយ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ផ្ទាល់ ។

Cambodia Website Design

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន និទាន​ថា ខ្ញុំ​គ​ង្គ ប៊ុ​ន​ឈឿ​ន កើត​នៅ​ថ្ងៃ​១៨ តុលា ឆ្នាំ​១៩៣៩ នៅ​ភូមិ​ចម្ការ​សំរោង ឃុំ​ចម្ការ​សំរោង (​តាម​ការណ៍​ពិត ខ្ញុំ​កើត​នៅ​ភូមិ​បឹង​ព្រីង ឃុំ​ថ្មគោល (​ច​ណ្តើ​រ​ស្វា​) ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ប៉ុន្តែ​ពេល​ស្រុក​មាន​កលិយុគ​ភ័ន្ត​ប្រែ សំបុត្រ​កំណើត​ដើម​បាត់​អស់ ទើប​សម្រេច​មក​ចុះ​ជាតិ​កំណើត នៅ​ឃុំ​ចម្ការ​សំរោង​វិញ​) ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។ ឪពុក​ឈ្មោះ​គ​ង្គ ឈិ​ន (​មាន​ដើម​កំណើត​នៅ​ឃុំ​ព្រៃ​ល្វា ខេត្តតាកែវ​) ម្តាយ​ឈ្មោះ​ម៉​រ ភឹង (​ជា​អ្នក​ឃុំ​ព្រែក​ហ្លួង ស្រុក​សង្កែ ខេត្តបាត់ដំបង​) ។

កាលពី​អាយុ​៨​ឆ្នាំ បាន​ចូល​រៀន​នៅ​ថ្នាក់​កុមារដ្ឋាន និង​បរិវចនដ្ឋាន​នៅ​សាលា​វត្ត​ពោធិ​វាល​។ ចាប់ពី​ថ្នាក់​អាទិក​ដ្ឋា​ន រហូត​ដល់​ឧត្តម​ដ្ឋា​ន​រៀន​នៅ​មជ្ឈិម​សាលា​បឋម​សិក្សា​ខេត្ត ហើយ​បាន​ប្រលង​ចូល​រៀន​នៅ​វិទ្យាល័យ​ព្រះ​មុនី​វង្ស រហូត​ដល់​ប្រលង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា ហើយ​បង្ខំចិត្ត​ឈប់​រៀន​នៅ​ឆ្នាំ​១៩៥៧​ដោយ​ទ័លក្រ​ពេក ។

ឪពុក​ខ្ញុំ​មិនមែន​ជា​អ្នកនិពន្ធ ឬ​អ្នក​អក្សរសាស្ត្រ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ចាំ​ច្បាស់​ថា​ពេល​ដែល​គាត់​ចាក​ចេញពី​ខេត្តតាកែវ មក​ផ្សងព្រេង​នៅ​ខេត្តបាត់ដំបង មាន​គេ​និយាយ​ថា គាត់​ចេះ​ភាសា​បារាំង​ជ្រៅជ្រះ អាច​សរសេរ​បាន និយាយ​បាន និង​អាច​ធ្វើ​ជា​គ្រូបង្រៀន​នៅ​សម័យ​នោះ​បាន​ទៀត​ផង ។ ប៉ុន្តែ​មិនដឹង​មូលហេតុ​អ្វី បានជា​គាត់​មិន​ព្រម​ចូល​ធ្វើការ​រដ្ឋ បែរជា​ស្ម័គ្រចិត្ត​ទៅ​ធ្វើជា​កាប៉ូរ៉ាល់​ប្រចាំ​ឃ្លាំង​ស្រែ​បារាំង នៅ​តំបន់​បឹង​ព្រីង​ទៅ​វិញ ។

សម័យ​ដែល​បារាំង​គ្រប់គ្រង​ប្រទេស​កម្ពុជា គេ​បាន​វាតទី​យក​ទឹកដី​ម្តុំ​ជើងភ្នំ​តូច ភ្នំ​ធំ នៅ​ខេត្តបាត់ដំបង ចាប់ពី​អូរ​តា​គី អូរ​តាកែ ពពាលខែ ស្រែ​បារាំង បឹង​ព្រីង មង្គលបុរី សម្រាប់​ធ្វើស្រែ ហើយ​ប្រមូល​ភោគផល​ស្រូវ​ពី​តំបន់​នេះ​នាំ​ចេញ​ទៅ​ក្រៅ តាម​រយៈ​ក្បួន​រថភ្លើង ដែល​មាន​ស្ថានីយ​ដឹក​ជញ្ជូន​បោះ​ប្រចាំការ​នៅ​ឃុំ​ច​ណ្តើ​រ​ស្វា ។

នេះ​ប្រហែល​មក​ពី​ឪពុក​ខ្ញុំ​ចេះ​ភាសា​បារាំង អាច​បកប្រែ​បាន ទើប​គេ​ត្រូវការ​ឱ្យ​គាត់​ទៅ​ធ្វើ​ជា​អ្នកគ្រប់គ្រង​សម្ភារ​ឧបករណ៍​កសិកម្ម ផ្សេង​ៗ នៅ​ប្រចាំ​ការដ្ឋាន​ស្រែ​បារាំង​នោះ ។

នៅ​ពេល​នោះ​ហើយ ដែល​គាត់​បាន​ជួបនឹង​ម្តាយ​ខ្ញុំ ហើយ​បានឱ្យ​កំណើត​បងប្រុស​ខ្ញុំ​ម្នាក់​ឈ្មោះ​គ​ង្គ ប៊ុ​ន​ឆោម និង​រូប​ខ្ញុំ ។ តែ​បន្ទាប់​ពី​កំណើត​ខ្ញុំ ឪពុក​ខ្ញុំ​ក៏​ឈប់​ធ្វើ​ជា​កា​ប៉ូ​រ៉ា​ល់​ឃ្លាំង​ស្រែ​បារាំង ហើយ​នាំ​គ្រួសារ​ទៅ​បោះទីតាំង​រកស៊ី​លក់ដូរ​នៅ​ភូមិ​បាក់​អ​ម្រែ​ក ក្នុង​ឃុំ​ព្រែក​ហ្លួង ដែល​ជា​ទឹកដី​កំណើត​របស់​ម្តាយ​ខ្ញុំ​វិញ ។ រស់នៅ​ទីនោះ​រហូត​ដល់​ខ្ញុំ​អាយុ​បាន​៦​ឆ្នាំ ដោយ​ភូមិ​ស្រុក​កើត​កលិយុគ​វឹកវរ ឪពុក​ខ្ញុំ​ក៏​នាំ​គ្រួសារ​មក​នៅ​ខេត្តបាត់ដំបង​វិញ ដោយ​ប្រកប​របរ​រកស៊ី​ជា​អ្នក​លក់ដូរ​ធម្មតា ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន និទាន​បន្ត​ថា នៅ​សម័យ​នោះ កម្រ​មាន​អ្នក​ណា​ចូល​ចិត្ត​អាន​កាសែត​ណាស់ តែ​ខ្ញុំ​នៅ​ចាំ​បាន​ថា ឪពុក​ខ្ញុំ​ជា​អ្នក​អាន​កាសែត​បារាំង​ម្នាក់​យ៉ា​ង​ខ្ជាប់ខ្ជួន គឺ​កាសែត Extrème-ORIENT ដែល​បោះពុម្ព​នៅ​ព្រៃនគរ ។ នៅ​ពី​តូច​ខ្ញុំ​តែង​ត្រូវ​ឪពុក​ខ្ញុំ​ប្រើ​ឱ្យ​រត់​ទិញ​កាសែត​ពី​ហាង​មួយ​នៅ​ផ្លូវ​លេខ​២​ជា​ញឹកញាប់ ។

ខ្ញុំ​បាន​យល់​ដឹង​ពី​ឪពុក​ខ្ញុំ​តែ​ប៉ុណ្ណឹង រហូត​ដល់​គាត់​មាន​ជំងឺ​ស្លាប់​នៅ​ឆ្នាំ​១៩៥៣ ហើយ​បន្សល់​ទុក​នូវ​គំនរ​កាសែត​ពីរ​បី​ហឹប និង​សៀវភៅសរសេរ​ដៃ ខ្លះ​ជា​កំណត់ហេតុ​កត់ត្រា​នូវ​ព្រឹត្តិការណ៍ ផ្សេង​ៗ ជា​ភាសា​បារាំង ដែល​ពេល​នោះ​ខ្ញុំ​មិន​អាច​យល់​បាន ព្រមទាំង​អត្ថបទ​កំណាព្យ ខ្លី​ៗ លាយ​ជាមួយនឹង​ធម៌អាថ៌​មួយ​កូនសៀវភៅ​តូច ។

ពាក្យ​ដែល​និយាយ​ថា ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់ ប្រហែលជា​ត្រូវ​សម្រាប់​មនុស្ស​ខ្លះ តែ​សម្រាប់​ខ្ញុំ​ផ្ទុយ​ពី​ពាក្យ​ទំនៀម​នេះ​ស្រឡះ ដូច្នេះ​តើ​ហេតុ​អ្វី​ដែល​បណ្តាល​ឱ្យ​ខ្ញុំ​ក្លា​យមក​ជា​អ្នកនិពន្ធ នៅ​ពេល​នេះ ?

ឆ្នាំ​ដែល​ខ្ញុំ​កើត ជា​ឆ្នាំ​ដែល​សង្គ្រាមលោក​លើក​ទី​ពីរ ចាប់ផ្តើម​ឆេះ​ដង្គោល​ដង្គុំ ។ សំឡេង​អាវុធ​គ្រប់​ប្រភេទ បាន​លាន់ឮ​ស្ទើរ​រលើង​ប្រឹថពី ក៏​ដូច​ជា​លាន់ឮ​នៅ​លើ​មាតុភូមិ​ខ្ញុំ​…​មាតុភូមិ​ដែល​ធ្លាប់​រស់​គ្រាំគ្រា​ក្នុង​នឹម​ដែក​អាណានិគម ។

ខ្ញុំ​កើត​ចេញពី​ផ្ទៃ​ម្តាយ​ម្នាក់ ដែល​មាន​សេរីភាព​ក្នុង​ការ​បង្កើតកូន តែ​ខ្ញុំ​មិនមែន​ជា​ទារក ដែល​មាន​សេរីភាព​ទេ ព្រោះ​ជា​ទារក​ដែល​កើត​ក្នុង​សម័យ​អាណានិគម ជា​គ្រួសារ​មួយ ក្នុង​ចំណោម​គ្រួសារ​រាប់​លាន​ដែល​ក្លាយជា​ខ្ញុំកញ្ជះ​គេ​…​។

ច្រមុះ​ខ្ញុំ​បាន​ស្រូប​យក​ក្លិន​គ្រាប់រំសេវ​ផ្សែង​អួអាប់ និង​ទុក្ខវេទនា​របស់​គ្រួសារ​ខ្មែរ​ទាំងអស់ តាំងពី​ថ្ងៃ​ដំបូង​នៃ​ជីវិត​ខ្ញុំ ។

កុមារភាព​របស់ខ្ញុំ ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​ឧត្តមគតិ និង​ទិដ្ឋភាព​នេះ​ទើប​នៅ​ពេល​ដែល​ខ្ញុំ​កំពុង​រៀន និស្ស័យ​ធម្មជាតិ​បាន​ជំរុញ​ឱ្យ​ខ្ញុំ​ចូល​ចិត្ត​ស្តា​ប់រឿង​ដែល​គេ​និទាន ទោះ​និទាន​ពី​អ្វី​ក៏​ដោយ ។

ខ្ញុំ​ចូល​ចិត្ត​ស្តាប់​ចម្រៀង​ចាប៉ី​ដង​វែង ស្តា​ប់លោក​ទេសនា​ឆ្លង​ឆ្លើយ ស្តាប់ ចាស់​ៗ​និទានរឿង​ព្រេង​តាម​សាស្ត្រា​ស្លឹករឹត មើល​អា​យ៉ង អា​យ៉ៃ មើលល្ខោន​បិទមុខ (​រឿង​រាមកេរ្តិ៍​) មើល​ល្ខោនបាសាក់ ស្តាប់​ចម្រៀង​សម័យ និង​មើល​ភាពយន្ត ។ ប្រហែល​មក​ពី​កត្តា​ទាំងនេះ​ហើយ ទើប​បណ្តាល​ឱ្យ​ខ្ញុំ​មាន​ទំនោរ​ស្រឡាញ់​ការ​និពន្ធ ?

ការ​រៀន​នៅ​បឋម​សិក្សា ខ្ញុំ​ចាប់អារម្មណ៍​នឹង​រៀន​គូរ​មុន​ដំបូង ។ ឱ្យ​តែ​ពេលទំនេរ ខ្ញុំ​តែង​ទៅ​សំកុក​មើល​ជាង​គូររូប​នៅ​រោង​ភាពយន្ត ហាប់​-​ឈុ​ន នៅ​ខេត្តបាត់ដំបង (​បច្ចុប្បន្ន​រោង​១៣​មក​រា​) និង​រោងកុន​អេ​ដែន (​ឥឡូវនេះ​គ្មាន​ទេ​)​។ ក្រោយមក​ខ្ញុំ​ខំរៀន​គូរ​តាម​រូប​កុន ឬ​រូបភាព​ផ្សេង​ៗ ទាល់តែ​ក្លាយជា​សិស្ស​ម្នាក់​ដែល​ពូកែ​ជាងគេ​នៅ​ក្នុង​ថ្នាក់រៀន ។

ផ្តើម​ពី​ការ​គូសវាស និង​ការ​ចូល​ចិត្ត​ស្តា​ប់រឿង ស្តាប់​ចម្រៀង​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ស្រឡាញ់​ពាក្យ​ជួន​រណ្តំ តាម​បែប​កំណាព្យ និង​សំនួនវោហារ​ដែល​ប្រើប្រាស់​ក្នុង​ល្បះ​ឃ្លា​ចម្រៀង ហើយ​ខ្ញុំ​ក៏​រៀន​សរសេរ​កំណាព្យ​តាម​បែប​រឿងនិទាន ផ្សេង​ៗ ។ ទន្ទឹម​នោះ​ខ្ញុំ​ក៏​ចាប់​អាន​រឿង​រា​៉​វ​ដែរ រហូត​ដល់​រឿង​ប្រលោមលោក​ខ្លះ​ៗ ដែល​បោះពុម្ព​ក្នុង​សម័យ​នោះ ដូច​ជា សូ​ផាត ផ្កា​ស្រពោន កុលាប​ប៉ៃលិន ។​ល​។

ក្នុង​មនោសញ្ចេតនា ដែល​ដក់​ជាប់​ការ​ឈឺចាប់ និង​មើលឃើញ​ភាព​ក្រខ្សត់​នៃ​គ្រួសារ​ផ្ទាល់ខ្លួន ដែល​ជួប​ការ​លំបាក​វេទនា​ក្នុង​ការ​រៀនសូត្រ រួម​ជាមួយ​ទុក្ខវេទនា​នៃ​គ្រួសារ​ដទៃ​ទៀត កាន់តែ​ធ្វើ​ឱ្យ​ខ្ញុំ​ប្រើ​មនោសញ្ចេតនា​ត្រិះ​រិះ វិភាគ​ពិចារណា​វែង​ឆ្ងាយ និង​ស្រមើស្រមៃ​អណ្តែតអណ្តូង ។ ខ្ញុំ​ទម្លាប់​ដេក​គង​ថ្ងាស​តាំងពី​នៅ​តូច ជា​មនុស្ស​ព្រួយបារម្ភ​ច្រើន​ជាង​សប្បាយ និង​ជា​មនុស្ស​គិត​ច្រើន​ជាង​និយាយ ។

ឪពុក​ខ្ញុំ​ស្លាប់​នៅ​ឆ្នាំ​១៩៥៣ ពេល​ដែល​សភាពការណ៍​ប្រទេស​ជាតិ​កំពុង​ផ្លាស់​ប្តូរ​ពី​ការ​ផ្ទេរ​រដ្ឋអំណាច​បារាំង​មក​ខ្មែរ​ទាំងស្រុង ។ ចលនា​ផុសផុល​របស់​គណបក្ស​ច្រើន​បែប ច្រើន​ឈ្មោះ ដើម្បី​ដណ្តើម​ប្រជាប្រិយភាព​ក្នុង​ការ​ដឹកនាំ​ប្រទេស ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន រៀបរាប់​ថា ការ​គាបសង្កត់​រវាង​អ្នកនយោបាយ​គ្រប់​ពណ៌​សម្បុរ និង​ការ​តស៊ូ​ពី​ក្នុង​ព្រៃរបស់​បណ្តា​ចលនា​អ្នក​ស្នេហា​ជាតិ ផ្សេង​ៗ បាន​ក្លាយទៅជា​ឯកសារ ស្រស់​ៗ​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​លត់​ដំ​ខួរក្បាល​ខ្ញុំ​ឱ្យ​កាន់តែ​ត្រិះ​រិះ​ពិចារណា ចេះ​វិភាគ​ពី​បញ្ហា​សង្គម និង​ការ​រាក់​ជ្រៅ​នៅ​ក្នុង​បញ្ហា​ជីវិត ។

នេះ​ជា​សាលារៀន​មួយ​ក្នុង​ចំណោម​សាលារៀន​ជា​ច្រើន​ទៀត ដែល​នាំ​ឱ្យ​ខ្ញុំ​ចេះ​សរសេរ ។

ប៉ុន្តែ នេះ​អាច​និយាយ​បន្ថែម​ថា ជា​ទេព​កោសល្យ និង​ឧបនិស្ស័យ​ពី​កំណើត​មក​ក៏​ថា​បាន ព្រោះ​បើ​គ្មាន​សភាវៈ​ទាំងនេះ​គួប​ផ្សំ​ផង​ទេ មិន​ងាយ​នឹង​មាន​អ្វី​ស្រូប​ទាញ​ជីវិត​ខ្ញុំ​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​លំ​អាន​ផ្លូវ​មនោសញ្ចេតនា​នេះ​ឡើយ ។

ដោយសារ​កត្តា​ផ្សំ​ទាំងនោះ​ហើយ ដែល​បាន​ចង្អុល​ផ្លូវ​នាំ​ដៃ​ឱ្យ​ខ្ញុំ​ឈ្មុសឈ្មុល​លើ​ផ្លូវ​ដែល​ពោរពេញ​ដោយ​ក្តី​ស្រមៃ និង​មិន​បាន​យល់​ពី​ទ្រឹស្តី​អ្វី​បន្តិចបន្តួច​សោះ​នៃ​ការ​និពន្ធ ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​ធ្វើ​ដំណើរ​ផ្សងព្រេង​លើ​មាគ៌​៌ា​ដ៏​ងងឹតងងល់​មួយ ។

ជា បណ្តើរ​ៗ ឧបនិស្ស័យ​បាន​កែប្រែ​ខ្លួន​ខ្ញុំ បន្តិច​ម្តង​ៗ ទៅ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​បំផុត ក្នុង​ការ​បណ្តែត​មនោសញ្ចេតនា​ឱ្យ​រវើរវាយ ឬ​ស្រមៃ​ទៅ​កាន់​ភព​មួយ​ដែល​គ្មាន​អ្នក​ណា​នឹក​ដល់ ។

ខ្ញុំ​ក៏​មិន​ដែល​គិត​ថា ជីវិត​ជា​អ្នកនិពន្ធ​ជួប​ប្រទះ​នូវ​គ្រោះថ្នាក់ ឧបសគ្គ​រារាំង​ច្រើន​រាប់​មិន​អស់​ដែរ គឺ​ខ្ញុំ​ពេញចិត្ត​ជាង​អ្វី​ទាំងអស់ ។

ជួនកាល​ខ្ញុំ​ឃើញ​ស្រមោច​ជញ្ជូន​ពង ស្លឹកឈើ​ត្រូវ​ខ្យល់​បក់ រវិច​ៗ ទា​ហែល​ទឹក​នៅ​ក្នុង​ត្រពាំង ស្លឹក​រាំង ឬ​ស្លឹក​ឫស្សី​ធ្លាក់​រុះ​រោយ​ក្នុង​បឹង នារី​ស្រុកស្រែ​ចោមពុង​កណ្តៀតក្អម​ចុះ​ដងទឹក​បឹង ដៃ​នាង​ល្វតល្វន់​យក​ក្អម​វាច​ទឹក បង្កើត​ជា​ផ្នត់​រលក តូច​ៗ រត់​ទៅ​ប៉ះ​នឹង​ដើម​ព្រលិត ធ្វើ​ឱ្យ​ញ័រ​រញ្ជួយ​ដល់​ស្រមោល​ដើម​ត្នោត ដែល​ឆ្លុះ​ចាំង​មក​ជាមួយ​ពន្លឺ​ថ្ងៃ​ក្រហម​រៀប​អស្តង្គត​…​។​ល​។

ទិដ្ឋភាព​ទាំងនេះ​សាមញ្ញ​ណាស់ ភ្នែក​ទាំងឡាយ គេ​មើលឃើញ​គ្មាន​ន័យ​អ្វី​ឡើយ តែ​សម្រាប់​ខ្ញុំ​គឺជា​ប្រធានបទ​ដ៏​សម្បូរ​បែប ដែល​មាន​អត្ថន័យ​ជ្រាលជ្រៅ​បំផុត​នៅ​ក្នុង​សោភ័ណ​ភាព​នៃ​បទ​និពន្ធ ដ៏​អាថ៌​កំបាំង​ដែល​គ្មាន​នរណា​នឹក​ដល់ ។

ក្រោយ​ដែល​ឪពុក​ខ្ញុំ​ស្លាប់​ផុត ខ្ញុំ​កាន់តែ​រស់​តានតឹង​មែនទែន​ជាមួយ​ម្តាយ​មេ​ម៉ាយ និង​បងប្រុស​ម្នាក់​ដែល​មាន​វ័យ​ស្របាល​គ្នា ចេះ​ត្អូញត្អែរ​ក្នុង​ជីវិត ចេះ​តូចចិត្ត និង​ចេះ​ប្រៀបធៀប ។

ដោយ​អាណិតអាសូរ​វាសនា​ខ្លួន​យា​៉​ង​នេះ​ហើយ ខ្ញុំ​ក៏​សាកល្បង​ហាត់សរសេរ​កំណាព្យ​នៅ​ពេល​ដែល​ខ្ញុំ​រៀន​ថ្នាក់ឧត្តម​ដ្ឋា​ន តែ​កំណាព្យ​នេះ​មាន​លក្ខណៈ​ជា​ទំនុកច្រៀង ឬ​ជា​អ្វី​ដែល​អាច​ជួយ​លួងលោម​មនោ​រម្ម​ណ៍ និង​បន្ធូរបន្ថយ​មនោសញ្ចេតនា​លំបាក តប់ប្រមល់​ក្នុង​ជីវិត​របស់ខ្ញុំ ។ គួប​ផ្សំ​ពេល​នោះ​ខ្ញុំ​ចេះ​ភ្លេង ខ្លះ​ៗ​នៅ​ក្នុង​សាលា ខ្ញុំ​ចេះ​កាន់​ឧបករណ៍​ចាប៉ី (​ម៉​ង់​ដូ​លី​ន​) ច្បាស់លាស់ ខ្ញុំ​ក៏​ឧស្សាហ៍​បង្ហូរ​មនោសញ្ចេតនា​របស់ខ្ញុំ​ទៅ​តាម​មន្ត​ស្នេហ៍​នៃ​តន្ត្រី​នេះ និង​តាម​រសជាតិ​កំណាព្យ​ទំនុកច្រៀង លុះត្រាតែ​ក្លាយទៅជា​ទម្លាប់ ។

កាល​ណោះ​ក៏​មាន​បទ​ភ្លេង​ចម្រៀង​សម័យ ដែល​ផ្សាយ​តាម​វិទ្យុ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង តាម​រយៈ​ឧ​គ្ឃោ​សន​ស័ព្ទ​នៃ​ការិយាល័យ​បណ្តាញ​ឃោសនាការ​នៅ​ជិត​រោងកុន​សង្កែ (​ពេល​នេះ​គ្មាន​ទេ​) ដែល​ខ្ញុំ​តែង​ព្យាយាម​ទៅ​អង្គុយ​ស្តាប់​រាល់​ៗ​ល្ងាច ។ (​និស្ស័យ ស្តាប់ មើល​ស្នាដៃ​របស់​គេ​…​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ចាប់ផ្តើម​សាកល្បង​តាក់តែង​ស្នាដៃ​របស់​ខ្លួន​ជា​ទំនុកច្រៀង និង​រឿង​ប្រលោមលោក ខ្លី​ៗ ។ គេ​ដៀល​ថា​អ្នកនិពន្ធ​សម្រែ ស្លៀក​តែ​ខោខ្លី អាវ​កញ្ចាស់ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ផ្សងព្រេង​យក​ប្រលោមលោក​ដើរ​លក់​នៅ​ភ្នំពេញ តើ​បាន​លទ្ធផល​យ៉ាង​ណា ?​) ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន និទាន​ថា ខ្ញុំ​ពេញចិត្ត​អ្នកចម្រៀង​ស៊ី​ន ស៊ី​សា​មុត តាំងពី​នៅ​ក្មេង និង​អ្នកនិពន្ធ​បទ​ភ្លេង ទំនុកច្រៀង​ពៅ ស៊ី​ផូ ។ អ្វី​ៗ​ដែល​ខ្ញុំ​បានឮ​សម័យ​នោះ វា​ដូច​ជា​ជីវជាតិ​ស្រោចស្រព​ចូល​បេះដូង​ខ្ញុំ​ឱ្យ​ផុស​ដុះ​ពន្លក​មនោសញ្ចេតនា​កំណាព្យ ទំនុកច្រៀង កាន់តែ ច្រើន​ឡើង​ៗ​គ្មាន​ស្រកស្រុត ។

ទន្ទឹម​នឹង​ការ​សរសេរ​កំណាព្យ​ទំនុកច្រៀង ខ្ញុំ​ក៏​ហាត់សរសេរ​រឿង ខ្លះ​ៗ ដោយ​បាន​មើល​កាសែត​ដែល​ចុះ​ផ្សាយ​រឿង ខ្លី​ៗ​នា​សម័យ​នោះ ដូច​ជា​កាសែត​កម្ពុជា កាសែត​ប្រជាជន កាសែត​ប្រជាធិបតេយ្យ និង​កាសែត​សង្គមរាស្ត្រនិយម ។​ល​។ ខ្ញុំ​បាន​មើល​ប្រលោមលោក​របស់​អ្នកនិពន្ធ ប៊ី​វ ឆៃ​លាង ដែល​ទុកដូចជា​ប្រទីប​បំភ្លឺ​ផ្លូវ ឱ្យ​ខំ​ឈាន​ទៅ​កាន់​ដង​បា​៉​ក​កា​សរសេរ​រឿង ។

ជា​បន្ត​មក​ទៀត រហូត​ដល់​ចូល​រៀន​វិទ្យាល័យ​ព្រះ​មុនី​វង្ស ត្រឹម​ថ្នាក់​ទី​៥ ខ្ញុំ​បាន​សាកល្បង​និពន្ធ​កំណាព្យ​ទំនុកច្រៀង និង​ប្រលោមលោក ខ្លី​ៗ​បាន​មួយ​ចំនួន ប៉ុន្តែ​មិន​ទាន់​បាន​បោះពុម្ព ព្រោះ​ការ​បោះពុម្ព​នៅ​សម័យ​នោះ​តឹងតែង​ណាស់ បើ​អ្នកនិពន្ធ​ណា​មិន​ទាន់​មានឈ្មោះ​នៅ​លើ​ក្របសៀវភៅ​បោះពុម្ព នោះ​ម្ចាស់​បណ្ណាគារ គេ​មិន​ទទួលស្គាល់​ឡើយ ។

នៅ​ឆ្នាំ​១៩៥៧ ខ្ញុំ​បាន​ប្រលង​ជាប់​លេខ​១ នៅ​ក្នុង​ឱកាស​មហោស្រព​អក្សរសិល្ប៍​មួយ ធ្វើ​នៅ​ក្នុងខេត្តបាត់ដំបង នោះ​គឺ​វណ្ណ​កម្ម​ប្រលោមលោក​ឈ្មោះ​ថា «​ស្នេហា​លុះ​អវសាន​» ។

ពេល​នោះ​ហើយ ដែល​ខ្ញុំ​រំពឹងគិត​ថា អ្វី​ៗ​ដែល​ខ្ញុំ​ព្យាយាម​កន្លង​មក បាន​ចេញ​ជា​ផ្លែផ្កា ខ្លះ​ៗ​ហើយ គឺ​ខ្ញុំ​បាន​ទទួល​ប្រាក់​១.៥០០​រៀល ជា​រង្វាន់​សម្រាប់​ជ័យ​លា​ភី​លេខ​១​នៅ​សម័យ​នោះ ។ ខ្ញុំ​បាន​យក​ទៅ​ឱ្យ​ម្តាយ​ខ្ញុំ​ទាំងអស់ ជា​ប្រាក់​ដែល​ខ្ញុំ​ចេះ​រក​បានជា​លើក​ដំបូង​នៅ​ក្នុង​ជីវិត ដោយសារ​តំណក់​ទឹកខ្មៅ ។

ទោះបី​យ៉ាង​នេះ​ក្តី ក៏​នៅ​ក្នុង​ខេត្ត​ពុំ​ទាន់​មាន​បណ្ណាគារ​ណាមួយ​ព្រម​ទទួលយក​រឿង ថ្មី​ៗ​របស់ខ្ញុំ​ទៅ​បោះពុម្ព​ឡើយ គេ​ហាក់ដូចជា​នៅ​រារែក​មិន​ទាន់​ទុកចិត្ត​ថា​ស្នាដៃ​ខ្ញុំ តើ​អាច​ទទួល​ការ​ពេញ​និយម​ពី​អ្នក​អាន ឬ​យ៉ា​ង​ណា​នោះ ?

នៅ​ភ្នំពេញ​ទៀត​សោត ក៏​ខ្ញុំ​បាន​សាកល្បង​ស្ពាយ​ប្រលោមលោក​មួយ​ចំនួន ដែល​ជា​ស្នាដៃ​របស់ខ្ញុំ​យក​ទៅ​លក់​ដែរ តែ​គ្មាន​បណ្ណាគារ​ណាមួយ​ទទួល​យល់ព្រម​ទិញ​ឡើយ ។ មិនតែប៉ុណ្ណោះ មាន​អ្នកខ្លះ​គេ​ពេបជ្រាយ មើលងាយ​ខ្ញុំ​ទៀត​ថា​អ្នកនិពន្ធ​អី​រាង​សំរែ នៅ​ក្មេង ស្លៀក​តែ​ខោខ្លី អាវ​កញ្ចាស់ ដូច CHOMEUR ។

ក្នុង​ឆាកជីវិត​ផ្សងព្រេង យក​ប្រលោមលោក​ដើរ​លក់​នៅ​ក្រុងភ្នំពេញ ជីវិត​ខ្ញុំ​ពេល​នោះ​ប្រៀប​ដូច​ជា​សូ​ផាត គឺ​បាន​ចូល​ទៅ​ថ្វាយបង្គំ​សម្តេចព្រះសង្ឃរាជ​ជួន ណាត ដើម្បី​សុំ​សំណាក់​មួយ​យប់​នៅ​ក្នុង​វត្ត​ឧណ្ណាលោម មុន​នឹង​ត្រឡប់​ទៅ​ខេត្តបាត់ដំបង​វិញ ។

ពេល​នោះ​ខ្ញុំ​មាន​តែ​ទឹកភ្នែក​ដេក​អត់បាយ ហើយ​ព្រឹក​ឡើង​សំពះ​សុំ​រថយន្ត​គេ​ជិះ​ត្រឡប់​ទៅ​ស្រុក ដោយ​អង្គុយ​អោប​តែ​សំណៅ​ប្រលោមលោក​ទាំង​អាប់អួ​ក្នុង​ចិត្ត ។ ប៉ុណ្ណឹង​ហើយ ក៏​ពួក​អ្នក​បោះពុម្ព​នៅ​ក្នុង​ខេត្ត គេ​មិន​ទទួលស្គាល់​ទៀត ខ្ញុំ​ស្ទើរតែ​អស់សង្ឃឹម ម្តង​ៗ…​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ព្យាយាម​តស៊ូ​តទៅ​មុខ​រហូត​… គឺ​នៅ​តែ​សរសេរ​… សរសេរ​ហើយ​សរសេរ​ទៀត​… ទោះបីជា​ជួប​ប្រទះ​ផ្លូវ​អាប់អួ​ក្នុង​ជីវិត​បែប​ណា​ក៏​ដោយ ។

ទន្ទឹម​នឹង​ពេល​ដែល​ខ្ញុំ​កាន់តែ​អស់សង្ឃឹម ម្តាយ​ខ្ញុំ​ក៏​ធ្លាក់ខ្លួន​ក្រ​មែនទែន ហើយ​មាន​ជំងឺ​ជា​ទម្ងន់​ទៀត​ផង ម្តាយ​និង​កូន​ជួល​ក្រោមផ្ទះ​គេ​ជ្រក​នៅ​ជិត​វត្ត​ពោធិ​វាល ។

ដោយហេតុ​ចង់បាន​ឈ្មោះ​ទៅ​ជា​អ្នក​សរសេរ ខ្ញុំ​នៅ​តែ​តត្រុក​ទៅ​សូម​បម្រើ​ឱ្យ​តូប​លក់​សៀវភៅ​មួយ​នៅ​ក្នុង​ខេត្ត ដោយ​មិន​យក​ប្រាក់ខែ ដោយ​សុំ​ឱ្យ​តែ​គេ​អាណិត​មេត្តា​បោះពុម្ព​សៀវភៅ​ដែល​ជា​ស្នាដៃ​របស់ខ្ញុំ ព្រោះ​គេ​បាន​សន្យា​ច្បាស់លាស់​ហើយ ។ (​កំពុង​តែ​ក្រីក្រ​លំបាក ម្តាយ​ស្លាប់​ចោល​ទៀត តើ​មាគ៌ា​ជីវិត​យុវជន​គ​ង្គ ប៊ុ​ន​ឈឿ​ន ទៅ​ជាយ៉ាង​ណា ?​) ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន និទាន​ថា ពេល​នោះ​ខ្ញុំ​ទៅ​រៀន​ផង ឆ្លៀត​បម្រើ​គេ​ផង ព្រមទាំង​ឆ្លៀត​រក​ថ្នាំ​ព្យាបាល​ម្តាយ​ដែល​មាន​ជំងឺ​ផង ។

ម្តាយ​ខ្ញុំ​ឈឺ​ទាល់តែ​ស្លាប់ ម្ចាស់​តូប​លក់​សៀវភៅ​ក៏​នៅ​តែ​មិន​ព្រម​បោះពុម្ព​សៀវភៅ ខ្ញុំ​ចាប់ផ្តើម​អស់សង្ឃឹម និង​រវើរវាយ​មែនទែន ហើយ​ពិបាកចិត្ត​ស្ទើរតែ​រៀន​មិនកើត ។

ពេល​នោះ​ខ្ញុំ​ឆ្លង​ផុត​ថ្នាក់​ទី​៤ ទំនើប​ជាតិ​ចូល​ថ្នាក់​ទី​៣ ដែល​ជា​ឆ្នាំ​ពិសេស ត្រូវ​ប្រឡង​យក​សញ្ញាបត្រ​ទៀត​ផង តើ​ខ្ញុំ​ត្រូវ​លះបង់​អ្វី ? យក​អ្វី ?

ពេល​ដែល​ខ្ញុំ​អស់សង្ឃឹម​មែនទែន ថា​នឹង​ទម្លាក់​ដង​បា​៉​ក​កា​ចោល​នេះ ស្រាប់តែ​ស្នាដៃ​ប្រលោមលោក​មួយ​រឿង​ឈ្មោះ​ថា «​តំណក់ទឹកភ្នែក​នារី​» ឬ «​ទន្លេ​មរណៈ​» ដែល​ខ្ញុំ​បាន​ផ្ញើ​តាម​រយៈ​មិត្ត​ម្នាក់ ទៅ​លក់​ឱ្យ​បណ្ណាគារ​មួយ​នៅ​ខេត្តកំពង់ចាម បាន​បោះពុម្ព​ចេញ​ដោយ​រហស្សនាម​អ្នកនិពន្ធ​ថា គង់​-​ផា​ន ។

ទោះបីជា​រឿង​នេះ មិន​ដាក់​ឈ្មោះ​ពិតប្រាកដ​របស់ខ្ញុំ​ក៏​ដោយ ក៏​មិត្តភក្តិ​ជា​ច្រើន គេ​ដឹង​ថា រឿង​នេះ​ជា​រឿង​របស់ខ្ញុំ ព្រោះ​មុន​នឹង​ពឹង​ឱ្យ​មិត្ត​ម្នាក់​យក​ទៅ​លក់​នៅ​ខេត្តកំពង់ចាម ខ្ញុំ​បាន​កាន់​សំណៅ​រឿង​នេះ​បង្ហាញ​គេឯង​ស្ទើរ​គ្រប់​គ្នា​ទៅ​ហើយ ពិសេស​បង្ហាញ​ម្ចាស់​បណ្ណាគារ​នៅ​ក្នុង​ខេត្ត ដែល​កាល​ណោះ​គ្មាន​អ្នក​ណា​ម្នាក់​គេ​ចាប់អារម្មណ៍ ។

ស្លាប​ប៉ា​ក​កា​ខ្ញុំ ដែល​ប្រុង​តែ​នឹង​ក្រៀម​ស្វិត​ស្រពោន​រុះ​រោយ ពេល​នេះ​បាន​ត្រូវ​ទឹកសន្សើម​ប្រោះព្រំ​ឱ្យ​មានជីវិត​ស្រស់បំព្រង​ឡើង​វិញ ។ គ្រប់​អ្នក​ដែល​បាន​អាន​រឿង «​តំណក់ទឹកភ្នែក​នារី​» ឬ «​ទន្លេ​មរណៈ​» គឺ​បាន​ចាប់អារម្មណ៍​ចំពោះ​ខ្ញុំ ព្រោះ​ស្នាដៃ​ទី​១​នេះ បាន​ធ្វើ​ឱ្យ​គេ​ភ្ញាក់ផ្អើល ពិសេស​ក្នុង​ចំណោម​អ្នក​បោះពុម្ព​សៀវភៅ ។

ខ្ញុំ​បាន​ញញឹម​ចំពោះ​ស្នាដៃ តែ​ខ្ញុំ​សោកស្តាយ​អាណិតម្តាយ​ខ្ញុំ​ដែល​ស្លាប់​ផុត​មិន​បាន​នៅ​ឃើញ​កូនប្រុស ដែល​ខំតស៊ូ​រហូត​បាន​ទទួល​ជ័យជម្នះ​ក្នុង​ជីវិត​នោះ​ឡើយ ។

ចាប់តាំងពី​ពេល​នោះ​មក បណ្ណាគារ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត បាន​ចាប់ផ្តើម​ស្រុះស្រួល​ដណ្តើម​ប្រជែង​គ្នា​ទិញ​ស្នាដៃ​ខ្ញុំ​យក​ទៅ​បោះពុម្ព ។

នៅ​ឆ្នាំ​១៩៥៧ បន្ទាប់​ពី​ប្រលង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា (​ឌី​ប្លូ​ម​) ខ្ញុំ​ក៏​សម្រេចចិត្ត​ឈប់​រៀន​ព្រោះ​គ្មាន​ទីពឹង ហើយ​គ្មាន​មធ្យោបាយ​នឹង​បន្ត​ការ​សិក្សា​ទៅ​ទៀត មិនតែប៉ុណ្ណោះ​ខួរក្បាល​ខ្ញុំ​រវល់​តែ​បែក​មក​និពន្ធ​រឿង រៀន​មិន​ចូល​ទេ ។

ពេល​ដែល​ឈប់​រៀន ខ្ញុំ​បន្ត​ការ​សរសេរ​រឿង​ជាប់​ជា​និច្ច ហើយ​ក៏​ខំប្រឹង​ប្រែង​រក​ការងារ​ធ្វើ​ណាស់​ដែរ ។ សម័យ​នោះ​មាន​តែ​របរ​ធ្វើ​គ្រូបង្រៀន​ទេ ដែល​ងាយស្រួល​ដោះស្រាយ​ជាងគេ តែ​លុះត្រាតែ​បាន​ដាក់​ពាក្យ​ចូល​គរុវិជ្ជា​ហើយ​ស្រេច​តាំងពី​នៅ​រៀន បើកាលណា​ឈប់​រៀន​ដូច្នេះ​ហើយ បែរជា​ចង់​ធ្វើ​គ្រូ​វិញ​នោះ​មិន​អាច​ដោះស្រាយ​បាន​ឡើយ ។ ខ្ញុំ​ត្រូវ​រាំងស្ទះ​ចំពោះ​មុខការ​នេះ ទោះបីជា​សមត្ថភាព​អាច​ធ្វើ​គ្រូ​បាន​ត្រឹម​ថ្នាក់​កំប៉ិកកំប៉ុក​ក៏​ដោយ ទើប​ខ្ញុំ​ខំ​ស្វះ​ស្វែងរក​ការងារ​ធ្វើ ផ្សេង​ៗ​ទៀត ប៉ុន្តែ​ដោយ​ខ្ញុំ​គ្មាន​បក្សពួក គ្មាន​លុយកាក់​សូក​បា​៉​ន់ និង​មិន​មានការ​ទាក់ទង​ក្នុង​សង្គម​ផង ម្ល៉ោះហើយ​ខ្ញុំ​ចេះ​តែ​ឃ្វាង​រក​ការងារ​មិន​បាន​ធ្វើ​រហូត ។

ចំពោះ​មុខ​សភាពការណ៍​ដូច្នេះ ខ្ញុំ​ក៏​ប្តេជ្ញា​និពន្ធ​រឿង​លក់​ដើម្បី​ចិញ្ចឹមជីវិត និង​កំណត់​ទិស​ដៅ​អនាគត​ខ្ញុំ​ច្បាស់លាស់ គឺជា​អ្នកនិពន្ធ ។

នៅ​ឆ្នាំ​១៩៥៨ ដល់​១៩៦០ ខ្ញុំ​បាន​ធ្វើ​ជា​គ្រូ​ជំនួស នៅ​ទ​ក្ខិ​ណ​សាលា​បឋម​សិក្សា​ខេត្ត ហើយពី​ឆ្នាំ​១៩៦១​ដល់​១៩៦២ ខ្ញុំ​បាន​ទៅ​ពឹងពាក់​ស្នាក់​នៅ​ជាមួយ​មិត្ត​ម្នាក់ ដែល​ជា​ក្រុម​ភ្លេង​ប្រចាំ​រោងចក្រ​ខេត្តកំពង់ចាម ដើម្បី​សុំ​ការងារ​នៅ​រោងចក្រ​តម្បាញ​នោះ​ធ្វើ ។

ប៉ុន្តែ នៅ​ក្នុង​រោងចក្រ​តម្បាញ គ្មាន​ការងារ​ណា​អាច​ទទួល​ខ្ញុំ​បាន​ឡើយ ប៉ុន្តែ​នៅ​ចន្លោះ​ពេល​នៃ​ការ​រង់ចាំ​ជាង​មួយ​ឆ្នាំ​នោះ ខ្ញុំ​ក៏​បាន​និពន្ធ​ប្រលោមលោក​បាន​បួន​រឿង​ដែរ ហើយ​យក​ទៅ​លក់ឱ្យ​បណ្ណាគារ​ប្រទីប​ខ្មែរ នៅ​ខេត្តបាត់ដំបង​បី​រឿង និង​ឱ្យ​បណ្ណាគារ​នៅ​ខេត្តកំពង់ចាម មួយ​រឿង​។

គ្រោះ​កំណាច​មួយទៀត​បាន​កើតឡើង​ទៅ​លើ​ជីវិត​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ដោយ​លោក​និទាន​ថា ពេល​នោះ​ស្រាប់តែ​មាន​គ្រោះថ្នាក់​ភ្លើង​ឆេះ​ផ្ទះ​កម្មករ​ដែល​ខ្ញុំ​ស្នាក់​នៅ ខ្ញុំ​នៅ​សល់​តែ​សម្បកខ្លួន ឯ​សំណៅ​ប្រលោមលោក​មួយ​ចំនួន​ក៏​ឆេះ​អស់​ទៀត ។ ខ្ញុំ​អស់សង្ឃឹម​នឹង​សុំ​ការងារ​ធ្វើ​នៅ​ក្នុង​រោងចក្រ ក៏​ចុះ​ក​បា​៉​ល់​ទៅ​ភ្នំពេញ​ដើម្បី​ផ្សងព្រេង​រក​ការងារ​ធ្វើ​តទៅ​ទៀត ។

នៅ​ចន្លោះ​ពេល​ដែល​ខ្ញុំ​រក​ការងារ​មិន​ទាន់​បាន​ធ្វើ ខ្ញុំ​មិន​ដែល​ទុក​ពេលវេលា​ឱ្យ​ទំនេរ​ទេ គឺ​តែង​ដើរ​ស៊ីឈ្នួល​ធ្វើ​ជា​កម្មករ​សំណង់​ផ្ទះថ្ម​ស្ទើរ​គ្រប់កន្លែង ជួនកាល​លក់​នំប៉័ង ជួនកាល​រែក​អុស​លក់ និង​ជួនកាល​រែក​ខ្សាច់​ដាក់​កាណូត​នៅ​មុខ​វត្ត​ឧណ្ណាលោម ។

ធ្វើការ​រប៉េះរប៉ោះ​បែប​នេះ​មិន​អាច​ទៅ​ជា​អ្វី​ទេ ប៉ុន្តែ​គ្រាន់​កំដរ​ពេលវេលា​កុំឱ្យ​វា​ហូរ​ទៅ​ដោយ​ឥតប្រយោជន៍​ប៉ុណ្ណោះ និង​គ្រាន់​បាន​លុយ​ទិញ​បាយ​ចំអែត​ក្រពះ​ខ្លះ​ជាមួយ​បងប្រុស ដែល​មិន​ទាន់​មានការ​ងារ​ធ្វើ​ដូច​គ្នា​ដែរ ។

ចំពោះ​ផល​កម្រៃ ដែល​បាន​មក​ពី​ការ​លក់​ប្រលោមលោក ម្តង​ៗ​នោះ​គឺ​ចាយវាយ​យា​៉​ង​សន្សំ​សំចៃ​អស់​ទៅ ម្យា​៉​ង​តម្លៃ​សិទ្ធិ​នៅ​ពេល​នោះ​តិចតួច ហើយ​គេ​មិនមែន​ចេះ​តែ​ត្រូវការ​បោះពុម្ព​ញឹកញាប់​នោះ​ឡើយ ។

នៅ​ពេល​ដែល​នាវាជីវិត​ខ្ញុំ ត្រូវ​ព្យុះ​បោកបក់​រក​ត្រើយនាយ​អ្វី​មិនឃើញ​នោះ ស្រាប់តែ​មាន​មិត្ត​ខ្ញុំ​ម្នាក់​ឈ្មោះ​ឱ​-​ឌុំ ដែល​ធ្លាប់​រៀន​ជាមួយ​គ្នា និង​មានស្រុក​កំណើត​នៅ​បាត់ដំបង បាន​មក​ប្រាប់​ថា មាន​ក្រុមហ៊ុន​ផលិតកម្ម​ភាពយន្ត​មួយ គេ​ត្រូវការ​រក​ជួប​ខ្ញុំ​ដើម្បី​រក​សុំ​ទិញ​ប្រលោមលោក​របស់ខ្ញុំ​មួយ ឈ្មោះ​ថា​រឿង «​ពេ​ជ្ឍ​ឃាត​ក្រមុំ​» ដែល​បោះពុម្ព​ដោយ​បណ្ណាគារ​មួយ​នៅ​ខេត្តបាត់ដំបង យក​ទៅ​ថត​ជា​ខ្សែភាពយន្ត ។

មិត្ត​ឱ​-​ឌុំ ក៏​បាន​នាំ​ខ្ញុំ​ទៅ​ជួបនឹង​ផលិតកម្ម​ខ្សែភាពយន្ត​នោះ ហើយ​ខ្ញុំ​បាន​ទទួល​៥.០០០​រៀល ចំពោះ​តម្លៃ​សិទ្ធិ​ទិញ​រឿង​ថត​ខ្សែភាពយន្ត​នៅ​សម័យ​នោះ ហើយ​សំខាន់​ជាង​នេះ គឺ​គេ​បានឱ្យ​ខ្ញុំ​ធ្វើការ​នៅ​ប្រចាំ​ក្រុមហ៊ុន​នោះ ក្នុង​ឋានៈ​ជា​អ្នកនិពន្ធ​រឿង ដោយ​ឱ្យ​ប្រាក់ខែ​ទៀត​ផង ។ ចាប់តាំងពី​ពេល​នោះ​មក ដែល​ខ្ញុំ​ទាំង​ពីរ​នាក់​បងប្អូន​បាន​រស់នៅ​ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​តំណក់​ទឹកខ្មៅ ដែល​ខ្ញុំ​ខំ​ពុះពារ​ហែល​ឆ្លងកាត់​មក​ជា​យូរ​ឆ្នាំ​តាំងពី​យុវវ័យ ។

នៅ​បម្រើ​ការ​ក្នុង​ផលិតកម្ម​ភាពយន្ត គេ​បាន​ចាប់​ថត​រឿង «​ពេ​ជ្ឃ​ឃាត​ក្រមុំ​» របស់ខ្ញុំ​មុន​ដំបូង ខ្ញុំ​បាន​យកចិត្តទុកដាក់​រៀនសូត្រ​ពីមុខ​ជំនាញ​នេះ​យា​៉​ង​ប្រុង​ប្រយ័ត្ន ។ អាស្រ័យ​ដោយ​ឧបនិស្ស័យ​របស់ខ្ញុំ និង​ការ​ខិតខំ​ទាំង​យប់​ទាំង​ថ្ងៃ ខ្ញុំ​ក៏​ចាប់​យល់​ដឹង​វិស័យ​ភាពយន្ត​ជា បណ្តើរ​ៗ ហើយ​ក៏​រៀន​សរសេរ សេណា​រី​យ៉ូ និង​រៀន​ដឹកនាំ​រឿង ។​ល​។

ទោះបី​ឆាកជីវិត​ខ្ញុំ​ឈាន​ដល់​មុខ​ជំនាញ​មួយ​ថ្មី គឺ​សិល្បៈ​ទី​៧​ក៏​ខ្ញុំ​នៅ​តែ​បន្ត​ការ​សរសេរ​ប្រលោមលោក ដោយ​ឥត​បោះបង់​ចោល​មួយ​វិនាទី​ណា​ឡើយ ។

នៅ​ឆ្នាំ​១៩៦៣ ពេល​ដែល​ខ្ញុំ​កំពុង​ផលិត​សម្រេច​ខ្សែភាពយន្ត​មួយ​ឈ្មោះ​ថា «​ភ្លើង​ជីវិត​» ខ្ញុំ​ត្រូវ​រដ្ឋអំណាច​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​អស់​រយៈពេល​៦​ខែ ដោយសារ​វិបត្តិ​ប្រលោមលោក​មួយ​ឈ្មោះ​ថា «​វិមាន​នរក​» ។

សូម​បញ្ជាក់​ថា ប្រលោមលោក​រឿង «​វិមាន​នរក​» នេះ​ខ្ញុំ​សរសេរ​ពេល​ដែល​ខ្ញុំ​ទៅ​សំណាក់​សុំ​ការងារ​នៅ​រោងចក្រ​តម្បាញ​ខេត្តកំពង់ចាម​ពី​ឆ្នាំ​១៩៦២ ហើយ​យក​ទៅ​លក់​ឱ្យ​បណ្ណាគារ​មួយ​នៅ​ខេត្តបាត់ដំបង ប៉ុន្តែ​គេ​ផ្អាក​ទុក​យូរ​មិន​បាន​បោះពុម្ព ទើបតែ​បាន​ចេញផ្សាយ​នៅ​ឆ្នាំ​១៩៦៣ ក៏​មានរឿង​ក្តី​នេះ​តែ​ម្តង ។

ប្រលោមលោក​នេះ មួយ​ចំណែក​ខ្ញុំ​បាន​សរសេរ​រិះគន់​ឧត្តមមន្ត្រី​ម្នាក់​ដែល​ទទួល​បន្ទុក​ពិធីការ​នៅ​ក្នុង​រាជវាំង ហើយ​មាន​ប្រពន្ធចុង​រហូត​បង្ក​ឱ្យ​មាន​អំពើ​ពុក​រលួយ​ក្នុង​ការងារ ។ នេះ​ជា​រឿង​ពិត ខ្ញុំ​ហា​៊​ន​និយាយ ប៉ុន្តែ​ខ្ញុំ​ត្រូវ​មានទោស​ចូល​ក្នុង​បទ​បរិហារកេរ្តិ៍​របស់​ពលរដ្ឋ​ម្នាក់ ។

កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន បន្ត​ថា ខ្ញុំ​បានដឹង​រឿង​នេះ​ជាង​មួយ​ខែ​ដែរ តែ​ខ្ញុំ​មិន​គេចវេះ​ទេ ខ្ញុំ​ហ៊ា​ន​សរសេរ ខ្ញុំ​ហ៊ា​ន​ទទួលខុសត្រូវ គឺ​ព្រម​ប្រគល់​ខ្លួន​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់​នាំ​ខ្លួន​ពី​ភ្នំពេញ​យក​ទៅ​ដាក់គុក​នៅ​បាត់ដំបង ព្រោះ​អ្នក​ដើមចោទ​បាន​ប្តឹង​រដ្ឋអំណាច​ខេត្ត​នេះ ដោយ​គេ​នឹក​ស្មានថា ខ្ញុំ​រស់នៅ​ក្នុង​ខេត្តបាត់ដំបង ។

មាន​យុវជន​ជា​ច្រើន​នៅ​ក្នុង​ខេត្ត បាន​គាំទ្រ​ខ្ញុំ​ជា​ខ្លាំង​នៅ​សម័យ​នោះ ខ្លះ​ផ្តល់​ជា​លុយកាក់ សម្ភារ​សៀវភៅ ខ្មៅ​ដៃ បាយ​ទឹក ឧបត្ថម្ភ​ខ្ញុំ​ពេល​ដែល​ខ្ញុំ​ជាប់គុក ជា​ហេតុ​លើកទឹកចិត្ត​ឱ្យ​ខ្ញុំ​បាន​សរសេរ​រឿង​ខ្លះ​ទៀត​នៅ​ក្នុង​ពន្ធនាគារ ។

រួច​ពី​មន្ទីរឃុំឃាំង​មក​វិញ ខ្ញុំ​នៅ​តែ​បន្ត​ការ​សរសេរ​ប្រលោមលោក និង​ដឹកនាំ​រឿងភាពយន្ត ហើយ​ខ្ញុំ​ក៏​មាន​ភរិយា​នៅ​ពេល​នោះ ។

ប្រពន្ធ​ខ្ញុំ​ឈ្មោះ​អ៊ូច កុលាប (​នាម​ដើម តាត គិ​ម​លន​) ជា​អ្នកស្រុក​ជាមួយ​ខ្ញុំ​ដែរ ហើយ​មាន​និស្ស័យ​ស្រឡាញ់​សិល្បៈ​ដូច​រូប​ខ្ញុំ​ទាំងស្រុង ។ នៅ​ឆ្នាំ​នោះ​បងប្រុស​កម្សត់​របស់ខ្ញុំ​មាន​ជំងឺ​ស្លាប់​ទៅ​ទៀត ហើយ​ខ្ញុំ​បាន​នាំ​ប្រពន្ធ​ទៅ​រស់នៅ​ភ្នំពេញ​រហូត ដោយ​ប្រឡូក​ជីវិត​ក្នុង​អាជីវកម្ម​ជា​អ្នកនិពន្ធ​សុទ្ធសាធ ។

នៅ​ជំនាន់​នោះ មាន​អ្នកនិពន្ធ​ច្រើន​ដែរ ប៉ុន្តែ​ពួក​គេ​ប្លែក​ពី​ខ្ញុំ​ត្រង់​គេ​សុទ្ធតែ​មានការ​ងារ​ស្នូល​ធ្វើ​ជា​បង្អែក ចំណែក​ខ្ញុំ​ជំនាន់​សង្គមរាស្ត្រនិយម​ក៏​មិន​ធ្វើ​ជា​អ្នករាជការ ហើយ​ចូល​ដល់​ជំនាន់​លន់​ណុ​ល ក៏​មិន​ធ្វើ​ជា​អី​ទៀត គឺ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ជា​អ្នកនិពន្ធ​ឥត​ផ្លាស់​ប្តូរ​ឡើយ ។

ហេ​តុ​នេះ​ហើយ ទើប​គេ​ឃើញ​ខ្ញុំ​ទៅ​ជា​អ្នក​សរសេរ​ច្រើន​ប្រភេទ ជួនកាល​ជា​អ្នក​សរសេរ​កាសែត ជា​អ្នកនិពន្ធ​ប្រលោមលោក ជា​អ្នកដឹកនាំ​រឿងភាពយន្ត ជា​អ្នក​សរសេរ​សេណា​រី​យ៉ូ កុន ជា​អ្នកនិពន្ធ​បទ​ភ្លេង ទំនុកច្រៀង និង​ជា​អ្នក​គូរវាស​ទៀត​ផង ។ ទាល់តែ​របៀប​នេះ ទើប​ចិញ្ចឹម​គ្រួ​សារបាន ព្រោះ​បើ​សរសេរ​តែ​ប្រលោមលោក​មួយ​មុខ មិន​អាច​ទប់ទល់​នឹង​បញ្ហា​ជីវភាព​បាន​ឡើយ ។

នៅ​សម័យ​សង្គមរាស្ត្រនិយម ខ្ញុំ​ចេញ​សៀវភៅ​បាន​តិច ព្រោះ​ពេល​ខ្លះ​ខ្ញុំ​មានរឿង ម្ល៉ោះហើយ​ខ្ញុំ​ត្រូវ​អាក់​សកម្មភាព​មួយ​រយៈ​ធំ ដោយ​គ្មាន​បណ្ណាគារ​ណា​ហ៊ាន​ទិញ​សៀវភៅ​ខ្ញុំ​បោះពុម្ព ដោយ​គេ​ខ្លាច​មានរឿង ។

ឆ្លៀតឱកាស​នោះ ខ្ញុំ​បាន​ងាក​ទៅ​គូរ​សៀវភៅ​រឿង​រូបភាព​បាន​មួយ​ចំនួន ខ្ញុំ​នៅ​តែ​តស៊ូ​រហូត​ទាល់តែ​មាន​បណ្ណាគារ ត្រូវការ​ទិញ​ប្រលោមលោក​ខ្ញុំ​ឡើង​វិញ ដោយ​ខ្ញុំ​មិន​អស់សង្ឃឹម​សោះឡើយ ។

ដល់​មក​សម័យ​លន់ ណុ​ល ខ្ញុំ​បាន​ចេញ​ស្នាដៃ​ជា​ច្រើន ហើយ​ខ្ញុំ​ងាក​ពី​សរសេរ​លក់​ឱ្យ​បណ្ណាគារ​មក​បោះពុម្ព​ខ្លួនឯង ។ រឿង​ខ្លះ​ខ្ញុំ​សរសេរ​មួយ​ខ្សែ​ចប់ ខ្លះ​ពីរ​ខ្សែ ខ្លះ​៥​ខ្សែ ខ្លះ​១៥​ខ្សែ ហើយ​ការ​សរសេរ​ក៏​មាន​ខ្លឹមសារ​គ្រប់​ប្រភេទ ព្រោះ​វា​ជា​សម័យកាល​មួយ​ដែល​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់ ត្រដរខ្យល់​តាម​ព្យុះ​អរិយធម៌​បរទេស ។

ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម ស៊ីសំណូក​សូក​ប៉ាន់ កេងប្រវ័ញ្ច ជិះជាន់ ហុតឈាម​អង្គា​ម​ឆ្អឹង ភាព​ពា​លា​អា​វ៉ាសែ ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ និង​ការ​ប្រណាំងប្រជែង​គ្នា​យកបុណ្យ​ស័ក្តិ​របស់​អ្នក អ​ន្ទ្រើ​ស​ៗ បាន​ក្លាយ​ទៅ​កម្មវត្ថុ សំខាន់​ៗ សម្រាប់​ឱ្យ​ខ្ញុំ​រើស​យក​មក​ធ្វើ​ជា​ប្រធានបទ​និពន្ធ ។

ទោះបី​យា​៉​ង​នោះ​ក៏​ដោយ​ក៏​ស្នាដៃ​ខ្ញុំ នៅ​តែ​បំពាក់​ជាប់​ឧត្តមគតិ​ជាតិ ពណ៌​សម្បុរ​ជាតិ និង​និន្នាការ​វណ្ណៈ​ជាប់​ជា​និច្ច ។

នៅ​ក្នុង​សម័យ​នោះ​ដែរ ដែល​ស្នាដៃ​ខ្ញុំ​ពាក់ព័ន្ធ​ចម្រូងចម្រាស​ច្រើន ត្រូវ​គេ​ប្តឹង​ឡើង​សាលា​មិន​ចប់ ដោយ​ចេះ​តែ​សរសេរ​ប៉ះពាល់​របៀបរបប​គ្រប់គ្រង ។

គួរ​កត់​សម្គាល់ថា នៅ​សម័យ​នោះ​ហើយ ដែល​ខ្ញុំ​បាន​និពន្ធ​បទ​ភ្លេង ទំនុកច្រៀង និង​ថត​ផ្សាយ​បានជា​ច្រើន ព្រោះ​ពេល​នោះ​មនោសញ្ចេតនា​ជីវិត​បាន​ពុះពោរ​ដល់​កម្រិត គឺ​ឱ្យ​តែ​ឃើញ​បែប​ណា​ចង់​តែ​សរសេរ​បែប​នោះ បើ​និយាយ​មិន​បាន​ក្នុង​កាសែត គឺ​និយាយ​ក្នុង​ប្រលោមលោក ក្នុង​កំណាព្យ ក្នុង​ខ្សែភាពយន្ត ហើយ​បើ​តានតឹង​ពេក ក៏​បង្ហូរ​ចេញ​ទៅ​ជា​បទ​ភ្លេង ទំនុកច្រៀង​…​។ (​ក្នុង​របប​ប៉ុ​ល ពត លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ហៀ​ប​តែ​អស់​ជីវិត​ដោយសារ​ហ្វ៊ីល​ភាពយន្ត​៣​ដុំ​) ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន និទាន​បន្ត​ថា ថ្ងៃ​ទី​១៧ មេ​សា ១៩៧៥ ប្រទេស​ជាតិ​បាន​មក​ដល់​ផ្លូវបត់​មួយ កណ្តាល​ព្យុះ​សំណើច​ចំអក​នៃ​ប្រវត្តិសាស្ត្រ ។ ខ្មែរក្រហម​បាន​ផ្តួលរំលំ​របប​គ្រប់គ្រង​របស់​លន់ ណុ​ល ហើយ​ប្រជាជន​ទាំងអស់​ត្រូវ​បណ្តេញ​ចេញពី​ទីក្រុង ទៅ​រស់នៅ​ធ្វើ​ពលកម្ម​យ៉ាង​សែន​ទារុណ​តាម​មូលដ្ឋាន​ស្រុកស្រែ ។

ដូច​ជា​ប្រជាជន​ទូ​ទាំង​ប្រទេស​ដែរ ខ្ញុំ​ត្រូវ​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​ជាមួយ​ក្រុម​គ្រួសារ ក៏​ដូច​ជា​ចាក​ចេញពី​ដង​បា​៉​ក​កា ទឹកខ្មៅ ទៅ​ធ្វើ​ជា​កសិករ​យា​៉​ង​លំបាក​វេទនា នៅ​ភូមិ​ឈូក ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។

ខ្ញុំរ​ស់បាន​ដោយសារ​ការ​ផ្លាស់​ឈ្មោះ ព្រោះ​របប​ប៉ុ​ល ពត មិន​ត្រា​ប្រណី​ចំពោះ​បញ្ញវន្ត ឬ​អ្នកនិពន្ធ អ្នក​អក្សរសាស្ត្រ​ម្នាក់​ណា​ឡើយ ។​ល​។

ពេល​ទៅ​រស់នៅ​ក្នុង​មូលដ្ឋាន​បាន​ប្រាំ​ខែ ខ្ញុំ​ត្រូវ​បន​ប៉ុ​ល ពត ចោទប្រកាន់​ថា ជា​សេ​អី​ុ​អា ហើយ​យក​ទៅ​ប្រុង​បាញ់​សម្លាប់​ចោល​ជាមួយ​ប្រពន្ធ​ខ្ញុំ ព្រោះ​វា​បាន​ឆែក​រក​ឃើញ​ខ្សែភាពយន្ត​១៦​មី​ល្លី​ម៉ែត្រ​បី​ដុំ ដែល​ខ្ញុំ​ដេរ​លាក់​ទុក​ក្នុង​ស្រោមខ្នើយ ដោយ​ចោទ​ថា​ខ្សែ​ហ្វ៊ីល​នោះ ជា​ខ្សែ​តេ​អូ​ទៅ​វិញ ។

ខ្សែភាពយន្ត​ហ្នឹង ជា​ខ្សែភាពយន្ត​ចុង​ក្រោយ​ឈ្មោះ «​មុខ​មួយ​ភ្នែក​បួន​» ដែល​ខ្ញុំ​បាន​ថត និង​កាត់ត និង​បញ្ចូល​សំឡេង​ហើយ​ស្រេច រៀបនឹង​បញ្ចាំង​នៅ​ក្នុង​អំឡុង​ខែមេសា​នោះ​ដែរ តែ​កម្លាំង​ខ្មែរក្រហម​បាន​វាយ​ដាច់​ភ្នំពេញ ខ្ញុំ​ខក​ខានមិនបាន​បញ្ចាំង ហើយ​នឹក​សោកស្តាយ​ក៏​យក​ជាប់​នឹង​ខ្លួន​ទៅ​ជាមួយ ។

នៅ​ពេល​ដែល​ពួក​ប៉ុ​ល ពត រុករក​ឃើញ ខ្ញុំ​បាន​ពន្យល់​ប្រាប់​ពួក​វា​ដែរ​ថា​ជា​ខ្សែ​ហ្វ៊ីល​ធម្មតា តែ​ពួក​វា​មិន​ជឿ​នៅ​តែ​ចោទប្រកាន់​ថា​ជា​ខ្សែ​តេ​អូ​ដដែល ។ ទីបំផុត​វា​ក៏​បាន​ចាប់ចង​ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ​យក​ទៅ​កម្ទេច​ចោល ហើយ​បំណង​វះ​ពោះ​ខ្ញុំ​យក​ថ្លើម​មើល ថា​តើ​ថ្លើម​ពួក​ចក្រពត្តិ​នោះ​យា​៉​ង​ណា ?

ពេល​នោះ​ជា​យប់​ខែភ្លឺ របាំង​ៗ…​ខ្ញុំ​ត្រូវ​ពួក​វា​ចង​បត់​ដៃ​ទៅ​ក្រោយ ហើយ​ឱ្យ​លុតជង្គង់ រួច​ពួក​វា​ជាន់​ពីលើ​ខ្នង​ទៅ​ក្នុង​ថ្លុក​ក្របី ឯ​ប្រពន្ធ​ខ្ញុំ​ក៏​ត្រូវ​គេ​ចាប់ចង​យក​ទៅ​ដាក់​នៅ​ភ្លឺស្រែ​ម្ខាង ។

នៅ​នាទី​ចុង​ក្រោយ​នៃ​ឆាកជីវិត​របស់ខ្ញុំ ស្រាប់តែ​មាន​ព្រឹត្តិការណ៍​មួយ​ដែល​មិន​គួរ​ឱ្យ​ជឿ​បាន ធ្វើ​ឱ្យ​ខ្ញុំ​បាន​រួច​រស់​ជីវិត​ឡើង​វិញ ។

គឺ​កាលពី​ថ្ងៃរសៀល​មាន​កម្មាភិបាល​ប៉ុ​ល​ពត បួន​ប្រាំ​នាក់ បាន​ចុះ​កាណូត​ពី​តំបន់​ខេត្តកំពង់ធំ ឡើង​ទៅ​ភូមិភាគ​ខាងលើ តាម​ដងស្ទឹង​សែន ក្នុង​បេសកកម្ម​ទៅ​បញ្ជា​ឱ្យ​ប្រជាជន​កាប់​ឫស្សី ដើម្បី​ធ្វើ​ព្រួល​ដាក់​នៅ​ទន្លេសាប ។

ជា​ចៃដន្យ​កាណូត​របស់​ពួក​កម្មាភិបាល​នោះ​ខូច​ទៅ​មុខ​មិន​រួច នៅ​ពេល​ដែល​មក​ដល់​ទន្ទឹម​នឹង​មាត់ច្រាំង​ស្ទឹង​បឹង​ឈូក ហើយ​ពួក​វា​ក៏​នាំ​គ្នា​ចូល​ទៅ​សម្រាក​បរិភោគ​បាយ​ល្ងាច​នៅ​ទីនោះ រង់ចាំ​ថ្ងៃស្អែក​ជួសជុល​កាណូត​ហើយនឹង​បន្តដំណើរ​ទៅ​មុខ​ទៀត ។

យប់​នោះ ពួក​កម្មាភិបាល​តំបន់ បាន​ទទួល​ដំណឹង​ពី​គណៈ​ភូមិ​ថា មាន​គេ​ចាប់​ពួក​១៧​មេ​សា​យក​ទៅ​សម្លាប់ ពួក​កម្មាភិបាល​ទាំងនោះ​អផ្សុក​ក៏​នាំ​គ្នា​ដើរទៅ​មើល​លេង ។ ក្រោម​ពន្លឺ ព្រាល​ៗ​របស់​ភ្លើង​ចន្លុះ កម្មាភិបាល​តំបន់​បាន​ឆ្លៀត​សួរ​ទៅ​កាន់​ប្រពន្ធ​ខ្ញុំ ដើម្បី​ឱ្យ​ប្រពន្ធ​ខ្ញុំ​ប្រាប់​ឈ្មោះ​ពិត ព្រោះ​ពួក​គេ​សង្ស័យ​ថា ខ្ញុំ​ប្រាកដជា​លាក់​ឈ្មោះ ។ នាទី​ចុង​ក្រោយ ប្រពន្ធ​ខ្ញុំ​ហាក់ដូចជា​មាន​ស្មារតី​រឹង​ប៉ឹង ក៏​បាន​ប្រាប់​ឈ្មោះ​ខ្ញុំ​ពិត មិនមែន​ជា​ឈ្មោះ «​ជា​» ដែល​ខ្ញុំ​បាន​ប្រែ​នោះ​ឡើយ ។

គ្រាន់តែ​ឮឈ្មោះ​ខ្ញុំ​មែនទែន​ភ្លាម កម្មាភិបាល​ម្នាក់​ដែល​ជា​ប្រធាន​ក្រុម បាន​ទាញ​យក​ភ្លើង​ចន្លុះ​ពី​ដៃ​គ្នា​វា មក​បំភ្លឺ​មើល​មុខ​ខ្ញុំ ដែល​ពោរពេញ​ដោយ​ញើស និង​ទឹកភ្នែក និង​មាន​បាតជើង​ពេជ្ឈឃាត​ជាន់​ជាប់​ពីលើ រួច​ទើប​គេ​ឱ្យ​ខ្ញុំ​ក្រោកឈរ​ឡើង ឱ្យ​ស្រាយចំណង​ខ្ញុំ ហើយ​និង​សួរ​ថា «​តើ​ខ្ញុំ​ស្គាល់​គេ​ទេ ?​» ។ ខ្ញុំ​ឆ្លើយ​ថា មិន​ស្គាល់​ទេ !  (​ដល់​មាត់​រណ្តៅ​មរណៈ​ហើយ តើ​ហេតុ​អ្វី​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន រួច​ផុត​ពី​សេចក្តីស្លាប់ ? ) ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន និទាន​បន្ត​ថា ការណ៍​ពិត​ខ្ញុំ​មិន​ស្គាល់​មែន តែ​ពួក​នោះ​បាន​ឆ្លើយ​ទៀត​ថា គេ​ធ្លាប់​មើល​ប្រលោមលោក​ខ្ញុំ​ច្រើន​រឿង គេ​លើក​ពី​ឈ្មោះ​រឿង ពី​សាច់​រឿង និង​តួអង្គ​ត្រូវ​ៗ​ទាំងអស់ ។ ដល់​ឮ​ដូច្នោះ​ទើប​ខ្ញុំ​នឹក​ថា កម្មាភិបាល​ទាំងនោះ​ពី​ដើម​ធ្លាប់​ធ្វើ​ជា​ចលនា​សម្ងាត់​ផ្ទៃក្នុង ជា​អ្នក​ធាក់​ស៊ី​ក្លូ ឬ​ជា​ជាងកាត់សក់​ក៏​មិនដឹង បានជា​តាមដាន​សៀវភៅ​ខ្ញុំ ស្ទើរតែ​ទាំងអស់ ។

ទីបំផុត​ជន​នោះ​បាន​និយាយ​ទៅ​ពួក​គណៈ​ភូមិ​ថា «​ឱ្យ​ដោះ​លែង​ខ្ញុំ​ទៅ គាត់​មិនមែនជា សេ​អីុអា អី​ទេ គាត់​គ្រាន់តែ​ជា​អ្នកនិពន្ធ​ប្រលោមលោក​ធម្មតា ហើយ​ជា​អ្នកនិពន្ធ​ដែល​បានសរសេរ​គាំទ្រ​វណ្ណៈ​អធន ប្រឆាំង​នឹង​វណ្ណៈ​ជិះជាន់​ដែរ​» ។

ដោយ​មូលហេតុ​នេះ​ហើយ ដែល​ខ្ញុំ​បាន​រួច​ពី​សេចក្តីស្លាប់ ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុម​កម្មាភិបាល​នោះ​ចេញ​កាណូត​ទៅ​ផុត​ពី​ភូមិ នៅ​ថ្ងៃស្អែក​ពួក​គណៈ​ភូមិ​មិន​អស់ចិត្ត ក៏​យក​ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ​ទៅ​ដាក់​ក្នុង​មន្ទីរ​សន្តិសុខ​អស់​រយៈពេល​៥​ខែ ចោល​កូន តូច​ៗ៥​នាក់ នៅ​រស់​ជាមួយ​អ្នក​មូលដ្ឋាន​យា​៉​ង​វេទនា ។​ល​។

នៅ​ក្នុង​មន្ទីរ​សន្តិសុខ​ខ្មែរក្រហម ខ្ញុំ និង​ភរិយា​ខ្ញុំ​បាន​ឆ្លងកាត់​ឆាកជីវិត​ប្រៃ​ល្វីង​ជូរ​ចត់​ជាទី​បំផុត ប៉ុន្តែ​ខ្ញុំ​បាន​ប្រើ​មុខ​ជំនាញ​មួយទៀត គឺ​ការ​គូររូប​ទម្រង់​មុខ​ដូច ដើម្បី​ដោះស្រាយ​បញ្ហា​ទាល់ច្រក​នានា ព្រោះ​ពេល​នោះ​ពួក​កម្មាភិបាល​វា​ចូល​ចិត្ត​គូររូប​ណាស់ ។

នៅ​ពេល​ត្រឡប់​ពី​របប​ប្រល័យពូជសាសន៍​មក​វិញ ខ្ញុំ​ក៏​បាន​ចូល​ធ្វើការ​បម្រើ​រដ្ឋអំណាច​បដិវត្តន៍ នៅ​ខេត្តកំពង់ធំ ។ ធ្វើ​ជា​ប្រធាន​មន្ទីរ ឃោសនាការ វប្បធម៌​និង​ព័ត៌មាន​ខេត្តកំពង់ធំ​បាន​មួយ​ឆ្នាំ ក៏​ផ្លាស់​មក​ធ្វើ​ជា​អនុប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៅ​ភ្នំពេញ​តាំងពី​ឆ្នាំ​១៩៨១ ។ ក្រៅពី​នេះ​មាន​តួនាទី​ក្នុង​អង្គការ​មហាជន​មួយទៀត ជា​អគ្គលេខាធិការ​សមាគម​អ្នកនិពន្ធ​កម្ពុជា ។

ចាប់ពី​ឆ្នាំ​១៩៩៣​ដល់​១៩៩៦ ធ្វើ​ជា​អនុប្រធាន​នាយកដ្ឋាន​បោះពុម្ពផ្សាយ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​រហូត​ដល់​ចូល​និវត្តន៍ ។

ពី​ឆ្នាំ​១៩៨១ បាន​សុំ​បើក​ផលិតកម្ម​ឆព្វណ្ណរង្សី​ភាពយន្ត ផលិត​ខ្សែ​វី​ដេ​អូ​ខ្មែរ​បាន​មួយ​ចំនួន ហើយ​ចាប់ពី​ឆ្នាំ​១៩៩៧ បាន​សុំ​ច្បាប់​ពី​សមាគម​អ្នកនិពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ខ្មែរ និង​ដឹកនាំ​សមាគម​នេះ​ចូលរួម​សកម្មភាព​លើក​ស្ទួយ​វិស័យ​ភ្លេង ចម្រៀង​ខ្មែរ ទាំង​បុរាណ និង​សម័យ ។

ទន្ទឹម​នឹង​ស្នាដៃ​ខាង​ប្រលោមលោក កំណាព្យ និង​ភាពយន្ត វី​ដេ​អូ ខ្ញុំ​បាន​និពន្ធ​បទ​ភ្លេង ទំនុកច្រៀង​ជា​ច្រើន តាំងពី​អំឡុង​ទស​វត្ស​ទី​៧០​រហូត​មក​ទល់​ពេល​នេះ​…​។

ភៀសខ្លួន​ចាក​ឆ្ងាយ​មាតុភូមិ​ក្នុង​វ័យ​ចំណាស់ក្នុង​ហេតុផល​មួយ ហើយ​គ្មាន​អ្វី​ក្រៅពី​ដោយសារ​ទឹក​បា​៉​ក​កា​របស់​ខ្លួន កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​និរទេស​ចាក​ឆ្ងាយ​មាតុភូមិ​នៅ​ឆ្នាំ​២០០០ ។ ពី​ដំបូង​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ឆ្លង​ចូល​ទៅ​ប្រទេស​ថៃ ហើយ​ក្រោយមក​បាន​ទៅ​ដល់​ប្រទេស​ន័​រវេ​៉​ស និង​បន្ត​រស់នៅ​រហូត​ដល់​សព្វថ្ងៃ ។

មួយ​ជីវិត​សម្រាប់​តែ​ការ​និពន្ធ ទោះបី​រស់នៅ​ផ្ញើខ្លួន​ស្រុក​គេ តែ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន នៅ​តែ​កាន់​ដង​បា​៉​ក​កា​ដដែល ។ ជាក់ស្តែង​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ចេញផ្សាយ​សៀវភៅ «​កំណាព្យ​ស្នេហ៍​មាស​» នៅ​ឆ្នាំ​២០០១ សៀវភៅ «​ទំនួញ​ប៉ា​ក​កា​ស្នេហ៍​» នៅ​ឆ្នាំ​២០០២ និង​ប្រលោមលោក​និទាន​ពី​ខ្សែជីវិត​របស់​លោក រឿង «​ជីវិត​នៃ​ជីវិត​» ជាដើម ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បង្ហាញ​ទស្សនៈ​របស់​លោកតា​មរយៈ​កំណាព្យ​មួយ​ថា «​ក្នុង​មួយ​ជីវិត​ឥត​ប្រាថ្នា​អ្វី ក្រៅពី​សេរី​ដើម្បី​សរសេរ បើ​និពន្ធ​តាមតែ​បញ្ជា​គេ ដូច​យក​ម្ជុលដេរ​បិទ​មាត់​ខ្លួន  ឯង ។ តម្លៃ​ទឹកខ្មៅ​នៅ​ត្រង់​សច្ចៈ ទោះ​គុក​ច្រវាក់​មិន​ញញើត​ក្រែង បើ​ឃើញ​ភ្លើង​ហើយ​បែរជា​ថា​ផ្សែង គឺ​ក្បត់ខ្លួនឯង​មុន​ក្បត់​អ្នក​អាន ។ សុខចិត្ត​ក្រីក្រ​មិន​ទ្រ​ដុល្លារ មិន​លក់​អក្ខរា​ដូរ​វីឡា​ឡាន មិន​លូន​ឱនក្បាល​ធ្វើ​មុំ​ចង្ក្រាន ទោះជា​ចាក​ឋាន​ខាន​ឃើញ​អង្គរ ។ បើ​ទ្រាំ​នៅ​ស្រុក​ចុកមាត់​បិទ​ភ្នែក ព្រម​ធ្វើ​ជា​សេក​ចាំតែ​បន្ទរ ឬ​ធ្វើ​អន្លូង​ចាំតែ​ទូងស្គរ មុខជា​លើ​ផ្នូរ​ក្មេង​លួច​ខាកស្តោះ !» ៕

ប្រភព៖​ http://kohsantepheapdaily.com.kh/

You might also like More from author

Leave A Reply

Your email address will not be published.