សាក្សី​បញ្ជាក់​ថា​ពួក​ខ្មែរក្រហម​សម្លាប់​កុមារ​ផ្តាច់​ពូជ​នៅ​ក្នុងគុក​ក្រាំង តាចាន់

0 0
Cambodia Website Design

សាក្សី​និយាយ​ថាមន្ទីរ​សន្តិសុខ​ក្រាំង​តាចាន់​ឬ​គុក​ក្រាំង​តាចាន់​គឺជា​កន្លែង​សម្លាប់​មនុស្ស​ដ៏​សាហាវ​បំផុត​មួយ។

​មាន​មនុស្ស​ចំនួន​ជាង​១៥.០០​០នាក់​ត្រូវ​គេ​ដឹង​ថា​បាន​ទទួល​រង​ការ​ធ្វើ​ទារុណ​កម្ម​ជំរិត​យក​ចម្លើយ​ហើយ​បន្ទាប់​មក​ត្រូវ​សម្លាប់​ចោល​នៅ​ទី​នេះ។

លោក​មាស ​សុខា ​អតីត​អ្នក​ទោស​ម្នាក់​នៅ​ក្នុងគុក​ក្រាំង​តាចាន់ ​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ ​បាន​ផ្តល់​សក្ខី​កម្ម​បន្ថែម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ពួក​ខ្មែរ​ក្រហម​បាន​សម្លាប់​មនុស្ស​ដោយ​មិន​រើស​មុខ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​នេះ។​

Cambodia Website Design

«ក្នុង​បរិវេណ​គុក​ក្រាំង​តាចាន់​គឺ​ជា​កន្លែង​ឃាតកម្ម​មួយ​យ៉ាង​សាហាវ។ ​សម្លាប់​មនុស្ស​គ្មាន​រើស​មុខ»។

​លោក​មាស​ សុខា ​អាយុ​៥៤​ឆ្នាំ​រៀប​រាប់​បន្ថែម​ថាក្រុម​កុម្មុយនិស្ត​ខោ​អាវ​ខ្មៅ​ខ្មែរ​ក្រហមបាន​សម្លាប់​ផ្តាច់​ផ្តិល​ជីវិត​ឱពុក​ម្តាយ​និង​ទារក​តាម​គោលការណ៍​របស់​ខ្មែរ​ក្រហម​ដែល​ថា​ជីក​ស្មៅ​ត្រូវ​ជីក​ទាំង​ឫស។

​សាក្សី​ដដែល​បញ្ជាក់​នៅ​ក្នុង​ការ​កាត់​ទោស​សំណុំរឿង​០០២​វគ្គ​ទី​២​ដែល​មាន​ជន​ជាប់​ចោទ​នួន ជា និង​ខៀវ សំផន ​ថា​លោក​បាន​ឃើញ​ផ្ទាល់​នឹង​ថា​ក្រុម​ឃាតករ​របស់​ខ្មែរ​ក្រហម​បាន​ចាប់​ទារក​បោក​សម្លាប់​ទៅ​នឹង​គល់​ឈើ​ក្រោយ​ពី​សម្លាប់​ម្តាយ​របស់​ទារក។

លោក​មាស សុខា​បន្ថែម​ថា៖

«កន្លែង​ក្របី​នៅ​ជិត​ទី​ស្នាក់​ការ​នៃ​ការ​ធ្វើ​ឃាតកម្ម​ហ្នឹង។ពេល​នោះ​ខ្ញុំ​ឮ​ក្មេង​យំ ​ហើយ​ខ្ញុំ​ក្រឡេក​ឃើញ​គេ​(ពួក​ខ្មែរក្រហម)​បោក​នឹង​គល់​ឈើ​ទាល​ហើយ​គេ​បោះ​ចូល​ក្នុង​រណ្តៅ។​គេ​សម្លាប់​ម្តាយ​គឺ​សម្លាប់​កូន​ហើយ។​គេ​មិន​ទុក​ទេ​កូន​និង​ម្តាយ។​គឺ​ជីក​ស្មៅ​ជីក​ទាំង​ឫស»។

​កាល​ពី​ម្សិល​មិញ​លោក​មាស សុខា ​បានប្រាប់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្តី​ខ្មែរក្រហម​ថា​មន្ទីរ​សន្តិសុខ​ក្រាំង​តាចាន់ ​ជា​កន្លែង​សម្រាប់​ឃុំ​ឃាំង​អ្នក​ទោស​ផង​និង​ជា​ទី​កន្លែង​ដែល​ត្រូវ​យក​មនុស្ស​ដែលត្រូវ​ចោទ​ប្រកាន់​ជា​ខ្មាំង​របស់​អង្គការ​របស់​ពួក​ខ្មែរ​ក្រហម​យក​មក​សម្លាប់​ផង។

សមាជិក​គ្រួសារ​របស់​លោក​សរុប​ជា​ង​ដប់​នាក់​ត្រូវ​បាន​សម្លាប់​នៅទីនេះ។​ហើយ​រូប​លោក ​ម្តាយ​របស់​លោក​និង​បងស្រី​របស់​លោក​គឺ​ជា​មនុស្ស​តែបី​នាក់​គត់​ដែល​មាន​សំណាង​នៅរស់​រាន​មាន​ជីវិត។

​លោក​បាន​ជាប់​ឃុំ​ឃាំង​ពី​ឆ្នាំ​១៩៧៦​ដល់​ឆ្នាំ​១៩៧៨។​រូប​លោក​ក្រោយ​ពី​ជាប់​ឃុំ​មួយ​រយៈ​ត្រូវ​ពួក​ខ្មែរក្រហម​ដោះ​លែង​ឲ្យ​ទៅ​ឃ្វាល​គោ​និង​ក្របី​ចំនួន​ប្រាំមួយ​ក្បាល ​ប៉ុន្តែ​ត្រូវវិល​ត្រឡប់​មក​កាន់​មន្ទីរ​ឃុំឃាំង​វិញនៅ​ពេល​ល្ងាច។​នៅ​ពេល​នោះ​លោក​មាន​ឱកាស​សង្កេត​មើ​ល​រាល់​ការ​ធ្វើ​ទារុណ​កម្ម​និង​ការ​សម្លាប់​អ្នក​ទោស​របស់​ពួក​ខ្មែរក្រហម។​លោកបាន​ឃើញក្រុមឃាតករ​សម្លាប់​អ្នកទោស​ឬ​ក្រុម​អ្នក​សួរ​ចម្លើយ​អ្នក​ទោស​នៅ​គុក​ក្រាំង​តាចាន់​បាន​ផឹក​ប្រមាត់​មនុស្ស​លាយ​ជាមួយ​នឹង​ស្រា​មុន​នឹង​ចាប់​ផ្តើម​សម្លាប់​ឬ​សួរ​ចម្លើយ​អ្នក​ទោស។ នេះ​ជា​ជំនឿ​មួយ​ដែល​គេ​យល់​ថា​ធ្វើ​ឱ្យ​គេ​មាន​ភាព​ក្លាហាន។​

លោក​មាស សុខា ​អះអាង​បន្ថែម​ថា​លោក​ត្រូវ​ពួក​ខ្មែរក្រហម​ប្រើ​រូប​លោក​ឲ្យ​លាង​ដាវ​ក្រោយ​ពី​សម្លាប់​មនុស្ស​រួច ​ជាង​នេះ​ទៅទៀត​នៅ​សម័យ​នោះ​លោក​មាន​វ័យ​ជំទង់​នៅ​ឡើយ​លោក​ត្រូវ​ពួក​ខ្មែរក្រហម​ប្រើ​ឲ្យ​ជួយ​កប់​សាកសព​ដែល​ទើប​សម្លាប់​រួច​ផង​ដែរ។

​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បានចាប់​ផ្តើម​សាក​សួរ​ដេញ​ដោល​សាក្សី​ថ្មីម្នាក់​ទៀត​នៅ​រសៀ​ល​ថ្ងៃ​នេះ​គឺ​អ្នក​ស្រី​អ៊ុំ សុផាន់នី។​ ប៉ុន្តែ​ការ​ផ្តល់​សក្ខីកម្ម​របស់​អ្នក​ស្រី​ត្រូវ​ផ្អាក​ក្នុង​ពេល​រសៀល​មុន​នឹង​ដល់​ម៉ោង​បិទ​សវនាការ​ដោយសារ​បញ្ហា​សុខភាព​របស់​ជនជាប់​ចោទ​ខៀវ សំផន។

​នៅ​ថ្ងៃ​ស្អែក​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​បើក​សវនាការ​ស្តី​ពី​បញ្ហា​សុខភាព​របស់​ជនជាប់​ចោទ​នួន ជា អតីត​ប្រធាន​សភាខ្មែរក្រហម​អាយុ​៨៦​ឆ្នាំ​និង​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​ខ្មែរក្រហម​អាយុ​៨៣​ឆ្នាំ។​សវនាការ​ដើម្បីពិនិត្យ​មើល​ថា​តើ​ជនជាប់ចោទ​ទាំងពីរ​នឹង​មាន​លទ្ធភាព​ចូល​រួម​ការ​កាត់​ទោស​លើ​រូប​ខ្លួន​បាន​តទៅ​ទៀត​ឬយ៉ាងណា។

​អៀង ធារិទ្ធ ​អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ចនិង​ជា​ជន​ជាប់​ចោទ​ម្នាក់​ក្នុ​ងចំណោម​ជនជាប់​ចោទ​ក្នុ​ង​សំណុំ​រឿង​០០២​ត្រូវ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​ផ្នែក​មនុស្ស​ចាស់​រក​ឃើញ​ថា​ជន​ជាប់​ចោទ​មាន​ជំងឺ​វង្វេង​វង្វាន់​មិន​អាច​ចូល​រួម​ការ​កាត់​ទោសបាន៕

ប្រភព៖ VOA

You might also like More from author

Leave A Reply

Your email address will not be published.