អាជ្ញាធរ​អប្សរា​ស្រាវជ្រាវ​រក​ប្រភព​រូបថត​អាក្រាត​ដែល​ថត​នៅ​ប្រាសាទ​បន្ទាយក្តី

0 3
Cambodia Website Design

សៀមរាបៈ អាជ្ញាធរ​អប្សរា​បាន​ធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំងក្លា និង​កំពុង​ធ្វើការ​ស្រាវជ្រាវ​រូបថត​ប្រមាណ​ជា​ ៥​ សន្លឹក​កំពុង​ចែកចាយ​ពេញ​បណ្តាញ​សង្គម Facebook បង្ហាញពី​រូប​ស្រី​ម្នាក់​ឈរ​ថតរូប​ដោះ​អាវ​ល្វែង​លើ​បែប​អាក្រាត​ក្នុង​ប្រាសាទ​បន្ទាយក្តី​របស់​កម្ពុជា ដែល​បាន​ថត​និង​ដាក់​ឲ្យ​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​មួយ​ឈ្មោះ WANIMAL ដែល​មាន​មូលដ្ឋាន​នៅ​ចិន។

លោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​បាន​ថ្លែង​ឲ្យ​ដឹង​ថា អាជ្ញាធរ​អប្សរា​មិន​ទាន់​សន្និដ្ឋាន​ច្បាស់លាស់​ពី​ប្រភព​នៃ​រូបថត​ទាំងអស់​នោះ​បាន​នៅ​ឡើយ​ទេ ដោយ​គ្រាន់តែ​សង្ស័យ​ថា​ជា​ភ្នាក់ងារ​មួយ​ដែល​តែងតែ​ធ្វើ​អាជីវកម្ម​បែប​រូបអាក្រាត​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​ចិន។ យ៉ាងណា​ក៏ដោយ​ លោកស្រី​មិន​ទាន់​អាច​បញ្ជាក់​ថា​ ស្រ្តី​ក្នុង​រូបថត​នោះ​ជា​ជនជាតិ​អ្វី​ដែរ ​ឬ​ ថត​នៅ​ប្រាសាទ​ណា​ដែរ​តែ​រូបថត​នោះ​ពិតជា​បាន​ថត​នៅ​ប្រាសាទ​របស់​កម្ពុជា​ពិតមែន មិនមែន​កាត់ត​តាម​បច្ចេកទេស​នោះ​ទេ។

លោកស្រី​ថា​៖ «យើង​មិន​ទាន់​ថា​ប្រទេស​ណា​ច្បាស់​ទេ​នៅពេល​នេះ ព្រោះ​យើង​ត្រូវ​ស្រាវជ្រាវ​ប្រភព​ឲ្យ​ពិតប្រាកដ​សិន​បើ​រកឃើញ​ពិតប្រាកដ​នោះ​យើង​នឹង​ប្តឹង​តាមរយៈ​ទូត​ព្រោះ​ហួសហេតុ​ពេក​ហើយ​ជា​ការ​ប្រមាថ​ដល់​ប្រាសាទ​បេតិកភណ្ឌ​ខ្មែរ និង​តម្លៃ​ស្រ្តី​ខ្មែរ»។

Cambodia Website Design

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​អប្សរា​ចេញ​ផ្សាយ​ថ្ងៃ​ទី​ ២៤ មករា​ ២០១៥​ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​អប្សរា​សូម​ធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំងក្លា​ជា​ទីបំផុត​ចំពោះ​រូបភាព​អាក្រាត​ពាក់កណ្តាល​របស់​ស្រ្តី​ម្នាក់​ឈរ​នៅ​មុខ​ប្រាសាទ​ព្រោះ​ការ​ថត​បង្ហាញ​កាយ​អាក្រាត​បែប​នេះ​ជា​អំពើ​ដែល​ប្រាសចាក​ផ្ទុយ​ទាំង​ស្រុង​ពី​សីលធម៌​និង​វប្បធម៌​ខ្មែរ​ព្រមទាំង​នាំឲ្យ​មាន​ការ​អាប់ឱន​យ៉ាងធ្ងន់ធ្ងរ​ដល់​បេតិកភណ្ឌ​ជាតិ និង​កិត្តិយស​នារីភេទ​ផង​ដែរ​។

អាជ្ញាធរ​អប្សរា​នឹង​ធ្វើការ​ស្រាវជ្រាវ​ការពិត​ព្រមទាំង​បេ្តជ្ញា​អនុវត្ត​នីតិវិធី​ច្បាប់​តាម​គ្រប់​រូបភាព​ដើម្បី​ធ្វើ​ការ​ផ្តន្ទាទោស​ចំពោះ​ការ​ប្រពឹត្ត​បែប​អាសអាភាស​និង​ខ្វះ​ការ​ពិចារណា​បែប​នេះ។ ម្យ៉ាងវិញ​ទៀត ​អាជ្ញាធរ​ជាតិ​ក៏​អំពាវនាវ​ដល់​បងប្អូន​ជន​រួមជាតិ​ទាំងអស់​សូម​ចូលរូម​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ជា​តម្រុយ​ដែល​អាច​នាំឲ្យ​រកឃើញ​ជា​ការពិត​ក្នុង​ករណី​រូបភាព​នេះ។

យោងតាម​ការ​ផ្សព្វផ្សាយ​របស់​ទីភ្នាក់ងារ​ឈ្មោះ WANIMAL ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា រូបថត​ទាំងអស់​នោះ​ត្រូវ​គេ​បាន​ផ្សព្វផ្សាយ​ក្នុង​គេហទំព័រ​មួយ​នេះ​ក្នុង​ឆ្នាំ​២០១៤​ជា​ប្រភេទ​វេបសាយ​ អាសអាភាស ​ដែល​តែងតែង​ថតរូប​អាសអាភាស​នៅ​កន្លែង​ល្បីៗ​នៅលើ​ពិភពលោក។

ក្រុម​អ្នក​លេង​បណ្តាញ​សង្គម​ Facebook បាន​រិះគន់​ដល់​អាជ្ញាធរ​អប្សរា​ថា ជា​ភាព​កម្សោយ​ក្នុង​ការ​ឃ្លាំមើល​និង​ឆ្មាំ​ប្រាសាទ ដែល​បណ្តាល​ឲ្យ​មាន​ការ​ថតរូប​អាសអាភាស​នៅ​ប្រាសាទ​ខ្មែរ​យ៉ាង​ដូច្នេះ​ដោយ​មិន​ដឹង។

ប៉ុន្តែ​លោកស្រី​ចៅ ស៊ុនកិរិយា​បាន​តប​វិញ​ថា នេះ​ជា​ការ​ថតរូប​បែប​លួចលាក់​របស់​ជនល្មើស​នៅពេល​ណា​មួយ​ដែល​ឆ្មាំ​មិន​នៅ​ឬ​សម្រាក​។

លោកស្រី​ថា​៖ «យើង​ទទួល​ការ​រិះគន់​មែនទែន​ក្នុង​រឿង​នេះ​តែ​នោះ​ជនល្មើស​លួចថត​អាច​នៅពេល​ឆ្មាំ​មិន​នៅ ឬ​សម្រាក​អាជ្ញាធរ​គ្រប់គ្រង​ដី​ជាង​៤​ម៉ឺន​ហិកតា​ប្រាសាទ​រាប់​ពាន់​ពេល​ខ្លះ​ជនល្មើស​លួច​ថត​ឥឡូវ​យើង​កំពុង​ធ្វើការ​ស្រាវជ្រាវ»។

បើ​តាម​លោក ​ខៀវ ធី ប្រធាន​មគ្គុទេសចរណ៍​ខេត្ត​សៀមរាប ​បាន​ពិពណ៌នា​តាម​រូបថត​ថា​រូបថត​ទាំងនោះ​ គឺ​ថត​នៅ​ប្រាសាទ​បន្ទាយក្តី​ផ្នែក​ចំហៀង​ ប្រាសាទ​ខាង​ជើង​ឬ​ត្បូង​ នៃ​ផែ​រោង​ទី​ ២​ ហើយ​ផ្នត់​គំនិត​អ្នកថតរូប​ចង់​បង្ហាញ​ពី​រូប​អប្សរា​ដែល​ដោះអាវ​តែ​ការ​ថត​បែប​នេះ​សម័យ​ឥឡូវ​ជា​ការ​មើល​ងាយ​ទៅវិញ​នោះ​ទេ​។

លោក​ថា​៖«រូប​នោះ​ពិតជា​រូប​មែនទែន​មិន​កាត់ត​ទេ តាម​ខ្ញុំ​មើល​ថ្ម​ក្នុង​រូបថត​នោះ​គឺ​ថត​នៅ​ប្រាសាទ​បន្ទាយក្តី​ហើយ​ចង់​ធ្វើ​តម្រាប់​តាម​អប្សរា​ដោះ​អាវ​ល្វែង​លើ​តែ​ការ​ថត​បែប​នេះ​ក្នុង​យុគ​បច្នុប្បន្ន​ជា​ការ​ធ្វើ​បែប​អាជីវកម្ម​រូបអាក្រាត​និង​មើលងាយ​ប្រាសាទ​និង​ស្រ្តី​ខ្មែរ»។

លោក​បន្ត​ថា​នៅ​ប្រាសាទ​បន្ទាយក្តី​ផ្នែក​ដែល​ថត​នោះ​ពេល​ខ្លះ​ស្ងាត់​ពុំ​មាន​ភ្ញៀវ​កុះករ​នោះ​ឡើយ​ទើប​ជនល្មើស​អាច​លួចថត​ជាមួយ​កាមេរ៉ា​តូច​ទើប​គ្មាន​នរណា​ដឹង​យ៉ាង​ដូច្នេះ​ទើប​តែ​បែកធ្លាយ​បន្ទាប់ពី​មាន​ការ ផ្សព្វផ្សាយ​និង​តាម​បណ្តាញ​សង្គម Facebook៕

ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.