ការសិក្សា​បង្ហាញ​ថា ស្ត្រី​នឹង​ត្រូវ​បាន​គេ​លើក​កម្ពស់​នៅពេល​ដែល​បុរស​ចូលរួម​រៀបចំ​ផែនការ​គ្រួសារ

0

ការស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា នៅក្នុង​សង្គម​មួយ​ដែល​ស្រ្តី​មិន​សូវ​មាន​សិទ្ធិ​ច្រើន ហើយ​បុរស​ដើរ​តួនាទី​សំខាន់​នៅក្នុង​ការ​សម្រេច​នៅក្នុង​គ្រួសារ បុរស​គួរ​តែ​ចូលរួម​ក្នុង​ការ​រៀបចំ​ផែនការ​គ្រួសារ។ នៅ​ពេល​ដែល​បុរស​ចូលរួម​រៀបចំ​ផែនការ​គ្រួសារ សិទ្ធិ​ស្រ្តី​នឹង​ត្រូវ​បាន​គេ​លើក​កម្ពស់។

បើ​តាម​ការសិក្សា​របស់​សាកលវិទ្យាល័យ​វេជ្ជសាស្រ្ត ចចថោន(Georgetown University Medical Center)​នៅ​ចុង​ឆ្នាំ​២០១៤ បាន​បង្ហាញ​ថា ការ​ចូលរួម​រៀបចំ​ផែនការ​គ្រួសារ​រវាង​ប្តី និង​ប្រពន្ធ អាច​ជា​លទ្ធផល​នាំឲ្យ​ស្រ្តី មាន​ការ​សម្រេចចិត្ត​ច្រើន​លើ​បញ្ហា​ហិរញ្ញវត្ថុ និង​គ្រប់គ្រង​បាន​ច្រើន​លើ​ទំនាក់ទំនង​ក្នុង​សង្គម។

ការសិក្សា​មួយ​នេះ បាន​ធ្វើ​ឡើង​ក្នុង​តំបន់​ជនបទ​នៅ​ប្រទេស​ឥណ្ឌា ដែល​ការ​រើសអើង​រវាង​ភេទ​ប្រុស និង​ស្រី​នៅ​តែ​ជា​បញ្ហា​សង្គម​យ៉ាងសំខាន់​។

អ្នកស្រី Rebecka Lundgren អ្នក​ស្រាវជ្រាវ​ផ្ទាល់​ក្នុង​គម្រោង​នេះ​ត្រូវ​បាន​គេ​ដកស្រង់​សម្តី​ថា៖ «​ការសិក្សា​របស់​យើង​គឺជា​ការសិក្សា​ដំបូង​គេ​មួយ ដែល​លើក​ឡើង​ពី​ការ​ផ្លាស់ប្តូរ តូច​មួយ នៅក្នុង​កម្មវិធី​គ្រួសារ អាច​ផ្លាស់ប្តូរ​ផ្នត់​គំនិត​របស់​ប្រជាពលរដ្ឋ​ទៅលើ​សិទ្ធិ​ស្រ្តី។

ការ​សិក្សា​របស់​យើង​គឺ​ផ្តោត​លើ​ការ​ផ្លាស់ប្តូរ​ផ្នត់​គំនិត​របស់​ស្ត្រី ក៏​ដូចជា​ដៃគូ​របស់​គេ ដែល​ទទួល​បន្ទុក​ក្នុង​ការ​ធ្វើ​ផែនការ​គ្រួសារ តាមរយៈ​ការ​ឲ្យ​ពួកគេ​ជជែក​គ្នា​ឲ្យ​បាន​ទូលាយ​ជាង​មុន»។

នៅលើ​ពិភពលោក ការ​រៀបចំ​ផែនការ​ត្រូវ​បាន​គេ​ផ្តោត​តែ​លើ​ស្រ្តី​តែ​ប៉ុណ្ណោះ ជា​ជាង​លើ​បុរស ឬ​ក៏​គូ​ភរិយា​ទាំង​សង​ខាង ក្នុង​ការ​សម្រេចចិត្ត និង​ពិភាក្សា​គ្នា​ឲ្យ​បាន​ទូលំទូលាយ​។ ខណៈ​ដែល​ស្ត្រី​ជាច្រើន​មិន​មាន​សិទ្ធិ​អំណាង​ក្នុង​ការ​សម្រេចចិត្ត ការសិក្សា​មួយ​នេះ​អាច​ជា​អំណាង​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​លើក​កម្ពស់​ស្រ្តី។ នៅ​ប្រទេស​កម្ពុជា ​ការ​រៀបចំ​ផែនការ​គ្រួសារ និង​ការ​លើក​កម្ពស់​ស្រ្តី នៅ​ជា​បញ្ហា​មួយ​ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ផង​ដែរ​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកស្រី សេក ស៊ីសុខុម ប្រធាន​កម្មវិធី​សុខភាព​យុវវ័យ​ប្រចាំ​អង្គការ​ថែទំា​សុខភាព​គ្រួសារ​កម្ពុជា​ រ៉ាក់ ​(RHAC) ​ការ​ជំរុញ​ឲ្យ​បុរស​ចូលរួម​ធ្វើ​ផែនការ​គ្រួសារ គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ជាពិសេស​សម្រាប់​ស្រ្តី​តែ​ម្តង។

អ្នកស្រី បាន​លើក​ឡើង​ថា សម្រាប់​ស្រី្ត​គឺ ធ្វើឲ្យ​ពួកគាត់​មាន​សុខភាព​បាន​ប្រសើរ​ជាង​មុន ដោយ​ការ​មិន​មាន​កូន​ញឹក​ពេក ពោល​គឺ​គាត់​អាច​មាន​ពេលវេលា​ថែទាំ​សុខភាព​របស់​ខ្លួន​បាន​ច្រើន។ ម្យ៉ាង​ការ​រៀបចំ​ផែនការ​គ្រួសារ​បាន​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​គ្រួសារ​ផង​ដែរ។

អ្នកស្រី បាន​លើក​ជា​ឧទាហរណ៍​ថា៖ «នៅពេល​ដែល​ក្នុង​គ្រួសារ​មាន​កូន​តិច ការ​ចំណាយ​ទៅលើ​ថ្លៃ​សាលា ជំងឺ​ដង្កាត់​ផ្សេងៗ​ក៏​កាត់បន្ថយ​បាន​មួយ​កម្រិត​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ ជា​ម្តាយ​ក្រៅតែ​ពី​មិន​សូវ​រវល់​ការងារ​ផ្ទះ ថែទាំ​កូន ពួកគាត់​អាច​នឹង​មាន​លទ្ធភាព​ចេញ​ទៅ​រក​ប្រាក់​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ថែម​ទៀត​ផង»។

ជាមួយ​គ្នា​នេះ​ផង​ដែរ​អ្នកស្រី សុខុម បាន​លើក​ឡើង​ដែរ​ថា កន្លងមក​កម្មវិធី​របស់​អង្គការ​រ៉ាក់​តែង​លើក​ទឹកចិត្ត​ឲ្យ​បុរស​ចូលរួម​ក្នុង​ការ​ធ្វើ​ផែនការ​គ្រួសារ​។ អ្នកស្រី​បាន​បន្ត​ថា ប៉ុន្តែ​ការ​ចូលរួម​របស់​បុរស​ក្នុង​ផែនការ​គ្រួសារ​នៅ​មាន​កម្រិត​តិច​តួច​នៅ​ឡើយ ពោល​គឺ មាន​តែ​ប្រមាណ​២​ទៅ ៤​ភាគរយ​ប៉ុណ្ណោះ។ យ៉ាងណា​មិញ​អ្នកស្រី​ថា RHAC កំពុង​តែ​បង្កើត​កម្មវិធី​អប់រំ​សុខភាព​ផ្លូវភេទ​នៅក្នុង​ឆ្នាំ ២០១៥​នេះ​ដើម្បី​ឲ្យ​បុរស​បាន​ចូលរួម​ក្នុង​ការ​ពន្យារ​កំណើត​នៅក្នុង​គ្រួសារ​ផង​ដែរ។

ចំពោះ​ការ​ចូលរួម​របស់​បុរស​នៅក្នុង​កម្មវិធី​រៀបចំ​ផែនការ​គ្រួសារ​នេះ អ្នកស្រី​សុខុម បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​ថា វា​នឹង​អាច​លើក​កម្ពស់​ស្ត្រី​ផង និង​ជីវភាព​គ្រួសារ​ផង​។ វា​នឹង​ធ្វើឲ្យ មាន​ភាព​ធូរស្រាល​ខ្លាំង​ពី​ការ​ប្រឈម​នឹង​សុខភាព​របស់​ស្រ្តី ការ​ផ្តល់​ឱកាស​ឲ្យ​ស្រ្តី​បាន​ចូលរួម​ក្នុង​កិច្ច​ការងារ​សង្គម ឬ​ប្រកបរបរ​ដើម្បី​លើក​កម្ពស់​ជីវភាព​គ្រួសារ​ជាដើម។

អ្នកស្រី ចាន់ណេត ដែល​ជា​ស្រ្តី​មេផ្ទះ វ័យ ៤៤​ ឆ្នាំ សព្វថ្ងៃ​មាន​កូន​ប្រុសស្រី​ចំនួន ២ ​នាក់ បាន​ជ្រើសរើស​ប្រើប្រាស់​មធ្យោបាយ​ពន្យារកំណើត​ដាក់​កង​ក្នុង​ស្បូន អស់រយៈ​ពេល​ ៤ ​ឆ្នាំ​មក​ហើយ​ក្រោយ​ពី​បាន​ពិភាក្សា​ជាមួយ​នឹង​ស្វាមី​របស់​គាត់ និង​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ។ អ្នកស្រី​ថា ការ​ធ្វើ​បែប​នេះ​គឺ​គាត់​គិត​ពី​សុខភាព​របស់​ខ្លួន​ផង និង​ជីវភាព​ក្នុង​គ្រួសារ​ផង។

កញ្ញា ទេព ស្រីនាវ បុគ្គលិក​រដ្ឋបាល​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​បាន​និយាយ​ថា នាង​បាន​រៀបចំ​ផែនការ​គ្រួសារ​រួចរាល់​ហើយ​សម្រាប់​អនាគត​របស់​នាង ដោយ​នាង​នឹង​សម្រេច​យក​កូន ចំនួន​បី​នាក់ បន្ទាប់ពី​រៀបការ​រួច។ នាង​ថា ការ​យក​កូន ច្រើន​ពេក​មិន​ល្អ​សម្រាប់​ស្រ្តី​ជា​ម្តាយ ហើយ​ណា​មួយ​នឹង​ធ្វើឲ្យ​ជីវភាព​គ្រួសារ​មិន​អាច​ធូរធារ​ទេ​ព្រោះ​នឹង​ត្រូវ​រ៉ាប់រង​ការ​ចំណាយ​លើ​ការ​ផ្គត់ផ្គង់​គ្រួសារ​ច្រើន។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាង​ស៊ី លីដា បុគ្គលិក​របស់​រោងចក្រ​ផលិត​ស្បែកជើង នៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​កំពុង​តែ​ពពោះ​កូន​ដំបូង​របស់​នាង​បាន​និយាយ​ថា តាំងពី​មុន​រៀបការ​នាង​បាន​គ្រោង​ថា នឹង​យក​កូន​ចំនួន ២​នាក់ ដោយ​ចន្លោះ​រវាង​គ្នា​ចំនួន ៥​ឆ្នាំ។ អ្នកនាង​ថា ការ​រក្សា​គម្លាត​បែប​នេះ​គឺ​នឹង​ជួយ​ឲ្យ​នាង​មាន​ពេលវេលា​ថែទាំ​កូន និង​សុខភាព​របស់​ខ្លួន​នាង​ផ្ទាល់។

អ្នកនាង លីដា បាន​បន្ត​ថា បន្ទាប់ពី​សម្រាល​កូន​ដំបូង​ហើយ អ្នកនាង និង​ស្វាមី នឹង​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ដឹង​ថា​មធ្យោបាយ​ពន្យារកំណើត​មួយ​ណា​ដែល​សក្តិសម​នឹង​សុខភាព​របស់​នាង​បំផុត។

យោងតាម​របាយការណ៍​ស្ថានភាព​ចំនួន​ប្រជាជន​ពិភពលោក​របស់​អង្គការ UNFPA កាលពី​ចុង​ឆ្នាំ ២០១២ បាន​បង្ហាញ​ថា ការ​ធ្វើ​ផែនការ​គ្រួសារ​បាន​ជួយ​ប្រទេស​កម្ពុជា​កាត់បន្ថយ​ការ​ចំណាយ​ដ៏ធំ​នៅ​ក្នុង​ប្រព័ន្ធ​ថែទាំ​សុខភាព​តាមរយៈ​ការ​កាត់បន្ថយ​នូវ​អត្រា​ឈឺ​អត្រា​ស្លាប់​របស់​មាតា និង​ទារក និង​កាត់បន្ថយ​ការ​រម្លូត​កូន​គ្មាន​សុវត្ថិភាព​បាន​មួយ​ចំនួន​ផង​ដែរ។

លោក May Tum ដែល​ជា​ជំនួយការ​តំណាង​ឲ្យ​អង្គការ​UNFPA លើក​ឡើង​នៅក្នុង​ការ​សម្ពោធ​របាយការណ៍​ការ​នោះ​ថា ស្រ្តី ដែល​កំពុង​ប្រើ​មធ្យោបាយ​ពន្យារកំណើត នឹង​មាន​ឱកាស​ច្រើន​ជាង​មុន​ដើម្បី​ចូលរួម​ក្នុង​កិច្ចការងារ​សង្គម​។ ពួកគេ​អាច​មាន​លទ្ធភាព​ចូលរួម​ក្នុង​កិច្ចការ​ជំនួញ​ផ្សេងៗ នៅពេល​ដែល​មិន​ចាំបាច់​រវល់​នឹង​ការងារ មេផ្ទះ ឬ​មើល​ថែទាំ​កូន។ ដូច្នេះ​ពួកគេ​អាច​ចូលរួម​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​គ្រួសារ​ផង​ដែរ​។ មិន​តែ​ប៉ុណ្ណោះ​សម្រាប់​យុវជន​វ័យក្មេង​វិញ នៅពេល​ដែល​ពួកគេ​អាច​ទទួល​បាន​ព័ត៌មាន​ពី​សុខភាព​បន្តពូជ និង​សេវាកម្ម​អាច​នឹង​មាន​ទំនោរ​ក្នុង​ការ​បញ្ចប់​ការសិក្សា​បាន​ស្រួលបួល។

តើ​វិធីសាស្រ្ត​នៃ​មធ្យោបាយ​ពន្យារកំណើត​មួយ​ណា​ដែល​មាន​ការ​ពេញនិយម​ជាងគេ​នៅ​កម្ពុជា?

Content image - Phnom Penh Post

បើ​តាម​របាយការណ៍​របស់​ក្រសួង​ផែនការ​ក្នុង​ឆ្នាំ​២០១៣​កន្លង​ទៅ ស្តីពី​កម្រិត និង​និន្នាការ​នៃ​អត្រា​ប្រេវ៉ាឡង់​នៃ​មធ្យោបាយ​ពន្យារកំណើត និង​តម្រូវការ​ខុសគ្នា​សម្រាប់​ផែនការ​គ្រួសារ​ក្នុង​ប្រទេស​កម្ពុជា ការ​ធ្វើ​ផែនការ​គ្រួសារ​នៅ​តែ​បន្ត​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សុខភាព​បន្តពូជ​របស់​ស្រ្តី​ដោយ​ទប់ស្កាត់​ការ​មាន​ផ្ទៃពោះ​ដោយ​មិន​ចង់​បាន និង​គម្លាត​នៃ​ការ​បង្កកំណើត។ ការ​ប្រើប្រាស់​មធ្យោបាយ​ពន្យារកំណើត​បែប​ទំនើប​មាន​ការ​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​កន្លងមក​នេះ ជាពិសេស​ក្នុង​តំបន់​ទីជនបទ​នៃ​ប្រទេស​កម្ពុជា​។

ក្នុង​ឆ្នាំ ២០០០ ស្រ្តី​ដែល​មាន​អាយុ​ចាប់ពី​អាយុ ១៥​ដល់ ៤៩​ ឆ្នាំ ចំនួន​ ១៤​ ភាគរយ​បាន​ប្រើប្រាស់​វិធីសាស្រ្ត​ផែនការ​គ្រួសារ ក្នុង​នោះ ​១១ ​ភាគរយ​ប្រើប្រាស់​វិធីសាស្រ្ត​ទំនើប ហើយ​៣​ភាគរយ​បាន​ប្រើប្រាស់​វិធីសាស្រ្ត​បុរាណ។ វិធីសាស្រ្ត​ដែល​ត្រូវ​បាន ប្រើប្រាស់​ច្រើន​ជាង​គេ​គឺ​ការ​ចាក់ថ្នាំ (៤​ ភាគរយ) និង​ថ្នាំគ្រាប់ (៣ ​ភាគរយ)។

ក្នុង​ឆ្នាំ ២០០៥ ស្រ្តី​ចំនួន​២៤​ភាគរយ​បាន​ប្រើប្រាស់​មធ្យោបាយ​ពន្យារកំណើត​គ្រប់វិធី​។ ក្នុង​ឆ្នាំ ២០១០ កម្រិត​នៃ​ការ​ប្រើប្រាស់​មធ្យោបាយ​ពន្យាកំណើត​របស់​ស្រ្តី​ទាំងអស់​នៅ​កម្ពុជា​គឺ​មាន​ការ​កើតឡើង​ច្រើន​ជាង​ពីរ​ដង​បើ ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០០០ ​(៣១ ​ភាគរយ និង ១៤​ភាគរយ)។ ចាប់​តាំងពី​ឆ្នាំ ២០០៥ ការ​ពន្យារកំណើត​ជា​ថ្នាំ​គ្រាប់​គឺ​មាន​មាន​ពេញនិយម​ជាង​ការ​ចាក់ថ្នាំ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ផែនការ​ក្នុង​ឆ្នាំ ២០១៣ ​កន្លង​ទៅ ស្តីពី​កម្រិត និង​និន្នាការ​នៃ​អត្រា​ប្រេវ៉ាឡង់​នៃ​មធ្យោបាយ​ពន្យាកំណើត និង​តម្រូវការ​ខុស​គ្នា​សម្រាប់​ផែនការ​គ្រួសារ​ក្នុង​ប្រទេស​កម្ពុជា។

ការ​ប្រើប្រាស់​វិធីសាស្រ្ត​ក្នុង​ការ​ពន្យារកំណើត​នីមួយៗ​ គឺ​សុទ្ធតែ​មាន​ប្រសិទ្ធភាព គុណសម្បត្តិ និង​គុណវិបត្តិ តែងតែ​មាន​ព្រម​គ្នា ដូច្នេះ​មុន​នឹង​សម្រេចចិត្ត​ជ្រើសរើស​វិធីសាស្រ្ត​ណា​មួយ ដៃគូ​គួរតែ​មាន​ការពិភាក្សា និង​សម្រេចចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ។

អ្នកស្រី​សេក ស៊ីសុខុម ប្រធាន​កម្មវិធី​សុខភាព​យុវវ័យ​ប្រចាំ​អង្គការ​ថែទំា​សុខភាព​គ្រួសារ​កម្ពុជា​រ៉ាក់​បាន​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​វិធីសាស្ត្រ​ណា​មួយ​ក្នុង​ការ​ពន្យារកំណើត​គឺ​ចាំបាច់​ត្រូវ​មាន​ការ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដោយសារ​សរីរាង្គ​របស់​មនុស្ស​ម្នាក់ៗ​គឺ​មិន​ដូចគ្នា​នោះ​ទេ។

អ្នកស្រី​បាន​បន្ត​ថា៖ «អ្នក​ខ្លះ​ប្រើប្រាស់​ថ្នាំ​ចាក់​ទៅ​មាន​ប្រសិទ្ធភាព ហើយ​មិន​មាន​បង្ក​ជា​បញ្ហា​អ្វី​នោះ​ទេ តែ​អ្នក​ខ្លះ​គាត់​ប្រើ​ថ្នាំ​លេប​ត្រូវ​ជាង​អ៊ីចឹង​ទៅ​ដូច្នេះ​ហើយ​បានជា​គេ​លើក​ទឹកចិត្ត​ឲ្យ​ដៃគូ មិន​ថា​ស្វាមី​ភរិយា ឬ​សង្សារ ត្រូវ​ធ្វើការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​មុន​នឹង​សម្រេច​ចិត្ត​ប្រើប្រាស់​វិធីសាស្រ្ត​ណាមួយ​ក្នុង ចំណោម​វិធីសាស្រ្ត​ពន្យារកំណើត​ទាំងអស់​នោះ»៕

ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.