សមាហរណកម្ម​អាស៊ាន ​នឹង​ស៊ីជម្រៅ​នៅ​ឆ្នាំ​ ២០២០

4
Cambodia Website Design

ក្រុងដាវ៉ូសៈ អាស៊ាន​នឹង​ហៅ​ខ្លួនឯង​ជា​ផ្លូវការ​ថា​ជា​ទីផ្សារ​តែ​មួយ​នៅ​ចុង​ឆ្នាំ​នេះ ប៉ុន្តែ «​បញ្ហា​ធំ» ដូចជា ការ​ធ្វើ​ដំណើរ​ដោយ​សេរី​នៅក្នុង​ប្លុក​ប្រទេស ១០​នេះ នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០២០។ នេះ​បើ​យោង​តាម​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅក្នុង​បទសម្ភាស​មួយ​។

លោក Mustapa Mohamed ដែល​ប្រទេស​ធ្វើ​ជា​ប្រធាន​ប្តូរវេន​របស់​ប្លុក​អាស៊ីអាគ្នេយ៍​នៅ​ឆ្នាំ​នេះ​បាន​ថ្លែង​ថា​៖ «​យើង​នឹង​ប្រកាស​ខ្លួន​យើង​ថា​ជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​»​។

ក្នុង​ជំនួប​ក្រៅ​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស លោក Mustapa បាន​ថ្លែង​ថា​៖ «​យើង​មិន​បាន​ធ្វើ​សមាហរណកម្ម ឬ​សុខដុមនីយកម្ម​ពេញលេញ​នៅ​ឡើយ​ទេ​។ ឆ្នាំ​២០១៥ គឺជា​ឆ្នាំ​ត្រៀម​ទទួល​រឿងរ៉ាវ​ធំៗ​ដែល​នឹង​មក​ដល់​»​។

Cambodia Website Design

លោក​មាន​ប្រសាសន៍​ថា​៖ «​យើង​ជិត​ដល់​ចំណុច​ចុងក្រោយ​នៅ​ឆ្នាំ​២០១៥ ប៉ុន្តែ​បញ្ហា​ធំ​ដូចជា​ការ​ធ្វើ​ដំណើរ​ដោយ​សេរី​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ ២០២០»។

លោក​បន្ថែម​ថា​៖ «​អ្វី​ដែល​សំខាន់​គឺ​ថា​យើង​បាន​ប្ដេជ្ញា​ធ្វើ​វា​។ ខ្ញុំ​មិន​និយាយ​ថា​យើង​កំពុង​ដើរថយ​ក្រោយ​នោះ​ទេ»​។

ប្លុក​អាស៊ីអាគ្នេយ៍​ដែល​ជា​ទីផ្សារ​មួយ​មាន​ប្រជាជន​ប្រហែល ៦០០​លាន​នាក់ បាន​កំណត់​នៅ​ឆ្នាំ​២០១៥ ជា​កាលបរិច្ឆេទ​កំណត់​សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់​តំបន់​នេះ​ទៅក្នុង​ទីផ្សារ​តាម​របៀប​សហភាព​អឺរ៉ុប ដោយ​ពន្ធ​នាំចូល​ត្រូវ​បាន​លុប​ចោល ហើយ​មាន​ចរាចរណ៍​ពលកម្ម​ជំនាញ​ដោយ​សេរី​។

ប៉ុន្តែ​មាន​ភាពសង្ស័យ​ជាច្រើន​ថា ទិសដៅ​នេះ​នឹង​មិន​អាច​សម្រេច​បាន​ទេ​ដោយសារ​ប្លុក​មួយ​នេះ​មាន​ប្រទេស​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ខុស​គ្នា​ខ្លាំង​ពេក​។

ជា​ឧទាហរណ៍ ប្រទេស​មីយ៉ាន់ម៉ា​ទើប​នឹង​បើកចំហ​សេដ្ឋកិច្ច​របស់​ខ្លួន​បន្ទាប់ពី​ភាព​ឯកោ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ជុំវិញ​ការ​គ្រប់គ្រង​ដោយ​កម្លាំង​យោធា​ទាំង​ស្រុង​ដែល​បាន​បញ្ចប់​កាលពី​ឆ្នាំ​២០១១​។

នៅ​ចុងម្ខាង​ទៀត​នៃ​សហគមន៍​នេះ គឺ​ប្រទេស​សិង្ហបុរី​ដែល​ជាប់​ចំណាត់ថ្នាក់​ក្នុង​ចំណោម​ប្រទេស​អ្នក​មាន​ទ្រព្យ​ជាង​គេ​បំផុត​របស់​ពិភពលោក​។

លោក Mustapa បាន​ទទួល​ស្គាល់​ថា វា​នឹង​ធ្វើ​បាន​ «​នៅក្នុង​ឆ្នាំ​២០២០ ដែល​អ្នក​នឹង​មើល​ឃើញ​មាន​ការ​រីកចម្រើន​ច្រើន​ថែម​ទៀត​ចំពោះ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​» ទាក់ទង​នឹង​ការ​លុប​ចោល​របាំង​ពាណិជ្ជកម្ម និង​លំហូរ​ពលកម្ម​ជំនាញ​។

នៅ​ចុង​ឆ្នាំ​នេះ នឹង​មាន «​ការ​ធ្វើ​ចរាចរណ៍​ទំនិញ និង​សេវាកម្ម​កាន់តែ​សេរី ប៉ុន្តែ​មិនមែន​លំហូរ​ទំនិញ និង​សេវាកម្ម​សេរី​នោះ​ទេ​»​។

សហគមន៍​ពាណិជ្ជកម្ម​បាន​និង​កំពុង​ជំរុញ​ដោយ​មេដឹកនាំ​នយោបាយ​ឲ្យ​ធ្វើ​ការងារ​កាន់តែ​លឿន​ថែម​ទៀត​ស្ដីពី​ការ​ធ្វើ​សមាហរណកម្ម​នេះ ប៉ុន្តែ​លោក Mustapa បាន​ថ្លែង​ថា ម៉ូដែល​អាស៊ាន​គឺ​ធ្វើ​បណ្ដើរៗ។

លោក​បន្ត​ថា​៖«​សហគមន៍​ពាណិជ្ជកម្ម​ចង់​ឲ្យ​អាស៊ាន​មាន​ការ​ធ្វើ​សមាហរណកម្ម​ជា​អង្គភាព​តែ​មួយ​។ ការពិត​គឺថា​មាន​បញ្ហា​ព្រំដែន គយ អន្តោប្រវេសន៍ ហើយ​បទប្បញ្ញត្តិ​ខុស​គ្នា​»​។

លោក​រដ្ឋមន្ដ្រី​រូប​នេះ​បាន​ថ្លែង​ថា បន្ថែម​លើ​នេះ មាន​ការ​យល់ដឹង​តិចតួច​ក្នុង​ចំណោម​សាធារណជន​ទូទៅ​ស្ដីពី​ថា​តើ​ទីផ្សារ​តែ​មួយ​នេះ​អាច​ផ្លាស់ប្តូរ​ជីវិត​របស់​ពួកគេ​ដូចម្ដេច​?

លោក​បញ្ជាក់​ថា​៖ «​អ្នក​ខ្លះ​បារម្ភ​ថា ពួកគេ​ត្រូវ​បាន​គេ​ប្លន់​យក​ការងារ​របស់​ខ្លួន ដែល​នឹង​កើតឡើង​នៅ​ខែ​ធ្នូ​ឆ្នាំ​២០១៥​ខាង​មុខ​។ ខ្ញុំ​នឹង​គ្មាន​ការងារ​ធ្វើ ដោយសារ​តែ​មិត្តភកិ្ត​ម៉ាឡេស៊ី​របស់​ខ្ញុំ​នឹង​ដណ្ដើម​យក​ការងារ​នោះ​»។

លោក​បន្ត​ថា​៖ «​យើង​ចាំបាច់​ត្រូវ​ធ្វើការងារ​ច្រើន​ទាក់ទង​នឹង​បញ្ហា​ទំនាក់ទំនង​»​។

នៅពេល​ត្រូវ​បាន​គេ​សួរ​ថា ប្រសិន​បើ​មាន​បញ្ហា​ធំ​ផ្នែក​សេដ្ឋកិច្ច​នៅពេល​បច្ចុប្បន្ន​របស់​អឺរ៉ុប​ជុំវិញ​រដ្ឋ​ជា​សមាជិក​ដែល​ជំពាក់​ប្រាក់​ច្រើន​ដូចជា​ប្រទេស​ក្រិក បាន​ផ្អាក​ផែនការ​ធ្វើ​សមាហរណកម្ម លោក Mustapa ថ្លែង​ថា​៖ «​ចាប់ពី​ថ្ងៃ​ដំបូង​ម្ល៉េះ យើង​ដឹង​ថា​យើង​នឹង​មិន​យក​គំរូ​តាម​សហភាព​អឺរ៉ុប​ទេ​»​។

លោក​ថ្លែង​ថា រូបិយប័ណ្ណ ឬ​ សភា​រួម​មិនមែន​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ប្លុក​អាស៊ាន​ទេ​។

ក្រុម​ប្រទេស​អាស៊ាន​រួមមាន ប្រទេស​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម​៕

ប្រភព៖ http://www.postkhmer.com/

Comments

comments

You might also like More from author