តើ​​ការ​ចូល​ប្រជុំ​របស់​លោក ហ៊ុន សែន នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​កម្ពុជា?

0 0
Cambodia Website Design

កិច្ច​ប្រជុំ​រយៈ​​បី​ថ្ងៃ​នៃ​​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​៤៥ បាន​បញ្ចប់​នៅ​ថ្ងៃ​​ទី​២៥ មករា ហើយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ចូល​រួម បាន​លើក​ឡើង​អំពី​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ដែល​កម្ពុជា សម្រេច​បាន​ដោយសារ​តែ​ការ​ប្ដេជ្ញា​ចិត្ត​​របស់​រាជរដ្ឋាភិបាល​​ និង​ក្រោម​ការ​ដឹក​នាំ​របស់​លោក​រយៈពេល ៣០​ឆ្នាំ។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​វិញ​យល់​ឃើញ​ថា​ លោក ហ៊ុន សែន គួរ​រៀបរាប់​អំពី​ទំនាក់ទំនង​ស្ថានភាព​សិទ្ធិមនុស្ស​ គាំទ្រ​ដល់​​កំណើន​សេដ្ឋកិច្ច​កម្ពុជា ទើប​ចាត់​ទុក​ថា​ ជា​មេ​ដឹក​នាំ​ល្អ​សម្រាប់​កម្ពុជា។

គេហទំព័រ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ​​ដែល​ប្រព្រឹត្ត​ទៅ​នៅ​​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស (Davos-Klosters, Switzerland) នៅ​​ថ្ងៃ​ទី​២៥ មករា បាន​បង្ហាញ​ជំនួប​ដាច់​ដោយ​ឡែក​លើ​ការ​ពិភាក្សា​​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​នៃ​ថ្នាក់​នៃ​​ប្រទេស​អាស៊ាន និង​ក្រុម​​អ្នក​វិនិយោគ​ជា​ច្រើន​​ទៀត។ នៅ​ក្នុង​វេទិកា​​នោះ លោក ហ៊ុន សែន បាន​​​អះអាង​ពី​ការវិវត្តន៍​ទៅ​មុខ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​​កម្ពុជា ជា​ពិសេស​ការ​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​នៅ​រយៈ​ពេល ២០​ឆ្នាំ​កន្លង​​មក។

នៅ​កិច្ចប្រជុំ​ដែល​មាន​ថ្នាក់​ដឹក​នាំ​ប្រមាណ ១៤០​ប្រទេស​​បាន​ចូល​រួម​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បង្ហាញ​អំពី​កត្តា​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ដែរ រួម​​មាន បញ្ហា​គ្រោះ​ធម្មជាតិ អសន្តិសុខ​ស្បៀង និង​ប៉ះពាល់​អវិជ្ជមាន​អំពី​ការ​ប្រែប្រួល​អាកាសធាតុ ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​ផ្សេង​ទៀត បាន​រួម​គ្នា​ពិភាក្សា​ដោះស្រាយ​បញ្ហា​ផ្សេង​ពី​នេះ ដូច​ជា​បញ្ហា​ប្រឈម​​ផ្នែក​នយោបាយ សេដ្ឋកិច្ច​ និង​សង្គម​ដែល​ជា​បញ្ហា​​មូលដ្ឋាន​​យ៉ាង​សំខាន់​ក្នុង​ការ​សម្រេច​ចិត្ត​នៅ​ពេល​ខាង​មុខ។

Cambodia Website Design

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ហ៊ុន សែន ​បាន​បង្វែរ​ចំណាប់​អារម្មណ៍​អ្នក​ចូល​រួម​វេទិកា​នោះ មក​​​កម្ពុជា​វិញ ដោយ​​លោក​បាន​​​បញ្ជាក់​ទៀត​ថា​ សម្រាប់​ប្រទេស​កម្ពុជា​ ​ជា​ប្រទេស​បើក​ចំហ​សេដ្ឋកិច្ច​ដែល​មាន​សក្ដានុពល​ច្រើន​ដល់​ការ​វិនិយោគ​ និង​បច្ចុប្បន្ន​​ជា​ប្រទេស​​ចំណូល​មធ្យម​ដ៏​រឹងមាំ​មួយ។

បន្ថែម​លើ​នេះ ការ​បង្កើត​គោលនយោបាយ​អភិវឌ្ឍ​ឧស្សាហកម្ម​ ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ច្បាប់ ​និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ជា​ដើម គឺ​ជា​គោលនយោបាយ​​ឈ្នះ​ឈ្នះ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ ​អង្គការ​សង្គម​ស៊ីវិល​នានា​នៅ​កម្ពុជា បាន​អះអាង​ថា បើ​ចង់​ទាញ​ចំណាប់​អារម្មណ៍​វិនិយោគ​​ពី​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរ​តែ​រៀប​រាប់​អំពី​ភាព​រីក​ចម្រើន​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​ គាំទ្រ​ដល់​អាជីវកម្ម ទើប​ជា​ការ​ទាក់ទាញ​ក្រុម​អ្នក​វិនិយោគ​ទាំង​​នោះ​ប្រកប​ដោយ​ប្រសិទ្ធភាព។

​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​អះអាង​ថា​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​សិទ្ធិមនុស្ស ត្រូវ​ដើរ​ទន្ទឹម​គ្នា៖ «កំណើន​សេដ្ឋកិច្ច និង​ការ​ធានា​​ឲ្យ​មាន​​ការ​គោរព​សិទ្ធិមនុស្ស​ គឺ​ប្រធាន​បទ​សំខាន់​សម្រាប់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធានា​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច»

អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា ​​ចំពោះ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នោះ  ​កម្ពុជា​ហាក់​ទទួល​បាន​ផល​ប្រយោជន៍​តិច​តួច​ពី​កិច្ចប្រជុំ​នោះ។ ផល​ប្រយោជន៍​ដែល​កម្ពុជា ទទួល​បាន​នោះ គឺ​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ​ស្គាល់​ឈ្មោះ​ប្រទេស​​កម្ពុជា តែ​ប៉ុណ្ណោះ៖ «ភាគច្រើន គេមិនសូវស្គាល់កម្ពុជា ដោយសារតែប្រទេស​របស់យើងតូច»

ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នេះ គ្រាន់​តែ​ជា​វេទិកា​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​រួម​របស់​ពិភពលោក​តែ​ប៉ុណ្ណោះ មិន​មែន​ជា​វេទិកា​ដើម្បី​ដាក់​សម្ពាធ​ដល់​ប្រទេស​ណា​មួយ​នោះ​ទេ៕

ប្រភព៖ RFA

You might also like More from author

Leave A Reply

Your email address will not be published.