ត្រូវ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ថ្មី តែ​បន្ថយ​ស្រា

0 5
Cambodia Website Design

«ថ្ងៃនេះ​ថ្ងៃស្អែក កុំឲ្យ​មាន​គ្រោះ ថ្នាក់​ចរាចរណ៍!» តែ​ថ្ងៃ​ខាន​ស្អែក នៅ តែ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ដដែល? បើ​និយាយ​ពី​អត្រា​ស្លាប់​កើន​ឡើង​ជាង​មុន​គឺ ៦ នាក់​ក្នុង ១ ថ្ងៃ​ហើយ​ក្នុង​មួយ​ឆ្នាំៗ​គណនា​ទៅ​ឃើញ​ថា កម្ពុជា ខាត​បង់​ទឹក​ប្រាក់​ប្រមាណ ៣៣៧ លាន​ដុល្លារ​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍ (HIB, 2013)។

តើ​ការ​កើន​ឡើង​បែប​​នេះបណ្តាល​មកពី​ផ្លូវ​ ឬ​ឥទ្ធិពល​ជាតិ​សុរា ឬក៏​អំណាច​​បុគ្គល​អញ​និយម ឬក៏​​មកពី​អ្នក​បើកបរ​មិន​យល់​ដឹង​ពីច្បាប់​ចរាចរណ៍?

កន្លង​មក​ថ្នល់ធ្វើ​កាន់​តែ​ល្អ​ គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ថ្នល់​នោះ​កាន់​តែ​កើន​ឡើង​ទៅ​វិញ​។ ឧទាហរណ៍​សាមញ្ញ​មួយ​ ផ្លូវ​ជាតិ​ពី​ទី​ប្រជុំ​ជន​ស្គន់ ​ទៅ​ខេត្ត​សៀមរាប​ កាល​ពីផ្លូវ​នៅ​ល្អ​គឺ​គ្រោះថ្នាក់​ស្ទើរ​​តែ​រាល់​ថ្ងៃ​លស់ថ្ងៃ​តិច​ណាស់ ​ហើយ​ម្នាក់​ៗ​ចេះ​តែ​លើក​ឡើង​ថា ផ្លូវ​មាន​ជើងកប​ តែ​ដល់​ពេល​ផ្លូវ​ខូច​​កំពុង​ជួស​ជុល​ឡើង​វិញ​ផង​ដូច​ជា​ស្ងាត់​លែង​មាន​ជើង​កប​​ទៅ​វិញ។ អ៊ីចឹង​សួរ​ថា មាន​តែ​ទុក​ផ្លូវ​ឲ្យ​នៅ​ខូច​ដដែល​ឬ? សំណួរ​នេះ​ប្រៀប​ដូចជា​ពង​មាន់ ​និង​​មេ​មាន់​មួយ​ណា​កើត​មុន? ចំពោះ​បញ្ហា​ផ្លូវ​នៅ​ស្រុក​ខ្មែរ​គឺ​គេ​ធ្វើ​ជាប់​រហូត​ដូច​សព្វថ្ងៃ​នេះឬ?

Cambodia Website Design

ចំណុច​នេះ​ត្រូវ​តែ​រក​ដំណោះ​ស្រាយ​ធ្វើ​យ៉ាង​ណា​ឲ្យមាន​តុល្យភាព​នឹងគ្នា​រវាង​ការ​ចំណាយ​ធ្វើ​ផ្លូវ​ឲ្យ​បាន​រឹងមាំ​បានយូរ​ និង​ការ​ចំណាយ​​លើការ​ខាត​បង់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​។

មក​ទល់​ពេល​នេះ អស់​រយៈពេល​ ៣៦ ឆ្នាំ​ហើយ​ដែល​បក្ស​កាន់​អំណាច​ដឹកនាំ​រដ្ឋាភិបាល​គឺផ្លូវ​ស្រុក​ខ្មែរ ធ្វើ​អត់​ស្រាក​ស្រាន្ត ផ្លូវ​ខ្លះ ​ធ្វើ​ដល់​ទៅ ៤ ទៅ​ ៥ ដង​ក៏​មាន​ តែ​មិន​បាន​រៀប​ចំ​រចនា សម្ព័ន្ធ​របស់​ខ្លួន​ពី​ការ​ថែទាំ​កែលម្អ​ផ្លូវ ​ទាំង​ផ្លូវ​ជាតិ និង​ផ្លូវ​លំជាក់​លាក់​ណា​មួយឲ្យ​ស្រប​ទៅ​នឹង​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ (D&D) ដើម្បី​ផ្តល់​អំណាច​មក​ថ្នាក់​ក្រោម​ជាតិ​ដូច​ដែល​ខ្លួន​បាន​ដាក់​ចេញ​តាំងពី​ការ​បោះ​ឆ្នោត​ ឃុំ-សង្កាត់ ​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០០២ និង​ការ​ចាប់​ផ្តើម​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ថ្នាក់​ក្រោម​ជាតិ​ជំហាន​ទីមួយ ៣ ឆ្នាំ​ដំបូង​នៅ​ឆ្នាំ ២០១០ មក​ម្ល៉េះ។

តើ​មុខងារ​ជា​កាតព្វកិច្ច​ណាខ្លះ​ដែល​ក្រសួង និង​ស្ថាប័ន​ថ្នាក់​ជាតិ​ផ្ទេរ​មុខងារ​មក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទៅ​តាម​កម្រិត ​ខេត្ត ស្រុក ​ឬ ឃុំ ​ដែលជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ថែទាំ​ផ្លូវ​ទាំង​​នោះ? ឧទាហរណ៍៖ ដូច​កាល​ពីសប្តាហ៍​មុន ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​គ្រោង​ទឹក​ប្រាក់​ ១២០ លាន​ដុល្លារ​ដើម្បី​ធ្វើ​ផ្លូវ​កៅស៊ូ​ប្រវែង​ ១២០០ ​គីឡូម៉ែត្រ​​នៅខេត្ត​ ៩ ដែល​នៅ​ជុំវិញ​បឹង​ទន្លេសាប។ សួរថា ​តើ​ក្រសួង​នេះ​មាន​បាន​ផ្ទេរ​មុខងារ ទាំង​ធនធាន​ថវិកា​ និង​ធន​ធាន​មនុស្ស​មក​ឲ្យ​រដ្ឋបាល​ថ្នាក់​​ក្រោម​ជាតិ​ ក្នុង​ការ​ទទួល​ខុស​ត្រូវ​ទៅ​តាម​កម្រិត​ណា​មួយ​សម្រាប់​ថ្នាក់​ខេត្ត​ ថ្នាក់​ស្រុក​និង​ថ្នាក់​ឃុំ បន្ទាប់​ពី​ការ​សាងសង់​ផ្លូវ​នេះ​រួច​ហើយ​ចំពោះ​ការ​ថែទាំ​ផ្លូវ និង​ផ្សព្វ​ផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ថ្មី និង​ស្លាក​សញ្ញា​ចរាចរណ៍​ទៅ​ប្រជាពលរដ្ឋ នៅ​តាម​សហគមន៍​ ដើម្បី​ឲ្យ​ពួកគាត់​យល់​ដឹង​បន្ថែម​ទៀត​ពីច្បាប់​នេះ និង​ការ​ចូល​រួម​ថែ​ទាំ​ផ្លូវ​ថ្នល់​ទាំង​នោះ​ក្នុង​ការ​​ចូល​រួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង?

ឥឡូវ​ក្រឡេក​មក​មើល​ការ​អនុវត្ត​ច្បាប់​វិញ​ម្តង​ ច្បាប់​នេះ​គឺ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​ការ​អនុវត្ត​ទៅ​តាម​អនុសាសន៍ ជា​ជាង​អនុវត្ត​ច្បាប់​ជា​ប្រចាំ។ គ្រាន់​តែ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន មាន​ប្រសាសន៍​ថា​ពាក់​មួក​សុវត្ថិភាព​ដើម្បី​ការពារ​អាយុ​ជីវិត គឺ​សូម្បី​តែ​ត្រឹម​ប៉ូលិស​ខណ្ឌ​ក៏​ជិះ​ម៉ូតូ ជិះ​ទាំង​ឡាន ឬក៏​បិទផ្លូវ​ចាប់​ប្រមូល​អ្នក​បើក​ម៉ូតូ​មិន​ពាក់​មួក និង​អត់​មាន​កញ្ចក់​មើល​មក​ក្រោយ​យក​ទៅ​ដាក់​ខណ្ឌ គឺ​អនុវត្ត​ជ្រុលហួស​ហេតុ។

ស្រាប់​តែ​ចាប់ពី​ការ​ប្រកាស​លទ្ធផល​ការ​បោះឆ្នោត ​និង​មាន​ភាព​តាន​តឹង​ផ្នែក​នយោបាយ​តាំង​ថ្ងៃទី​ ២៨ ខែ​កក្កដា​ ឆ្នាំ២០១៣ រហូត​មក​ទល់​ពេល​នេះ ​ស្ថាន​ភាព​នយោបាយ​បាន​ប្រសើរ​ឡើង​ហើយ គឺ​ប៉ូលិស​ចរាចរណ៍​នៅ​តែ​ធ្វើ​មិន​ដឹង​ មិន​ឮ ​រឿង​អនុវត្ត​ច្បាប់​ចរាចរណ៍ ចង់​ជិះ​ម៉ូតូ​ពាក់​មួក​ អត់​កញ្ចក់ អ្នក​បើកបរ​មិន​គោរព​ភ្លើង​ស្តុប​ក៏​មិន​ខ្វល់ ​ចង់​ឡាន​ដឹក​ទំនិញ ​ឬក៏ដឹក​ខ្សាច់​កាត់​ត​ថែម​កង់​ដើម្បី​ដាក់​ចំណុះ​ឲ្យ​បាន​ច្រើន​រាប់​តោន​កម្ទេច​ថ្នល់​ក៏​ប៉ូលិស​ចរាចរណ៍​មិន​ខ្វល់​ពី​ការ​ផាក​ពិន័យ​អ្វីដែរ ​បាន​ត្រឹម​តែ​លូក​ដៃ​យក​លុយ​ពីអ្នក​បើក​ឡាន​នោះ​ទៅ​វិញ ទាល់​តែមាន​បុក​គ្នា​បាន​ទៅ​រក​ដំណោះ​ស្រាយ។

ម្យ៉ាង​វិញ​ទៀត សព្វថ្ងៃ​នេះ​ ឲ្យ​តែ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ម្តងៗ​ គឺ​ភាគី​ម្ខាង​នាំគ្នា​ទាញ​ទូរស័ព្ទ​ហៅ​ចេញ​ស្វះស្វែង​រកកិច្ច​អន្តរាគមន៍​ពី​អ្នក​មាន​អំណាច​ពាក់​ផ្កាយ​ណា​មួយ ដែល​ត្រូវ​ជា​សាច់​ញាតិ ​ឬក៏​មិត្តភក្តិ មក​ដោះ​ស្រាយ​បញ្ហា​ផ្ទាល់​ខ្លួន​ឯង​សោះ ឬក៏​ហៅ​មក​គំរាម​កំហែង​ភាគី​ម្ខាង​ទៀត​តែ​មិន​បាន​ខិតខំ​រក​​ខុស​ត្រូវ​ទេ។ ខ្លះ​ទៀតស្រវឹង​អួទីនួ​ចេញ​ពី​ក្នុង​ឡាន​ធុំក្លិន​ស្រាហួង​ មក​សម្លុត​គេ​ហើយ​វ៉ៃ អ្នកកាសែត​មក​ថត​ទៀត​ក៏មាន គឺ​អំណាច​អញ​និយម។

លក្ខណៈ​ឥរិយាបថ​របស់​អ្នក​បើកបរ​បែប​នេះ​គឺ​ផ្ទុយគ្នា​កាល​ពីមុន​ព្រឹត្តិការណ៍​ប្រយុទ្ធ​គ្នា​ រវាង​កង​កម្លាំង​បក្ស​ប្រជាជន និង​បក្ស​ ហ៊្វុនស៊ិនប៉ិច ថ្ងៃ ៥-៦ ខែ​កក្កដា ឆ្នាំ ១៩៩៧ កាល​នោះ​គ្រាន់​តែ​បុក​គ្នា​ល្មមៗ​ បាក់​បែក​បន្តិច​បន្តួច​សុំទោស​គ្នា​រួចគ្នា​ហើយ​ រីឯអ្នក​ដែល​គ្រោះ​ថ្នាក់​ខ្លាំង​ចេញ​ថ្លៃ​សំណង​ភ្លាមៗ​អត់​ចាំ​យូរទេ​ ប្រញាប់​ទៅផ្ទះ​ជួប​គ្រួសារ​ ព្រោះខ្លាច​ស្លាប់​ដោយសារ​គេ​បាញ់​គ្នា និង​ផ្លោង​គ្រាប់​ដាក់​គ្នា​ចំ បើកាល​នោះ​មើល​ទៅ​តាម​ផ្លូវ​មាន​សុទ្ធ​តែ​កាំភ្លើង​​យន្តជើង​បង្កង​ គ្រាប់ B40 ស្ពាយ​ជុំវិញ​ខ្លួន​ និង​សព្វាវុធ​ផ្សេង​ទៀត​គឺ​កង​កម្លាំង​ទាំង​សង​ខា​ង​​កំពុង​តែ​ក្រឺត​ធ្មេញ​ដាក់​គ្នា​ចង់​ស៊ី​សាច់​ហុត​ឈាម​ ត្រៀម​ប្រយុទ្ធ​គ្នា​ជិះឆ្វាត់​ឆ្វែង​ពេញ​ទីក្រុង​និង​តាម​ផ្លូវ​ជាតិ​ខេត្ត​មួយ​ចំនួន។ ហ្នឹង​ហើយ​ចរិត​មនុស្ស គឺ​អ៊ីចឹង​ចេះ​ខ្លាច​ស្លាប់​ដែរ​ តែបើ​អត់​បញ្ហា​អីទេ ដូច​រាល់​ថ្ងៃ​នេះ​វិញ គឺ​អួត​ក្អេង​ក្អាង ឲ្យ​តែ​មាន​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ម្ដងៗ​គឺ​ទូរស័ព្ទ​ហៅ​គ្នីគ្នា​មក​ឥឡូវ​ហ្នឹង។ អ្នក​បើកបរ​ខ្លះ​គ្រាន់​តែជា​ស្រី​ស្នេហ៍​តាតា​សោះ ក៏​ខំ​បញ្ចេញ​សាច់​ដុំ​​មក​សម្បើម​ដៃ​ណាស់​ដែរ​ហ្នឹង។

ហេតុ​ដូច្នេះ​ដំណោះ​ស្រាយ​បញ្ហា​ចរាចរណ៍​ត្រូវតែ​ធ្វើជា​ប្រព័ន្ធ​ ឲ្យមាន​ស្តង់ដារ​ជាក់​លាក់​ពី​ថ្នាក់​ជាតិ​ដល់​រដ្ឋបាល​មូលដ្ឋាន ដើម្បី​ពង្រឹង​កា​រអនុវត្ត​ច្បាប់​ចរាចរណ៍​ជា​ប្រចាំ កុំ​ធ្វើ​ទៅ​តាម​តែ​ប្រសាសន៍​ម្តងម្កាល​របស់​លោក​ហ៊ុន សែន​នោះ។

មេប៉ូលិស​ចរាចរណ៍ ​លោក ហ៊ឹម យ៉ាន ផ្កាយ ៣ ទើប​ឡើង​តំណែង​ជានាយ​អគ្គស្នង​ការ​រង​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ កាល​ពី​ខែ​មុន​នេះ។ ការ​ដែល​គេ​ដំឡើង​ឋានៈ ក៏​ក្នុង​គោល​បំណង​លុប​បំបាត់​វប្បធម៌​អន្តរាគមន៍​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍ ឥឡូវ​នេះ​លោក​មាន​អំណាច​គ្រប់​គ្រាន់​ក្នុង​ការ​បង្ក្រាប​អ្នក​បើកបរ​អញ​និយម និង​បង្ក្រាប​រថយន្ត​កាត់ត​បន្ថែម​កង់​នោះ ​ហើយ​លោក​ក៏​បាន​ប្តេជ្ញា​​នឹង​ចាប់​ផ្តើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​នៅ​ខែ​ក្រោយ។

យ៉ាងណាមិញ ការ​បងើ្កន​ការ​ផ្សព្វផ្សាយ​ទាំង​ច្បាប់​ចរាចរណ៍ ទាំង​ស្លាក​សញ្ញា​តាម​រយៈ​កញ្ចក់​ទូរទស្សន៍ និង​កាសែត ឲ្យ​បាន​ច្រើន ជា​ពិសេស​ម៉ោង​សំខាន់ (Prime-time) ជាជាង​ផ្សព្វផ្សាយ​តែ​ពី​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដដែលៗ មក​ធ្វើ​អត្ថាធិប្បាយ​ក្លែម​ថែម​ល្បោយ និង​ជា​ជាង​ផ្សព្វ​ផ្សាយ​ពីស្រា​និង​ស្រាបៀរ ដែល​ជា​មូលហេតុ​ចម្បង​មួយ​បណ្តាល​ឲ្យ​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍។

តាម​រយៈការ​សិក្សា​ស្រាវជ្រាវ​ថ្មីៗ​នេះ បាន​បញ្ជាក់​ថា ការ​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​អាច​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​ស្លាប់​ ៣០០ ​នាក់​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​អ្នក​បើកបរ​ផឹក​គ្រឿង​ស្រវឹង។

ហេតុ​ដូចនេះ​ហើយ​ ពលរដ្ឋ​កម្ពុជា​ ៩៣ ភាគរយ​នៃ​អ្នក​ផ្ដល់​សម្ភាស​សរុប ២១០០ នាក់​ចង់​ឲ្យ​រដ្ឋាភិបាល​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ដោយសារ​តែ​ពួក​គេ​យល់​ថា «ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ជា​កត្ដា​ចម្បង​នាំ​ឲ្យ​កុមារ និង​យុវជន​ចាប់​ផ្ដើម​ប្រើប្រាស់​គ្រឿង​ស្រវឹង»ផង​ដែរ។ (RUPP, 2014)។

ជាង​នេះ​ទៅទៀត​ ការ​ផ្សព្វផ្សាយ​ពីច្បាប់​ចរាចរណ៍​ដ៏​មាន​ឥទ្ធិពល គឺ​តាម​រយៈ​ការ​កំប្លែង​ និង​​តាម​រយៈ​ការ​ផ្តល់​សារ​ល្អៗ​ពី​តារា​ចម្រៀង ​និង​តារា​សម្តែង​ល្បីៗ។ រីឯ ​ការ​ធ្វើ​ឈៀក​រថយន្ត​ក៏​ត្រូវ​រឹត​បន្តឹង​ផង​ដែរ ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​លក្ខណ​សម្បត្តិ​ត្រឹម​ត្រូវ​ពិសេស​យានយន្ត មាន​​ន័យ​ថា ​មិន​កាត់​ត​ថែ​មកង់​ដើម្បី​ដឹក​ឲ្យ​បាន​ច្រើន​លើស​ទម្ងន់​ទេ ដែល​ករណី​នេះ​គឺ​កំពុង​ពេញ​និយម​ ហើយ​ការ​កាត់​ត​នេះ ​ក៏​តែង​ជួប​បញ្ហា​ដាច់​ហ្វាំង​​ច្រើន​ណាស់​ដែរ ព្រោះ​ហ្វ្រាំង​មិន​អាច​ទប់​ទម្ងន់​រថយន្ត​បាន៕

ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.