អង្គការ​មួយ​ចំនួន​នៅ​តែ​បន្ត​ជួយ​ពលរដ្ឋ​រើសសំរាម

4
Cambodia Website Design

ភ្នំពេញៈ គំនរសំរាម​ស្ទឹងមានជ័យ ធ្លាប់​ជា​និមិត្តរូប មិន​ល្អ នៃ​ភាពក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា។ រូបភាព​នៃ​គ្រួសារ​ជាច្រើន​កំពុង​ដេក​ក្រោម​តង់​នៅ​ជុំវិញ​គំនរ​សំរាម ហើយ​ពេល​ខ្លះ​នៅលើ​កំពូល​គំនរសំរាម​ហើយ​ត្រូវ​បាន​ចុះផ្សាយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក និង​ឃើញ​ក្មេងៗ​កំពុង រើស​អេតចាយ នៅ​លើ​គំនរសំរាម​ទាំងនោះ ដែល​នេះ ជា​ហេតុ​ធ្វើឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន ស្វែងរក​មធ្យោបាយ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ចំនួន​១០០០ គ្រួសារ ដែល​រស់នៅ​លើ​គំនរ​សំរាម​នោះ​ចេញ​ពី​ពិភព​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់​នោះ។

សព្វថ្ងៃ​នេះ វា​អស់​រយៈពេល​ជិត ៦ ឆ្នាំ​ហើយ បន្ទាប់ពី​ការ​បិទ​កន្លែង​នោះ គំនរសំរាម​គឺ​នៅ​តែ​មាន​នៅ​ទីនោះ​។ ប៉ុន្តែ​ជា​ជាង​ការ​ចុះ​កិច្ចសន្យា ឬ​បិទ​កន្លែង​នេះ​ជា​ផ្លូវការ ការងារ​របស់​អង្គការ​ជំនួយ​នៅក្នុង​វិស័យ​នេះ បាន​នឹង​កំពុង​ពង្រីក​ចាប់​តាំងពី​ពេល​នោះ​មក​។

អគារ រថយន្ត​ក្រុង និង​សម្លៀកបំពាក់ នៅ​តែ​មាន​ឡូហ្គោ​របស់​ម្ចាស់​ជំនួយ​ជាច្រើន​។ ចាប់​តាំងពី​ឆ្នាំ ២០០៩ អ្នក​រើសសំរាម​ក្នុង​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ធ្វើការ​នៅ​កន្លែង​ថ្មី​។ ឥឡូវ​នេះ​ពួកគេ​ទៅ​ធ្វើការ​នៅ​សង្កាត់​ជើងឯក​។ ប៉ុន្តែ​នៅ​ស្ទឹងមានជ័យ​នៅ​តែ​បន្ត​មាន​សកម្មភាព​រើសសំរាម​ដដែល។

Cambodia Website Design

លោក ពិន សារ៉ាពេជ្រ បាន​ពន្យល់​ថា​៖ «​រដ្ឋាភិបាល​គ្រាន់តែ​បាន​បិទ​គំនរសំរាម ហើយ​មិន​បាន​ដោះស្រាយ​បញ្ហា​ភាពក្រីក្រ​ទេ​»។ ពិន សារ៉ាពេជ្រ គឺជា​នាយកអង្គការ Pour un Souire d’Enfant ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​នាំ​យក​អាហារ​ទៅឲ្យ​អ្នក​រើស​សំរាម​កាល​ឆ្នាំ​ ១៩៩៥ ​ហើយ​សព្វថ្ងៃ​នេះ​ផ្តល់​ជំនួយ​យក​ពួកគេ​ទៅ​សាលារៀន​កន្លែង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សេវា​គាំពារ​សុខភាព​ទៅ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ ៣០០០​ គ្រួសារ​នៅ​ស្ទឹងមានជ័យ និង​នៅ​កន្លែង​ផ្សេង​ទៀត។

លោក​សារ៉ាពេជ្រ ថ្លែង​ថា នៅពេល​ដែល​គំនរសំរាម​នេះ ត្រូវ​បាន​យក​ចេញ អ្នក​រើសសំរាម​ជាច្រើន​បាន​ចាកចេញ​ទៅ​តាម​ខេត្ត​នានា​ឬ​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ទីក្រុង​ឬ​ទៅ​តាម​ការ​សន្យា​នៃ​គម្រោង​ផ្តល់​ការ​តាំង​ទីលំនៅ​ថ្មី​របស់​រដ្ឋាភិបាល។

ប៉ុន្តែ​បណ្តាញ​របស់​អង្គការ​មួយ​ចំនួន​បាន​ទៅ​ពង្រឹង​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ជុំវិញ​ស្ទឹងមានជ័យ ដើម្បី​ជួយ​គ្រួសារ​ជាច្រើន​ដែល​នៅ​តែ​ទៅ​គំនរសំរាម​ស្ទឹងមានជ័យ​។

លោក ឌិន ឆ អាយុ ៣៦ ឆ្នាំ​ដែល​កំពុង​ស្វែងរក​ការងារ​ជា​កម្មករ​សំណង់​និង​ធ្វើ​ការងារ​ជា​អ្នក​រត់ម៉ូតូឌុប​អស់​រយៈពេល​ ៦ ឆ្នាំ​មក​ហើយ​ដែល​កំពុង​រស់នៅ​ជិត​គំនរសំរាម​នេះ​ដែរ គឺ​នៅក្នុង​ភូមិ​មួយ ដែល​បច្ចុប្បន្ន​នេះ​ផ្ទះ​ចំនួន​ពាក់កណ្តាល​ក្នុង​ភូមិ​កំពុង​លិច​ទឹក​កខ្វក់​បន្ទាប់ពី​ការ​ចាក់​ដី​លុប​បឹង​មួយ​នៅ​ជិត​នោះ​។

ប៉ុន្តែ​លោក​បាន​ទទូច​ថា តំបន់​នេះ​មាន​ភាពប្រសើរ​ឡើង​ចាប់​តាំងពី​ឈប់​មាន​ការ​យក​សំរាម​ទៅ​ចាក់​ទៀត​។ លោក​បញ្ជាក់​ថា​៖ «​នៅ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​បន្ត​ជួយ​»។ «​វា​ប្រសើរ​ជាង​មុន​យើង​អាច​យក​កូន​ទៅ​រៀន​បាន​ទៀងទាត់​»​។

ជាមួយ​នឹង​ការ​ផ្តល់​បណ្តាញ​យក​ក្មេងៗ​ទៅ​សាលារៀន អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្តល់​ការ​គាំទ្រ​ដល់​គ្រួសារ​ជាច្រើន​ដែល​បន្ត​ឲ្យ​កូន​ទៅ​រៀន​។ គ្រួសារ​លោក​ឆ បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ថ្លៃ​អង្ករ ខណៈ​អង្គការ​ផ្សេង​ទៀត​ផ្តល់​ជំនួយ​ជា​ប្រាក់​។

លោកស្រី Muriel Stockheim ដែល​គ្រប់គ្រង​អង្គការ​អប់រំ​តូច​មួយ ឈ្មោះ ANDC ដែល​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​សិស្ស​ប្រហែល​៨០​នាក់​ធ្លាប់​ផ្តល់​ប្រាក់​ចំនួន​ ១០ ដុល្លារ​សម្រាប់​ក្មេង​ម្នាក់ ប៉ុន្តែ​ថ្មីៗ​នេះ​បាន​កាត់បន្ថយ​ត្រឹម​៨​ដុល្លារ​។

លោកស្រី Stockheim ដឹង​អំពី​ការ​លំបាក​ដែល​ជំនួយ​អាច​បង្កើតឡើង ប្រសិន​បើ​ខ្លួន​ផ្តល់​ការ​លើក​ទឹកចិត្ត​ដល់​ពលរដ្ឋ​ឲ្យ​រស់​នៅក្នុង​ស្ថានភាព​មិន​អំណោយផល​។ «​ខ្ញុំ​គិត​ថា យើង​មិនមែន​ជា​ផ្ទះ​ទី​បី​របស់​សិស្ស ដែល​មាន​អនាម័យ​ឬ​សុវត្ថិភាព​នោះ​ទេ​»។

លោកស្រី​បន្ថែម​ថា បើ​ទោះបី​ជា​កុមារ​ភាគច្រើន​បំផុត នៅ​អង្គការ ANDC រស់នៅ​សាលា​ជា​ប្រចាំ​សប្តាហ៍​ក្តី​ពេល​ខ្លះ ស្ថានភាព​គ្រួសារ គឺ​ត្រូវ​បាន​ចាត់ទុក​ថា ធ្ងន់ធ្ងរ​។

«​ក្មេង​តូចៗ​នៅ​ទី​នេះ យើង​មិន​ឲ្យ​ពួកគេ​ទៅ​ផ្ទះ​ហើយ​ម្តាយ​ពួកគេ​យល់ព្រម​»។ ពេល​ខ្លះ វា​ជា​បញ្ហា​សង្គម​ដូចជា​ប្រវត្តិ​គ្រួសារ ដែល​ញៀនថ្នាំ ការ​ញៀន​គ្រឿងស្រវឹង ឬ​ហិង្សា​ដែល​កើត​មាន​ជាទូទៅ​។

លោកស្រី​បន្ត​ថា​៖«​ប្រសិន​បើ​ក្មេងៗ​ទាំងនោះ​មិន​នៅ​ទី​នេះ តើ​ពួកគេ​នឹង​ធ្វើអ្វី​? តើ​គ្រួសារ​របស់​ពួកគេ​នឹង​ធ្វើអ្វី​? ខ្ញុំ​ពិតជា​គិត​ថា ពួកគេ​នឹង​ដេក​នៅ​តាម​ផ្លូវ​»។

អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​ធំ​បំផុត ដែល​ប្រតិបត្តិការ​នៅក្នុង​តំបន់​ស្ទឹងមានជ័យ​គឺ​អង្គការ​មូលនិធិ​កុមារ កម្ពុជា​(CCF)​ដែល​កាលពី​ដំបូង​មាន​គោលដៅ​ផ្តល់​ការ​អប់រំ​ដល់​កុមារ​ចំនួន ៨០ នាក់​ដែល​ធ្វើការ​នៅលើ​គំនរ​សំរាម ប៉ុន្តែ​ឥឡូវ​នេះ​ពួកគេ​ធ្វើការ​ជាមួយ​កុមារ ១ ម៉ឺន​នាក់ និង​បាន​ពង្រីក​ទៅ​ដល់​តំបន់​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ។ នៅពេល​រដ្ឋាភិបាល​បរាជ័យ មិន​បាន​ដាក់​អនុវត្ត​កម្មវិធី​សង្គម​របស់​ខ្លួន​បន្ទាប់ពី​ការ​បិទ​គំនរ​សំរាម អង្គការ CCF បាន​ពង្រីក​ធនធាន និង​ការ​បណ្តុះបណ្តាល​ទៅ​ដល់​មនុស្ស​ពេញវ័យ​។

ពីរ​ឆ្នាំ​ក្រោយមក ពួកគេ​បាន​ចាប់ផ្តើម​សាងសង់​ផ្ទះ នៅ​តំបន់​ជុំវិញ​គំនរសំរាម​ចាស់ ហើយ​ផ្ទះ​ជាង ២០០ ត្រូវ​បាន​កាន់កាប់​រួច​ហើយ ដោយ​គ្រួសារ​ដែល​មាន​ការ​ជួយ​ពី​អង្គការ CCF ហើយ​នឹង​អាច​មាន​ការ​សាងសង់​បន្ថែម​ទៀត។ ភាព​ជោគជ័យ​នេះ​បាន​ធ្វើឲ្យ​គ្រួសារ​ក្រីក្រ​ខ្លាំង​មួយ​ចំនួន​បាន​រើ​ទៅ​នៅ​ស្ទឹងមានជ័យ​ដើម្បី​ទទួល​បាន​ជំនួយ​ដែរ​។

លោក ចាន់នឿន ថ្លែង​ថា​៖ «​នៅ​អង្គការ​ CCF យើង​ធ្វើ​ការងារ​បាន​យ៉ាងល្អ យើង​មិនមែន​គ្រាន់តែ​យក​អ្នក​ដែល​រើ​មក​នៅ​បាន​ពីរ​បី​សប្តាហ៍​នោះ​ទេ​»។

សាច់​រឿង​នៃ​អ្នក​រស់នៅ​លើ​គំនរសំរាម​ត្រូវ​បាន​សរសេរ​បង្ហាញ​នៅលើ​គេហទំព័រ​របស់​អង្គការ​ទាំង​ ៣​ ខាង​លើ​។ រូបភាព​សំខាន់​នៅលើ​គេហទំព័រ​របស់​អង្គការ PSE គឺ​នៅ​ជា​រូបភាព​ធ្វើ​ការងារ​លើ​គំនរសំរាម បើ​ទោះបី​ជា សារ៉ាពេជ្រ ថ្លែង​ថា នឹង​ប្តូរ​វាសនា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ក្តី​។

កាល​ពេល​អង្គការ​ចូល​ធ្វើ​ការងារ​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ២០០៩ តំបន់​គំនរសំរាម​ជើងឯក ត្រូវ​បាន​អបអរ​ដោយ​រដ្ឋាភិបាល​ថា ជា​តំបន់​គ្មាន​អ្នក​រើសសំរាម​។ ប៉ុន្តែ ​ជើងឯក​បាន​ក្លាយ​ជា​ភ្នំសំរាម ហើយ​អ្នក​រើសអេតចាយ បាន​នាំ​គ្នា​ទៅ​ទីនោះ នៅពេល​អ្នក​រើសអេតចាយ​មួយ​ចំនួន​អះអាង​ថា​រើស​នៅ​ទី​នោះ​រក​ចំណូល​បាន​ច្រើន​ជាង​កន្លែង​ចាស់​។ បើ​ទោះបី​ជា​មាន​ការ​បោះតង់​អចិន្រៃ្តយ៍​មួយ​ចំនួន​នៅ​ជុំវិញ​កន្លែង​នោះ​ក៏ដោយ ក៏​វា​មិន​មាន​ការ​រស់នៅ​ច្រើន​ដែរ ភាគច្រើន​បំផុត​នៃ​ពួកគេ​គឺជា​អ្នក​ទៅ​ធ្វើការ​រើសសំរាម​នៅ​ទី​នោះ ហើយ​អ្នក​ខ្លះ​ត្រឡប់​ទៅ​ផ្ទះ​ចាស់​របស់​ពួកគេ​នៅ​ស្ទឹងមានជ័យ​។

អ្នកស្រី ឌឿន ស្រីឌុច អាយុ​៣០ ឆ្នាំ ទៅ​កន្លែង​គំនរសំរាម​នោះ​ជាមួយ​ប្តី​អ្នកស្រី​ប្រហែល​៣ ថ្ងៃ​ម្តង​។

ពួកគេ​ធ្វើការ​នៅពេល​យប់​និង​ដេក​នៅ​ខាង​ក្រៅ​នៅពេល​ថ្ងៃ​ដោយ​រក​បាន​ប្រាក់​ពី ២ ទៅ ៣ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​។ កូន​របស់​ពួកគេ​ទៅ​រៀន​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​។

អ្នកនាង​ស្មាន មុក​អាយុ​២៧ ឆ្នាំ ថ្លែង​ថា​៖ «​មាន​អង្គការ​តែ​ពីរ​បី​ប៉ុណ្ណោះ​ដែល​ជួយ​យើង​មិន​ដូច​កន្លែង​គំនរ​សំរាម​ចាស់​ទេ​»​។ «​យើង​ស្វែងរក​អង្គការ CCF ជួយ​កូន​របស់​យើង​ឲ្យ​ទទួល​បាន​ការ​អប់រំ​»។

លោក អៀ សុផល ដែល​ជា​អ្នកនិពន្ធ​សៀវភៅ​ដែល​មាន​ឈ្មោះ​ថា ការ​ពឹងផ្អែក​ជំនួយ​ក្នុង​ប្រទេស​កម្ពុជា គឺជា​អ្នកសិក្សា​មួយ​ដែល​សិក្សា​អំពី​ផលវិបាក​នៃ​វប្បធម៌​អង្គការ​ក្រៅ​រដ្ឋាភិបាល​។

លោក​ថ្លែង​ថា​៖ «​អង្គការ​ CCF ​ជា​គោលការណ៍​និយាយ​ថា ប្រជាជន​ដែល​រស់នៅ​ក្នុង​គំនរសំរាម​ថ្មី​មិន​គួរ​ទទួល​បាន​សេវា​របស់​អង្គការ​ CCF ទេ ដោយសារ​ពួកគេ​ថា ពួកគេ​មិន​ចង់​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ទៅ​រស់នៅ​ទី​នោះ​ប៉ុន្តែ​ហេតុអ្វី​បានជា អង្គការ CCF នៅ​តែ​នៅ​ស្ទឹងមានជ័យ​?​»​។

ចាន់នឿន បាន​ឆ្លើយតប​វិញ​ថា ពិតណាស់​មិន​មាន​ការ​លើកចិត្ត​ទេ​។ គ្រួសារ​ក្រីក្រ​នៅ​ស្ទឹងមានជ័យ គឺ​មាន​ជាច្រើន​ឆ្នាំ​មក​ហើយ​។ គេ​សង្ឃឹម​ថា ការ​បញ្ចៀស​មិន​បង្កើត​សហគមន៍​ពឹងផ្អែក​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ជើងឯក នឹង​ជួយ​កំណត់​មិន​ឲ្យ​មាន​គំរូ​ដូច​នៅ​គំនរ​សំរាម​ស្ទឹងមានជ័យ​។

អ្នក​នាំពាក្យ​សាលារាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​ថ្លែង​ថា រដ្ឋាភិបាល​មិន​មាន​គម្រោង​ផ្សេងៗ​គ្រោង​បង្កើត​សម្រាប់​តំបន់​នោះ​ទេ​។

បើ​ទោះបី​ជា​បណ្តាញ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជុំវិញ​តំបន់​ស្ទឹងមានជ័យ មើល​ទៅ​ទំនង​ជា​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​បន្ថែម ទាំង​គ្រួសារ​ទាំងនោះ​និង​ទាំង​អង្គការ​បាន​និយាយ​ថា ពួកគេ​ចង់​បញ្ចប់​ប្រព័ន្ធ​នៃ​ការ​ពឹងផ្អែក​លើ​ជំនួយ​នេះ​។

ចាន់នឿន​បាន​ថ្លែង​ថា​៖ «​យើង​មិន​ចង់​ទុក​នរណា​ម្នាក់​នៅ​ជាមួយ​យើង​អស់​មួយ​ជីវិត​ដើម្បី​ឲ្យ​យើង​មាន​ការងារ​ធ្វើ​រហូត​នោះ​ទេ​»។

អ្នកស្រី ហុង សុខលី អាយុ​៣៧ ឆ្នាំ ដែល​ជា​អតីត​អ្នក​រើសអេតចាយ បាន​គាំទ្រ​ការ​ថ្លែង​នេះ​ដែរ​។ អ្នក​នាង​ថា​៖ «​ខ្ញុំ​កើត​នៅលើ​គំនរសំរាម ហើយ​មិន​មាន​ការ​អប់រំ​»។

បើ​ទោះបី​ជា​អ្នកនាង រស់នៅ​មិន​ឆ្ងាយ​ពី​កន្លែង​ចាស់​របស់​អ្នកនាង​បន្ទាប់ពី​អ្នកនាង​មាន​ជីវិត​ថ្មី អ្នកនាង​បាន​ថ្លែង​ថា អ្នកនាង​មាន​មោទនភាព​ដែល​ជា​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទះ​ថ្មី​របស់​អង្គការ​ CCF ហើយ​កូន​ទាំង​៦​នាក់​របស់​អ្នកស្រី​គឺ​បាន​ទៅ​រៀន​ទាំងអស់​។ «​ខ្ញុំ​សង្ឃឹម​ថា កូន​របស់​ខ្ញុំ​ទាំងអស់​នឹង​មាន​អនាគត​ភ្លឺថ្លា ហើយ​គេចផុត​ចេញ​ពី​កន្លែង​នេះ​»៕

ប្រភព៖ http://www.postkhmer.com/

Comments

comments

You might also like More from author