សិស្ស​កម្ពុជា​ស្ទើរ​មួយ​ភាគ​បី​បង្ខំ​ចិត្ត​បោះបង់​សាលា​ដោយសារ​ក្រីក្រ

0 0
Cambodia Website Design

ភ្នំពេញៈ ស្ទើរ​មួយ​ភាគ​បី​នៃ​សិស្ស​កម្ពុជា​ដែល​មាន​អាយុ​ពី ​៧ ​ឆ្នាំ​ដល់​ ១៤ ​ឆ្នាំ​ត្រូវ​បង្ខំចិត្ត​បោះបង់​សាលា​ ដោយសារ​ការងារ​របស់​ខ្លួន​មក​ជ្រៀតជ្រែក។ នេះ​បើ​តាម​ការសិក្សា​ថ្មី​មួយ ដោយ​អង្គការ​យូណេស្កូ ស្តីពី​ការបរាជ័យ​នៃ​ការ​អប់រំ​ជា​សកល។

ការសិក្សា​ថ្មី​នេះ កំពុង​ពិនិត្យ​មើល​នូវ​អ្វី​ដែល​ធ្វើឲ្យ​កុមារ​បោះបង់​ការសិក្សា បាន​រកឃើញ​ការ​ជាប់​ពាក់ព័ន្ធ​ខ្ពស់​មួយ រវាង​សិស្ស​ដែល​ធ្វើការងារ​និង​សិស្ស​ដែល​បោះបង់​ការសិក្សា​។

របាយការណ៍​ដែល​មាន​ចំណងជើង​ថា​ «​ការ​ជួសជុល ការ​សន្យា​ឲ្យ​មាន​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា» នេះ​បាន​និយាយ​ថា​៖ «​មាន​ការ​ជាប់​ពាក់ព័ន្ធ​ខ្លាំង​រវាង​កុមារ ដែល​ជា​កម្មករ​កុមារ​និង​ដែល​កំពុង​បោះបង់​ការសិក្សា ហើយ​បញ្ហា​ប្រឈម​ទាំង​ពីរ​ត្រូវ​តែ​ដោះស្រាយ​ជាមួយ​គ្នា​»។

Cambodia Website Design

របាយការណ៍​នេះ​បន្ត​ថា​៖ «​ម្យ៉ាង​វិញ​ទៀត ការងារ​កុមារ ត្រូវ​តែ​កាត់បន្ថយ​ដើម្បី​បង្កើន​ការ​ទៅ​សាលារៀន​។ ការ​បង្កើន​ការ​ទៅ​រៀន គឺជា​វិធី​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​កាត់បន្ថយ​ការងារ​កុមារ​»​។

ជាមួយ​១០​ភាគរយ​នៃ​កុមារ​អាយុ​ពី​ ៧​ ទៅ ​១៤ ​ឆ្នាំ​ដែល​ត្រូវ​បាន​ដាក់​ចំណាត់ថា្នក់​ថា​ជា​កម្មករ​កុមារ ប្រទេស​កម្ពុជា​មាន​ក្មេង​ដែល​កំពុង​ធ្វើការ​ច្រើន​ជាង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត​និង​ខ្ពស់​ជាង​ប្រទេស ដទៃៗ​ទៀត​នៅក្នុង​តំបន់​លើកលែង​តែ​ទីម័រ​ខាង​កើត​។

ខណៈ​ប្រទេស​នេះ​មាន​ភាព​ប្រសើរ​ឡើង​ខ្លាំង​នៃ​ចំនួន​កុមារ​អាយុ​បឋមសិក្សា​ចុះឈ្មោះ​ចូល​រៀន​ជិត ​១០០ ភាគរយ​ការ​ចុះឈ្មោះ​សម្រាប់​ថ្នាក់​អនុវិទ្យាល័យ​ស្ទើរតែ​មិន​មាន​ការ​កើនឡើង​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ​។ នៅក្នុង​ឆ្នាំ​សិក្សា​ចុងក្រោយ​នេះ ចំនួន​ភាគរយ​នៃ​សិស្ស​ដែល​ចេញ​ពី​បឋមសិក្សា​ទៅ​អនុវិទ្យាល័យ​គឺ​មាន​ការ​ថយចុះ​។ នេះ​បើ​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ដែល​បាន​បង្ហាញ។

លោក ចឹម ចាន់វាសនា នាយកប្រតិបត្តិ​នៃ​អង្គការ​ភាព​ជា​ដៃគូ​អប់រំ ​(NEP)​ បាន​ថ្លែង​ថា សិស្ស​ជាច្រើន​ដែល​បាន​បោះបង់​ការសិក្សា​បាន​លើក​ឡើង​ថា ភាពក្រីក្រ​គឺជា​កត្តា​មួយ ជាពិសេស​នៅ​ថ្នាក់​អនុវិទ្យាល័យ​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួកគេ មិន​ស្ថិត​នៅក្នុង​ភូមិ​ផ្ទាល់ ដែល​ធ្វើឲ្យ​ពួកគេ​ចំណាយ​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​សាលារៀន ខណៈ​ការ​ចំណាយ​មិន​ផ្លូវការ​ផ្សេងៗ​លើ​សម្ភារសិក្សា​និង​ការ​រៀនគួរ​ក៏​កើនឡើង​ដែរ​។

លោក​បន្ត​ថា​៖ «​សាលារៀន​មាន​ចម្ងាយ​ពី​ ៣០ ​ទៅ​ ៤០​ គីឡូម៉ែត្រ ឬ​ ឆ្ងាយ​ជាង​នេះ​ពី​ផ្ទះ​របស់​ពួកគេ​។ សិស្ស​មិន​អាច​ទៅ​រៀន​ជា​រៀងរាល់​ថ្ងៃ​បាន​»។

ជាង​នេះ​ទៀត សិស្ស​ជាច្រើន​ដែល​បោះបង់​ការសិក្សា​គឺជា​សិស្ស​ដែល​មាន​អាយុច្រើន​នៅពេល​ចូល​រៀន ដូច្នេះ​នៅពេល​ពួកគេ​ចប់​បឋមសិក្សា ពួកគេ​មាន​អារម្មណ៍​រងសម្ពាធ​ត្រូវ​ទៅ​ធ្វើការ​។ នៅក្នុង​របាយការណ៍​មួយ​ចេញ​ផ្សាយ​កាលពី​ឆ្នាំ​មុន អង្គការ NEP រកឃើញ​ថា ចំនួន​ពាក់កណ្តាល​នៃ​ការ​បោះបង់​ការសិក្សា​មុន​ចូល​ដល់​អនុវិទ្យាល័យ​គឺជា​សិស្ស​ដែល​មាន​អាយុ​១៤​ឆ្នាំ​ឬ​ច្រើន​ជាង​នេះ​។

លោក ចាន់វាសនា បាន​ថ្លែង​បន្ត​ថា​៖ «​ការងារ​នៅ​តាម​រោងចក្រ​ទាក់ទាញ​សិស្ស​ដែល​មាន​អាយុ​១៥​ឬ​១៦​ឆ្នាំ​។ មិន​មាន​ការ​អនុវត្ត​ច្បាប់​ការងារ​សមស្រប ដូច្នេះ​សិស្ស​ត្រូវ​តែ​ជ្រើសរើស​យក​ជម្រើស​ជួយ​សេដ្ឋកិច្ច​គ្រួសារ​ឬ​អត់»។ ប៉ុន្តែ​ សូម្បីតែ​ការ​ចំណាយ លើ​ការសិក្សា​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​អាហារូបករណ៍​ក៏ដោយ ក៏​បន្ទុក​ហិរញ្ញវត្ថុ​នៃ​ការ​បញ្ជូន​កូន​ទៅ​សាលា​នៅតែ​បន្ត​ជា​បញ្ហា​មួយ​ទៀត​។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ បាន​ថ្លែង​ថា​៖ «​សម្រាប់​គ្រួសារ​មួយ​ចំនួន​គឺ​មាន​ការ​ចំណាយ​ពីរ​ប្រភេទ​ដែល​ត្រូវ​ពិចារណា គឺ​ការ​ចំណាយ​លើ​ការ​បញ្ជូន​កូន​ទៅ​សាលារៀន​និង​ការ​ចំណាយ​ដែល​កូន​មិន​មាន​ការងារ​ធ្វើ​»។

លោក​បន្ត​ថា ក្រសួង​កំពុង​ផ្តោត​ទៅលើ​ការ​ផ្ដល់​អាហារូបករណ៍​បន្ថែម​ទៀត សង់​សាលា​បន្ថែម​ទៀត និង​ការ​លើក​ទឹកចិត្ត​បន្ថែម​ទៀត ដើម្បី​ឲ្យ​សិស្ស​ចុះឈ្មោះ​ចូលរៀន​ច្រើន ដូចជា​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កម្មវិធី​ផ្តល់​ចំណីអាហារ​។ ប៉ុន្តែ​ រហូត​មក​ទល់​ពេល​នេះ ភាព​ជោគជ័យ​នៅ​មាន​លក្ខណៈ​យឺត​នៅ​ឡើយ​។

លោកស្រី​រស់ សុភាព នាយិកា​នៅ​អង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា​៖ «​ជា​ការពិត នៅពេល​គ្រួសារ​របស់​អ្នក​ត្រូវការ​អាហារ ការ​ធ្វើ​ការងារ​គឺ​សំខាន់​ជាង​ការ​ទៅ​រៀន​»៕

ប្រភព៖ http://www.postkhmer.com/