ចាប់ខ្លួនជនជាតិចិន ៨៤នាក់ និងឥណ្ឌូនេស៊ី ៧នាក់ ករណីគំរាមទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណែត
(ភ្នំពេញ) ៖ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ កម្លាំងរបស់លោក បានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចដែនដី និងអាជ្ញាធរមូលដ្ឋាន ដោយបានចុះត្រួតពិនិត្យ និងឆែកឆេរ ករណីគំរាមទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណែត និងអនឡាញ នៅគោលដៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ មានចំនួន ៩ទីតាំង ដោយឃាត់ខ្លួនជនជាតិចិន ចំនួន ៨៤នាក់ និងជនជាតិឥណ្ឌូនេស៊ី ចំនួន ៧នាក់។
លោកឧត្តមសេនីយ៍បន្តថា កម្លាំងប្រតិបត្តិការបានត្រួតពិនិត្យ និងឆែកឆេរ រកឃើញមានជនបរទេសចំនួន ៩៣នាក់ ស្រី ១៧នាក់ មាន ២សញ្ជាតិ ក្នុងនោះ ជនជាតិឥណ្ឌូនេស៊ី ចំនួន ៧នាក់ ស្រីម្នាក់ និងជនជាតិចិន ចំនួន ៨៤នាក់ មានស្រី ១៦នាក់។ ដកហូតសម្ភារជាវត្ថុតាង រួមមាន កុំព្យូទ័រយួរដៃ ចំនួន ១៣២គ្រឿង, កុំព្យូទ័រលើតុ ចំនួន ៣៤គ្រឿង, ទូរស័ព្ទដៃ ចំនួន ២០៩គ្រឿង, ដុំវ៉ាយហ្វាយ ចំនួន ១៤គ្រឿង និងសម្ភារបណ្តាញណែតវឺកមួយចំនួនទៀត។
សម្រាប់ការអនុវត្តបន្តទៀតថា ក្រុមប្រតិបត្តិការចម្រុះបានសម្រេចបញ្ជូនជនបរទេសចំនួន ៩៣នាក់ ស្រី ១៧នាក់ និងដកហូតសម្ភារខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី៕L ដោយ៖ លីនណា
Source: ប្រភព៖ http://www.rasmeinews.com