ដំណាំ​ពុទ្រា​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

​ពុទ្រា​ស្រុក​
– យើង​ចង់​និយាយ​ពី​ពុទ្រា​ក្នុងស្រុក ដែលមាន​តាំងពី​បុរាណកាល​មក ។ ពុទ្រា​នេះ​មាន​ច្រើន​ពូជ​រស់ជាតិ​ខុសៗ​គ្នា​ភាគច្រើន​ជូរ​លាយ ល្វីង​តិច ៗ ហើយ​កម្រ​មាន​ជូរអែម​ល្មម​ណាស់ ។ ផ្លែ​វា​តូចៗ ពី​ប៉ុន​ចង្កឹះទៅ​មេដៃ ។​
– ពុទ្រា​ស្រុក​នេះ​ធន់​ទ្រាំ​ណាស់ ច្រើន​ដុះ​ឯង កាលបើ​ម្ចាស់​ដី​ឃើញ​ល្អ​ជាទី​ពេញចិត្ត គេ​ក៏​ថែ​ទុក ។ ដើម​ខ្លះ​ដុះ​កណ្ដាល​ទួល ដែល​ស្មៅ ស្ទើរតែ​គ្មាន​ដុះ ខ្លះ​ដុះ​លើ​ចិ​ញ្ចើ​ញ​ថ្នល់ជាតិ ទោះជា​ខែប្រាំង​រាំងរឹស​យ៉ាងណា​ក៏​វា​មិន​ស្លាប់ សូម្បី​មែក​តូច​ណា​១​ដែរ ហើយ​រដូវវស្សា​ទឹក លិច​ក៏​មិន​ស្លាប់ ។​
– ពុទ្រា​ស្រុក​នេះ​បើ​ដាក់ឈ្មោះថា​ពុទ្រា​ព្រៃ​ត្រូវ​ជាង ។ ដោយ​លក្ខណៈ​វា​ល្អ​យ៉ាង​នេះឯង ទើប​គេ​និយម​យក​ធ្វើគ​ល់ត គឺ​គល់​សំរាប់ បំបៅ​ភ្ជាប់​មែក​ល្អ​ចូល ។​

​ពុទ្រា​ផ្លែ​ធំ​
– នេះ​ជា​ពូជ​នាំចូល តែ​ក៏​ពុំ​ដឹងថា​នាំចូល​ពី​ខាង​ណា ។ នៅក្នុង​ទសវត្ស​៦០ មាន​ចូល​ស្រុក​ខ្មែរ​ខ្លះ​តាមមើលទៅ​ចូល​ផ្លែ​ពី​ថៃ តាម​ច្រក​ប៉ោយប៉ែត ។ ហើយ​គ្រាប់​វា​ត្រូវបាន​អ្នកស្រុក​ស្រែ​ខ្លះ​ដាំ​ត ហើយ​ក្លាយ​ខុសពី​ប្រភេទ​ដើម​ច្រើន ។ នៅ​ដើម​ទសវត្ស ៨០ មាន​ចាប់ផ្ដើម​ដាំ​មុនគេ​នៅ​ភ្នំពេញ ។ ពូជ​នេះ​នាំចូល​ពី​វៀតណាម​វិញ ។ នៅ​ឆ្នាំ ១៩៨៥ លោក​គឹម សៀ​ប បាន​ចុះ​ពី​ភ្នំពេញ​ទៅធ្វើ​ការ នៅ​ស្រុក​កំពង់ស្វាយ ក៏បាន​កូន​បំបៅ​ជាង​១០​ដើម ចែក​អ្នកធ្វើការ​នៅ​ស្រុក ។ កាលនោះ​ខ្ញុំ​បាន​៣​ដើម​ដែរ ហើយ​យកទៅ​ដាំ ។ ក្រោយមក​បំបែក​បានជា​ង ៤០ ដើម​ដាំ​តាម​ចន្លោះ​ក្រូចឃ្វិច​ដែល​មិនទាន់​អោយ​ផល ។​
– ឆ្លងកាត់​ការរៀន​ពី​លោក គឹម សៀ​ប និង​ការដាំ​ស្រាវជ្រាវ​ដោយ​ខ្លួនឯង ខ្ញុំ​កំណត់ថា​ពូជ​ផ្លែ​ធំ​នេះ គួរតែ​ដាំ​ទើប​ចងក្រង​បទពិសោធន៍ ដាំ​ជូន​កសិករ​តាម​ជនបទ ។​
– តាមពិតទៅ​បើ​ប៉ះចំ​ធុន​ឆ្ងាញ់ តើ​ផ្លែ​ប៉ោម ឯណា​ដែល​ឆ្ងាញ់​ដែល​ឆ្ងាញ់​ស្មើ​វា ? ។ បើ​កូន​កសិករ​តាម​ជនបទ​មាន​ផ្លែ​ពុទ្រា​នេះ​ដាក់ ថង់​យកទៅ​សាលារៀន ស៊ីពេល​ចេញលេង នោះ​ជា​មោទនភាព​របស់​កូន​ខ្មែរ ។​

​ការយក​ពូជ​ពី​គេ​
– ទៅយក​ពូជ​ពី​គេ​ក្ដី ក៏ត្រូវ​ចូល​រើស​ដល់​ចំការ ព្រោះ​ពួក​ផ្លែ​ធំ​នេះ ក៏មាន​ច្រើនយ៉ាង​ដែរ ។ ពួក​ខ្លះ​សាបៗ ពួក​ខ្លះ​ជូរអែម​ឆ្ងាញ់ ពួក​ខ្លះ សាច់​ផុស ពួក​ខ្លះ​សាច់​ស្រួយ ខ្លះ​ដូចជា​រកកល​ល្វីង​តិចៗ ខ្លះ​ផ្លែ​ក្រ​មោ​ល ខ្លះ​រាង​ទ្រវែង​ពងក្រពើ ។ ហេតុនេះហើយ​ត្រូវតែ​ចូល​ភ្លក្ស មើល​រក​ដើម​ណា​ដែល​ឆ្ងាញ់ ដែល​ទំនង​ភាគច្រើន​និយម ។​
– អោយគេ​បំបៅ​តែ ២​មែក ពី​ដើម​ឆ្ងាញ់​នេះ​បាន​ហើយ ព្រោះ​បើ​យក​ច្រើន​នាំ​អស់​ទុន​លើ​ពូជ​ច្រើន ។ ដាំ​តែ​ប៉ុន្មាន​ខែ យើង​អាច​បន្ត ពូជ​បាន​យ៉ាងច្រើន ។​

​ការ​រើស​ទីតាំង
– បើ​យក​ពូជ​ពី​គេ​២ ឬ​៣​ដើម​ត្រូវ​ដាំ​ជិត​ផ្ទះ ព្រោះ​ស្រួល​ថែ​ហើយ​រហ័ស​លូត​ធំ ដោយ​ជិត​ផ្ទះ​ច្រើន​ដី​មាន​ជី​ល្អ ។​
– ទីតាំង​ដែល​ដាំ​ច្រើន​ត្រូវយក​តំបន់​លិច​ទឹក ព្រោះ​យើង​យក​គល់​ត​ដែលជា​ពុទ្រា​ស្រុក វា​ពូកែ​ទ្រាំ​ទឹក នឹង​ទ្រាំក្ដៅ ថែមទាំង​អាច​រស់​លើ ដី​គ្រប់យ៉ាង ទោះ​ស្មៅ​មិន​ចង់​ដុះ​ក្ដី ។​
– ពុទ្រា​អាច​ដាំ​តាម​ចន្លោះ​ស្វាយ ព្រោះ​វា​ជា​ប្រភេទ​ដើម​តូច រយៈ​១​ឆ្នាំ​អាច​ហូត​ផល​បណ្ដើរ​តែ​អាយុ​វែង​បំផុត ។ ដោយ​រយៈ​តែ​១​ឆ្នាំ អាច​ហូត​ផល​បាន នេះហើយ ទើប​យើង​ដាំ​នៅទីណា​ជិត​គេ​ក៏បាន ដល់​ត្រូវ​កាប់​ចោល​វិញ​ក៏​មិន​ស្ដាយ គឺ​វា​ឆាប់​ដូចជា​ការធ្វើ​ស្រូវធ្ងន់ ឡើង​ទឹក​ដែរ ។​
– បើ​កសិដ្ឋាន​ជា​ស្រែ​ចាស់ គួរ​ដាំ​តាម​ភ្លឺ​ចំងាយ​២​ម៉ែត្រ ពី​ជួរ​ស្អំ​ប្រសើរ​ជាង ព្រោះ​ការពង្រីក​ទួល​ដើរ​បេះ​ពុទ្រា​ខែវស្សា​អាច​ទៅជា​ប់ ជាមួយ​ភ្លឺ​ដាំ​ស្អំ ដោយ​ស្អំ​វា​ត្រូវការ​ទី​គោក​ទូលាយ ។ ឬ​ដាំ​ជិត​ស្អំ ហើយ​ឆ្លាស់គ្នា​ជាមួយ​ទៀត​ស្វិត​រិត​តែ​ល្អ តែ​សូម​ដាក់​ទៀបស្វិត​ទោ​ជិត​ស្អំ​ជាង ។​


​ការរៀប​រណ្ដៅ
– សម្រាប់​ពុទ្រា​ពូជ​១ ឬ​២​ដើមដំបូង ដែល​ដាំ​ជិត​ផ្ទះ ទោះជា​ថា​ទី​ដី​ជិត​ផ្ទះ​មាន​ជី​ល្អ​ក្ដី ក៏ត្រូវ​តែ​រៀប​រណ្ដៅ​ខ្នាត​ធំ ០.៨០​ម x ០.៨០​ម x ០.៨០​ម ដោយ​រៀប​ដី​ក្នុង​រណ្ដៅ​ត្រឹមត្រូវ​ដូច​រណ្ដៅ​ដាំ​ឫស្សី​អោយ​ហើយ​ស្រេច​មុន​ដាំ ២​ខែ ។ រៀប​រណ្ដៅ​ធំ​ត្រឹមត្រូវ ទើប​ឆាប់​បាន ពូជ​ច្រើន យកទៅ​បន្តទៀត ។​
– បើ​រៀប​រណ្ដៅ​នៅ​ទី​ទឹក​លិច​ចន្លោះ​ដើម​ស្វាយ ឬ​ជា​ជួរ​ស្រប​ជាមួយ​ជួរ​ស្អំ​តាម​ព្រំ ត្រូវធ្វើ​រណ្ដៅ​លើក​អោយមាន​កំពស់​ផុត​ទឹក ។ រណ្ដៅ​ជិត​ជួរ​ស្អំ​ត្រូវយក​ចំងាយ​២​ម៉ែត្រ ពី​ស្អំ ព្រោះ​យើង​ដើរ​បេះ​ស្អំ និង​ពុទ្រា​សឹង​រាល់ថ្ងៃ ហើយ​ពួកនេះ​សុទ្ធ​តែមាន​បន្លា ។​
– រណ្ដៅ​លើក​នេះ​កំពស់​ស្មើ​ភ្លឺស្រែ​ដែល​មិន​លិច​ទឹក រង្វង់​ក្នុង​មាន​១​ម៉ែត្រ ដើម្បី​ញាត់​សំរាម​អោយបាន​ច្រើន ស្រោច​ទឹក​អោយ​ទន់​ពី ល្ងាច ព្រឹក​ឡើងជា​ន់​អោយ​ហាប់ លប់​ដី​វិញ​កំពស់ ១​ចំអាម ទោះបីថា​ពុទ្រា​វា​អាច​ទ្រាំ​លើដី​រិច​រិល​បាន​ក្ដី ក៏​ការធ្វើ​រណ្ដៅ​បែបនេះ​ដើម្បី អោយ​វា​ឡើងកំលាំង​ឆាប់​ចេញ​ឫស បាន​ឆ្ងាយ​រហ័ស ទើប​ឆាប់​ទទួលផល ។​
– រណ្ដៅ​ត្រូវ​រៀប​ពី​១ ទៅ​១​ចំងាយ​៣.៥​ម៉ែត្រ ហើយ​ដាំ​តែ​៤០ ឬ​៥០​ដើម​សិន​ហើយ លុះដល់​ឆ្នាំ បន្ទាប់​យើង​ចេះតែ​ឆ្លៀត​រៀប​រណ្ដៅ បន្តទៀត​រហូតដល់​ជុំវិញ​ដី​ក៏​ល្អ ព្រោះ​ពុទ្រា​កាលបើ​ដាំ​បាន ថែ​បាន​ធំ បេះ​ផ្លែ​ហើយ នោះ​ដូច​ជាការ​ស្រេច ពុំ​ចាំបាច់​កាប់​ដី​ក៏​បានដែរ រីឯ​ការកាប់​ដើម​រាល់​ឆ្នាំ​នៅ​ខែ​២ នោះ​ចាត់​ថា​ជាការ​ត្រៀម​ឧស​សំរាប់​ដុត ១​ឆ្នាំ​ចុះ ។​


ការដាំ​យក​ពូជ​
– កូន​ដែល​យក​ពី​គេ ក៏​ជា​កូន​បំបៅ​ដែរ គឺ​គល់​ជា​ពូជ​ស្រុក​ឯ​ចុង​មែ​កត ជា​ពូជ​ពុទ្រា​ផ្លែ​ធំ ។ ពេល​យក​កូន​ពី​គេ កុំ​យក​កូន​ណា​ដែល​ស្លឹក​រញម ។ រើសយក​គល់​អែប​ដើម​ថ្លោស​ជាងគេ ឯ​ចុង​ត​ដែល​ធំជាងគេ នេះ​បើ​មានកូន​ច្រើន​សំរាប់​រើស ។ យកបាន​ហើយ​កុំ​ចាំ​មកដល់​ផ្ទះ​សិន គឺ​សុំ​កូនកាំបិត​គេ​កាត់​ចុង​ចោល​ដោយ​ទុក​តែ​៣​សន្លឹក ទើប​ស្រួល​មិន​ទើស​ទែង ហើយ​មិន​អន់​ផង ។​
– យកមក​ដល់ផ្ទះ​ត្រូវ​ទុក​ក្នុង​ម្លប់ ស្រោច​ទឹក​២​ថ្ងៃ​សិន ។ បើ​ស្លឹក​វា​មិន​ស្វិត ត្រូវ​យកចេញ​ហាលថ្ងៃ ដោយ​ស្រោច​ទឹក​រាល់ថ្ងៃ លុះត្រាតែ​ចង់​ប៉ិច​ត្រួយ​តាម​ប្រគាប​សន្លឹក ។ យើង​ធ្វើបែបនេះ​អោយ​កូន​ពុទ្រា​ស៊ាំ​អាច​ទ្រាំទ្រ​ខ្លួនឯងបាន​សិន ។ ព្រោះ​កាល​នៅឯ​ដើម ចុង​មែក​ពុទ្រាធំ​នេះ​ទទួល​ជី​ពី​គល់​របស់​វា​តែ​ពេលនេះ​វា​បៅ​គល់​គេ​ទេ ។ តើ​វា​បៅ​បាន​គ្រប់​ហើយ​ឬ​នៅ ? ។ ពេល​កាត់​ហើយ រក្សាទុក បាន​២-៣​ថ្ងៃ បើ​វា​រញម​គឺ​វា​បៅ​ពី​គល់​ថ្មី​នេះ​ពុំ​គ្រប់ ។ បើ​វា​មិន​រញម​គឺ​វា​បៅ​ឆ្អែត ។ ពេល​វា​ដុះ​ពន្លក គឺ​វា​ស៊ាំ​នឹង​អាច​យក​គល់​គេ​ធ្វើជា គល់​វា​បាន ។​
– មុន​ដាំ​ត្រូវ​បង្អត់ទឹក​កូន ២​ថ្ងៃ អោយ​ស្ងួត​ដី​ក្នុង​ថង់ ។​
– ព្រឹក​ថ្ងៃ​ដាំ ត្រូវ​ថែម​ជីកំប៉ុស​១​បង្គី​ក្នុង​រណ្ដៅ ជ្រុំ​ច្របល់​ជាថ្មី រួច​ស្រោច​ទឹក​អោយ​ជោក ។
– ពេល​ល្ងាច​យក​កូន​ដាំ ។ ហែក​ថង់​ចេញ ដាក់​កូន​ចំ​កណ្ដាល​រណ្ដៅ ដែល​មិនអាច​ដក់​ទឹក លប់​ដី​ម៉ត់​ជិត​គល់​រហូត​រាង​កំពុង​តិចៗ ធ្វើ​ដី​ក្រហូង​ចំងាយ​១​ចំអាម​ជុំវិញ​គល់​ដើម្បី​ស្រោច​ទឹក ។​
– មុនដំបូង​យើង​ស្រោច​ទឹក​ម្ដង​អោយ​ជោក​ទាំងអស់​ចុះ តែ​ក្រោយមក​ត្រូវ​ស្រោច​ខាង អោយ​សើម​ជុំវិញ​ទើប​ឫស​ប្រឹង​ចាក់ចេញ​ក្រៅ រក​ទឹក ហើយក៏​ប៉ះ​ប្រទះ នឹង​ជី​យ៉ាង​សំបូរ ដែល​ធ្វើអោយ​វា​មាន​កំលាំង​គ្រប់គ្រាន់​សំរាប់​ពង្រីក​ដើម​ថ្មី ។​
– ដាំ​រួច​គ្រប់​សំរាម សង្កត់​ធាងដូង​កុំអោយ​មាន់​កកាយ ពុំ​ចាំបាច់​បាំង​ថ្ងៃ​ទេ ។​
– ក្រោយ​ដាំ​ត្រូវ​ស្រោច​ទឹក​រាល់ ២​ថ្ងៃ​លុះត្រា​វា​ដុះ​ល្អ ។ នៅពេល​ចាប់​លូត​ត្រួយ​ថ្មី​លឿន​នឹង​រីក​ដើម​បណ្ដើរៗ ហើយ​គួរ​កុំ​ស្រោច​ទឹក ដើម្បី​ទុកអោយ​វា​ប្រឹង​ដោយ​ខ្លួនឯង ។ វា​ប្រឹង​ដោយ​ខ្លួនឯង គឺ​ឫស​ប្រឹង​ចាក់ចេញ​ឆ្ងាយ​ស្វែងរក​ទឹក​ផឹក ក៏​ប្រទះ​ជី​ស្រូបយក​ជាមួយគ្នា ។ ធ្វើ​របៀបនេះ​ទើប​ដើម​ធំធាត់​លឿន​ទៅ​ថ្ងៃក្រោយ ។ ការ​ស្រោច​ទឹក​បន្តវេន វា​ហាក់ដូចជា​ការចិញ្ចឹម​ទំយើ ។ កាលណា​អស់​ទឹក ដែល​ស្រោច​នេះ ទឹក​ក៏​គ្មាន​ផឹក ជី​ក៏​គ្មាន​ស៊ី ព្រោះ​ឫស​វា​មិន​ទៅ​ឆ្ងាយ​ពី​គល់ ។ ដី​ក្បែរ​គល់​ក៏មាន​តែ​កាក​គ្មាន​ជាតិ ។​
– ពុទ្រា​ដាំ​យក​ពូជ​នេះ ដាំ​ក្នុង​ខែ​ណា​ក៏បាន​ដែរ តែបើ​ដាំ​នៅ​ដើមរដូវ​ភ្លៀង លុះដល់​ដើមរដូវ​ភ្លៀង​ឆ្នាំក្រោយ​យើង​នឹង​មានពូជ​យ៉ាងច្រើន សំរាប់​ដាំ​បន្ត ។​

​ការ​ថែ​ដើមដំបូង
– មិនអោយ​ខ្នែង​គល់​ចេញ ព្រោះ​វា​ជា​ពូជ​ផ្លែ​តូច ។ ពេល​មាន​ពន្លក​ថ្មី​ដំបូង ត្រូវយក​កូនកាំបិត​មុត​ចិត​អោយ​ស្អាត​ទើប​ចប់​តែម្ដង ។ បើ​បេះ​ដោយ​ដៃ នឹងមាន​ពន្លក​ថ្មី​ចេញ​ច្រើនដង​ទៀត ។​
– ឧស្សាហ៍​ជំ​រះ​ស្មៅ​ជិតៗ ទាញ​មក​ពូន​គល់ ។​
– មិនបាច់​ថែម​ជី​ទេ តែ​ត្រូវ​ធ្វើអោយមាន​ជន្លេន នៅក្នុង​រង្វង់​ក្រោម​ដើម ទើប​ពុទ្រា​លូតលាស់​ល្អ​ដោយ​មិនបាច់​យើង​ជ្រុំ​ជ្រោយ​ផង ។​
– ពេល​ដើម​រីក ហើយ​ឃើញ​ក្រឡឹប​ត្រង់​ចំណង ត្រូវយក​កូនកាំបិត​ឆូត​យក​បន្ទះ​ប្លា​ស្ទីក​ចេញ ។​

ការបណ្ដុះ​គល់​ត ដើម្បី​បន្ត​ពូជ​ខ្លួនឯង
– កាលបើ​ដាំ​ពុទ្រា​ពូជ ដុះ​មាន​ត្រួយ​ថ្មី​ហើយ ត្រូវ​ស្វែង​យក​គ្រាប់​ពុទ្រា​ស្រុក​មក​ទុក​១០​ថ្ងៃ ទើប​ដាក់​ថង​បណ្ដុះ ។​
– ត្រូវ​បណ្ដុះ​អោយបាន​ច្រើនថង់​លើសពី​សេចក្ដីត្រូវការ ព្រោះ​វា​ពុំមែន​ល្អ​ទាំងអស់​ទេ ។​
– ប្រើ​ថង់​ឬ​បំពង់​ឫស្សី ដាក់​ដីកណ្ដេង​លាយ​ជីកំប៉ុស ។​
– ក្នុង​១​ថង់ ដាក់​គ្រាប់​៣-៤ រើសយក​ដើម​ល្អ​តែ​១ ។ គ្រាប់​កប់​ដី​ល្ហែ​លៗ រួច​គ្រប​ដោយ​កំទេច​ចំបើង ។ បណ្ដុះ​ជិត​អណ្ដូង​ត្រង់​កន្លែង ត្រូវ​ថ្ងៃ​ខ្លះ ម្លប់​ខ្លះ​ដោយ​ស្រោច​ទឹក​រាល់​២​ថ្ង​ស ។​
– ពេល​កូន​នេះ​ដុះ​បាន ១​ចង្អុលដៃ យើង​សំរាំង​ទុក​តែ ហើយ​លើក​យកទៅដាក់​ទី​ត្រូវ​កំដៅ​ពេញ​ទើប​គល់​វា​រីក​មាំ​ឆាប់ ។​
– ពេល​កូន​នេះ​មាន​ទំហំ​ដើម ត្រង់​១​ទះ​ពី​ដី​បាន​ប៉ុន​ចង្កឹះ​ហើយ​នោះ យើង​អាច​យកទៅ​បំបៅ​បាន ។​

​ការ​បំបៅ​
– ពត់​ចុង​មែក​ល្អ អែប​ជាមួយ​គល់​ត​សាកល្បង​មើល​តើ​វា​ស្របគ្នា ហើយ​ទន់​ងាយ​ចង​ផ្អោប​គ្នា​ទេ ។ បើ​នៅ​រឹង​យើង​ពត់​វា​មុន ហើយ​ជួនកាល​ត្រូវយក​កណល់​កល់​ថង់​ដី​អោយ​ខ្ពស់​បន្តិច ។​
– កាលណា​ពត់​មែក​ចុង​ទន់​ល្អ​នឹង​ទប់​អោយនៅ​ជិតគ្នា​បាន​ហើយ ត្រូវ​ចំណាំ​កន្លែង រួច​យក​កាំបិត​ចិត​មែក​ល្អ​ជិត​១​ចំហៀង ប្រហែល ៣​ធ្នាប់​មុន បន្ទាប់មក​ចិត​គល់​ដើម​ត​ត្រង់ ៤​ធ្នាប់​ពី​ដី​ថង់ ។​
– ទាញ​កន្លែង​ចិត​ទាំង​២ ដាក់​ប៉ះគ្នា​រួច​យក​ចំរៀក​ប្លា​ស្ទិ​ក ប៉ុន​កូនដៃ​មក​ចងរឹត​អោយ​ណែន​បំផុត កុំអោយ​ទឹក​ចូល​បាន ។ បើ​រំ​ធូរ កំរ​មាន​ជាប់​ណាស់ ។​
– ចំណុច​ដែល​ត្រូវ​ដុះ​ជាប់​គ្នា​បាន គឺ​សាច់​អែប​សំបក​ទល់​គ្នា ឬក៏​ដាក់អោយ​សំបក​ប៉ះ​ស​បក​នោះ​សាច់​អែប​សំបក​នឹង​ទល់​គ្នា ។ រៀបបាន​យ៉ាងនេះ​ល្អ​លេខ ១ ។​
– បើ​មែក​ម្ខាង​ធំ ម្ខាង​តូច ច្រើន​ខូច ព្រោះ​ជួនកាល​ប៉ះ​១​ចំហៀង​អាចជា​ប់​បាន និង​អាចរ​ស់បាន ។ តែបើ​សាច់​អែប​សំបក​នៃ​មែក​ទាំង ២ មិន​ទល់មុខ​គ្នា​សោះ នោះ​វា​មិន​ជាប់​គ្នា​កើត​ទេ ។​
– ចង់បាន​១០​ថ្ងៃ សឹម​កាត់​ចុង​ពុទ្រា​ស្រុក​ចោល ។ យើង​ទុក​វា ១០​ថ្ងៃ​សិន ដើម្បីអោយ​វារ​ហ័ស​ដុះ​សាច់​ថ្មី ។ ថង់​គល់​ត​ក៏ត្រូវ​ស្រោច ទឹក​វា​ផង​ទើប​រហ័ស​ជាប់សាច់​កន្លែង​ត ។​
– ពី​រុំបាន​គ្រប់​២០​ថ្ងៃ អាច​កាត់​គល់​មែក​ពុទ្រា​ផ្លែ​ធំ រួច​កាត់​ចុង​ភ្លាម ទុក​តែ​ស្លឹក​៣ ដើម្បី​កុំអោយ​វា​អន់ ។ ពេលនេះ​យើង​បានកូន​ហើយ គឺ​រូប​ទី​៣ ។​
– កូនកាត់​បាន​ហើយ​នេះ គ្មាន​ប្រយោជន៍​នឹង​ទុក​មែក​ទាំងអស់​ទេ ព្រោះ​ឫស​ក្នុង​ថង់​ពុំ​ធានាបាន​ក្នុងការ​ចិញ្ចឹម​ចុង​ត​វែង​បានឡើយ ។​
– យក​ថង់​កូន​ពូជ ទៅ​តំរៀប​ក្រោម​ម្លប់ ស្រោច​ទឹក​១​ថ្ងៃ​២​ដង ។​
– ទុក​ក្នុង​ម្លប់​លុះត្រា​រក​ប៉ិច​ត្រួយ​ថ្មី​១​ឬ​២​ត្រង់​សន្លឹក​ទាំង​៣ ទើប​យកទៅ​ដាំ ។ ប៉ុន្តែ​ក្នុង​រយៈ​នេះ​ត្រូវ​តាម​ប្រ​លះ​ពន្លក​ក្រោម​ស្នាម​ត ។​
– អ្នក​មិនទាន់​ប្រសប់ សូម​យក​របៀប​បំបៅ​នេះ​ទៅ​បំបៅ​ក្រូច ស្វាយ ខ្នុរ ល្មុត​….​។​ល​។​

ការដាំ​ពុទ្រា​នៅ​រណ្ដៅ​ត្រង់​ទី​ទឹក​ជ្រៅ
– រណ្ដៅ​នៅ​ទី​មានទឹក​លិច ត្រូវ​លើក​ខ្ពស់ សំរាប់​ដាំ​១​ដើម​ក្នុង​រណ្ដៅ​១ ។​
– រណ្ដៅ​ដែល​បាន​រៀប​ដោយ​ញាត់​សំរាម ចំបើង​កប់​ទុក​២​ឬ​៣​ខែ​ហើយ​នោះ នៅពេល​ដាំ​ត្រូវដាក់​ជីកំប៉ុស​ថែម​១​បង្គី ច្របល់​លាយ​ដី​អោយ​ស្មើ រួច​កាយ​ក្រឡុក ស្រោច​ទឹក​អោយ​ជោក​ដល់​សំរាម​ពុកៗ​ខាងក្រោម នៅ​ព្រឹក ថ្ងៃ​ដាំ ។​
– ពេល​ល្ងាច​យក​កូន​ទៅ​ដាំ ដោយ​អនុវត្ត​ដូច​វិធី​ខាងលើ​ដែរ ។​
– បើ​គ្មាន​ភ្លៀង​ត្រូវ​ស្រោច​ទឹក​រាល់ថ្ងៃ រហូតដល់​ចេញ​ត្រួយ​ថ្មី​បាន​វែង ។​

​ការថែទាំ​
– ពេល​កូន​ពុទ្រា​រីក​គល់​ឃើញ​ក្រឡឹប​ត្រង់​ចំណង យើង​ត្រូវយក​កូនកាំបិត​មុត​ឆូត​ខ្សែ​ប្លា​ស្ទិ​ក​ថ្នមៗ ហើយ​ស្រាយចំណង​នេះ​ចេញ ។ កាលបើ​ឆាប់​ស្រាយចំណង​ចេញ សាច់​ទើប​ជាប់​ថ្មី​នៅ​ខ្ចី និង​របើក​ពីគ្នា​វិញ ដោយ​សាច់​ចាស់​គ្នា​វា ជំរត់​ផ្ដាច់​ពីគ្នា​វិញ ។​
– ឧស្សាហ៍​ជំ​រះ​ស្មៅ ទាញ​មក​ពូន​គល់​ថែម​អោយ​កាន់តែ​រី​ធំ​ចេញ​ក្រៅ និង​ខ្ពស់​ផុត​ទឹក ដើម្បី​ងាយ​ដើរ​បេះ​ផ្លែ និង​បេះ​ស្លឹក​ស្អំ នា​រដូវវស្សា បើ​ពុទ្រា​នេះ​ដាំ​ជិត​ព្រំ​ជាមួយ​ស្អំ ។​
– បើ​ដាំ​នៅ​ខែ​៤​ឬ​ខែ​៥​នោះ លុះ​ចូលដល់​ខែប្រាំង យើង​ពុំ​ចាំបាច់​ស្រោច​ទឹក​ឡើយ ។​

​ការធ្វើអោយ​ដី​មាន​ជី​
– វិធី​ល្អ​បំផុត​តែ​១​គឺ ការធ្វើអោយមាន​ជន្លេន​ទ្រ​ក​ច្រើន ព្រោះ​ជន្លេន​ទ្រ​ក​រុក​វា​ឡើងលើ​ហើយ ចុះ​ស៊ី​ដី​នៅ​ស្រទាប់​ក្រៅ​ជ្រៅ​ពី​៣​ទៅ​៦ តឹក ។ ប្រការនេះ​ធ្វើអោយ​ស្រទាប់ដី​ទ្រទ្រង់​ដំណាំ​ធូរ​បាន​ជ្រៅ ។​
– ដើម្បីអោយ​សំបូរ​ជន្លេន​ត្រូវ​ឧស្សាហ៍​ប្រមូល​កំទេចកំទី​ឈើ សំរាម​កាប់​ជំ​រះ​ស្មៅ​ត្រឡប់​កប់​ដី​ជា​ញឹកញាប់ ។​

​ការផ្គត់ផ្គង់​ទឹក​នៅ​រដូវប្រាំង​ឆ្នាំ​ទី​១
– ដោយ​គ្រាន់តែ​កាប់​ដី​បំបែក​នៅក្រោយ​រដូវភ្លៀង តាម​មេរៀន​របៀប​ប្រើប្រាស់​ទឹក​ក្រោម​ដី ។ ទោះបីថា​ក្រ​ទឹក​យ៉ាងណា​ក៏​វា​រស់ ។ តែ​ឆ្នាំ​ទី​១​នេះ បើ​យើង​កាប់​ដី​ត្រ​សោះ នៅក្រោយ​រដូវភ្លៀង ដើម្បីអោយ​សើម​ក្រោម ទើប​ដើម​ឆាប់​ធំ ហើយ​អាច​បាន​ផ្លែ​ខ្លះ ។​

​ការចេញ​ផ្កា​ជាប់​ផ្លែ​
– បើ​យើង​ដាំ​នៅ​ដើមរដូវ​ភ្លៀង ជួនកាល​ការ​ស្ទុះ​ធំ​រប​ស់វា ចេះតែ​បន្តៗ ហើយ​អាចមាន​ផ្កា​នៅ​ចុងរដូវ​ប្រាំង និង​ផ្លែ​នៅ​ដើមរដូវ​វស្សា ។ ប៉ុន្តែ​ផ្លែ​ក​លើក​នេះ​ក៏​ពុំទាន់​យកជាការ​បានទេ ។​
– បើ​នៅក្នុង​ខែ​៣ គឺ​បន្ទាប់ពី​ដាំ​បាន​១១​ខែ យើង​កាត់​ដើម​ដោយ​រណារ​អារ​ដែក ត្រឹម​១​ចំអាម​ពី​ដី​ចោល​ទាំងអស់ ហើយ​យក​កំបោរ សលាប​ត្រង់​ស្នាម​កាត់ ពេល​លូត​វិញ​យើង​រក្សា​បំពង់​ល្អ​តែ​២​នោះ ជាការ​ប្រសើរ​ជាង​មិន​កាត់​ដើម​ចាស់ ។ ពេលនេះ​បំពង់​ថ្មី​ដែល ចេញ​បាន​ខ្ពស់​បន្តិច អាច​បែកមែក​មាន​ផ្កា ជាប់​ផ្លែ​ខ្លះ ។​


​ការ​កាត់​ដើម
– ឆ្លង​ពេល​ផ្លែ​បាន​១​សារ​ហើយ នៅ​រដូវប្រាំង​ឆ្នាំក្រោយ ទោះ​រាំង​ក្ដៅ​យ៉ាងណា ក៏​ពុទ្រា​ពុំ​ត្រូវ​ការអោយ​យើង​ស្រោច​ទឹក​កាប់​ដី​ដែរ ។​
– ចុងខែ​២ ត្រូវ​កាត់​ដើម​វា​ទាំងអស់​នៅ​ចំណុច​១ ទះ​ពីលើ​ស្នាម​កាត់​ចាស់ ។​
– មែក​ពុទ្រា​ច្រើន​ទេរ គេ​ត្រូវ​អារ​ចំហៀង​ក្រោម​ពាក់កណ្ដាល​សិន សឹម​អារ​ខាងលើ​ចុះ ទើប​មិន​រយះ​ដើម ។ អារ​រួច​ត្រូវតែ​លាបមុខ​អារ​ដោយ​កំបោរ ដើម្បី​កុំអោយ​មេរោគ​ចូល ។​
– នៅ​ចុងខែ​៣ ពុទ្រា​ចាប់​ចេញ​បំពង់​ធំៗ សារ​ថ្មី ត្រូវ​ទុក​៤​ឬ​៥ ទើប​គុម្ព​តូច ដើរ​បេះ​ពុំ​សូវ​ទើស​ទែង ។ បើ​ទុក​តែ ២ វា​នឹង​លូត​ឡើង តែ​បន្តិច ហើយ​ទោរ​ទៅខាង​ឆ្ងាយ ដែល​ធ្វើអោយ​យើង​ពិបាក​ដើរ​តត្រុក ។​

​ការ​ថែ​ផ្លែ​
– ផ្លែ​ស្អុយ​ត្រូវ​បេះ​ចោល ។​
– ផ្លែ​ច្រើនពេក​ត្រូវ​ប្រឡេះ​ក្ដិ​ប​ចោល​ខ្លះ ។ គួរ​ទុក​ផ្លែ​តិច ច្រក​ការពារ​ដោយ​កូន​ថង់​តូច ។​
– ព្យាយាម​បញ្ចូល​ចំបើង ជ​ញ្ច្រាំ​ង ធាងដូង ដើម​ពោត ក្រាល​ក្រោម​ដើម ដើម្បី​ផ្ដល់​ជាតិ​ក្បុង និង​ជី​ដទៃទៀត​ដល់​ពុទ្រា ព្រមទាំង ជួយ​អោយ​ជន្លេន​អាចរ​ស់បាន​ស្រួល​ផង ។​
– ឆ្នាំ​ណា​មាន​ដង្កូវ​ច្រើន យើង​សុខចិត្ត​ខូច​ចោល​ចុះ​កុំ​បាញ់ថ្នាំ ព្រោះ​ការបាញ់​ថ្នាំ​ពុំ​ចំណេញ​ឡើយ មានតែ​ការ​ទ្រទ្រង់​សត្វ​ទេ​ដែល​ទប់ មិនអោយ​សត្វ​ចង្រៃ​កើន​ច្រើន ទើប​ជា​វិធី​ប្រសើរ ។​
– ពេល​ពុទ្រា​ផ្កា មាន​មមង់ រុយ ឃ្មុំ ព្រមទាំង​សត្វល្អិត​ដទៃ​រោម​ក្រេប​លំអង​ជាច្រើន តែ​សូមកុំ​រវល់​នឹង​វា គឺ​កុំ​បាញ់ថ្នាំ​អោយសោះ ព្រោះ​ពួកនេះ​ច្រើន​ជាស​ត្ច​មាន​ប្រយោជន៍ ។​
– បើ​ដី​មាន​អាចម៍​ជន្លេន​ហើយ ត្រូវ​ដាំពោត​តាម​ចន្លោះ​ខ្លះ​ដើម្បី​យក​ដើម​ពោត​គ្រប​ដី​វិញ ។ ពោត​អាយុ​តែ​ជាង​២​ខែ​មិន​ទើស​ទែង​ដល់ ពុទ្រា តែ​វា​នាំអោយ​ដី​ធូរ​ល្អ​ទៀតផង ។​


​ការធ្វើអោយមាន​ឳ​ជា​រស​
– សំរាប់​ពុទ្រា​យើង​អនុវត្ត​ការ​ថែ​ផ្លែ​ជាប់​ផ្កា ជាមួយគ្នា​នឹង​ការធ្វើអោយ​ផ្លែ​មាន​ឳ​ជា​រស ដោយ​ការពង្រាយ​ចំបើង ដើម​ផ្ទី ធាងចេក ធាងដូង ។ បាច​សំបក​ខ្ចៅ លាស ដូច​ព្រួស​ស្រូវ​រាល់​២​ឆ្នាំ​ម្ដង​រួម និង​ការបញ្ចូល​ជន្លេន​ទ្រ​ក ធ្វើយ៉ាងណា​អោយ​អាចម៍​ជន្លេន​ឡើង​ពោរ លើដី ។​

ការ​ហូត​ផល​ផ្លែ និង​អុស​
– ពុទ្រា​ហូត​ផល​បន្ត ក្នុង​រយៈ​ច្រើន​ខែ នា​រដូវវស្សា ។​
– ចូលដល់​រដូវរំហើយ ជា​ចុងដៃ ទោះ​សល់​ផ្លែ​ខ្លះ​ក៏​ពុំ​ល្អ​ទេ ។ រាងរាល់​លើក​ត្រូវ​កាត់​ពីលើ​ស្នាម​ចាស់​១​ទះ ។ យើង​ត្រូវ​កាត់ចោល ទាំងអស់ យក​ដើម​ធ្វើ​អុស ទុក​ដុត​សំរាប់​១​ឆ្នាំ បើសិនជា​យើ​ដាំ​បាន​ច្រើន ។ មុន​កាប់​ពុទ្រា​ត្រូវ​កាប់​រណ្ដៅ​នៅ​ចន្លោះ​ដើម​សិន សំរាប់ ចុង​មែក​ល្អិតល្អោច​កប់​ធ្វើ​ជី​វិញ ។ បើ​មិន​កប់​ចុង​ផ្នែក​ឆ្មារ​ទេ វា​នាំអោយ​មុត​ជើង ហើយ​ពុំសូវល្អ​ដល់​ដី​ផង ។​

​ពុទ្រា​ស្រួល​ដាំ​ស្រួល​ថែ ឆាប់​យក​ផល ។ នៅ​រដូវវស្សា​ហូត​ផល​បាន​សឹង​រាល់ថ្ងៃ ច្រើន​ខែ​ទើប​អស់ ហើយ​អាច​ហូត​ផល​បាន​ច្រើន ឆ្នាំ​ជា​អនេក​ទៀតផង ។ មិនមែន​ទាន់​តែ​ចងការ​ប្រាក់​គេ​មក​ធ្វើ​ដើម ទើប​អាច​រកស៊ី​ធ្វើ​មាន​កើត​នោះទេ តែ​ត្រូវ​ប្រើ​គំនិត ចំណេះ ព្យាយាម​លើ​ការដាំ​ពុទ្រា​ដូច​និយាយ​នេះ ពុទ្រា​នឹង​បើកប្រាក់​ចំណេញ​អោយ​យើង​រាល់​ឆ្នាំ ព្រោះ​ដើម​ពុទ្រា​ទាំងនេះ​ដូចជា​គ្នីគ្នា​ដែល​ចាំ តែ​រកលុយ​អោយ​យើង ៕​

Source: ចំណេះដឹង http://www.rasmeinews.com/category/general_knowledge/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: