Ultimate magazine theme for WordPress.

បានចាប់ផ្ដើមអាជីវកម្ម តែមិនទាន់ចំណេញ តើគួរធ្វើយ៉ាងណា?

សម្រាប់អាជីវកម្មស្ទើរតែទាំងអស់ ការចាប់ផ្ដើមដំបូង តែងមានការ ខាតបង់។ ក្នុងចំណោមអាជីវកម្មទាំងនោះ មានអាជីវកម្មមួយចំណួន ដែលនឹងនាំទៅដល់ប្រាក់ចំណេញ តែអាជីវកម្មមួយចំនួនទៀត នឹងមិនអាចនាំមកនូវប្រាក់ចំណេញបានទេ។

ការសម្រេចចិត្តរបស់ម្ចាស់អាជីវកម្ម អាចអាស្រ័យនឹងកត្តាជាច្រើនដូចខាងក្រោម៖

ទំហំទីផ្សារ

ចំណោទសួរដំបូងគេ មុននឹងចាប់ផ្ដើម ឬបន្តអាជីវកម្មមួយ គឺថា តើ​មានតម្រូវការគ្រប់គ្រាន់ឬទេ? អាជីវកម្មខ្លះមិនអាចនាំមកនូវប្រាក់ចំណេញទេ ពីព្រោះទំនិញឬសេវាដែលផលិតបាន គ្មានតម្រូវការគ្រប់គ្រាន់។

តែប្រសិនបើលោកអ្នកសង្កេតឃើញថា អាជីវកម្មដទៃដែលមានលក្ខណៈប្រហាក់ប្រហែល នៅតែដំណើរការល្អ ឬសង្កេតឃើញថា បញ្ហារបស់មហាជន ដែលអាជីវកម្មលោកអ្នកកំពុងព្យាយាមដោះស្រាយ​ នៅតែបន្តនោះមានន័យថា អាជីវកម្មរបស់លោកអ្នកអាចមានឳកាសទទួលបានប្រាក់ចំណេញ ប្រសិនបើផលិតផលរបស់លោកអ្នក អាចឆ្លើយតបតាមសេចក្ដីត្រូវការរបស់មហាជន។

ប្រសិនបើពិនិត្យឃើញថា មានទំហំទីផ្សារគ្រប់គ្រាន់ហើយ ម្ចាស់អាជីវកម្ម ត្រូវពិនិត្យមើលលទ្ធភាពទៅដល់ចំណុចរួចដើម និងលទ្ធភាពចំណេញ។

ប៉ាន់ស្មានទំហំនៃការលក់ដែលចាំបាច់

ដើម្បីវិភាគអំពីលទ្ធភាពក្នុងការទទួលបានប្រាក់ចំណេញ លោកអ្នកត្រូវ ប្រើប្រាស់វិធីសាស្ត្រនៅក្នុងគណនេយ្យគ្រប់គ្រង ឬអាចហៅម្យ៉ាងទៀតថា ជា គណនេយ្យវិភាគ ដើម្បីរកឳ្យឃើញនូវចំណុចរួចដើម (Break-Even Point)។
ចំណុចរួចដើម គឺជាបរិមាណនៃផលិតផល ឬទំហំនៃការលក់ ដែលលោកអ្នកចាំបាច់ត្រូវសម្រេចឳ្យបាន ដើម្បីឳ្យចំណូលសរុប ស្មើចំណាយសរុប។ ដូច្នេះ ប្រសិនបើបរិមាណនៃការលក់កើនលើសចំណុចរួចដើមនេះ នោះ អាជីវកម្មរបស់លោកអ្នកនឹងទទួលបានប្រាក់ចំណេញហើយ។

តែការជួលអ្នកជំនាញហិរញ្ញវត្ថុ ដើម្បីវិភាគ អំពីចំណុចរួចដើម មិនមែន សុទ្ធតែគ្រប់ម្ចាស់អាជីវកម្ម អាចធ្វើបានទេ។ ដូច្នេះ ខាងក្រោមនេះ ខ្ញុំនឹង បង្ហាញវិធីងាយៗ ដើម្បីម្ចាស់អាជីវកម្មតូចនិងមធ្យមងាយយល់។

ដោយចាប់ផ្ដើមពីរបាយការណ៍ចំណូល-ចំណាយខាងក្រោម៖

Period 1
Sales  $           100,000
Cost of Goods Sold  $             70,000
Gross Margin  $             30,000
Payroll  $             31,400
Marketing  $             10,000
Admin  $               2,000
Depreciation  $                   500
Other Expenses  $               1,100
Net income  $           (15,000)

តាមតារាងខាងលើ អាជីវកម្មនេះមានការខាតបង់ចំនួន ១៥,០០០$ នៅដំណាក់ដំបូងនេះ ដោយហេតុថា អាជីវកម្មនេះមានប្រាក់ចំណេញដុល (Gross Margin) ចំនួន ៣០,០០០$ តែមានចំណាយផ្សេងៗដល់ទៅ ៤៥,០០០$។

ចំណាយផ្សេងៗនេះ គឺចំណាយប្រយោលដែលគាំទ្រដល់អាជីវកម្ម ដែល ជាទូទៅ ប្រែប្រួលតិចតួច ឬមិនប្រែប្រួលតែម្ដង ធៀបនឹងបរិមាណនៃការលក់។ ចំណាយនេះ ខុសពីចំណាយថ្លៃដើម (Cost of Goods Sold) ដែលជាចំណាយផ្ទាល់របស់ទំនិញឬសេវា ដែលក្រុមហ៊ុនកំពុងចែកចាយ ហើយដែលប្រែប្រួលជាស្វ័យប្រវត្តិទៅតាមបរិមាណទំនិញឬសេវាដែលលក់។

ដោយយកឧទាហរណ៍ក្នុងតារាងខាងលើ ប្រសិនបើចំណាយផ្សេងៗ ថេរ ទាំងអស់នោះ ក្រុមហ៊ុនត្រូវបង្កើនការលក់ឳ្យបាន ៥០% ដើម្បីដល់ចំណុចរួចដើម ពោលគឺការលក់ = 150,000 រីឯថ្លៃដើម = 105,000 ហើយនិងចំណេញដុល = 45,000។

ប្រសិនបើចំណាយផ្សេងៗកើនឡើងខ្លះដែរនោះ ចំណុចរួចដើមនឹងត្រូវ ខ្ពស់ជាងនេះបន្តិច។ ជាក់ស្ដែង ចំណាយផ្សេងៗអាចកើនឡើងខ្លះ ដោយហេតុថា ដើម្បីបង្កើនការលក់ យើងត្រូវចំណាយផ្សព្វផ្សាយបន្ថែម ហើយជួនកាល ត្រូវការជួលបុគ្គលិកបន្ថែម។ ចំណាយរដ្ឋបាលខ្លះទៀតក៏កើនឡើងដែរ។

យុទ្ធសាស្ត្រទីផ្សារ

បន្ទាប់ពីប៉ាន់ស្មានដឹងអំពីបរិមាណលក់ដែលត្រូវសម្រេចឳ្យបាន ដើម្បី ដល់ចំណុចរួចដើមហើយនោះ ការងារដែលត្រូវធ្វើបន្ទាប់គឺរៀបចំយុទ្ធសាស្ត្រទីផ្សារ ។

យុទ្ធសាស្ត្រម៉ាខិតធីង ដែលយើងបានរៀននៅសាលា ណែនាំឳ្យយើងគិត អំពីផលិតផល ថ្លៃលក់ ការចែកចាយ និងការទាក់ទាញ។

ដូច្នេះ បើចង់បង្កើនទំហំនៃការលក់ដែលបានរកឃើញ នៅចំណុចខាងលើ ម្ចាស់អាជីវកម្មត្រូវគិតអំពីវិធីទាក់ទាញអតិថិជនបន្ថែម ឧទាហរណ៍ តាមរយៈវិធី ៖ ១)ទាក់ទាញឳ្យគេចូលមើលទីតាំងលក់, ឬ ២)ទាក់ទាញ ឳ្យគេសាកល្បង, ឬ ៣)ទាក៉ទាញឳ្យអតិថិជនដែលមានស្រាប់ ឳ្យមកទិញជាថ្មីជាដើម។

ជាទូទៅ យុទ្ធសាស្ត្រទីផ្សារនាំមកជាមួយនូវចំណាយខ្លះ ដែលនឹងបង្កើន ចំណាយផ្សេងៗនៅក្នុងតារាងខាងលើ។ ប្រសិនបើចំណាយផ្សេងៗនោះ កើនឡើងតិចជាង ការកើនឡើងនៃចំណេញដុលនោះ មានន័យថា យុទ្ធសាស្ត្រទីផ្សាររបសលោកអ្នកមានប្រយោជន៍ហើយ។

យុទ្ធសាស្ត្រហិរញ្ញវត្ថុ

ជួនកាល និងក្នុងប្រភេទអាជីវកម្មខ្លះ ចំណុចរួចដើមដែលស្ថិតនៅឆ្ងាយ តែអាចសម្រេចបានប្រសិនបើម្ចាស់អាជីវកម្មមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់។

ដូច្នេះ បន្ទាប់ពីវិភាគអំពីចំណុចរួចដើម និងយុទ្ធសាស្ត្រទីផ្សារហើយ លោកអ្នកនឹងដឹងថា ធនធានហិរញ្ញវត្ថុ និងសមត្ថភាពស្ថាប័នលោកអ្នក អាចសម្រេចគោលដៅរួចដើមនិងបន្ទាប់មក មានប្រាក់ចំណេញដែរឬទេ។

សន្មតថា លោកអ្នកមានបុគ្គលិកមានសមត្ថភាពគ្រប់គ្រាន់ហើយ ចឹង កត្តាដែលសំខាន់នៅពេលនេះ គឺធនធានហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់យុទ្ធសាស្ត្រ ទីផ្សារ និងទ្រទង់ការកើនឡើងនៃការលក់។

សន្និដ្ឋាន

ម្ចាស់អាជីវកម្មត្រូវរកឳ្យឃើញចំណុចរួចដើម ហើយវិភាគមើលថា អាចខិតទៅដល់ និងហួសចំណុចនោះឬទេ។ បើគិតថា ពួកគាត់យល់ថាមិនអាចខិតដល់ចំណុចនោះទេ ប្រហែលជាដល់ពេលត្រូវបិទអាជីវកម្មហើយ។ តែផ្ទុយទៅវិញ ប្រសិនបើសង្កេតឃើញថា អាចខិតទៅដល់ចំណុចរួចដើមនោះ ជាពេលដែលម្ចាស់អាជីវកម្មត្រូវលាត់ដៃអាវ ហើយប្រឹងបន្ថែម។

Comments
Loading...