ពេលមកដល់សៀមរាប កុំភ្លេចជិះទូកកម្សាន្តគយគន់សម្រស់ «ភូមិកំពង់ភ្លុក»

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

កំពង់​ភ្លុក ​ជា​ភូមិ​ធម្មជាតិ​ដែល​​ប្រជាជន​សាង​សង​ផ្ទះ​នៅ​លើ​ផ្ទៃ​ទឹក​នៃ​បឹង​ទន្លេសាប​ក្នុង​ខេត្តសៀមរាប​ នា​រដូវវស្សាផ្ទៃ​ទឹកបាន​ឡើង​ប៉ប្រះ​នឹង​ដើម​រាំង​ ព្រម​ជាមួយ​ផ្ទះសម្បែង​របស់​ប្រជាជន បង្កើតបានជា​ទេសភាព​ថ្មី​មួយទៀត​ដែល​ខុសពី​រដូវប្រាំង លំនៅឋាន​ដែលមាន​សសរ​ខ្ពស់ៗ​ផុត​​ពី​ដី​ ដែល​ជាទី​ចាប់អារម្មណ៍​របស់​ភ្ញៀវ​ទេសចរណ៍​ចង់​មក​ទស្សនា​ទីនេះ​កាន់​ច្រើនឡើងៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

តំបន់​កំពង់ភ្លុក​ ស្ថិតនៅក្នុង​ទឹកដីភូមិ​កំពង់​ភ្លុក ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង មាន​ចម្ងាយ​ប្រមាណ ១៩ គីឡូម៉ែត្រ​ពី​ខេត្តសៀមរាប ដោយ​យើង​អាច​ជិះ​កាណូត​ទៅតាម​ដងស្ទឹងរ​លួស ​ឬ​ ទៅតាម​កំពង់​ថ្កូវ​ក៏បាន​។ កំពង់​ភ្លុក​បណ្តែត​ខ្លួន​នៅលើ​ដី​កោះ​ចោល​សម្រស់​យ៉ាង​ឆើតឆាយ​មាន​ផ្ទៃទឹក​ព័ទ្ធជុំវិញ​នៅពេល​យើង​ធ្វើដំណើរ​ទៅដល់​ភូមិឋាន​នេះ​ភ្លាម នោះគេ​នឹង​បានឃើញ​ទូក​តូចៗ​ដែល​អម​ដោយ​ប្រជា​សហគមន៍ និង កាណូត​ទេសចរណ៍​ចត​តម្រៀប​គ្នា​ជា​ជួរៗ​នៅក្បែរ​គ្នា រង់ចាំ​ភ្ញៀវ​ ។ ប្រសិនបើ​លោកអ្នក​ក្រឡេកមើល​ទៅលើ​ផ្ទៃ​បឹង​នឹង​ប្រទះ​ភ្នែក​ឃើញ​មានទេសភាព​ស្រស់បំព្រង​ណាស់ ​រំលេច​ដោយ​លំនៅស្ថាន សាលារៀន វត្ត​អារាម រួមទាំង កសិដ្ឋានចិញ្ចឹម​ត្រី កសិដ្ឋានក្រពើ​ជាដើម​។

​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បាន​និយាយថា ការធ្វើដំណើរ​ទៅកាន់​កំពង់​ភ្លុក ​គឺជា​គោលដៅ​ទស្សនាចរណ៍​មួយ​ដែល​មិនគួរអាក់ខាន ព្រោះ​នៅ​ទីនោះ​ភ្ញៀវទេសចរជាតិ និង ​អន្តរជាតិ​អាច​ទស្សនា​បានជា​មួយ​ផ្ទាំងទស្សនីយភាព​ប្លែកៗ​នៃ​សម្រស់​ធម្មជាតិ​ និង​ អាច​ស្វែងយល់​ពី​ជីវភាព​រស់នៅ ប្រពៃណី​ទំនៀមទម្លាប់ ក៏ដូចជា​ការប្រកបរបរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់ពលរដ្ឋ​យើង​បាន​យ៉ាង​ជក់ចិត្ត ។

លោក ង៉ូ​វ សេង​កាក់ បា​ឱ្យដឹងទៀតថា យើង​មាន​មធ្យោបាយ​ជាច្រើន​ដែល​អាច​នាំ​លោកអ្នក​ទៅកាន់​ភូមិ​កំពង់​ភ្លុក ប៉ុន្តែ​មធ្យោបាយ​ដែល​ងាយស្រួល​ និង​ ចំណាយ​ពេលវេលា​តិច​នោះ​គឺ​តាម​ទូក​ ឬ កាណូត​ទេសចរណ៍ ដោយ​ចេញដំណើរ​ពី​ខេត្តសៀមរាប​តាម​ដងស្ទឹងរលួស​ ឬ​ កំពង់​ថ្កូវ​ ។ បើ​យើង​ធ្វើដំណើរ​តាម​កាណូត​យឺតៗ​កាត់​តាម​ភូមិ​បណ្តែត​ទឹក​នេះ​ គឺត្រូវចំណាយ​​ពេល​ ២០ នាទី ​ទើប​ឆ្លងផុត​ទៅដល់​កណ្តាល​បឹង​ដ៏​ធំ​ល្វឹងល្វើយ ដែលមាន​ធម្មជាតិ​ស្អាត​ណាស់​។ កំពង់​ភ្លុក​ជា​ភូមិឋាន​តូច​មួយ​ប្រកបទៅដោយ​សោភ័ណភាព​ដែលមាន​ពលរដ្ឋ​រស់នៅ រក​ទទួលទាន​ដោយ​អាស្រ័យ​លើ​ការធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ប្រមាណ​ជា​ ៩០ ភាគរយ សល់​ពីនោះ​ប្រកប​របរ​ផ្សេងៗ​ ។ ប្រសិនបើ​យើង​បានមកដល់​ទី​ដ៏​មនោ​រម្យ​នេះ ហើយ​យើង​ក៏​អាចឈាន​ចូលទៅ​ទស្សនា​ការរស់នៅរបស់​ប្រជាជន​នៅ​ភូមិ​ចុង​ឃ្នៀ​ស និង ភូមិកំពង់​ឃ្លាំង រួមទាំង​ដែន​ជម្រក​សត្វ​ស្លាប ​ព្រែក​ទាល់​ដែល​នៅ​មិន​ឆ្ងាយប៉ុន្មាន​ពី​កំពង់ភ្លុក​នេះ​។ ដោយសារតែ​ទីនោះ​មាន​ធម្មជាតិ​ស្រស់បំព្រង​គួរ​ឲ្យ​ទាក់ទាញ​ណាស់​រួមទាំង​មានលំនៅឋាន វត្ត សាលារៀន​បណ្តែត​លើ​ផ្ទៃទឹក និង​ នៅលើ​កោះ​សម្រាប់​ក្មេងៗ រៀនសូត្រ​ធ្វើឱ្យ​តំបន់​នេះ​មាន​លក្ខណៈ​ប្លែក ដោយឡែក​ម្យ៉ាង​ពី​តំបន់​ផ្សេងទៀត​។ ភ្ញៀវទេសចរ​បរទេស​ដែល​មកដល់​ទីនេះ​ក៏​អាច​ទៅ​ទស្សនា​កន្លែង​ចិញ្ចឹម​ត្រី កសិដ្ឋាន​ចិញ្ចឹមក្រពើ មើល​ការនេសាទ ​និង​ ស្វែងយល់​ពី​ការរស់នៅ​របស់ពលរដ្ឋ​នៅ​ភូមិ​កំពង់​ភ្លុក​នេះ​បាន​យ៉ាង​រីករាយ​។ ការ​ជិះទូក​ទស្សនា​នៅ​តំបន់​កំពង់​ភ្លុក​បង្កលក្ខណៈ​ឲ្យ​ភ្ញៀវ​អាច​ទស្សនាទិដ្ឋភាព​រួម​នៅ​កំពង់​ភ្លុក ​មើលឃើញ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​ដែលជា​ជង្រុកនៃ​ធនធានធម្មជាតិ​ត្រី​ទឹកសាប​តែមួយគត់​នៅក្នុង​តំបន់​អាស៊ី ហើយ​ក្នុងស្ថានភាព​ដ៏​មនោ​រម្យ​បែបនេះ ​បានធ្វើ​ឲ្យ​មាន​ភាព​កាន់តែ​សប្បាយជាមួយនឹង​ផ្ទាំងទស្សនីយភាព​ព្រះ​សុរិយា​អស្តង្គត​លើ​បឹង​ទន្លេសាប​នៅ​តំបន់កំពង់​ភ្លុក​នេះ​យ៉ាងខ្លាំង ។​​


ភូមិ​កំពង់​ភ្លុក ​ត្រូវបាន​អ្នកដំណើរ ជាពិសេសជនបរទេស​ដែល​ធ្វើដំណើរ​ដោយ​កាណូត​ឆ្លងកាត់​ទីនេះ​ហាក់​ជាប់ចិត្ត​ក្រៃលែង​ទៅនឹង​បរិយាកាស​ដ៏​ត្រជាក់​បរិសុទ្ធ​នៅលើ​ផ្ទៃ​ទឹក​ដ៏​ថ្លាយង់​ឃើញ​មានសំណង់ផ្ទះ​បណ្តែត​ទឹក ព្រៃ​លិច​ទឹក​លាតសន្ធឹង​ឆ្ងាយ​ដាច់កន្ទុយភ្នែក​នោះ​ក៏​នៅមាន​ហ្វូង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ដូចជា​ទា​ទឹក ក្អែកទឹក ប្រវឹក ស្មោញ​ជាដើម​ហោះហើរ​រក​ចំណី​នៅលើផ្ទៃ​ទឹក​ដងស្ទឹង​ ។
​ ​ដើម្បី​ចង់ដឹងថា​តើ​សម្រស់​ធម្មជាតិ និង ការរស់នៅ​របស់ ពលរដ្ឋ​នៅ​កំពង់​ភ្លុក ​មាន​ទិដ្ឋភាព​ឆើតឆាយ​ និង ​សប្បាយ​យ៉ាងណា​នោះ​ នៅពេលលោកអ្នក​ធ្វើដំណើរ​តាម​កាណូត​ទេសចរណ៍​លើ​បឹង​ទន្លេសាប​ឆ្ពោះទៅ​ខេត្តសៀមរាប ឬ​ខេត្តបាត់ដំបង​នៅពេល​បានមក​ដល់​ភូមិ​ដែល​ធុំ​ឆ្អាប​ដោយ​ក្លិន​មច្ឆា គឺដល់កំពង់​ភ្លុក​ហើយ​ សូមកុំ​ភ្លេច​ឈប់សម្រាក​ ឬ ​ចូល​លេង​ ព្រោះថា​ប្រសិនបើ​មិនបាន​ចូល​លេង និង​ មិនបាន​ផ្តិត​យក​រូបភាព​នៅ​ទីនោះទេ​ ប្រាកដជា​ស្តាយក្រោយ​ជាក់ជាមិនខាន​។​


សព្វថ្ងៃ ​កំពង់​ភ្លុក​បានក្លាយ​ទៅជា​កន្លែង​ដែលមាន​ការទាក់ទាញ​បំផុត​ពី​សំណាក់​ភ្ញៀវទេសចរ​ ពិសេស​គឺ​ភ្លៀវ​ទេសចរ​​បរទេស​ដែល​ពួកគេ​បាន​ទស្សនា​ម្តង​ហើយ​ចង់ទៅ​ទស្សនា​ម្តងទៀត​៕ សុថា​ត់​

Source: តំបន់ទេសចរណ៍ www.pmhotnews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: