មក​ដឹង​ក្បាច់​រៀន​របស់ ស គីម​ស៊ា ជាប់​និទ្ទេស A លំដាប់​ពិន្ទុ​១០០​ពេញ​តែ​ម្នាក់​គត់​

2
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

យុវ​សិស្ស​វ័យក្មេង ស គីម​ស៊ា ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៧ ទទួលបាន​និទ្ទេស​A លំដាប់​ពិន្ទុ​១០០​ពេញ តែ​ម្នាក់​គត់​ទូទាំងប្រទេស​កម្ពុជា កំពុងតែ​ទទួលបាន​នូវ​ការចាប់អារម្មណ៍​ខ្លាំង​ពី​មជ្ឈដ្ឋាន​អ្នកសិក្សា​។ ចំពោះ​ការសិក្សា ដើម្បី​ក្លាយជា​សិស្ស​ឆ្នើម​យុវជន​រូបនេះ​ប្រាប់ថា មិន​ខុសពី​សិស្ស​ដទៃ​នោះទេ គឺ​ការ​ខំប្រឹងប្រែង​សិក្សា​ជាមួយ​លោកគ្រូ​អ្នកគ្រូ​។ ប៉ុន្តែ​ក្នុងនោះ គីម​ស៊ា បាន​ចែករំលែក​គន្លឹះ​សំខាន់ៗ​មួយចំនួន​របស់ខ្លួន ដូចខាងក្រោម​នេះ​៖

១. រៀន​គួរ​បន្ថែម បូកផ្សំ​ការ​ស្វ័យ​សិក្សា​ដោយ​ខ្លួនឯង និង​ជាមួយ​មិត្តភក្ដិ​

​សិស្ស​ឆ្នើម​វ័យ ១៧​ឆ្នាំ​រូបនេះ ប្រាប់ថា​ក្រៅពី​ការសិក្សា​ជាមួយ​លោកគ្រូ​អ្នកគ្រូ គឺ​ការរៀន​គួរ​បន្ថែម​ទៅលើ​មុខវិជ្ជា​សំខាន់ៗ​។ ក្រៅពីនេះ គីម​ស៊ា ប្រាប់ថា ធ្វើ​ស្វ័យ​សិក្សា​ដោយ​ខ្លួនឯង និង​ជាមួយ​មិត្ត​មិត្ត ដើម្បី​ធ្វើការ​ដោះដូរ​លំ​ហាត់​គ្នា ជួយ​ធ្វើ​គ្នា​ទៅវិញទៅមក​។​

​មកដល់​ចំណុច​នេះ គីម​ស៊ា និយាយថា​៖ “​ការធ្វើ​បែបនេះ គឺ​យើង​អាចជួយ​គ្នា​បាន​ច្រើន​មែនទែន​។ ឧទាហរណ៍​ថា យើង​មាន​១០ មិត្តភក្ដិ​យើង​មាន​១០​រួមបញ្ចូល​គ្នា គឺ​បាន​២០​។ ដូច្នេះ​ចំណេះដឹង​យើង​កើន​មួយកម្រិត​ទៀត​។​”

២. ផ្ដោតលើ​មុខវិជ្ជា​សំខាន់ៗ​អំឡុងពេល​សិក្សា​

​យុវជន មកពី​រាជធានី​ភ្នំពេញ​រូបនេះ ប្រាប់ទៀតថា ដោយសារ​រូបគេ​សិក្សា​ថ្នាក់​វិទ្យាសាស្ត្រ ដូច្នេះ​មុខវិជ្ជា​សំខាន់ៗ​មានដូចជា​៖ គណិតវិទ្យា រូបវិទ្យា ជីវវិទ្យា គីមីវិទ្យា និង​អក្សរសាស្ត្រ​ខ្មែរ​។ សិស្ស​ឆ្នើម​និទ្ទេស​A​លំដាប់​ពិន្ទុ​១០០ បន្តទៀតថា ក្នុងពេល​សិក្សា​តាំងពីដើម​ឆ្នាំ​មក គឺ​ត្រូវផ្ដោត​សំខាន់​លើ​មេរៀន​នីមួយៗ កុំឱ្យ​បាត់​មូលដ្ឋានគ្រឹះ​មេរៀន​ទាំងអស់នោះ​។ ជាពិសេស ការសិក្សា​មុខវិជ្ជា​ដែលមាន​លំ​ហាត់ ត្រូវផ្ដោត​សំខាន់​ដំបូង​បំផុត​ទៅលើ​មូលដ្ឋានគ្រឹះ​។​

“​ប្រសិនបើ​យើង​មិនបាន​សិក្សា​មូលដ្ឋានគ្រឹះ​ពីដំបូង គឺ​មិនអាច​ដោះស្រាយ​លំ​ហាត់​ជ្រៅៗ​ផ្សេងទៀត​ទេ​។​” គីម​ស៊ា និយាយ​បន្ថែម​។​

៣. កុំ​ព្យាយាម​រំលង​លំ​ហាត់​ដែល​ពិបាក​

​មកដល់​ចំណុច​នេះ សិស្ស​ឆ្នើម​មកពី​សាលា​ប៊ែ​ល​ធី លើកឡើងថា ចំពោះ​សិស្ស​ខ្លះ តែង​ព្យាយាម​ធ្វើ​លំ​ហាត់ ៥០ ទៅ​៦០​លំ​ហាត់​ក្នុង​មួយថ្ងៃ ហើយ​និយាយថា​ខ្លួន​បាន​ខំ​ធ្វើ​ហើយ តែ​ការសិក្សា​បែបនេះ ហៅថា​ខំ​តែ​គ្មាន​ប្រសិទ្ធភាព​ទេ​។​

​គីម​ស៊ា ប្រាប់ថា គួរ​ធ្វើ​លំ​ហាត់​ណា​ដែល​គិតថា​ប្លែក​ចំពោះ​ខ្លួនឯង ឫ​លំ​ហាត់​ពិបាកៗ​ខ្លាំង​។ “​ជាការ​ល្អ គួរ​ធ្វើ​លំ​ហាត់​មួយៗ​ឱ្យ​ច្បាស់​កុំ​រំលង​ឱ្យសោះ ព្រោះ​លំ​ហាត់​ដែល​ពិបាក​ទាំងនោះ​ហើយ ដែល​អាចធ្វើឱ្យ​ការគិត​របស់​យើង​បាន​ច្រើន យើង​អាច​ស្វែងរក​ដំណោះស្រាយ​ទៅលើ​លំ​ហាត់​ទាំងអស់នោះ ទោះបី​ដំណោះស្រាយ​នោះ​ធ្វើ​មិនទាន់បាន ប៉ុន្តែ​អាច​យកទៅ​ប្រើប្រាស់​លើ​លំ​ហាត់​ផ្សេងទៀត​។ ជាពិសេស​បើ​យើង​បានគិត នៅពេល​យកទៅ​សួរ​លោកគ្រូ​អ្នកគ្រូ ពេល​គ្រូ​ពន្យល់​ឡើងវិញ​គឺ​ចាប់បាន​តែម្ដង​។​” នេះ​បើតាម​ការលើកឡើង​រប​ស់ គីម​ស៊ា​។​

៤. ចំណាយ​ពេលវេលា​បង្រៀន​បន្ត​

​ជា​គន្លឹះ​ដ៏​សំខាន់​មួយទៀត របស់ ស គីម​ស៊ា គឺ​ការចែករំលែក​នូវ​អ្វីដែល​ខ្លួន​មាន​។ គីម​ស៊ា និយាយថា កុំ​កំណាច់​ចំពោះ​ការចែករំលែក​ទៅកាន់​មិត្តភក្ដិ ព្រោះ​នៅពេលដែល​យើង​ព្យាយាម​ពន្យល់​គេ ដូចជា​លំ​ហាត់ និង​មេរៀន គឺ​ធ្វើឱ្យ​ខ្លួនឯង​កាន់តែ​មាន​ភាព​រីកចម្រើន​។​

៥. កុំ​លើក​ខ្លួនឯង​ពេក​ត្រូវ​ចេះ​សួរ​គេ​

“​កុំ​គិតថា​ខ្លួនឯង​ពូកែ​ហើយ មិនគួរ​សួរ​គេ ព្រោះ​ខ្លាច​គេ​គិត​អ្វី​មកលើ​ខ្លួន តែ​កុំ​ខ្វល់​រឿង​នឹង​ឱ្យសោះ មនុស្ស​ម្នាក់ៗ​មាន​ចំណុចខ្លាំង​រៀងខ្លួន ដូច្នេះ​យើង​អាច​ដោះដូរ​គ្នា​បាន ដើម្បី​ភាព​រីកចម្រើន​ខ្លួនឯង​។​” គីម​ស៊ា បន្ថែម​មួយ​ចំណុច​ចុងក្រោយ​៕

​ទស្សនា​វីដេអូ​ក្នុង​កិច្ចសម្ភាសន៍​ពិសេស

​អត្ថបទ​៖ ថោ ច័ន្ទ​ឬ​ទ្ធិ /sn​

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក