របបសឹក​ថៃ​ហាម​លោកស្រី​យីងឡាក់​មិនឲ្យ​ធ្វើដំណើរ​ចេញ​ក្រៅ​ប្រទេស

3
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

រដ្ឋាភិបាល​នៃ​របបសឹកថៃ​បាន​ចេញ​បញ្ជា​ហាម​ឃាត់​លោកស្រី​យីងឡាក់​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ក្រៅប្រទេស។ នេះ​បើ​យោងតាម​ការ​អះអាង​របស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល នៅថ្ងៃ​អាទិត្យ​នេះ ដោយ​បាន​បញ្ជាក់​បន្ថែម​ថា បម្រាម​នេះ​ធ្វើឡើង ដើម្បី​ធានាថា លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​ស្ថិត​នៅ​ក្នុង​ប្រទេស ដើម្បី​ប្រឈមមុខ​នឹង​ការ​ចោទប្រកាន់​តាមផ្លូវ​តុលាការ​ស្តីពី​បទ​ពុករលួយ។

យោងតាម​មន្រ្តី​អ្នកនាំពាក្យ​រដ្ឋាភិបាល​យោធា​ថៃ លោកស្រី​យីងឡាក់ បាន​សុំ​ការអនុញ្ញាត​ធ្វើ​ដំណើរ​ចេញ​ទៅ​បរទេស ពីថ្ងៃ​អាទិត្យ​នេះ រហូត​ដល់​ថ្ងៃ​ទី២២ កុម្ភៈ។ ក៏ប៉ុន្តែ សំណើសុំ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ច្រានចោល ដោយលើកហេតុផល​ថា លោកស្រី​ត្រូវ​ស្ថិត​នៅ​ក្នុង​ប្រទេស ដើម្បី​ប្រឈមមុខ​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ​នៅ​តុលាការ។

មេធាវី​របស់​លោកស្រី​យីងឡាក់​វិញ​បាន​លើកឡើង​ថា ការ​ចេញ​បម្រាម​ហាម​លោកស្រី​យីងឡាក់​មិន​ឲ្យ​ធ្វើ​ដំណើរ​នៅ​ពេលនេះ​ គឺ​ជា​ការ​រំលោភ​លើ​សិទ្ធិសេរីភាព​ជាមូលដ្ឋាន​របស់​លោកស្រី ពីព្រោះ​ថា តាមច្បាប់ វត្តមាន​របស់​លោកស្រី​យីងឡាក់​​មិនមែន​ជា​រឿង​ចាំបាច់​នោះទេ នៅ​ក្នុង​ដំណើរការ​នៃ​នីតិវិធី នៅ​ក្នុង​ដំណាក់​កាល​បច្ចុប្បន្ន​នេះ ហើយ​ថា យ៉ាងហោចណាស់​ក៏​ត្រូវ​ចំណាយពេល ២ខែ​ទៀត​ដែរ ទើប​ដល់​ដំណាក់កាល​ដែល​​​គេ​ត្រូវការ​ឲ្យ​លោកស្រី​យីងឡាក់​មាន​វត្តមាន​នៅ​តុលាការ គឺ​នៅ​ក្រោយ​ពេល​ដែល​ព្រះរាជអាជ្ញា​បញ្ចប់​នីតិវិធី និង​មាន​ការ​តែងតាំង​ចៅក្រម​ឲ្យកាន់​សំណុំរឿង​លោកស្រី​យីងឡាក់។

គួររំឭកឡើងវិញ​ថា លោកស្រី​យីងឡាក់​ត្រូវ​បាន​សភា​ដែល​តែងតាំង​ដោ​យ​មេដឹកនាំ​កងទ័ព​ថៃ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥ឆ្នាំ ព្រមទាំង​ត្រូវ​បាន​ព្រះរាជអាជ្ញា​ធ្វើការ​ចោទប្រកាន់​ជាផ្លូវការ​ពីបទ​ពុករលួយ ទាក់ទង​នឹង​នយោបាយ​ប្រមូលទិញស្រូវ​ក្នុង​តម្លៃ​ថ្លៃ​ជាង​ទីផ្សារ នៅ​ពេល​លោកស្រី​កាន់​តំណែង។ ការចោទប្រកាន់​នេះ​អាច​នឹង​ធ្វើ​ឲ្យ​លោកស្រី​ត្រូវ​ប្រឈមមុខ​នឹង​ទោស​ជាប់ពន្ធនាគារ​រហូតដល់​ទៅ ១០ឆ្នាំ។

ក្រុម​អ្ន​កគាំទ្រ​លោកស្រី​យីងឡាក់​បាន​នាំគ្នា​លើកឡើង​ថា ការចោទប្រកាន់​លើ​លោកស្រី​នៅពេលនេះ គឺ​ជា​យុទ្ធសាស្រ្ត​របស់​របបសឹកថៃ ដើម្បី​កម្ចាត់​ឥទ្ធិពល​គ្រួសារ​ថាក់ស៊ីន​​ឲ្យ​ចេញ​ពី​ឆាក​នយោបាយ​ថៃ។ មន្រ្តី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​វិញ​ក៏​ធ្លាប់​បាន​លើកឡើង​ដែរ​ថា ការចោទប្រកាន់​លើ​លោកស្រី​យីងឡាក់​ដោយ​តុលាការ​ថៃ គឺ​មាន​លក្ខណៈនយោបាយ ដោយ​បាន​ព្រមាន​ផងដែរ​ថា សម្ព័ន្ធភាព​យោធា រវាង​អាមេរិក និង​ថៃ នឹង​មិន​អាច​វិលត្រឡប់​មក​ប្រក្រតីភាព​ឡើងវិញ​បាន​ទេ ប្រសិនបើ​ថៃ​មិន​វិលត្រឡប់​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​វិញទេ​នោះ៕

ប្រភព៖ RFI Khmer

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក