២០១៤ ឆ្នាំ​ខ្មៅ​ងងឹត​នៃ​សេរីភាព​សារព័ត៌មាន

6
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

អង្គការ​អ្នក​យកការណ៍​គ្មាន​ព្រំដែន ​បាន​ចេញ​របាយការណ៏​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ស្តីពី​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ​និង​សេរីភាព​សារព័ត៌មាន​ របស់​អ្នក​កាសែត។ ក្នុង​របាយការណ៍​នេះ មាន​កំណត់​ពី​ចំណាត់​ថ្នាក់ ​របស់​ប្រទេស​ទាំង​១៨០ ទាក់ទិន​ទៅនឹង​ ការ​គោរព​សិទ្ធិសេរីភាព​សារព័ត៌មាន។ របាយការណ៍​បាន​សន្និដ្ឋាន​ថា ​ឆ្នាំ២០១៤​កន្លង​ទៅ ជាឆ្នាំ​ដ៏​អាក្រក់​បំផុត​​សំរាប់​សេរីភាព​សារព័ត៌មាន ​នោះ​គឺ​ដោយសារ​សង្គ្រាម ​នៅ​តំបន់​មជ្ឈឹមបូរព៌ា ​បង្ក​ឡើង​ដោយ​ពួក​ជីហាត​អ៊ីស្លាម ​ដែល​បាន​គម្រាម​កំហែង​ ​ដល់​អាយុជីវិត​របស់​អ្នក​យក​ព័ត៌មាន ​ព្រម​ទាំង​បាន​ទប់ស្កាត់ ​មិនឲ្យ​ប្រជាជន​ទូទៅ ​ ទទួល​បាន​ព័ត៌មាន​ពិត​ប្រាកដ។

ដូច​ជា​រៀងរាល់​ឆ្នាំ ​អង្គការ អ្នក​យកព័ត៌មាន​គ្មាន​ព្រំដែន Reporters Sans Frontières រឺ​ហៅ​កាត់​ថា RSF បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ ស្តី​ពី​ចំណាត់​ថ្នាក់​របស់​ប្រទេស​ទាំង​១៨០ ទាក់ទិន​ទៅ​នឹង​សេរីភាព​សារព័ត៌មាន ​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​របស់​ប្រជាជន។ លោក Christophe Deloire អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​មួយ​នេះ ​បាន​ចាត់ទុក​ថា ​ឆ្នាំ២០១៤កន្លង​ទៅ សេរីភាព​សារព័ត៌មាន មាន​ការ​ថយចុះ ​យ៉ាង​គំហុក។ ការ​ធ្លាក់ចុះ​នេះ គឺ​ដោយសារ​តែ​មាន​ការ​កើនឡើង ​នូវ​ក្រុម​មនុស្ស​មួយ​ចំនួន ​ដែល​បាន​ ​រារាំង​ដល់​អ្នក​យកព័ត៌មាន ទាំង​ជាតិ​ទាំង​អន្តរជាតិ ​ន​ឲ្យ​ធ្វើ​ការងារ​បាន​ដោយ​សេរី។ ការ​រារាំង​ទាំងនោះ ត្រូវ​បាន​ធ្វើឡើង​ក្រោម​រូបភាព​ជា​ច្រើន ឧទាហរណ៍ ការ​រារាំង​មិន​ឲ្យ​អ្នកកាសែត​ចុះ​យក​ព័ត៌មាន ការ​ចាប់​ឃាត់ខ្លួន​អ្នក​កាសែត ព្រម​ទាំង​ការ​បង្កើត​ប្រព័ន្ធ​ព័ត៌មាន​ដែល​បំភ្លៃ​ការ​ពិត។
ក្នុង​ចំណោម ​ប្រទេស​ទាំង​១៨០ ប្រទេស​ដែល​សេរីភាព​សារព័ត៌មាន ​មាន​ស្ថានភាព​ដុនដាប​ជាងគេ គឺ​ប្រទេស​ស៊ីរី ​ដែល​ជាប់​លំដាប់​ទី​១៧៧ ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ស្ថានភាព ​កាន់​តែ​ដុន​ដាបទៅ គឺ​ដោយសារ​តែ ដែនដី​មួយ​ភាគធំ​ត្រូវ​គ្រប់គ្រង ​ដោយ​ពួក​ជីហាត ​អ៊ីស្លាម​ជ្រុល​និយម។ ពួកនេះ បាន​បិទ​សិទ្ធិសេរីភាព​សារព័ត៌មាន​ទាំងស្រុង ​ហើយ​បាន​ចាប់​ឃាត់​ខ្លួន និង​សម្លាប់​អ្នក​កាសែត​ជា​ច្រើន​អ្នក។ ដោយសារ​តែ​ភាព​សាហាវ​យង់ឃ្នង​របស់​ពួក​នេះ អ្នក​កាសែត​កាន់តែ​តិច​ទៅៗ ដែល​ហ៊ាន​ចុះទៅ​យក​ព័ត៌មាន​នៅ​តំបន់​ទាំងនោះ ​ហើយ​ម្នាក់ៗ​ប្រឈមមុខ​​នឹង​គ្រោះថ្នាក់​ដល់​ជិវិត គ្រប់​វិនាទី។

ក្នុង​ចំណោម​ប្រទេស​ដែល ជាប់​លំដាប់​ថ្នាក់​ចុង​ប៉ូច​គេ គឺ​ប្រទេស​វៀតណាម ​ដែល​ជាប់​លេខ ១៧៥ ប្រទេស​ចិន ​ស្ថិត​ក្នុង​លំដាប់​លេខ ១៧៦។ ប្រទេស ទួម៉េនីស្ថាន ជាប់លេខ ១៧៨ ប្រទេស​កូរ៉េ​ខាង​ជើង​ជាប់​លេខ ១៧៩ និង​ប្រទេស អេរីត្រេ ​ជាប់​លេខ​ចុងក្រោយ​គេ គឺ​លេខ ១៨០។ របាយការណ៏​នេះ បាន​សរសេរ​រិះគន់ យ៉ាង​ខ្លាំង ទៅ​លើ​ប្រព័ន្ធ​ឃោសនា​របស់​ចិន ដែល​ត្រូវ​បាន​បញ្ជា​ដោយ​ផ្ទាល់​ ពី​គណបក្ស​កុម្មុយនីស្ត​ចិន។ រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន ​បាន​ព្រមាន​អ្នក​កាសែត ជា​ច្រើនលើក​ច្រើនសា ហើយ​គ្មាន​នរណា ហ៊ាន​និយាយ​អ្វី​ផ្សេង​ ក្រៅ​ពី​ការ​ឃោសនា ​លើក​ជើង និង​អួត​សរសើរ​ តែ​ពី​គណបក្ស​កុម្មុយនីស្ត​ចិន​តែ​ប៉ុណ្ណោះ។ អ្នក​កាសែត​ ក៏​ដូច​ជា​សកម្មជន​សិទ្ធិមនុស្ស​ជា​ច្រើននាក់ ​នៅចិន​ត្រូវ​បាន​គេ​ចាប់​ដាក់គុក​ ដោយសារ​តែ​បាន​រិះគន់ និង​យក​ការពិត​មកនិយាយ។

ដោយ​ឡែក ​ប្រទេស​ដែល​គោរ​ពសិទ្ធីសេរីភាព​សារព័ត៌មាន ​បាន​ល្អ​ជាង​គេ ពី​លេខរៀង​ទី ១​ដល់​លេខ ៣ គឺ​ប្រទេស ហ្វាំងឡង់ដ៍ ន័រវេហ្ស និង​ដាណឺម៉ាក។ ប្រទេស​បារាំង បាន​ទទួល​ចំណាត់​ថ្នាក់​លេខ ៣៨ ហើយ​សហរដ្ឋអាមេរិក ​បាន​ធ្លាក់​បីលេខ មក​ត្រឹម​លេខ ៤៩។ ចំណែក​ឯ ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​វិញ របាការណ៍​នេះ បាន​សរសេរ​ដោយ​សង្កត់ធ្ងន់​អំពី ​ការ​ប្រើប្រាស់​អំណាច​របស់​អាជ្ញាធរ និង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​នោះ ​ដែល​បាន​រារាំង ​និង​គម្រាម​កំហែង​អ្នក​យក​ព័ត៌មាន ​ក៏​ដូច​ជា​មតិ​រិះគន់​ទូទៅ។ ប្រទេស​សិង្ហបុរី ​ដែល​មាន​សេដ្ឋកិច្ច​ល្អ​ជាងគេ ​នៅ​ក្នុង​តំបន់ ​ប៉ុន្តែ​ផ្ទុយ​ទៅវិញ បើ​និយាយ​អំពី​សេរីភាព​សារព័ត៌មាន គឺ​ប្រទេស​នេះ​ជាប់​លំដាប់ លេខ ១៥៣។ ប្រទេស​ម៉ាឡេស៊ី ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ១៤៧ ឯ​ប្រទេស​ថៃ​វិញ​ជាប់​លេខ ១៣៥។ ប្រទេស​កម្ពុជា​ក៏​នៅ​មិន​ឆ្ងាយ​ពី​នេះ​ ដែរ ​គឺ​ជាប់​លេខ ១៣៩ ក្នុង​ចំណោម​ប្រទេស​ទាំង​១៨០។

សូម​បញ្ជាក់​ថា អង្គការ​អ្នក​យក​ព័ត៌មាន គ្មាន​ព្រំដែន ​ធ្វើការ​កំណត់​ពិន្ទុ​របស់​ប្រទេស​និមួយៗ ដោយ​យោង​ទៅ​លើ​លក្ខខណ្ឌ​ចំនួន​៧​ចំណុច ។ លក្ខខណ្ឌ​ទាំងនោះ​មាន ទីមួយ គឺ​កំរិត​នៃ​ការ​ប្រើប្រាស់​អំពើ​ហឹង្សា និង​ការ​គម្រាម​កំហែង​ ទៅ​លើ​អ្នក​យក​ព័ត៌មាន។ ទីពីរ​គឺ កំរឹត​នៃ​ចំនួន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​មាន​និន្នាការ​ចំរុះ​ ផ្សេងៗ​គ្នា​ច្រើន មិនមែន​មាន​តែ​មួយ រឺ​ក៏​មាន​ច្រើន ប៉ុន្តែ​នាំគ្នា​និយាយ​ដូចៗ​គ្នា​នោះទេ។ ទីបី គឺ ភាព​ឯករាជ្យ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ​ពោល​គឺ​វា​មិន​ស្ថិត​នៅ​ក្រោម ​ការ​កាន់កាប់ រឺ​ក្រោម​បញ្ជា​របស់​ក្រុម​កាន់​អំណាច។ ទីបួន គឺ​បរិយាកាស និង​លក្ខខណ្ឌ​ការងារ ​របស់​អ្នក​កាសែត ។ ទីប្រាំ គឺ ក្រមខណ្ឌ​ច្បាប់ ថា​តើ​ច្បាប់​នោះ​ធ្វើ​ការ​ការពារ​ ដល់​អ្នក​យក​ព័ត៌មាន រឺ​ក៏​ផ្ទុយ​ទៅវិញ គេ​យក​ច្បាប់​ជា​ឈ្នាន់​ ដើម្បី​សំឡុត​អ្នក​កាសែត​ ​ក្រោម​រូបភាព​បទ​បរិហារកេរិ៍្ត​ជា​ដើម។ ឯទី ប្រាំមួយ គឺ​តម្លាភាព នៅ​ក្នុង​ស្ថានប័ន នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាំង​រដ្ឋ​ទាំង​ឯកជន។ ចុង​បញ្ចប់​ទី ៧ គឺ ​ហេដ្ឋារចនាសម្ព័ន្ធ នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូច​ជា​វិទ្យុ ទូរទស្សន៍ ​កាសែត ​ទស្សនាវត្តី ​គេហទំព័រ​អ៊ីនធឺនែត​ជាដើម ​ដែល​ទាំង​អស់​នេះ ត្រូវ​រួម​ចំណែក ឲ្យ​អ្នក​សារព័ត៌មាន​ បាន​សរសេរ​ពត៌មាន ​ដែល​ច្បាស់លាស់ ​បញ្ជាក់​ពី​ការពិត ដោយ​មិន​ទទួល​ការ​គម្រាម​កំហែង​អ្វី​ទាំង​អស់៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក