ផ្សារ​ទំនើប​តូចៗ​នៅ​ភ្នំពេញ​កំពុង​ប្រឈម​មុខ​នឹង​អនាគត​មិន​ច្បាស់​លាស់

3
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ភ្នំពេញ: ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​វត្តមាន​ផ្សារ​ទំនើប​នៅ​ក្រុង​ភ្នំពេញ កំពុង​កើន​ទ្បើង​កាន់​តែ​ច្រើន​ដែល​បាន​ធ្វើ​ឲ្យ​ផ្សារ​ទំនើប​តូចៗ ប្រឈម​មុខ​នឹង​អនាគត​មិន​ច្បាស់​លាស់ បន្ទាប់ពី​ផ្សារ​ទំនើប AEON MALL បើក​ដំណើរការ និង​វត្តមាន​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​មួយ​ចំនួន​បន្ថែម​ទៀត នឹង​បើក​ដំណើការ​នៅ ឆ្នាំ​២០១៦ ខាង​មុខ។

អគ្គ​នាយក​ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប លោក ស៊ឹង ប៊ុណ្ណា បាន​ថ្លែង​ឲ្យ ប៉ុស្តិ៍​អចលន​ទ្រព្យ ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ចំនួន​ផ្សារ​ទំនើប​នៅ ក្រុង​ភ្នំពេញ កំពុង​កើន​ទ្បើង​ច្រើន ប៉ុន្តែ​មាន​តែ AEON MALL មួយ​ប៉ុណ្ណោះ​ដែល​មាន​ស្តង់ដារ​អន្តរជាតិ។

ក្នុង​ស្ថានភាព​នេះ​បើ​សិន​ជា​មាន​ចំនួន​ផ្សារ​ទំនើប​ដូចជា AEON, Parkson និង​ផ្សារ​ទំនើប​ក្នុង​គម្រោង Olympia City តែ​ប៉ុណ្ណឹង វា​មិន​មាន​ការ​ព្រួយ​បារម្ភ​ទេ​សម្រាប់ ២ ទៅ ៣ ឆ្នាំ​ខាង​មុខ​នោះ ប៉ុន្តែ​បើ​មាន​ផ្សារ​ទំនើប​កាន់​តែ​ច្រើន​ទៀ​តវា​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ ព្រោះ​បច្ចុប្បន្ន​នេះ​អ្នក​មាន​ជីវភាព​បង្គួរ​ទ្បើង​ដល់​កម្រិត​ខ្ពស់​ពួកគេ​មិន​គាំទ្រ​ផ្សារ​ទំនើប​ក្នុង​ស្រុក​នោះ​ទេ ពួក​គេ​នៅ​តែ​និយម​ដើរ​កម្សាន្ត​និង​ទិញ​ទំនិញ​នៅ​ក្រៅ​ប្រទេស។ ចំណែក​អ្នក​ស្ថិត​ក្នុង​ជីវភាព​មធ្យម​ចុះ​ក្រោម​ពួក​គេ​ទៅ​ផ្សារ​ទំនើប​គឺ​គ្រាន់​តែ​ដើរ​មើល (Window shopping)។

ដូច្នេះ​មិន​ដឹង​ថា តើ​អ្នក​ជួល​តូប​នៅ​តាម​ផ្សារ​ទាំង​នោះ នឹង​អាច​ដំណើរការ​អាជីវកម្ម​ពួក​គេ​ដោយ​របៀប​ណា​ទ្បើយ?

លោក​បន្ត​ថា៖ «បើ​ផ្សារ​ទំនើប​ធំៗ​មាន​ស្តង់ដារ​អន្តរជាតិ​ចូល​មក​កាន់​តែ​ច្រើន​វា​អាច​ធ្វើ​ឲ្យ​ផ្សារ​តូចៗ​បាត់​ខ្លួន ព្រោះ​ល្បឿន​នៃ​ការ​ទិញ​របស់​យើង​នៅ​មាន​កម្រិត​ទាប​នៅ​ទ្បើយ»។

លោក​បន្ត​ថា៖ «សម្រាប់ AEON MALL គឺ​ពួកគេ​នឹង​មិន​មាន​បញ្ហា​នោះ​ទេ បើ​ទោះ​ជា​មាន​ផ្សារ​ទំនើប​អន្តរជាតិ​ថ្មីៗ​ចូល​មក​ច្រើន​ក៏​ដោយ ព្រោះ​ទីតាំង​ទំហំ​ផ្សារ ការ​រៀបចំ​ឌីហ្សាញ និង​ការ​រៀបចំ​ប្រព័ន្ធ​លក់​របស់​គាត់ មាន​លក្ខណៈ​អន្តរជាតិ»។

លោក ប៊ុណ្ណា បន្ត​ថា នៅ​បរទេស​គេ​មាន​ផ្សារ​ទំនើប​ធំៗ​ដែល​លក់​ផលិតផល​តែ​មួយ​គឺ​បើ​លក់​ទូរទស្សន៍​គឺ​លក់​តែ​ទូរទស្សន៍ បើ​លក់​សម្លៀក​បំពាក់​គឺ​លក់​តែ​សម្លៀក​បំពាក់ នៅ​កម្ពុជា​គឺ​នៅ​មាន​តម្រូវការ​ផ្សារ​បែប​នេះ ព្រោះ​កម្ពុជា​មិន​ទាន់​មាន​ប្រភេទ​ផ្សារ​បែប​នេះ​នៅ​ទ្បើយ​ទេ។

លោក​បន្ត​ថា នៅ​ពេល Parkson និង​ផ្សារ​ទំនើប​ក្នុង​គម្រោង Olympia ដំណើរការ​មិន​ដឹង​ថា ផ្សារ​ទំនើប​ថ្មី​ទាំង​នេះ​នឹង​ញែក​ចំនួន​អតិថិជន​ពី AEON MALL កម្រិត​ណា​នោះ​ទេ ប៉ុន្តែ​រយៈ​ពេល ៣ ទៅ ៥ ឆ្នាំ​ទៀត​បើ​អ្នក​ដើរ​ផ្សារ​ទំនើប​មើល​ទំនិញ​បែប​នេះ វា​នឹង​មាន​ការ​បារម្ភ​ពី​អ្នក​ជួល​តូប។ តើ​ពួកគេ​អាច​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​បាន​ដូច​ម្តេច?

យោង​តាម​លទ្ធផល​អង្កេត​បឋម​របស់​ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប ដែល​បាន​ធ្វើ​ការ​សិក្សា​ពី​ចំនួន​ផ្សារ​ទំនើប​នៅ​ក្រុង​ភ្នំពេញ បាន​បង្ហាញ​ថា គិត​ត្រឹម​ត្រីមាស ទី១ ឆ្នាំ​នេះ​ចំនួន​ផ្សារ​ទំនើប​នៅ​ក្រុង​ភ្នំពេញ បាន​កើន​ទ្បើង​ដល់ ២៥ កន្លែង​ក្នុង​នោះ ១៤ កន្លែង​បាន​និង​កំពុង​បើក​ដំណើរការ​ដែល​មាន​ទំហំ​សរុប​ចំនួន ៣៦ ទៅ ៣៧ ម៉ឺន​ម៉ែត្រ​ការ៉េ និង​ផ្សារ​ទំនើប​ចំនួន ១១ ទៀត​បាន​និង​កំពុង​ដំណើរការ​សាង​សង់ និង​ស្ថិត​ក្នុង​គម្រោង​ត​នៅ​ទ្បើយ ប៉ុន្តែ​បើ​គិត​ត្រឹម​ដំណាច់ ឆ្នាំ​២០១៥ នេះ​ទំហំ​ផ្សារ​ទំនើប​នឹង​កើន​ដល់ ៤០ ម៉ឺន​ម៉ែត្រ​ការ៉េ​ហើយ​ទំហំ​នេះ​នឹង​កើន​រហូត​ដល់ ៦០ ម៉ឺន​ម៉ែត្រ​ការ៉េ​គិត​ត្រឹម​ដំណាច់ ឆ្នាំ​២០១៨។

ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ទំហំ​នៃ​ប្រើ​ប្រាស់​ផ្សារ​ទំនើប​ទាំង​នោះ​នៅ​តែ​ខ្ពស់​ដោយ​គ្រប​ដណ្តប់ ៧៤ ភាគរយ និង​តម្លៃ​ជួល​ចាប់​ពី ២០ ទៅ ១០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​សម្រាប់​ផ្សារ​នៅ​កណ្តាល​ក្រុង និង​ចាប់​ពី ៧ ដល់ ១៨ ដុល្លារ​សម្រាប់​ផ្សារ​ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ។ ផ្សារ​ដែល​មាន​ភាព​ទាក់ទាញ​ជាង​គេ​នា​ពេល​បច្ចុប្បន្ន គឺមាន​ដូចជា AEON MALL, TK Evenue, Sorya Shopping Mall និង​ផ្សារ​ទំនើប Pencil។

ការ​សិក្សា​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ផ្សារ​ទំនើប​មួយ​ចំនួន​ដែល​មិន​គោរព​បាន​តាម​ស្តង់ដារ​អន្តរជាតិ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ដោយសារ​អត្រា​ជួល​ក្នុង​ផ្សារ​ទាំង​នោះ​មាន​ការ​ធ្លាក់​ចុះ ហើយ​បញ្ហា​ទាំង​នេះ​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ដូចជា ទី១ ផ្សារ​ហាក់​មាន​ចំនួន​ច្រើន និង​ផ្សារ​ទាំង​នោះ​មិន​មាន​ភាព​ទាក់​ទាញ​អ្នក​ដើរ​ផ្សារ ទី២ ចំណាប់​អារម្មណ៍​របស់​អ្នក​ដើរ​ផ្សារ​ភាគ​ច្រើន​គឺជា​ក្រុម​យុវវ័យ​ដែល​ពួកគេ​ចូលចិត្ត​ផ្សារ​ដែល​មាន​កន្លែង​កម្សាន្ត​ច្រើន និង ទី ៣ ការ​រៀបចំ​ការ​ឌីហ្សាញ​ផ្សារ និង​ផលិតផល​ដាក់លក់​នៅ​ផ្សារ​ទាំង​នោះ​មាន​គុណភាព​មិន​ច្បាស់​លាស់​ជាដើម។

តាម​រយៈ​ការ​ពិនិត្យ​ជាក់​ស្តែង​នៅ​តាម​ផ្សារ​ទំនើប​តូចៗ​ដូចជា ផ្សារ​ទំនើប​សុវណ្ណា រតនា​ផ្លាហ្សា ស៊ីធីម៉ល និង​ផ្សារ​ទំនើប​សូរិយា គេ​សង្កេត​ឃើញ​ថា តូប​លក់​ទំនិញ​ជាច្រើន​បាន​បិទ​ទ្វារ​ហើយ​អត្រា​ជួល​តូប​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​សារ​ចំនួន​មនុស្ស​ដើរ​ទិញ​ទំនិញ​នៅ​ផ្សារ​ទាំង​នោះ​បាន​ធ្លាក់​ចុះ​ចាប់​តាំង​ពី​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ AEON MALL បាន​បើក​ដំណើរការ​ជា​លើក​ដំបូង​នៅ​កម្ពុជា។

លោក លូ ម៉េង ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​និង​ជា​ប្រធាន​សមាគម​ចុងភៅ​កម្ពុជា ដែល​បាន​បើក​ហាង​លក់​ស្រា និង​ផលិត​ផល​មួយ​ចំនួន​នៅ​ជាន់​ផ្ទាល់​ដី និង​បើក​ភោជនីយដ្ឋាន Khmer World Court ដែល​លក់​មុខ​ម្ហូប ១២ មុខ​ខុសៗ​គ្នា​នៅ​ជាន់ ទី១ នៃ​ផ្សារ​ទំនើប AEON MALL បាន​ថ្លែង​ថា បន្ទាប់​ពី​បើក​ដំណើរការ​បី​បួន​ខែ​រួច​មក​ចំនួន​ភ្ញៀវ​ចូល​ផ្សារ​ទំនើប​នេះ​បាន​ធ្លាក់​ចុះ តែ​ពេល​នេះ​ចំនួន​ភ្ញៀវ​បាន​កើន​ទ្បើង​វិញ និង​ការ​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​នេះ​កើន​បន្តិច​ម្តងៗ​ផង​ដែរ។

លោក​បន្ត​ថា ភ្ញៀវ​ភាគ​ច្រើន​ចូល​ផ្សារ​ទំនើប​នេះ​គឺ​ពួកគេ​ចូល​ញុំា​អាហារ​មើល​កុន និង​លេង​ហ្គេម ចំណែក​ក្រុម ទី២ គឺ​ភ្ញៀវ​ប្រហែល​ពី ១០ ទៅ ២០ ភាគរយ​ពួកគេ​ទៅ​ទិញ​ទំនិញ ហើយ​ចំនួន​ភ្ញៀវ​ប្រភេទ​នេះ​កំពុង​កើន​ទ្បើង​បន្តិច​ម្តងៗ។

លោក​បន្ត​ថា៖ «AEON MALL ជា​ផ្សារ​សម្រាប់​ទីក្រុង​ដែល​អាច​ទាក់​ទាញ​អ្នក​វិនិយោគ​ថ្មីៗ​មក​បន្ថែម​ទៀត តែ​បើ​សិន​ជា​ផ្សារ​នេះ​ដំណើរ​ការ​មិន​ទទួល​បាន​ជោគជ័យ​វា​ជា​ការ​បាក់​មុខ​មាត់​យើង​ជា​ម្ចាស់​ប្រទេស​ផង​ដែរ»។

លោក​បន្ត​ថា៖ «អ្នក​វិនិយោគ​ដែល​មាន​បំណង​បើក​ផ្សារ​ថ្មីៗ​កុំ​ធ្វើ​ដូច​គេ និង​កុំ​ធ្វើ​អ្វី​គ្មាន​វិជ្ជាជីវៈ ព្រោះ​បើ​ធ្វើ​តាម​គ្នា​វា​នឹង​មាន​បញ្ហា ហើយ​យើង​នឹង​អង្គុយ​មើល​មុខ​គ្នា​ហើយ»។

លោក លូ ម៉េង ក៏​បាន​យល់​ស្រប​នឹង​ការ​លើក​ទ្បើង​របស់​លោក ប៊ុណ្ណា ដោយ​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​លើ​ផ្សារ​ទំនើប​ថ្មីៗ​គឺ​ធ្វើ​ផ្សារ​លក់​ផលិតផល​តែ​មួយ​មុខ ដូច​នៅ​ស្រុក​គេ​គឺ​អាច​ដំណើរការ​ទៅ​បាន ព្រោះ​កម្ពុជា​មិន​ទាន់​មាន​ផ្សារ​បែប​នេះ​នៅ​ទ្បើយ​ទេ។

អ្នក​ស្រី អាន សុធីតា នាយិកា​រង​ជាន់​ខ្ពស់​នៃ​ក្រុម​ហ៊ុន CBRE Cambodia បាន​ថ្លែង​ថា ការ​មាន​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ពីរ​ឬ​បី​ទៀត​មិន​ជា​បញ្ហា​នោះ​ទេ ប្រសិន​ជា​ផ្សារ​ទាំង​នោះ​មាន​ទីតាំង​នៅ​ឆ្ងាយ​ពីគ្នា ព្រោះ​ទំហំ​ទីក្រុង​ភ្នំពេញ នា​ពេល​បច្ចុប្បន្ន​បាន​កើន​ទ្បើង​ដល់ ៦៧៨ គីទ្បូម៉ែត្រ​ក្រទ្បា​រួច​ទៅ​ហើយ។

អ្នក​ស្រី បន្ត​ថា ការ​មាន​ផ្សារ​ទំនើប​ធំៗ​ពីរ ឬ​បី​ទៀត​មិន​បញ្ហា​នោះ​ទេ តែ​បើ​មាន​ច្រើន​លើស​នេះ​ទៀត​គឺ​ការ​ផ្គត់​ផ្គង់​លើស​តម្រូវការ ហើយ​ខណៈ​អ្នក​ដើរ​ផ្សារ​បច្ចុប្បន្ន​នេះ​គឺ​ពួកគេ​ទៅ​ញ៉ាំ​អាហារ​លេង​កម្សាន្ត និង​មើល​ភាពយន្ត​ជាជាង​ទិញ​ទំនិញ​និង​សម្លៀក​បំពាក់។

អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​នៅ​តែ​មាន​សុទិដ្ឋិ​និយម​សម្រាប់​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ ដូចជា AEON ព្រោះ​យើង​ត្រូវ​ការ​ផ្សារ​បែប​នេះ​សម្រាប់​ទីក្រុង​របស់​យើង ហើយ​វា​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​ផង​ដែរ»។

អ្នក​ស្រី​បន្ត​ថា៖ «ផ្សារ​ទំនើប Parkson ដែល​មាន​ទីតាំង​នៅ​ក្បែរ​ខ្លោង​ទ្វារ​វត្ត​នាគវ័ន នឹង​បើក​ដំណើរការ​នៅ​ដើម ឆ្នាំ​២០១៦ និង​ទីតាំង​នៅ​ទល់​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នឹង​បើក​នៅ ឆ្នាំ​២០១៧ ផង​ដែរ»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នកស្រី​បាន​ព្រមាន​ថា ផ្សារ​ទំនើប​តូចៗ​ដែល​លក់​ផលិត​ផល​គ្មាន​ស្តង់ដារ​ច្បាស់​លាស់​ពួកគេ​មិន​អាច​នៅ​តែ​ធ្វើ​បែប​នេះ​តទៅ​ទៀត​នោះ​ទេ។ ពួក​គេ​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រសើរ​ជាង​នេះ​លើ​គុណភាព ការ​រចនា និង​ការ​គ្រប់គ្រង បើ​ពុំ​ដូច្នេះ​ទេ​ចំណូល​របស់​ពួកគាត់​នឹង​ធ្លាក់​ចុះ និង​អត្រា​ជួល​តូប​របស់​ពួកគេ​នឹង​ធ្លាក់​ចុះ​ដែល​ធ្វើ​ឲ្យ​ផ្សារ​របស់​ពួកគេ​ប្រឈម​មុខ​នឹង​ការ​ដួល​រលំ​នាពេល​អនាគត។

ជាក់ស្តែង​ផ្សារ​ទំនើប YOUNG COMMERCIAL ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៦ នា​តំបន់​ជ្រោយចង្វារ​បាន​បិទ​ទ្វារ​រួច​ទៅ​ហើយ និង ​ផ្សារ​ទំនើប​វៀតណាម​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស​បាន​បិទ​ទ្វារ​ផង​ដែរ។

លោក ជី សាំង នាយក​ប្រតិបត្តិ​ផ្សារ​ទំនើប​រតនា​ផ្លាហ្សា បាន​ថ្លែង​ថា បច្ចុប្បន្ន​ផ្សារ​ទំនើប​រតនា​ផ្លាហ្សា បាន​ដំណើរ​ការ​ល្អ​ជាង​មុន ដោយ​សារ​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ​បួន​នៅ​ពីលើ​ផ្សារ​នេះ ហើយ​ផ្សារ​នេះ​បាន​ដំណើរការ​រយៈ​ពេល​បី​បួន​ឆ្នាំ​មក​ហើយ​ ដូច្នេះ​ការ​បើក​ដំណើរការ​របស់​ផ្សារ​ទំនើប AEON មិន​មាន​ផល​ប៉ះពាល់​នោះ​ទេ។

លោក​បន្ត​ថា អត្រា​ជួល​តូប​ក្នុង​ផ្សារ​មាន​ការ​ប្រែ​ប្រួល​ដោយ​មាន​អ្នក​ចេញ​និង​អ្នក​ជួល​ថ្មី​ផ្លាស់​ប្តូរ​គ្នា​ជា​បន្ត​បន្ទាប់ តែ​ទោះ​ជា​យ៉ាង​ណា​លោក​មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​អត្រា​ប្រើប្រាស់​ផ្សារ​នេះ​មាន​ប៉ុន្មាន​ភាគរយ​និង​ចំនួន​អតិថិជន​មាន​ច្រើន​កម្រិត​ណា​នោះ​ទេ​។

លោក​ទទួល​ស្គាល់​ថា អ្នក​ដើរ​ផ្សារ​ពី ៧០ ទៅ ៨០ ភាគរយ​គឺ​ពួកគេ​និយម​ដើរ​កម្សាន្ត និង​ញ៉ាំ​អាហារ​ជាជាង​ទិញ​ទំនិញ​សម្រាប់​យក​ទៅ​ប្រើ​ប្រាស់។

លោក​បន្ត​ថា៖ «ខ្ញុំ​គិត​ថា ចំនួន​ផ្សារ​ទំនើប​នៅ​ក្រុង​ភ្នំពេញ​ប៉ុណ្ណឹង​គ្រប់​គ្រាន់​ហើយ ព្រោះ​ចំនួន​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ​មិន​កើន​ទ្បើង​នោះ​ទេ​គឺ​មាន​រង្វង់ ២ លាន​នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​មិន​ទាន់​មាន​ភាព​ផុសផុល​ដូច​ប្រជាជន​ថៃ​នៅ​ទ្បើយ​ទេ»។ លោក​បន្ត​ថា៖ «បើ​ផ្សារ​ទំនើប​កើន​ច្រើន​ថែម​ទៀត​វា​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ទាំង​អស់​គ្នា»។

អ្នក​បម្រើការ​ម្នាក់​ក្នុង​ផ្សារ​ទំនើប​សុវណ្ណា មាន​រយៈ​ពេល ៨ ឆ្នាំ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា កាល​ពីមុន​មាន​អតិថិជន​ច្រើន​បាន​ចូល​មក​ផ្សារ​ទំនើប​សុវណ្ណា ប៉ុន្តែ​ចាប់​តាំងពី​មាន​អវត្តមាន​ផ្សារ​ធំៗ​មក ចំនួន​អតិថិជន​ដែល​មក​ផ្សារ​ទំនើប​នេះ​មាន​ការ​ឆ្លាក់​ចុះ។

អ្នក​បម្រើការ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «នៅ​ពេល​ដែល​មាន​អ្វី​ថ្មី​ប្លែក មនុស្ស​តែង​តែ​ចង់​ដឹង ចង់​ឃើញ ពិសេស​ដូច​ជា​ផ្សារ​ទំនើប AEON Mall ជាដើម។ នេះ​គឺជា​ហេតុ​ផល​ដែល​ធើ្វ​ឲ្យ​ចំនួន​អតិថិជន​របស់​យើង​មាន​ការ​ធ្លាក់​ចុះ»៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក