ករណី​ធ្លាក់​យន្តហោះ​នៅ​បារាំង៖ ​អ្នកបើកបរ​បាន​ហាត់សម​ជាមុន​ពីរបៀប​បើក​យន្តហោះ​បុកភ្នំ

11
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ក្រុមស៊ើបអង្កេត​បារាំង​បាន​ចេញផ្សាយ​របាយការណ៍​ស៊ើបង្កេត​បឋម​ នៅថ្ងៃពុធនេះ ជុំវិញ​ករណី​ធ្លាក់​យន្តហោះ​ធុន Airbus A320 របស់​ក្រុមហ៊ុន Germanwings កាល​ពីថ្ងៃ​ទី២៤​មីនា​កន្លងទៅ នៅ​តំបន់​ភ្នំ​ប៉ែក​ខាង​ត្បូង​ប្រទេស​បារាំង។ នៅ​ក្នុង​របាយការណ៍​នេះ ក្រុមស៊ើបអង្កេត​បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​ថា អ្នក​បើកបរ​ជំនួយ​​គឺ​ជា​អ្នក​បើក​យន្តហោះ​បុកភ្នំ​ដោយ​ចេតនា ហើយ​លើសពីនេះ​ទីទៀត គេ​បាន​រកឃើញ​ថា អ្នកបើកបរ​ជំនួយ​រូបនេះ​បាន​ធ្វើការ​ហាត់សម​ជាមុន​​អំពី​របៀប​បើក​យន្តហោះ​បុកភ្នំនេះ។ ផ្នែក​តាម​របាយការណ៍​ស៊ើបអង្កេត​បឋម​នេះ គេ​អាច​ធ្វើការ​សរុប​សង្ខេប​ឡើងវិញ នូវ​ហេតុការណ៍​ដែល​បាន​កើតឡើង កាល​ពីថ្ងៃ​ទី២៤មីនា​នោះ។

យន្តហោះ​ធុន Airbus A320 របស់​ក្រុមហ៊ុន Germanwings ដែល​ធ្លាក់​នៅ​ខាង​ត្បូង​ប្រទេស​បារាំង កាល​ពីថ្ងៃ​ទី២៤មីនា​នោះ គឺ​ជា​ជើង​ហោះហើរ​ពី​ទីក្រុង​ Barcelone (អេស្ប៉ាញ) ទៅកាន់​ទីក្រុង Düsseldorf ​(អាល្លឺម៉ង់)។ ក៏ប៉ុន្តែ ទិន្នន័យ​ពី​ប្រអប់ខ្មៅ​បាន​បង្ហាញ​ឲ្យឃើញ​ថា នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ នៅ​ក្នុង​ជើងហោះហើរ​ទីមួយ ​ពី Düsseldorf ទៅ Barcelone អ្នកបើកបរជំនួយ Andreas Lubitz បាន​ធ្វើការ​ហាត់សម​ជាមុន អំពី​របៀប​បញ្ជា​យន្តហោះ​ឲ្យ​ហោះចុះបុកដី នៅ​ក្នុង​ពេល​ដែល​អ្នកបើកបរ​ចាកចេញ​ពី​បន្ទប់បើកបរ។ ក៏ប៉ុន្តែ សកម្មភាព​របស់​ Andreas Lubitz នៅ​ពេលនោះ​កើតឡើង​ក្នុងរយៈពេល​ខ្លី​ ទើប​​មិនមាន​អ្នក​ណា​ចាប់អារម្មណ៍ ហើយ​នៅ​ម៉ោង​ប្រហែល​ជា ៨ព្រឹក ​យន្តហោះ​បាន​ចុះចត​នៅ​ Barcelone ជា​ធម្មតា។

១ម៉ោង​ក្រោយមក នៅ​ម៉ោង ៩ព្រឹក យន្តហោះ​បាន​ចាកចេញ​ពី​ព្រលាន​យន្តហោះ Barcelone ត្រឡប់​ទៅ Düsseldorf វិញ ដោយ​មាន​ដឹកអ្នកដំណើរ​ ១៤៤នាក់ បូករួម​ជាមួយ​អ្នក​បើកបរ និង​បុគ្គលិក​បម្រើការ​លើយន្តហោះ​សរុប ៦នាក់។ ប្រមាណ​ជា ៣០នាទី​ក្រោយ​​ពី​ហោះចេញ​ពី Barcelone នៅ​ពេល​ដែល​យន្តហោះ​កំពុង​ហោះ​កាត់ពីលើ​ប៉ែក​ខាង​ត្បូង​ប្រទេស​បារាំង ​ក្នុង​រយៈកម្ពស់ ១១ពាន់ម៉ែត្រ អ្នកបើកបរ​បាន​ចេញ​ពី​បន្ទប់​បើកបរ ដោយ​ទុក​ឲ្យ Andreas Lubitz បញ្ជា​យន្តហោះ​តែម្នាក់ឯង ហើយ​៣០វិនាទី​ក្រោយ​ពី​អ្នកបើកបរ​យន្តហោះ​ចេញផុត​ពី​បន្ទប់​បើកបរ Andras Lubitz ក៏​បាន​បញ្ជា​​យន្តហោះ​ឲ្យ​​ហោះចុះ​​​សំដៅ​ទៅ​តំបន់​​ជួរ​ភ្នំ។

នៅ​ពេល​ដែល​យន្តហោះ​ហោះ​ចុះ​ដល់​រយៈកម្ពស់​ប្រមាណ​ជា ៩ពាន់ម៉ែត្រ អ្នក​ត្រួតពិនិត្យ​ផ្លូវអាកាស​របស់​បារាំង ដែល​​​មើល​ឃើញ​ថា​យន្តហោះ​ Germanwings នេះ ហោះ​ចុះ​​ខុស​ពី​ប្រក្រតី ក៏​​បាន​ព្យាយាម​ទាក់ទង​ទៅ​​បន្ទប់​​​បើកបរ​ជាច្រើន​លើក​ច្រើន​សា ក៏ប៉ុន្តែ គ្មាន​ចម្លើយតប ហើយ​ក្នុង​ពេល​ជាមួយគ្នានោះ ប្រអប់ខ្មៅ​ថតសំឡេង​ក្នុង​បន្ទប់បើកបរ​ថត​បាន​សំឡេង​​សុំ​ឲ្យ Andreas Lubitz បើក​ទ្វារ​ជាច្រើន​លើក ហើយ​ចុងក្រោយ​គេ​ឮ​សំឡេង​វាយ​យ៉ាង​ខ្លាំងៗ​ទៅលើ​ទ្វារ​បន្ទប់​បើកបរ ដែល​ទំនង​ជា​ការ​ព្យាយាម​ទម្លាយ​ទ្វារ ប៉ុន្តែ មិន​បាន​សម្រេច ដោយសារ​តែ​ចាប់តាំង​ពី​មាន​ភេរវកម្ម​ថ្ងៃទី១១​កញ្ញា​មក គ្រប់​ទ្វារ​បន្ទប់បើកបរ​យន្តហោះ​ទាំងអស់​ត្រូវ​បាន​គេ​សង់យ៉ាងមាំបំផុត ដើម្បី​ចៀសវាង​កុំ​ឲ្យ​ភេរវជន​ចូល​ទៅ​ចាប់ពង្រត់យន្តហោះបាន។

នៅម៉ោង​ ៩ និង ៤១នាទី យន្តហោះ​ក៏​បាន​ហោះបុកភ្នំ ហើយ​មនុស្ស​ទាំង ១៥០នាក់ ដែល​នៅលើ​នោះ​ត្រូវ​បាត់បង់​ជីវិត​គ្មាន​សល់​ម្នាក់៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក