រឿង «ខ្មោចប្រពន្ធ​ស្ដេច​ល្បែង» ត្រៀម​ចេញ​ថត ដល់​ក្រុង​ហុង​កុង

19
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ភ្នំពេញ៖ បច្ចុប្បន្ននេះ ឧស្សាហកម្មភាពយន្តខ្មែរ កំពុងតែមានសន្ទុះរីក ចម្រើនឡើងជាលំដាប់ពី មួយថ្ងៃទៅមួយថ្ងៃ គេសង្កេតឃើញថា ផលិតកម្មនានា កំពុងតែសម្រុកថតភាពយន្ត ដាក់បញ្ចាំងតាមរោងភាពយន្តទំនើបនានា និង បញ្ចាំងក្នុងស្ថានីយទូរទស្សន៍ ហើយក៏ក្នុងន័យដើម្បីកាត់បន្ថយភាពយន្តបរទេស ដែលបាននឹងកំពុងហូរចូលវាយ លុកទីផ្សារភាពយន្តខ្មែរ ។ ជាក់ស្ដែងខ្សែភាពយន្តថ្មីមួយទៀត មានចំណងជើងថា «ខ្មោចប្រពន្ធស្ដេចល្បែង» ដែល ជាវណ្ណកម្មថ្មី របស់ផលិតកម្ម «ស្ទឹងសែន» បន្ទាប់ពីធ្វើពិធីក្រុងពាលីរួចរាល់ ត្រូវបានផលិតករក្នុងរឿងនេះអះអាង ថានឹងត្រៀមចេញទៅថត ផ្ដិតយករូបភាពដល់ទីក្រុងស៊ីវីល័យហុងកុង ដើម្បីឲ្យផ្ទៃរឿងកាន់តែប្លែកពីគេ។

រឿង«ខ្មោចប្រពន្ធស្ដេចល្បែង» បានធ្វើពិធីក្រុងពាលី កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ នេះ នៅតំបន់លោកយាយម៉ៅ ភ្នំពេជ្រនិល ដែលជាទីតាំងថតមួយ ដ៏សំខាន់ក្នុងប្រទេសកម្ពុជា ដោយមានការចូលរួម ពីសំណាក់តារាសម្ដែង ផលិតករ និងក្រុមការងារជាច្រើននាក់ ខណៈរឿងនេះមាន លោក ប៉ែន ចំរ៉ុង ជាតួឯកប្រុស និងកញ្ញា គង់ វង្សយ៉ាទី ជាតួឯកស្រី ។

លោក យិន សុខហៀង ផលិតករ និងជាអ្នកដឹកនាំសម្ដែង បានថ្លែងឲ្យដឹងថា រឿង«ខ្មោចប្រពន្ធស្ដេចល្បែង» ត្រូវចំណាលពេលវេលាថត ប្រមាណជា២ខែ ដោយត្រូវចេញថត នៅក្រៅប្រទេស ពោលគឺនៅក្នុងក្រុងហុងកុង ទឹកដីដ៏ស៊ីវិល័យ និងរីកចម្រើនទាំងសេដ្ឋកិច្ច និងវប្បធម៌ ព្រោះសាច់រឿងតម្រូវឲ្យផ្ដិតយក រូបភាពនៅទីនោះ ដើម្បីឲ្យត្រូវនឹងចំណងជើងថា«ស្ដេចល្បែង»។

លោកបន្តថា ផ្ទៃរឿងទាំងមូល មិនមែនផ្ដោតសំខាន់ តែលើស្ដេចល្បែងនោះទេ ពោលក្នុងរឿងនេះ គឺមានគ្រប់រសជាតិ មានកំប្លែង ខ្មោចព្រាយ ភ័យរន្ធត់ ការអប់រំឲ្យមនុស្សចេះកែខ្លួន និងឈុតឆាកបាញ់ប្រហារគ្នា ក្នុងជម្លោះជាដើម។ ជាពិសេស អ្វីដែលលោកត្រូវគិតជាចម្បងនោះ គឺគុណភាពនៃសាច់រឿង ដោយលោកបានសម្រិតសម្រាំង ទាំងតួសម្ដែង ទីតាំងថត បច្ចេកទេសថត និងសម្ភារផ្សេងៗ ដើម្បីឲ្យភាពយន្តមួយនេះ មានលក្ខណៈស្ដង់ដារ អាចប្រកួតប្រជែងជាមួយភាពយន្ត ក្នុងស្រុក និងក្រៅស្រុកបាន។

ផលិតករវ័យក្មេងរូបនេះ បានបន្ថែមទៀតថា មូលហេតុដែលលោក ជ្រើសរើយយកលោក ប៉ែន ចំរ៉ុង និងកញ្ញា គង់ វង្សយ៉ាទី ជាតួឯក ដោយសារតែលោកមើលឃើញថា អ្នកទាំងពីរមានទេពកោសល្យ សម្ដែងល្អស្រាប់ មានការគាំទ្រពីមហាជនគ្រប់ស្រទាប់វណ្ណៈច្រើនដូចគ្នា ដោយបន្ថែមជាមួយនឹង តួសម្ដែងល្បីៗជាច្រើនរូបទៀត គឺនឹងធ្វើឲ្យផ្ទៃរឿងទាំងមួល កាន់តែពិសេសទ្វេដង។

តាមការអះអាង របស់ផលិតករខាងលើ រឿង «ខ្មោចប្រពន្ធស្ដេចល្បែង» នឹងត្រូវចាក់បញ្ចាំង នៅក្នុងខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ តាមបណ្ដារឿងភាពយន្តទំនើបនានា ក្នុងក្រុងភ្នំពេញ និងតាមបណ្ដាខេត្ត៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក