ក្រុមហ៊ុន​ចិន​នឹង​សង់​ផ្លូវអាកាស​ប្រវែង​ ១០ ​គីឡូម៉ែត្រ​នៅ​ភ្នំពេញ

8
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ក្រុមហ៊ុន​ចិន​បាន​ចាប់ផ្តើម​ធ្វើការ​សិក្សា​ពី​គម្រោង​សាងសង់​ផ្លូវ​អាកាស (express way) ​មួយ​ខ្សែ​ជា​ផ្លូវ​បង់​លុយ​ដែល​នឹង​តភ្ជាប់​​ពី​ក្នុង​រាជធានី​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​​ភ្នំពេញ​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​ ១០ គីឡូម៉ែត្រ​ក្នុង​គម្រោង​​ទឹកប្រាក់​ជាង​ ៣៦០ លាន​ដុល្លារ​អាមេរិក​។

គម្រោង​សាងសង់​​​ផ្លូវអាកាស​សម្រាប់​អ្នក​បើកបរ​ក្នុង​ល្បឿន​លឿន​គឺ​ប្រមាណ​ ៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នេះ​នឹង​ត្រូវ​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ ២០១៦ និង​បញ្ចប់​នៅ​ឆ្នាំ ២០២១។

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​កាលពី​ម្សិលមិញ​បាន​ជួប​ជាមួយ​ក្រុម​ជំនាញ​ផ្នែក​គូរ​ប្លង់​មកពី​វិទ្យាស្ថាន Henan Provincial Communications planning, Survey & Design Institute Co,Ltd របស់​ប្រទេស​ចិន​ដែល​គេ​មក​បង្ហាញ​ពី​គំរូ​ប្លង់​ដែល​បាន​គូរ​​កន្លង​មក​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា​ ​ប្លង់​ដែល​វិទ្យាស្ថាន​បង្ហាញ​មាន​បី​គឺ​មាន​​ជម្រើស A ដែល​ចាប់ផ្តើម​លើ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ទៅ​ដល់​​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ក្នុង​ចម្ងាយ​ផ្លូវ​ជាង​​ ៨ គីឡូម៉ែត្រ​ជម្រើស B គឺ​​សង់​ពី​លើ​ផ្លូវ​រថភ្លើង​ក្បែរ​សក្យ​មុនីចេតិយ​ឆ្ពោះ​ទៅកាន់​ព្រលាន​យន្តហោះ​មាន​ប្រវែង​ជាង​ ៨ គីឡូម៉ែត្រ​ និង​​ជម្រើស C ត្រូវ​សាងសង់​កាត់​លើ​ផ្លូវ​ក្បែរ​ស្ថានទូត​បារាំង​ទៅ​កាន់​អង់តែន​ទួលគោក និង​កាត់​តាម​​ផ្លូវ​ឧកញ៉ា​ម៉ុងឫទ្ធី​មាន​ប្រវែង​​ជិត​ ១១ គីឡូម៉ែត្រ។

លោក​ថា៖ «អ៊ីចឹង​បញ្ហា​នៃ​គម្រោង​នេះ​មាន​ជម្រើស​បី​ដែល​ក្នុង​ជម្រើស​ហ្នឹង​គឺ​សង្កត់​ធ្ងន់​លើ​ជម្រើស​ទី ១ ដោយ​​តម្លៃ​ហិរញ្ញវត្ថុ​ត្រូវ​ចំណាយ ៣៦២ ​​លាន​ដុល្លារ។ ផ្លូវ​នេះ​គ្រោង​ធ្វើ​គឺ​ ២ ខ្សែ​ទៅ ២ ខ្សែ​មក ២ ខ្សែ មាន​របាំង​ខណ្ឌ​នៅ​កណ្តាល​មាន​បង្កាន់​ដៃ​សង​ខាង​ទប់​កុំ​ឲ្យ​ឡាន​ធ្លាក់​សរុប​ទទឹង​ ១៧ ​ម៉ែត្រ​កន្លះ​។ បើ​តាម​ពិនិត្យ​អត់​មាន​គន្លង​​សម្រាប់​ម៉ូតូ​ទេ…ល្បឿន​នៃ​ការ​សិក្សា​ ៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង»។

ទោះ​យ៉ាង​ណា​ លោក​ថា​ មន្ត្រី​ត្រូវ​ពិភាក្សា​គ្នា​ថា​តើ​ជម្រើស​មួយ​ណា​មាន​ភាព​ទាក់ទាញ និង​មាន​ផលប៉ះពាល់​តិច​ហើយ​ត្រូវ​សិក្សា​ថា​តើ​ត្រូវ​តភ្ជាប់​ជាមួយ​នឹង​​ស្ពាន​អាកាសសាធារណៈ​ដែល​យើង​មាន​ស្រាប់​ ឬ​ត្រូវ​ធ្វើ​ផ្លូវ​តែ​មួយ​ត្រង់​តែ​ម្តង។

លោក​ អ៊ីវតឹក បន្ថែម​​ថា ​ឆ្លង​តាម​ការ​ពិភាក្សា​មាន​ការ​បង្ហាញ​នូវ​ជម្រើស​ A និង​B ជា​ជម្រើស​ត្រូវ​យក​មក​ពិភាក្សា​ប៉ុន្តែ​វិទ្យាស្ថាន​នេះ​យល់​ថា​ជម្រើស A មាន​ការ​ងាយស្រួល​ក្នុង​ការ​សាងសង់​ជាង។

លោក ផែង សុវិជ្ជនោ អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ​ថ្លែង​ថា​ទោះ​យ៉ាង​ណា​ក្នុង​ដំណាក់កាល​សិក្សា​នេះ​គេ​អាច​នឹង​ចំណាយ​ពេល​ឲ្យ​ដល់​ចុង​ឆ្នាំ​ដើម្បី​បញ្ចប់​ការងារ​ទាំង​នេះ​ដែល​វិទ្យាស្ថាន​កំពុង​ស្វែងរក​ដៃគូ​ពី​ប្រទេស​ចិន​មក​បណ្តាក់ទុន​ធ្វើ​ផ្លូវ​អាកាស​មួយ​នេះ​ដែល​ជា​គម្រោង​ផ្លូវ BOT​។

លោក Du Zhan Jun ​នាយក​វិទ្យាស្ថាន​របស់​ចិន​នេះ​ឲ្យ​ដឹង​ថា​វិទ្យាស្ថាន​នេះ​មើល​ឃើញ​ជម្រើស A មាន​ភាព​ប្រសើរ​ជាង​គេ​ពីព្រោះ​ជា​ផ្លូវ​ដែល​អាច​តភ្ជាប់​ចំណុច​​កណ្តាល​ក្នុង​ក្រុង​ភ្នំពេញ​ដែល​កំពុង​មាន​ចរាចរ​មមាញឹក​ និង​អាច​មាន​ផលប៉ះពាល់​តិច​ជាង​គេ​។

លោក​ថា៖ «ផែនការ​ A អាច​សម្រួល​ការ​កកស្ទះ​ចរាចរណ៍​មុខ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ និង​​ផ្លូវ​ប្រសព្វ​ផ្សេង​ទៀត​​ និង​​​​មាន​​​​លក្ខណៈ​​ល្អ​ជាង​ផែនការ​ B។ ចប្ចុប្បន្ន​ ភ្នំពេញ​កំពុង​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស​ហើយ​ថ្ងៃ​អនាគត​នឹង​មាន​យានយន្ត​កាន់តែ​ច្រើន។ ដូច្នេះ​ យើង​គួរ​ពិចារណា​បង្កើត​បណ្តាញ​ផ្លូវថ្នល់​ដែល​មាន​ប្រសិទ្ធភាព​ជាង​មុន​»។

ក្នុង​សប្តាហ៍​នេះ​វិទ្យាស្ថាន​ចិន​ខេត្ត​ Henan នេះ​បាន​ដាក់​ពង្រាយ​បុគ្គលិក​នៅ​តាម​បណ្តោយ​មហាវិថី​សំខាន់ៗ​មួយ​ចំនួន​ក្នុង​រាជធានី​ ដើម្បី​ស្ទាបស្ទង់​ពី​ទឹកចិត្ត​របស់​ពលរដ្ឋ​អ្នក​ប្រើប្រាស់​ផ្លូវ​ថ្នល់​ចំពោះ​ការ​ពេញ​ចិត្ត​ក្នុង​ការ​បង់​ថ្លៃ​សម្រាប់​ផ្លូវ​អាកាស​ (Expressway) ថ្មី​មួយ​នេះ​ដែល​ក្រុមហ៊ុន​មាន​គម្រោង​យក​ថ្លៃ ២ ដុល្លារ​សម្រាប់​ការ​ឆ្លងកាត់​ប៉ុន្តែ​ស្ថិត​ក្នុង​ការ​សាកសួរ​ពី​​ពលរដ្ឋ​នៅ​ឡើយ។

ដោយឡែក​កាលពី​ម្សិលមិញ​ដែរ​លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី​ភ្នំពេញ​បាន​ដឹកនាំ​ប្រជុំ​ឆ្លង​គម្រោង​សាងសង់​បន្ថែម​ស្ពាន​អាកាស​ និង​ផ្លូវ​ក្រោម​ដី​ក្បាល​ថ្នល់​ដើម្បី​​កែលម្អ​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឲ្យ​បាន​ ១០០ ភាគរយ​ដូច​ស្ពាន​អាកាស​ស្ទឹងមានជ័យ។ កិច្ចប្រជុំ​បាន​សម្រេច​ធ្វើការ​សាងសង់​ស្ពាន​អាកាស​ចំនួន ៣ តភ្ជាប់​ស្ពាន​អាកាស​ក្បាល​ថ្នល់​ និង សង់​ផ្លូវ​ក្រោម​ដី​ ១ ​បន្ថែម​ទៀត​៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក