ក្រុមហ៊ុន​គ្មាន​ច្បាប់​នាំ​ពលករ​ទៅ​ថៃ​រើ​ស្លាក​រត់​គេច​ខណៈ​មាន​ការ​តវ៉ា

12
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ភ្នំពេញៈ ក្រុមហ៊ុន​មួយ​ឈ្មោះ ជិនវណ្ណដាមេនផៅវ័រ ស្ថិត​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ បាន​រើ​ស្លាក​រត់​គេច​អស់​ខណៈ​ពលករ​ជិត​ ១០០ ​នាក់​កាលពី​ម្សិលមិញ​បាន​មក​តវ៉ា​ទារ​ប្រាក់​ដែល​ក្រុមហ៊ុន​នេះ​បាន​បោក​ពួកគេ​ថា​រៀបចំ​ឯកសារ​រក​ការងារ​នៅ​ប្រទេស​ថៃ​តែ​គ្មាន​ការងារ​បាន​ត្រឹម​ដឹក​ទៅ​ចាក់​ចោល​នៅ​ទល់ដែន​ហើយ​ពេល​មក​ដល់​ក្រុមហ៊ុន​ក៏​ឃើញ​គេ​រុះរើ​ស្លាក​​អស់​ធ្វើឲ្យ​ពលករ​ដែល​មាន​ទាំង​បង្វេច​ខោអាវ​មក​ជាមួយ​មាន​ការ​ស្រងាក​ចិត្ត​យ៉ាង​​ខ្លាំង។

ពលករ​ឈ្មោះ សួង ស៊ីណា អាយុ​ ២៧ ​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ ១៨ ​កញ្ញា​ក្រុមហ៊ុន​បាន​នាំ​ពលករ​ជាង​ ៦០ ​នាក់​មកពី​បណ្តា​ខេត្ត​នានា​ឆ្លងដែន​ទៅ​ថៃ​តាម​ច្រក​ឡែម ខេត្ត​បាត់ដំបង​ និង​ ៣០ ​នាក់​តាម​ច្រក​ប៉ោយប៉ែត​តែ​ក្រុមហ៊ុន​បាន​យក​មក​ចោល​នៅ​ច្រក​ព្រំដែន​រួច​គេច​ខ្លួន​បាត់។ គាត់​ថា​៖ «យើង​បង់​ម្នាក់ៗ​ជិត​ ៣០០ ​ដុល្លារ​រៀបចំ​ប៉ាស្ព័រ និង​រត់​ឯកសារ​ទៅ​ថៃ​រក​ការងារ​ស្រប​ច្បាប់​ទីបំផុត​យក​យើង​ទៅ​ចោល​ការងារ​ក៏​គ្មាន​ធ្វើ​ប៉ាស្ព័រ​ក៏​អត់​លុយ​ក៏​អស់»។

ពលការិនី​ម្នាក់​ទៀត​ឈ្មោះ​ មូល អន មកពី​ខេត្ត​កំពត​បាន​ឲ្យ​ដឹង​ថា​ខ្លួន​ និង​បងប្អូន​ ៣ ​នាក់​ចំណាយ​ប្រាក់​ជិត​ ៨០០ ​$ រៀបចំ​ឯកសារ​ដោយ​ដឹង​តាម​ការ​ផ្សាយ​ក្នុង​វិទ្យុ​។

ពលការិនី​រូប​នោះ​ថា​ «ឡើង​មក​ភ្នំពេញ​មើល​ទីតាំង​ក្រុមហ៊ុន​ក៏​ស្រងាក​ចិត្ត​ព្រោះ​គេ​រុះរើ​ស្លាក​អស់​គ្មាន​អ្នក​ធ្វើការ​លុះមក​ក្រសួង​ការងារ​ក្រសួង​ថា​ក្រុមហ៊ុន​នេះ​គ្មាន​អាជ្ញាប័ណ្ណ​ទេ»។

កាលពី​ម្សិលមិញ​ផង​ដែរ​ពលករ​បាន​នាំ​គ្នា​ព័ទ្ធ​បុគ្គលិក​ក្រុមហ៊ុន​ដែល​ជា​អ្នក​បញ្ជូន​ពលករ​ឈ្មោះ សេង សាឡែន ដើម្បី​តាម​រក​ថៅកែ​ឲ្យ​ទទួល​ខុសត្រូវ។

លោកស្រី ឆន សុគន្ធា ប្រធាន​ផ្នែក​ស្រ្តី​ និង​កុមារ​នៃ​សមាគម​អាដហុក​បាន​ឲ្យ​ដឹង​ថា​នៅ​តែ​មាន​ក្រុមហ៊ុន​បោកប្រាស់​ពលករ​រក​ការងារ​នៅ​ក្រៅ​ប្រទេស​តែ​ពេល​ជួប​បញ្ហា​ក្រុមហ៊ុន​មិន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​សោះ។

លោកស្រី​ថា​ «មិន​ឃើញ​មាន​ឈ្មោះ​ក្រុមហ៊ុន​ជិនវណ្ណដា​នៅក្នុង​បញ្ជី​ក្រសួង​ការងារ​ទេ​តែ​ក្រុមហ៊ុន​ចេញ​មុខ​ផ្សព្វផ្សាយ​តាមរយៈ​វិទ្យុ​បោកប្រាស់​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​ងាយ​ជឿ​រក​ការងារ​ក្រៅ​ប្រទេស»។

ទោះ​យ៉ាង​ណា​លោក ហេងសួរ អ្នក​នាំ​ក្រសួង​ការងារ​បាន​ថ្លែង​ថា​ក្រសួង​បាន​ចុះ​អង្កេត​ករណី​នេះ​ហើយ​ដោយ​ត្រៀម​មេធាវី​ជួយ​ពលករ​ដែល​ដាក់​ពាក្យបណ្តឹង​ហើយ​ក្រសួង​នឹង​មាន​វិធានការ​ផ្សព្វផ្សាយ​ពី​ឈ្មោះ​ក្រុមហ៊ុន​ណា​ដែល​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​ឲ្យ​បាន​ដឹង​ចៀសវាង​ការ​ចាញ់បោក​។

លោក​ថា​៖ «យើង​មិន​គាំទ្រ​ក្រុមហ៊ុន​បោកប្រាស់​ទេ​យើង​មាន​ក្រុមហ៊ុន​ និង​អង្គការ​នាំ​ពលករ​ធ្វើការ​ក្រៅ​ប្រទេស​ជាង​ ៥៧ ​។ ​អាជ្ញាធរ​បាន​តាម​រក​ថៅកែ​ដើម្បី​ឲ្យ​ទទួល​ខុសត្រូវ៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក